ភ្នំពេញៈ ការប្រកួតប្រជែងស្នាដៃគំនូរសិល្បៈវ៉ាយខេនវ៉ាស ឆ្នាំ ២០២១ (White Canvas Cambodia 2021 ដែលរៀបចំដោយក្រុមហ៊ុន Social Compass Cambodia បានប្រកាសប្រគល់រង្វាន់ម្ចាស់ជយលាភីដល់បេក្ខជនចូលរួមប្រកួតរដូវកាលទី២ ហើយ ដោយឆ្នាំនេះ រៀបចំធ្វើតាមអនឡាញកាលពីចុងសប្តាហ៍មកនេះ។
សម្រាប់ការប្រកួតស្នាដៃគំនូរសិល្បៈវ៉ាយខេនវ៉ាស មនុស្សពេញវ័យចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ រកឃើញម្ចាស់ជយលាភីចំនួន ៣ នាក់ គឺមានពានរង្វាន់ ៣។ ពានរង្វាន់មាស ដែលទទួលបានវិញ្ញាបនបត្រ ១ និងទឹកប្រាក់ចំនួន ១ ពាន់ដុល្លារ បានទៅលើវិចិត្រករពិការដៃទាំង ២ លោក ម៉ន ជា ជាមួយស្នាដៃគំនូរគំនូរព្រីន (block print pictures)។ ឯពានរង្វាន់ប្រាក់ទទួលបានវិញ្ញាបនបត្រ ១ និងទឹកប្រាក់ចំនួន ៥០០ ដុល្លារ បានទៅវិចិត្រករ ភី ភ័ន។ ចំណែកឯពានរង្វាន់សំរឹទ្ធ ដែលទទួលបានវិញ្ញាបនបត្រ ១ និងទឹកប្រាក់ចំនួន ២០០ ដុល្លារ ជាមួយនឹងស្នាដៃមានចំណងជើងថា «ជីវិតតែមួយ»។
លោក ម៉ន ជា បានឱ្យដឹងពីអត្ថន័យនៃស្នាដៃឈ្មោះ «មេតាម៉ូលស៊ីស-Metamorphosis» នេះថា៖ «ខ្ញុំចង់និយាយពីខ្លួនខ្ញុំ និងការវិវឌ្ឍខ្លួន ខ្ញុំពីអាក្រក់មកល្អ និងពីតូចមកធំ តាំងពីខ្ញុំបានបាត់ដៃទាំង ២ មក ខ្ញុំបានឃើញមនុស្សមួយចំនួនធំមើលមកខ្ញុំ គិតថា ខ្ញុំមិនអាចធ្វើការងារអ្វីបាន ក្រៅពីដើរសុំលុយគេទេ។ ពេលនោះខ្ញុំ ពិបាកចិត្តយ៉ាងខ្លាំង ដោយសារតែខ្ញុំបានស្តាប់ឮគេនិយាយ ហើយខ្ញុំប្រឹងរកវិធីសាស្ត្រណាដើម្បីចៀសផុតពីអ្វីដែលគិតមកលើខ្ញុំ»។
លោកបន្តថា៖ «ថ្ងៃមួយខ្ញុំបានរកឃើញស្លាប ១ គូនេះ ហើយតាមរយៈសិល្បៈ ដែលបានជួយឱ្យខ្ញុំផ្លាស់ប្តូរគំនិតមនុស្សមួយចំនួន ដែលធ្លាប់គិតអាក្រក់ពីមុនមកលើខ្ញុំ ហើយក៏ជួយឱ្យខ្ញុំស្គាល់នូវអ្វី ដែលខ្ញុំមិនដែលគិតថា បានស្គាល់ពីមុន ហើយស្លាបសិល្បៈ ១ គូនេះហើយ ដែលបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងសម្រាប់ខ្ញុំ»។
ចំណែកឯលោក វ៉ាន់ ឆវ័ន្ត ក៏បានបញ្ជាក់ពីអត្ថន័យនៃស្នាដៃខ្លួនដែរថា៖ «ស្នាដៃខ្ញុំ មានចំណងជើងថា «ជីវិតតែមួយ» ទទួលបានរង្វាន់សំរឹទ្ធពី White Canvas Cambodia 2021។ ស្នាដៃនេះ មានលក្ខណៈបង្ហាញពីការស្រឡាញ់បរិស្ថាន ការមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ មានការយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ ម្យ៉ាងទៀតក៏ចង់បង្ហាញថា ប្រសិនបើមនុស្សយើងបាត់បង់នូវសម្រស់ធម្មជាតិ ឬព្រៃឈើនោះ គឺយើងជាមនុស្ស សត្វលើលោកពិតជាពិបាករស់នៅណាស់»។
លោកបានបន្តថា៖ «អារម្មណ៍សប្បាយដោយមានការគាំទ្រពីកម្មវិធី ដែលបានរៀបចំឡើងដោយជួយផ្តល់ឱកាសដល់វិចិត្រករទាំងចាស់ទាំងក្មេង អាចចូលរួមនាំយកស្នាដៃដាក់ប្រកួតប្រជែង និងឈ្នះរង្វាន់ ហើយស្នាដៃត្រូវបានគេយកទៅដាក់លក់នៅក្រៅប្រទេសផងដែរ»។
គួររំឮកដែរថា ក្រោយពីប្រើពេលជិត ១ ឆ្នាំ នៅក្នុងការបង្កើតស្នាដៃវិចិត្រកម្មសរុប ៣២ ស្នាដៃ និងពន្យារពេលជិតកន្លះឆ្នាំមកនោះ វិចិត្រករអតីតដែលធ្លាប់ជាពលករនៅឯប្រទេសថៃ លោក វ៉ាន់ ឆវ័ន្ត បានបើកការតាំងពិព័រណ៍ស្នាដៃទោលរបស់ខ្លួនរយៈពេល ១ ខែ នៅវិចិត្រសាល ២៨២ (Pi-Pet-Pi Gallery282) ដែលបានបើកសម្ពោធ កាលពីល្ងាចថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១ បន្តរហូតដល់ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២១។
វិចិត្រករមានស្រុកកំណើតនៅខេត្តកំពត ដែលបានពិការដៃទាំង ២ លោក ម៉ន ជា វ័យ ៣១ ឆ្នាំ ក៏បានរំឭកឱ្យដឹងពីការងារដំបូងផងដែរ លោកគឺជាសិល្បករពហុទេពកោសល្យ ១ រូប បើទោះជាខ្លួនជនពិការដៃទាំងសងខាងក្តី ខណៈលោកធ្លាប់ជាអ្នករបាំសហសម័យ និងវិចិត្រករនៅអង្គការ Epic Art ប្រមាណជាង ១០ ឆ្នាំ ហើយលោក ម៉ន ជា ក៏បានសម្រេចចិត្តលាឈប់ពីការងារពេញម៉ោងនៅអង្គការ Epic Art មកធ្វើការងារពេញម៉ោងវិញផងដែរនៅ Open Studio Cambodia ចុងខែកក្កដា ឆ្នាំ ២០១៩ ដែរដើម្បីរកការបង្កើតថ្មី។
សម្រាប់ការប្រកួតកុមារវិញចាប់ពីអាយុ ១៧ ឆ្នាំចុះក្រោម ក៏មានពានរង្វាន់ចំនួន ៣ ដែរ គឺពានរង្វាន់មាស ប្រាក់ និងពានរង្វាន់ពិសេស ដែលបានវិញ្ញាបនបត្រ ១ និងកាដូផ្សេងៗ៕