
ម្ចាស់ជយលាភីពានរង្វាន់អក្សរសិល្ប៍ព្រះនាងឥន្រ្ទទេវីឆ្នាំ២០២១ ផ្នែកកំណាព្យរឿង ៥ រូប (ស្តាំ) និងផ្នែកប្រលោមលោកខ្លី ៥ រូប(ឆ្វេង)។ រូបថត ប៉ាន់ រិទ្ធា
ភ្នំពេញៈ នៅទីបំផុតការប្រកួតប្រជែងតែងនិពន្ធប្រលោមលោកខ្លី និងកំណាព្យរឿង នៃពានរង្វាន់អក្សរសិល្ប៍ព្រះនាងឥន្ទ្រទេវី បានរកឃើញម្ចាស់ជយលាភីប្រចាំឆ្នាំ ២០២១ ហើយ ដែលនាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ កាលពីព្រឹកម្សិលមិញនេះ។
ជយលាភីពានរង្វាន់អក្សរសិល្ប៍ឥន្ទ្រទេវី ឆ្នាំ ២០២១ ផ្នែកសំណេរប្រលោមលោកខ្លី លេខ ១ បានទៅអ្នកនិពន្ធលោក លឹម ដារ៉ា មកពីរាជធានីភ្នំពេញ ជាមួយនឹងស្នាដៃរឿង «គែនព្យួរជញ្ជាំង» លេខ ២ បានទៅអ្នកនិពន្ធលោកស្រី អ៊ុច ថាវី មកពីរាជធានីភ្នំពេញ ជាមួយស្នាដៃរឿង «បូណ៌មី» លេខ ៣ បានទៅអ្នកនិពន្ធលោកស្រី ឡុង លាបសុជាតា មកពីខេត្តកំពង់ចាម ជាមួយស្នាដៃរឿង «ចិត្តប្រណី» លេខ ៤ បានទៅអ្នកនិពន្ធលោក ពៅ មករា មកពីរាជធានីភ្នំពេញជាមួយសា្នដៃរឿង«ជំនោរជីវិត» និងលេខ ៥ បានទៅអ្នកនិពន្ធលោក ជា តុងហៃ មកពីខេត្តតាកែវ ជាមួយនឹងស្នាដៃរឿង «ទឹកភ្នែកស្នេហា»។
ចំណែកឯជយលាភីផ្នែកកំណាព្យរឿងវិញ លេខ ១ បានទៅលោកកវី វណ្ណ សារ៉េត មកពីខេត្តព្រៃវែង ជាមួយសំណេរកំណាព្យរឿង «និស្ស័យស្នេហ៍កុលាបស» និងលេខ ២ បានទៅលោកកវី វង្ស សុភាជ មកពីខេត្តព្រៃវែង ជាមួយសំណេរកំណាព្យរឿង «លោហិតវីរនារី» លេខ ៣ បានទៅលោកកវី សែម ពណ្ណរាយ មកពីរាជធានីភ្នំពេញ ជាមួយសំណេរកំណាព្យរឿង «កំណប់ស្នេហ៍» លេខ ៤ បានទៅលោកកវី សេង កែវ សេងរដ្ឋា មកពីខេត្តកំពង់ឆ្នាំង ជាមួយសំណេរកំណាព្យរឿង «សំឡេងសង្គម» និងលេខ ៥ បានទៅលើលោកកវី មឿន សំណាង មកពីខេត្តឧត្តរមានជ័យ ជាមួយសំណេរកំណាព្យរឿង «ម្តាយ»។

លោក វណ្ណ សារ៉េត ជយលាភីលេខ ១ ផ្នែកកំណាព្យរឿង(ស្តាំ) និងលោក លឹម ដារ៉ា ជយលាភីលេខ ១ ផ្នែកប្រលោមលោកខ្លី(ឆ្វេង)។ រូបថត ប៉ាន់ រិទ្ធា
លោក កុក រស់ ជាប្រធាននាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងលក្ខណវិនិច្ឆ័យ និងដំណាក់កាលពិនិត្យវាយតម្លៃរបស់ក្រុមគណៈកម្មការឆ្នាំនេះថា៖ «ក្រសួងបង្កើតគណៈកម្មការចំនួន ២ គឺគណៈកម្មការវាយតម្លៃផ្នែកប្រលោមលោកខ្នាតខ្លី និងគណៈកម្មការវាយតម្លៃផ្នែកប្រលោមលោកកំណាព្យអនុវត្តតាមលក្ខខណ្ឌ ៣ ជាគោលគឺអត្ថន័យ ផ្តោតលើគុណធម៌ សច្ចធម៌ និងសីលធម៌។ អត្ថរូប ផ្តោតលើវិធីតែង រចនាបថ និងសោភ័ណ និងអត្ថរស ផ្តោតលើតម្លៃអប់រំ តម្លៃជាតិ និងតម្លៃ រីកចម្រើ់ន»។
លោកបានបន្តថា៖ «ផ្អែកលើលក្ខណវិនិច្ឆ័យសំខាន់៣- យ៉ាងគណៈកម្មការប្រឡងបានធ្វើការជ្រើសរើស ២ ដំណាក់កាល។ ដំណាក់កាលទី១ ការពិនិត្យជម្រុះចម្រាញ់ដោយគណៈកម្មការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមអ្នកនិព្ធខ្មែរ។ ដំណាក់កាលទី២ ការពិនិត្យផ្តល់ចំណាត់ថ្នាក់ជយលាភី សម្រេចដោយគណៈកម្មកការចម្រុះ ដែលមានជំនាញ មកពីសមាគម អ្នកនិពន្ធខ្មែរ រាជបណ្ឌិត្យ សភាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»៕