​ក្រុង​តូ​ក្យូ: លោកនាយក​រដ្ឋមន្ត្រី ជប៉ុន ហ្វឹ​មី​អូ គី​ស៊ី​ដា បាន​ថ្លែង​កាល​​ពីថ្ងៃ​ចន្ទ​ថា លោក​ទទួលទានដំណេក​លក់​ស្កប់ស្កល់ បន្ទាប់ពី​ចូល​ស្នាក់នៅ​ភូមិគ្រឹះ​ផ្លូវការ ដែល​ត្រូវបាន​ទុក​ទំនេរ​ចោល​អស់​រយៈពេល ៩​ ឆ្នាំ និង​ជា​ជាទី​រួមរឹត​ដោយ​ពាក្យ​ចចាមអារ៉ាម​ថា​មាន​ខ្មោចលង​។​

​ភូមិគ្រឹះ​ជា​លំនៅឋាន​ផ្លូវការ​របស់​នាយក​ដ្ឋ​មន្ត្រី​ស្ថិតនៅ​តំបន់​ប្រណីត កណ្ដាល​ក្រុង​តូ​ក្យូ ត្រូវបាន​រក្សាទុក​ដោយ​គ្មាន​អ្នក​ស្នាក់ ក្នុងអំឡុងពេល​កាន់អំណាច​ពី​អតីត​នាយករដ្ឋមន្ត្រី លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា និង​លោក ស៊ីន​ហ្សូ​ ​អា​បេ​។​

​លោក ស៊ីន​ហ្សូ អា​បេ ក៏​ធ្លាប់បាន​ច្រានចោល​នូវ​ហេតុផល​ដែលថា លោក​មិន​បានមក​នៅក្នុង​ភូមិគ្រឹះ​ចំណាស់​ដិតដាម​ដោយ​ប្រវត្តិសាស្ត្រ​បង្ហូរឈាម និង​បន្សល់​នូវ​ជំនឿ​តៗ​គ្នា​ថា​ទីនោះ​មាន​វិញ្ញាណ​ខ្មោច​។​

​ទីតាំង​នេះ​ធ្លាប់ជា​មុខសញ្ញា​នៃ​ការ​​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ ​១៩៣៦ ដោយមាន​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប រួមទាំង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ត្រូវបាន​ធ្វើឃាត​ដោយ​ក្រុម​យោធា​វ័យក្មេង​។​

​ហេតុការណ៍​អកុសល​នេះ បាន​បង្ក​នូវ​ពាក្យ​ចចាមអារ៉ាម និង​របាយ​​ការណ៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ថា ទីនោះ​មាន​វិញ្ញាណ​អ្នក​​ស្លាប់​វិលវល់ និង​ចេញ​លង​មនុស្ស​នៅតាម​ច្រក​ដើរ​ជាដើម​។​

​ទោះជា​ជប៉ុន​ទំនើប​ជឿនលឿន យ៉ាងណាក៏ដោយ ប្រជាជន​ខ្លះ​នៅមាន​អារម្មណ៍ និង​ជំនឿ​លើ​ព្រលឹង​ខ្មោច​ព្រាយ​បិសាច​។​

​ប៉ុន្តែ​លោក គី​ស៊ី​ដា បាន​និយាយថា លោក​មាន​អារម្មណ៍​ស្រស់ស្រាយ​ក្រោយពី​ស្នាក់នៅ​រាត្រី​ដំបូង​ក្នុង​លំនៅឋាន​ផ្លូវការ​នោះ​។​

​នៅពេលដែល​លោក​ត្រូវបាន​សួរថា តើ​លោក​មាន​ពើបប្រទះ​ហេតុការណ៍​ព្រឺ​សម្បុរ​ដូចដែល​គេ​ល្បី​តៗ​គ្នា​ដែរឬទេ លោក​បាន​ថ្លែងប្រាប់​អ្នកយក​ព័ត៌មាន​វិញ​ថា​៖ «​ខ្ញុំ​បាន​ទទួលទានដំណេក​យ៉ាង​ស្កប់ស្កល់​ម្សិលមិញ​»​។​

​លោក​បាន​បន្តថា​៖ «​ខ្ញុំ​អត់​ទាន់​បានឃើញ​អ្វី​នៅឡើយ​ទេ​»៕ AFP