ក្រុងរីយ៉ាដ៖ ជិត ៤​ ឆ្នាំ​ក្រោយ​ដក​បម្រាម​លើ​រោ​ងភាពយន្ដ អារ៉ាប៊ីសាអ៊ូឌីត គ្រោង​រៀបចំ​មហោស្រព​ភាពយន្ដដ៏ធំ​សម្បើម​​លើក​ដំបូង​ចាប់​ពីថ្ងៃចន្ទ​ ខណៈ​ប្រទេស​នៅ​ឈូង​សមុទ្រ​មួយ​នេះ​ផ្ដោត​លើ​ឧស្សាហកម្ម​ថ្មី​ដ៏​កាក់​កប​នេះ​។

រោង​ភាពយន្ដ​នានា​ត្រូវបាន​បង្គាប់​ឱ្យ​បិទទ្វារ​អស់​រយៈ​ពេល​ជា​ច្រើនទសវត្សរ៍ រហូត​ដល់​ខែ​មេសា ឆ្នាំ​២០១៨​ តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត តារា​ភាពយន្ដ និង​ផលិតករភាពយន្ត​នឹង​ចេញ​មក​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​នៅ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ដ​អន្ដរជាតិ​សមុទ្រ​ក្រហម Jeddah។

មហោស្រព​ភាពយន្ដ​នេះ​ចាប់​ផ្ដើម​រយៈ​ពេល​ ១​ថ្ងៃ​ក្រោយ Jeddah បាន​រៀបចំ​ព្រឹត្ដិការណ៍​ប្រណាំង​រថយន្ដ Formula One Grand Prix លើកដំបូង ក៏ទំនង​ជា​មាន​ព្រឹត្ដិការណ៍​បង្ហាញ​ភ្លើង​ពណ៌​នាពេលរាត្រី​ផង​ដែរ​។

ក្រោយ​ដក​បម្រាម​លើ​រោ​ងភាពយន្ដ អារ៉ាប៊ីសាអ៊ូឌីត ​រៀបចំ​មហោស្រព​ភាពយន្ដដ៏ធំ​សម្បើម​​លើក​ដំបូង​ចាប់​ពីថ្ងៃចន្ទ​។ AFP

មហោស្រពនេះ​នឹង​ដាក់​បញ្ចាំង​ភាពយន្ដ​ខ្នាត​វែង​ និង​ខ្លី​ ១៣៨​រឿង​ មកពី ៦៧​ប្រទេស​ ដោយ​មាន​ជាង ៣០​ភាសា។ ចំណោម​ភាពយន្ដ​ទាំង​នោះ មាន​រឿង​រិះគន់​របស់ហ្ស៊កដានី «The Alleys» ដឹក​នាំដោយ​

BasselGhandour ក៏ដូចជា​ភាពយន្ដ​ក្រៅ​ពិភព​អារ៉ាប់ រួមមានរឿង «Cyrano» របស់ផលិតករ​អង់គ្លេស Joe Wright និង «83» ជា​ដំណើររឿង​ស្ដីពី​ជ័យជម្នះ​ការប្រកួត​កីឡា​គ្រីឃីត​ពានរង្វាន់​ពិភពលោក​ក្នុង​ឆ្នាំ​១៩៨៣​។

មហោស្រព​ក៏ប្រហែល​ជា​ផ្ដល់​កិត្ដិយស​ដល់អ្នកស្រី Haifaa al-Mansour ជា​ផលិតករស្រី​អារ៉ាប៊ីសាអ៊ូឌីត​ដំបូងគេ ដែលផលិត​ភាពយន្ដរឿង «Wadjda» ក្នុង​ឆ្នាំ​២០១២​ ដែលបាន​ឈ្នះ​ពានរង្វាន់​អន្ដរជាតិ​ជា​ច្រើន​។

ស្ថិត​ក្រោម​ព្រះរាជកិច្ច​ដឹកនាំរបស់​ព្រះអង្គម្ចាស់​ស្នង​រាជ មូហាមេដ ប៊ីន សាល់មេន របស់​​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ឆ្នាំ​ ២០១៧ មាន​កំណែទម្រង់​យ៉ាង​ច្រើន​ក្នុង​ប្រទេស​នេះ។

ក្រោយ​ដក​បម្រាម​លើ​រោ​ងភាពយន្ដ អារ៉ាប៊ីសាអ៊ូឌីត ​រៀបចំ​មហោស្រព​ភាពយន្ដដ៏ធំ​សម្បើម​​លើក​ដំបូង​ចាប់​ពីថ្ងៃចន្ទ​។ AFP

អ្នក​វិភាគ​សិល្បៈ​អេហ្ស៊ីប មូហាមេដ អាប់ដេល រ៉ាស់មេន បាន​និយាយថា​៖ «​គំនិត​បង្កើត​មហោស្រព​ភាពយន្ដនៅ​អារ៉ាប៊ីសាអ៊ូឌីត​នេះ ពិតជា​រឿង​មិន​នឹកស្មាន​ដល់​កាលពី ៥​ឆ្នាំ​មុន​»។

មហោស្រព​នេះ​ក៏​ជា​យាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ទីផ្សារ​ភាពយន្ដ និង​ឧស្សាហកម្ម​ភាពយន្ដ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ឡើ​ងវិញ​ដែរ​។

យោងតាម​របាយ​ការណ៍​មួយ​ពី​ក្រុមហ៊ុន​គណនេយ្យ​អន្ដរជាតិ PwC បាន​បង្ហាញថា ចំណូល​ពី​វិស័យ​ភាពយន្ដ​ប្រចាំ​ឆ្នាំ​របស់​អារ៉ាប៊ីសាអ៊ូឌីត អាច​កើន​ដល់ ៩៥០​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០៣០​ ខាង​មុខ​។

ប្រជាជន​អារ៉ាប៊ីសាអ៊ូឌីតប្រមាណ ៤០​លាន​នាក់ ត្រូវបាន​ព្យាករ​ថា​ បាន​ចូល​ទស្សនា​ភាពយន្ដ​នៅ​ក្នុង​រោង​រហូត​ដល់ ២៦០០​ទីតាំង»៕ AFP/HR

បិទ​រោង​កុន​អស់ជា​ច្រើន​ទសវត្សរ៍ ស្រាប់តែ​អារ៉ាប៊ីសាអ៊ូឌីត​រៀបចំ​មហោស្រពភាពយន្ដ​ខ្នាត​យក្ស​លើកដំបូង​។ AFP