ក្រុងញូវយ៉ក៖ អ្វីដែលជាការបំផុសគំនិតសម្រាប់ការជជែកគ្នាលេង និងច្រៀងយ៉ាងរីករាយដូចឈុតឆាកបង្ហាញក្នុងគំនូរជីវចល វ៉ល ឌីស្នី (Walt Disney) កម្មវិធីតាំងបង្ហាញថ្មីមួយនៅទីក្រុងញូវយ៉កបានណែនាំថា ពួកគេអាចតាមដានដឹងវត្ថុបុរាណនិងស្នាដៃសិល្បៈដែលម្ចាស់គំនូរជីវចលបានប្រទះភ្នែកឃើញនៅទីក្រុងប៉ារីសកាលពីលោកនៅក្មេង។
ការតាំងពិព័រណ៍សារមន្ទីរមេត្រូផូលីថិនបង្ហាញពីរបៀបដែលសិល្បករឌីស្នី គូររចនាតួអង្គតាមពរ្សឺឡែនប្រណីត និងសាឡុងមាស នៃរចនាប័ទ្ម Rococo អស់ជាច្រើនទសវត្សរ៍មកហើយ។
ចាប់តាំងពីរឿង ព្រះនាងព្រឹលស និងបុរសតឿ៧នាក់ (១៩៣៦) រឿង Sleeping Beauty (១៩៥៩) រហូតដល់រឿង Beauty and the Beast (១៩៩១) កម្មវិធីនេះបានស្វែងយល់ពីរបៀប ដែលភាពយន្តគំនូរជីវចល ឌីស្នី បុរាណមានការស្រមើស្រមៃលាយឡំជាមួយនឹងការស្រាវជ្រាវលម្អិត។
អ្នកដឹកនាំពិព័រណ៍ Wolf Burchard បាននិយាយថា លោកជឿថា សិល្បករឌីស្នីនិងមនុស្សពីសតវត្សរ៍ទី១៨បានផ្សារភ្ជាប់គ្នាមិនត្រឹមតែតាមរយៈរចនាប័ទ្មរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានក្ដីប្រាថ្នាដូចគ្នាក្នុងការ «បង្ហាញពីអារម្មណ៍ ជាជាងសំដៅលើបញ្ញារបស់មនុស្ស»។
កម្មវិធីពិព័រណ៍ដែលបើកនៅថ្ងៃទី១០ ខែធ្នូបានបង្ហាញស្នាដៃចំនួន៦០ នៃសិល្បៈអឺរ៉ុបក្នុងសតវត្សរ៍ទី១៨ រួមជាមួយសម្រង់ពីគំនូរជីវចលរបស់ ឌីស្នី ចំនួន១៥០ស្នាដៃ។
កើតនៅទីក្រុងឈីកាហ្គោក្នុងឆ្នាំ១៩០១ លោក វ៉ល ឌីស្នី បានធ្វើដំណើរលើកដំបូងទៅកាន់ប្រទេសបារាំងក្នុងខែធ្នូ ឆ្នាំ១៩១៨ ភ្លាមៗបន្ទាប់ពីសង្គ្រាមលោកលើកទី១ ក្នុងនាមជាអ្នកស្ម័គ្រចិត្តសម្រាប់កាកបាទក្រហម។
លោកបានត្រឡប់ទៅអឺរ៉ុបវិញនៅឆ្នាំ១៩៣៥ និងបន្តឡើងចុះជាច្រើនដង បន្ទាប់ពីសង្គ្រាមលោកលើកទី២៕ AFP