ទីក្រុងឡូសអេនជឺលេស៖ តារាទូរទស្សន៍និង​សហគ្រិន​គ្រឿង​សម្អាង​ប្រាក់ពាន់លាន​ដុល្លារ គីម​ កាដាសៀន​ បាន​ប្រឡង​ជាប់​ថ្នាក់​ច្បាប់ឆ្នាំទី ១​ ​នៅ​រដ្ឋ​កាលីហ្វ័រនី​ញ៉ា ដែល​ធ្វើ​ឲ្យ​នាង​កាន់តែ​ខិត​ទៅជិត​ការ​ក្លាយជា​មេធាវី។

មហាសេដ្ឋី​ជា​ស្ត្រី​ជំនួញ​រូបនេះ​បាន​ប្រាថ្នា​ចង់បាន​សិទ្ធិ​អនុវត្ត​ច្បាប់​ជា​យូរ​មកហើយ ហើយនាង​​បានសម្រេច​ជោគជ័យ​ក្នុងការ​សាកល្បង​លើកទី ៤ របស់​នាង។

ដោយ​សំដៅ​លើ​ការប្រឡង​និស្សិត​ច្បាប់​ឆ្នាំ​ទី១ដែលជា​ធម្មតា​ធ្វើឡើង​បន្ទាប់ពី​ការសិក្សា​បាន​ ១ ឆ្នាំ នាង​បាន​ប្រកាស​​តាម​បណ្ដាញ​សង្គម​ថា៖ «ឱ្យ​ព្រះជាម្ចាស់​ខ្ញុំ​បាន​ប្រឡង​ជាប់ Baby Bar Exam»។

នាង​បាន​បន្ត​ទៀត​ថា៖ «សម្រាប់​នរណា​ដែល​មិន​ដឹង​ពី​ដំណើរ​សិក្សា​របស់ខ្ញុំ​នៅសាលា​ច្បាប់ ខ្ញុំ​ចង់ប្រាប់ថា​វា​មិនងាយស្រួលទេ​សម្រាប់ខ្ញុំ»។

តារា​ស្រី​ល្បី​ចាយ​រាង​ខ្លាំង​សម្បើម​រូប​នេះ​បាន​បរិយាយ​គ្មានសល់ថា៖ «​ខ្ញុំ​បានសាកល្បង​ ៣ ដង​ហើយក្នុង​រយៈពេល ​២​ ឆ្នាំ​។​ ខ្ញុំ​ដួលហើយខ្ញុំ​ខំ​ងើបខំ​ប្រឹង​រៀន​ម្ដង​ទៀតរហូត​ដល់​ខ្ញុំធ្វើ​បាន! បញ្ជាក់កាល​ពី​ប្រឡង​លើកទី ៣ ខ្ញុំ​បាន​ឆ្លង​កូវីដ​កម្ដៅ​ដល់ ៤០ ​អង្សា តែ​ខ្ញុំ​មិន​យក​វាជាលេស​មិនប្រឡងទេ»។

​ការប្រឡង​ទាមទារ​ឱ្យ​និស្សិត​សរសេរ​​​អត្ថបទ​ចំនួន៤ និង​​សំណួរ​ជ្រើសរើស​ពហុ​ចម្លើយ​ចំនួន ១០០ ទាក់ទិន​នឹង​កិច្ចសន្យា ច្បាប់ព្រហ្មទណ្ឌ និង​ទោសទណ្ឌ។

គីម​ បាន​ប្រឡង​ជាប់​ថ្នាក់​ច្បាប់​ឆ្នាំ​ទី១ដែល​ធ្វើ​ឲ្យ​នាង​កាន់តែ​ខិត​ទៅជិត​ការ​ក្លាយជា​មេធាវី។ AFP

តួលេខបាន​ដ្ឋ​បង្ហាញថា​មានតែ​អ្នកធ្វើ​តេស្ត​ប្រហែល១ភាគ៨ទៅ១ភាគ​៤​នៃ​អ្នក​ប្រឡង​សរុប​ប៉ុណ្ណោះ​ដែល​អាច​ប្រឡង​ជាប់។

គីម នឹង​ត្រូវ​ឆ្លង​កាត់ការ​ប្រឡង២ដង​ទៀតហើយ​នាង​​នឹង​ត្រូវបាន​វិនិច្ឆ័យ​ពី​ការ​អនុវត្ត​ច្បាប់ជាគំរូ និង​ក្រម​​សីល​ធម៌ល្អទើប​​ត្រូវបាន​អនុញ្ញាតឱ្យ​អនុវត្ត​ច្បាប់។

តារា​ទូរទស្សន៍​រូបនេះ​ធ្លាប់បាន​បញ្ចុះបញ្ចូល​ឱ្យមាន​កំណែទម្រង់​យុត្តិធម៌​ព្រហ្មទណ្ឌ និង​សម្រាប់​ការ​លើកលែង​ទោស​​ចំពោះ​ករណី​បុគ្គល និង​ការ​កាត់ទោសប្រហារជីវិត។ នាងក៏ធ្លាប់​​បាន​ទៅ​ទស្សនា​សេត​វិមាន​ដើម្បី​ជួប​ជាមួយ​អតីត​ប្រធានាធិបតីដូណាល់ត្រាំក្នុង​ឆ្នាំ ២០១៩។

នាង​មិនមែនជា​សមាជិក​ដំបូង​នៃ​គ្រួសារ​ដែល​ដើរ​លើ​វិថី​ច្បាប់នោះទេ។ ឪពុក​របស់​នាង​គឺ​លោក រ៉ូប៊ើត កាដាសៀន ជាសមាជិក​ក្រុមអ្នកច្បាប់​ ដែល​បាន​ការពារ​ដោយ​ជោគជ័យដល់​តារាភាពយន្ត​វិវឌ្ឍ​ខ្លួន​ក្លាយ​​ជា​អត្ត​ព​លិ​ក OJ Simpson ប្រឆាំងនឹង​ការចោទប្រកាន់​ពីបទ​មនុស្សឃាត២​ដងនៅក្នុង​រឿង​​ក្តី​ដ៏​ល្បី​បំផុត​មួយ​នៅ​សហរដ្ឋអាមេរិក​នៃ​​សតវត្ស​រ៍ទី ២០។

គីម កាដាសៀន ​បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ប៉ា​របស់ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ហើយ​គាត់​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ដែល​ដឹងថា​នេះ​គឺជា​ផ្លូវ​របស់ខ្ញុំ​ ហើ​យគាត់​អាច​នឹង​ក្លាយជា​​ដៃគូសិក្សា​ដ៏​ល្អ​បំផុត​របស់ខ្ញុំប្រសិន​បើគាត់នៅរស់»។

គីម កាដាសៀន បច្ចុប្បន្នកំពុង​លែងលះ​ជាមួយ​ស្វាមី​របស់​នាង​ ដែលជា​តារាចម្រៀង​រ៉េបកាញ៉េវេស។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា​ នាង​បានដាក់​ពាក្យ​សុំ​សេចក្ដី​​ប្រកាសផ្លូវការ​ពី​ភាព​នៅ​លីវ និង​​ដក​នាមត្រកូល​ប្តី​របស់​នាង​ចេញពី​ឈ្មោះ​ផ្លូវការ​បច្ចុប្បន្ន​របស់​នា​ង​គឺ គីមកាដាសៀន វេស។

អ្នក​ទាំង ២ មានកូន​ ៤ នាក់ដែល​ថ្មីៗ​នេះ កូន​២​នាក់​ត្រូវបាន​នាង​នាំ​យកទៅ​ទស្សនា​ការ​សម្ដែង​របស់​ ​កាញ៉េ វេស ហើយ​លោក​ក៏​ឆ្លៀត​ឱកាស​ច្រៀង​សុំ​អង្វរ​កណ្តាល​ទីដើម្បី​ឱ្យ​ គីម កាដាសៀន វិល​មក​ផ្សះផ្សា​ជាមួយលោក​វិញ៕

នាងក៏ធ្លាប់​​បាន​ទៅ​ទស្សនា​សេត​វិមាន​ដើម្បី​ជួប​ជាមួយ​អតីត​ប្រធានាធិបតីដូណាល់ត្រាំក្នុង​ឆ្នាំ២០១៩។ AFP