គូ​ឡា​ឡាំ​ពួ៖ ​ពាក់​វ៉ែនតា​ខ្មៅ​ និង​រ៉ូ​ប​ក្រឡា​ខ្លា​ តារាចម្រៀង​​ហ៊ី​ប​ហប​ម៉ាឡេស៊ី SYA កាន់​ក្បាលមេក្រូ​បន្លឺបទ​ អំពាវនាវ​​ឱ្យមាន​ការ​លើក​កម្ពស់ស្ត្រី នៅ​ទឹកដី​ដែល​ប្រណិបតន៍​​តឹង​រឹង​ចំពោះស្ត្រីក្រោមច្បាប់​មូស្លីម។

តារាចម្រៀង​ក្រោមទ្រនំផលិតកម្ម​ Def Jam ដែលជា​ស្លាក​សញ្ញា​នៅ​ពីក្រោយ​កំពូល​តារា​ពី Jay-Z និង រីអាណា រហូត​ដល់ BTS និង ចេស្ទីន ប៊ីប៊ើរ បទ​ចម្រៀង​ដំបូង​របស់​នាង SYA មានឈ្មោះ​ថា Pretty Girl Bop កំពុង​ប្រឈម​នឹង​​ភាពចម្រូង​ចម្រាស់​នៅ​ទឹកដី​​កំណើត​ដែល​ពលរដ្ឋ​​ភាគច្រើន​កាន់សាសនាអ៊ិស្លាម។

តារាចម្រៀងសក់​ខ្មៅ​វែង SYA បាន​និយាយ​ថា៖ «ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​ស្ត្រី​មាន​អារម្មណ៍​ពោរពេញ​ដោយសេចក្ដីសុខ​​ក្នុងភាព​ជា​ខ្លួន​ឯង»។

នាង​បន្ត​ទៀត​ថា៖ «ខ្ញុំ​មិនចាំបាច់​ធ្វើខ្លួន​ជា​អ្នកផ្សេង​នោះទេ ដើម្បី​ឲ្យ​សម​នឹង​អ្វីដែល​សង្គមយើង​​យល់ឃើញថា​ល្អ»។

នាង​ស្ថិតក្នុង​ចំណោម​សិល្បករ​វ័យក្មេងនៅ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូណេស៊ី ថៃ និង​ហ្វីលីពីន ដែល​ត្រូវបាន​ចុះកុងត្រា​​​ដោយផលិតកម្មលំដាប់​ពិភពលោក Def Jam។

ទទួលបាន​ការកោតសរសើ​រ​ពី​ឧស្សាហកម្ម​នេះ​ថា​ជា​តារា​កំពុង​រះ តារាចម្រៀង​ស្រីវ័យ​ ២៥ ឆ្នាំ​រូបនេះ​និយាយថា នាង​ប្រឈមមុខ​នឹង​ការរំលោភបំពាន​លើ​អ៊ីនធឺណិត​ពី​អ្នក​ដែល​ជឿថា​ អាកប្បកិរិយា​របស់​នាង​មិន​សមរម្យ​សម្រាប់​​នារី​ម៉ូ​ស្លី​ម​វ័យក្មេង។

តារា​រ៉េ​ប​រូបនេះ បង្ហើប​ថា៖ «ខ្ញុំ​ទទួល​បាន​សម្ដី​មើល​ងាយជាច្រើនដែល​រំខាន​ដល់​​អារម្មណ៍​ ដោយ​អ្នក​ខ្លះ​ចោទ​ខ្ញុំ​ថា​ជា​ស្រីពេស្យា និង​ខ្លះទៀត​សួរថា​តើ​ខ្ញុំ​កាន់សាសនា​អី»។

ដោយ​ពាក់​វ៉ែនតា​ការពារ​កំដៅថ្ងៃ និង​រ៉ូ​ប​បោះពុម្ព​ខ្លា ពេល​នាង​ច្រៀង​ដាក់​ក្បាល​មីក្រូ លើក​កម្ពស់​សិទ្ធិ​ស្ត្រី។ AFP

ជនអគតិ​មួយចំនួនតែង​លើក​សំណួរ​ថា៖ «​តើ​នាង​ជា​មូស្លីម​មែន​ទេ? នាង​ស៊ី​មួយ​​យប់​ថ្លៃ​ប៉ុន្មាន? ហេតុអ្វី​បានជា​នាងលេង​សាច់​សម្ញែង​ខ្លួន​ប្រាណ​ទាំង​ផ្ទាំងៗ​ដូច្នេះ»។

ខណៈពេលដែល​ម៉ាឡេស៊ី​ជា​ប្រទេសរីកចម្រើន​ សង្គមជំនឿសាសនា​​នៅតែ​អភិរក្សនិយម ដោយ​តែងតែ​មាន​អ្នក​រិះគន់ថា​ សិទ្ធិ​ស្ត្រី​មិនត្រូវ​បានការ​ពារ​គ្រប់គ្រាន់​ទេ ហើយ​ការយាយីមក​លើ​នារីភេទ​​គឺជា​រឿង​ធម្មតា។

សម្រាប់តារាចម្រៀង ​SYA ដែល​មាន​ឈ្មោះ​ពិត នួរ បាទ្រីស៊ីយ៉ា ម៉ូហាមាដ ណាហ្សរី នាង​យល់ថា ​សិល្បៈ និង​សាសនា​គួរតែបែង​ចែក​ឱ្យ​ដាច់​ពីគ្នា​។​

តារាចម្រៀង​រូបនេះ​និយាយ​ថា៖ «តើ (សាសនា) ទាក់ទង​អ្វី​ជាមួយ​ខ្ញុំ​ជា​សិល្បករ ហើយ​អ្វីដែល​ខ្ញុំ​បង្កើត?»។

សិល្បការិនីរូបនេះ​បាន​​ចំណាយពេល​កុមារភាព​នៅក្រៅ​ប្រទេស និង​ទទួល​បាន​ឱកាស​ឡើង​ឆាក​តន្ត្រី​ដោយ​ចៃដន្យ ក្រោយពីនាង​បាន​បង្ហោះ​ការងារ​ច្រៀង​រាំ​​ខ្លះ​តាម​អ៊ីនធឺណិត។

នៅពេល​ធំ​ឡើង SYA បាន​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ទេពកោសល្យ និង​ស្តាប់ចម្រៀង​អាមេរិកដូចជា​បទ ប្រ៊ីដនី ស្ពៀរ និង​ម៉ៃឃើល ជេកសិន ជាដើម។​

នៅប្រទេស​ម៉ាឡេស៊ី ដែល​សិល្បករ​ខ្លះ​ត្រូវ​ប្រឈម​នឹង​វិធានការ​អាជ្ញាធរ​​ តារាចម្រៀង​ស្រី​រូបនេះ​ សម្គាល់ថា​ សិល្បករ​​ប្រុស​មាន​សេរីភាព​ច្រើន​ក្នុងការ​រ៉េ​ប​រឿង​រសើប​ក្នុងប្រទេស​អភិរក្ស​ដោយ​មិន​ខ្លាច​រង​ការរិះគន់។

នាង​បាន​និយាយថា៖ «សម្រាប់​​ប្រុសៗ​​គឺ​គ្មាន​ការកំណត់​ទេ ប្រសិនបើ​ពួកគេ​ចង់​ច្រៀង​រ៉េប​​ពី​បញ្ហាសិច​ ឬ​ជក់​គ្រឿង​ញៀន។​ ពួកគេ​រួច​ខ្លួនរហូត»។

តារាចម្រៀង​ម៉ាឡេស៊ី​រលកថ្មី SYA សង្ឃឹមថា ​​តន្ត្រី​របស់​នាង​ជំរុញ​ចិត្ត​ស្ត្រី​ផ្សេងទៀត មិនមែន​ដើម្បី​ត្រាប់​តាម​នាង​ទេ ប៉ុន្តែ​ត្រូវមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែ​ខ្លាំង។​

នាង​បាន​និយាយថា៖ «ខ្ញុំ​មិន​ចង់​ក្លាយជា​គំរូ​ដ៏​ល្អឥតខ្ចោះ​នោះទេ។ អ្នក​អាច​ទទួលយក​ការ​បំផុសគំនិត​ពី​ខ្ញុំ (ដើម្បី) ធ្វើជា​បុគ្គលតាម​ក្ដីស្រមៃ​​របស់​អ្នក»៕ AFP

សិល្បករ​ហ៊ី​ប​ហប​ម៉ាឡេស៊ី SYA ថ្លែង​ក្នុងពេល​សម្ភាសន៍​នៅ​ស្ទូ​ឌី​យ៉ូ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ។ AFP