ក្រុង​យ៉ាំង​ហ្គោន៖ ក្រុមអ្នកច្បាប់​របស់លោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា តារា​សម្តែង តារាចម្រៀង និង​តារា​ម៉ូ​ដែល​ឈានមុខ​គេ​នៅ​មី​យ៉ាន់​ម៉ា​ដែល​ស្ថិតក្នុង​បញ្ជី​ខ្មៅ​​របប​យោធា​សម្រាប់សកម្មភាព​គាំទ្រ​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ។

តារាប្រុស​រូបសង្ហា​លោក ភេង ថាខន (Paing Takhon) អាយុ ២៥​ឆ្នាំ ដែលជា​តារា​ដ៏ល្បីល្បាញ​សាយភាយ​​ប្រជាប្រិយភាព​ពី​​​មីយ៉ាន់​ម៉ា ដល់​ថៃ​​​​ បានធ្វើ​សកម្មភាព​នៅក្នុង​បាតុកម្ម​ដ៏​ធំ​ដែល​បានធ្វើឱ្យ​កក្រើក​ប្រទេស ​បន្ទាប់ពី​រដ្ឋប្រហារ​ខែកុម្ភៈ តាមរយៈ​វត្តមាន​ចូលរួម​ការប្រមូល​ផ្តុំគ្នា និង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមរបស់លោក។

ប្អូនស្រី​របស់លោក​បាន​និយាយថា លោក​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​ការ​វាយឆ្មក់​ពេលព្រឹក​ព្រលឹម​នៅផ្ទះ​ម្តាយ​របស់លោក​​នៅ​ទីក្រុង​យ៉ាំង​ហ្គោន​ក្នុង​ខែមេសា ខណៈដែល​របប​យោធា​បាន​តាម​ប្រមាញ់​តារា​ល្បី​​ជាង ១០០​នាក់​ដែល​គាំទ្រ​ចលនា​នេះ។

តារាម៉ូដែល ចម្រៀង និង​សម្ដែង​លោក ភេង ថាខន ចូលរួម​ក្នុង​ការ​តវ៉ា​កាលពី​ថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ AFP/ហ្វេសប៊ុក

កាលពី​ថ្ងៃ​ចន្ទ លោក Khin Maung Myint ទីប្រឹក្សា​ច្បាប់​របស់តារាប្រុស​រូបនេះ​បាន​ប្រាប់ AFP ថា៖ «លោក​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ​ដោយ​ប្រើ​កម្លាំងធ្ងន់​។

ទីប្រឹក្សា​ច្បាប់រូបនេះ​​បាន​និយាយថា៖ «ក្រុម​គ្រួសារ​មានការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការកាត់ទោស​រូបលោក​» ដោយ​បន្ថែមថា ​ពួកគេ​កំពុង​ពិចារណា​ថា ​តើ​ត្រូវ​ប្តឹង​ឧទ្ធរណ៍ ​ឬ​អត់?

កាលពី​ខែកុម្ភៈ លោក ភេង ថាខន ដែលមាន​អ្នកតាមដាន​​ជាង​១​លាន​នាក់​នៅលើបណ្ដាញ​សង្គម​ហ្វេសប៊ុក និងអ៊ីនស្តាក្រាម​ បាន​បង្ហោះ​រូបភាព​ខ្លួនឯង​ក្នុង​ឈុត​ខោ​ពណ៌​ស ជាមួយនឹង​មេ​ហ្គា​ហ្វូ​ន មួក​ និងខ្សែ​ចង​ខ្លួនពេល​​តវ៉ា។

ជាមួយ​ស្ទាយរូបសាក់ និង​សក់​វែង​រួញ​បន្តិច តារា​មីយ៉ាន់ម៉ា លោក ភេង ថាខន ត្រូវបានគេចាត់ទុកថា​មាន​រូបរាងសង្ហា​ប្រចាំនៅអាស៊ី។ ហ្វេសប៊ុក

លោក​​បាន​បង្ហោះ​នៅលើអ៊ីនស្តាក្រាម​ថា៖ «ជួយ​យើង​បញ្ឈប់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ»។

ភេង ថាខន ក៏​ល្បី​នៅ​ប្រទេស​ថៃ និង​​បាន​លេចមុខ​ក្នុង​ទូរទស្សន៍ និង​កម្មវិធី​នានា។

នៅក្នុង​ខែមករា លោក​​បាន​កោរសក់​បួសជា​​ព្រះសង្ឃ​​ព្រះពុទ្ធសាសនា​មួយរយៈ​ពេល​ខ្លី ដោយ​បង្ហោះ​រូបភាពរបស់លោក​ក្នុង​ស្បង់ចីវរពណ៌​ក្រមៅ។

តារាម៉ូដែល ចម្រៀង និង​សម្ដែង​លោក ភេង ថាខន ចូលរួម​ក្នុង​ការ​តវ៉ា​កាលពី​ថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១។ AFP

ភ្លាមៗក្រោយ​រដ្ឋប្រហារ របប​យោធា​បាន​ចុះបញ្ជីខ្មៅ​​តារាល្បីៗប្រមាណ ១២០​នាក់​ ហើយ​តារា​មួយចំនួន​កំពុង​តែ​គេច​ខ្លួន​ពីការតាមចាប់។

កាលពី​ខែឧសភា រាជិនី​សម្រស់​ដ៏​ល្បីឈ្មោះ Htar Htar Htet បាន​បង្ហោះ​រូបថត​១​សន្លឹក​លើ​បណ្ដាញ​សង្គហ្វេសប៊ុក​ ដែល​បង្ហាញ​ពី​ការ​ស្លៀកពាក់​ឈុត​ប្រយុទ្ធ​ពណ៌​ខ្មៅ និង​កាន់​កាំភ្លើង​វែង។

គ្រូ​ហាត់​កាយសម្ព័ន្ធ​រូបនេះ​បានសរសេរថា៖ «ដល់ពេល​ត្រូវ​វាយបក​វិញ​ហើយ»៕ AFP

តារា​មីយ៉ាន់ម៉ា លោក ភេង ថាខន ធ្លាប់បានកោរសក់បួស​មួយរៈពេលខ្លី។ ហ្វេសប៊ុក