ក្រុងអ៊ីស្លាម៉ាបាដ៖ នាឡិកា​ប៉ោល​រាប់​រយ​គ្រឿង​នៅ​ពេញទាំង​សាល​តូច​មួយ​ឯភាគ​និរតី​ទីក្រុង​ឃ្វេតតា ប្រទេស​ប៉ាគីស្ថាន ជាទីដែល​អ្នក​ប្រមែ​ប្រមូល Gul Kakar បាន​ប្ដេជ្ញា​ថា លោក​នឹង​ចំណាយ​ពេល​វេលា​ដែល​សេស​សល់​ពេញ​មួយ​ជីវិត ថែទាំ​ពួកវា។

នាឡិកាដៃ នាឡិកា​ដាក់ហោប៉ាវ និង​នាឡិកា​បញ្ឈរ​លើ​តុ ដែល​ត្រូវការ​ការថែទាំ​ទាំងនេះ ត្រូវបានផ្លាស់​ប្ដូរ​កន្លែង​តាំង​​​បង្ហាញ ខណៈ​ប្រភេទ​នាឡិកា​ព្យួរជញ្ជាំង​ និង​នាឡិកា​បន្សល់​ពី​ជីតា​ ១​គ្រឿង​ទៀត ​ដែល​ស្ថិត​នៅ​មួយ​កន្លែង បន្ដ​ដើរ និង​ផ្ដល់​សញ្ញា​ម៉ោង​គ្រប់​ពេលវេលា។

មន្ដ្រី​ប៉ូលិស​ Kakar វ័យ ៤៤​ឆ្នាំ បាន​ប្រាប់ AFP អំឡុង​ពេល​ចូល​សាល​តាំង​នាឡិកា​ទាំង​នោះ​ថា​៖ «​ខ្ញុំ​យល់​ពី​ភាសា​របស់​ពួកវា។ ពួកវា​បាន​ប្រាប់​ខ្ញុំ​អំពី​បញ្ហា​របស់​ខ្លួន​ ហើយ​ខ្ញុំ​ដឹង​»។

​​មន្ដ្រី​ប៉ូលិស ​Kakar វ័យ ៤៤​ឆ្នាំ នៅ​សារមន្ទីរ​នាឡិកាឯកជន​ ឯ​ទីក្រុង​ឃ្វេតតា ភាគនិរតី​ប្រទេស​​​ប៉ាគីស្ថាន។ AFP

ការ​ប្រមែប្រមូល​របស់​លោក Kakar ដែល​នាឡិកា​ខ្លះ​សល់​តាំងពីជំនាន់​ឆ្នាំ​១៨៥០ ត្រូវបាន​រក្សា​ទុក​ក្នុង​បរិវេណ​ទីស្នាក់ការ​កណ្ដាល​នៃប៉ុស្ដិ៍​ប៉ូលិស។ ចំណង់​រក្សា​ទុក​នាឡិកា​ចាស់​ទាំង​នេះរបស់​លោក Kakar ចាប់​ផ្ដើម​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន នៅពេល​នាឡិកា​ប្រចាំ​គ្រួសារ ២​គ្រឿងដើរអត់ទៀង​ម៉ោង និង​យក​ទៅ​ជួសជុល។

លោក​បាន​រំឭកថា​៖ «​ខ្ញុំ​ចាប់​ផ្ដើម​ជាប់​ចិត្ដ​នឹង​នាឡិកា ហើយ​ខ្ញុំ​មាន​គំនិត​ថា ខ្ញុំ​គួរ​តែ​ប្រមែប្រមូល​នាឡិកា​បន្ថែ​មទៀត​»។

មិន​យូរ​ប៉ុន្មាន លោក​ផ្ដើម​ប្រមែប្រមូល​ពេញ​ទំហឹងរហូតបង្កើតបាន​ជា​សារមន្ទីរ​នៅ​ថ្ងៃនេះ​ ដែលជា​សមិទ្ធផល​រយៈ​ពេល ១៨​ឆ្នាំ ក្រោយ​ការ​ស្វះស្វែង​រក​នាឡិកា​បុរាណ​តាម​បណ្ដាញ​អ៊ីនធឺណិត ក៏ដូចជា​បញ្ចុះ​បញ្ចូល​មិត្ដភក្ដិ​នៅបរទេស​ឱ្យ​ជួយ​ទិញ​នាឡិកាជជុះ​ និង​ដឹកជញ្ជូន​មក​ប៉ាគីស្ថាន។

លោ​ក​មិន​ចាំ​ថា លោក​មាន​នាឡិកា​ចំនួន​ប៉ុន្មាន​គ្រឿង​ឡើយ ឬ​បាន​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ក្នុងការ​ទិញ​នាឡិកាទាំង​នោះ​ទេ តែ​​ចំណូល​រាល់​ថ្ងៃដែល​​បាន​មក​ពី​ការ​ជួល​ដី​របស់​គ្រួសារ ​មានន័យថា ចំណូល​ ១ផ្នែក​ធំពី​ប្រាក់ខែជា​ប៉ូលិស​ធ្លាក់​ទៅលើ​សារមន្ទីរ​នាឡិកា​អស់​ហើយ។

នាឡិកាបុរាណ​របស់លោក ​Kakar ដែល​ជាអ្នក​មានចំណូលចិត្ត​​រក្សាទុក​នូវ​នាឡិកាបុរាណ រាប់រយ​គ្រឿង។ AFP

ពាក់អាវ​កាក់​ពណ៌​ខ្មៅ​ និង​កាន់ឈើច្រត់​ លោក Kakar បាន​បន្ដថា​៖ «​ដរាប​ណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​នៅតែ​ថែទាំ​ពួកវា​»។

យ៉ាងណាមិញ លោក​បាន​សារភាពថា គ្មាន​នរណា​ម្នាក់​ក្នុង​គ្រួសារ​លោក​មាន​ចំណង់​ចំណូល​ចិត្ដដូច​លោក​ឡើយ​ ហើយ​ក្រោយ​លោក​ស្លាប់​ទៅ វត្ថុ​​ប្រមែប្រមូល​ទាំង​នេះ​ប្រហែលជា​នឹងត្រូវ​ដាក់​លក់។

លោក​ត្រៀម​ខ្លួន​ក្នុង​ការ​បរិច្ចាគ​អ្វីៗ​គ្រប់​យ៉ាង​ បើ​មន្ដ្រី​ណា ឬ​វិស័យ​ឯកជន​ណា​ផ្ដល់​មូលនិធិ​សារមន្ទីរ​ក្រោម​ឈ្មោះ​របស់​លោក​នេះ។

លោក Kakar បាន​សារភាពថា​៖ «​រហូត​មក​ទល់​នឹង​ពេល ខ្ញុំ​មិន​ទាន់​បាន​ទទួល​ជំនួយ​ណាមួយ​ឡើយ​»៕ AFP/HR

នាឡិកាប៉ោល​រាប់រយ​គ្រឿង​ព្យួរ​ពាសពេញសាល​នៅ​ទីក្រុង​ឃ្វេតតា ភាគនិរតី​ប្រទេស​​​ប៉ាគីស្ថាន។ AFP