ក្រុងគែរ: កាលពីថ្ងៃព្រហស្បតិ៍ អេហ្ស៊ីបបានបង្ហាញផ្លូវ ១ ខ្សែ ដែលរំលេចនូវចម្លាក់ក្បាលចៀមរាប់រយ តាំងពីជាង ៣ ០០០ ឆ្នាំ នៅក្នុងកម្មវិធីសម្ពោធពេលរាត្រីនៅប្រាសាទ Karnak Temple ក្នុងទីក្រុង Luxor ដ៏សម្បូរបុរាណវត្ថុវិទ្យា។
ដោយហៅថា «វិថីចៀម» ផ្លូវថ្មើរជើងសង់ពីថ្មកំបោរ ដែលតភ្ជាប់ប្រាង្គប្រាសាទនានានៃក្រុមប្រាសាទ Karnak និងប្រាសាទ Luxor នៅចំណុចកណ្ដាលនៃទន្លេនីលភាគខាងត្បូង ត្រូវបានបើកសម្ពោធជាផ្លូវការដោយប្រធានាធិបតី អាប់ដែល ហ្វាតតា អាល់ស៊ីស៊ី នៅក្នុងព្រឹត្ដិការណ៍នាពេលរាត្រីដ៏អស្ចារ្យ។
វិថីបុរាណ ១ ខ្សែនេះមានប្រវែងជិត ៣ គីឡូម៉ែត្រ និងមានឈ្មោះតាមព្រេងទេវកថាអេហ្ស៊ីបថា «វិថីព្រះ»។ វាត្រូវបានរចនាទាំងសងខាងដោយចម្លាក់ក្បាលចៀមដែលត្រូវបានកប់បាត់ក្រោមសមុទ្រខ្សាច់រយៈពេលជាច្រើនសតវត្សរ៍ មុនពេលត្រូវបានរកឃើញ និងជួសជុល ក៏ដូចជាធ្វើការបង្ហាញដោយក្រុមអ្នកសិក្សាពីបុរាណវត្ថុអេហ្ស៊ីប កាលពីពេលថ្មីៗនេះ។
ចៀមជាសត្វតំណាងឱ្យទេវអេហ្ស៊ីបបុរាណឈ្មោះ Amun។ Karnak Temple ត្រូវបានកសាងឡើងពី ២ ០០០ ទៅ ៤ ០០០ ឆ្នាំមុន និងត្រូវបានឧទ្ទិសដល់ Amun-Ra ជាអាទិទេពព្រះអាទិត្យ។ វាគ្របដណ្ដប់លើផ្ទៃដី ១០០ហិកតា។
ក្រសួងទេសចរណ៍ និងវត្ថុបុរាណអេហ្ស៊ីប បានប្ដេជ្ញាលើកតម្កើងខ្លួនជាគោលដៅទេសចរណ៍ដ៏ពេញនិយមក្នុងពិភពអារ៉ាប់ នូវងារ «សារមន្ទីរលម្ហមេឃ»។ ទេសចរណ៍ អេហ្ស៊ីបបានផ្ដល់ការងារឱ្យពលរដ្ឋប្រមាណ ២លាននាក់ និងបង្កើនចំណូលសេដ្ឋកិច្ចជាតិជាង ១០ ភាគរយ។
អេហ្ស៊ីបគ្រោងបើកសម្ពោធសារមន្ទីរអេហ្ស៊ីបធំថ្មី Grand Egyptian Museum នៅក្បែរប្រាសាទពីរ៉ាមីតក្នុងក្រុងគែរ ១ ទៀត៕ AFP/HR