ភ្នំពេញ: បងប្អូនស្រីខ្មែរ ២ នាក់ អ៊ីដូ និង អ៊ីយេន ចម ដែលធំធាត់នៅតំបន់ប្រ៊ូកឃ្លីន នៃក្រុងញូវយ៉ក ជាស្ថាបនិកហាងលក់អលង្ការអនឡាញមួយឈ្មោះថា «EdoEyen» ដោយការរចនាគ្រឿងអលង្ការ ដែលមានការបំផុសគំនិតពីសិល្បៈ និងវប្បធម៌ខ្មែរបុរាណ។
ថ្មីៗនេះ ស្ថាបនិកទាំង ២ បានចាប់ដៃគូនឹងសារមន្ទីរសិល្បៈគ្លីវើលែន រដ្ឋអូហាយ៉ូ សហរដ្ឋអាមេរិក ក្នុងពិព័រណ៍ «លាតត្រដាងព្រះក្រឹស្ណ៖ ដំណើរទៅកាន់ដែនដីគិរីស័ក្តិសិទ្ធិកម្ពុជា» ដោយដាក់តាំងលក់គ្រឿងអលង្ការរបស់ខ្លួនចាប់ពីចុងខែវិច្ឆកា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ៣០ មករា ឆ្នាំ ២០២២។
ពិព័រណ៍នេះលាតត្រដាងនូវរឿងរ៉ាវ និងដំណើរការស្ដារជួសជុលស្នាដៃដ៏អស្ចារ្យនៅក្នុងចំណោមវត្ថុតាំងនៅក្នុងសារមន្ទីរ រួមមានរូបចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន។
អ៊ីដូ ចម ជាបងស្រីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីការបានចូលរួមក្នុងពិព័រណ៍នេះថា៖ «យើងពិតជារំភើបជាមួយការចាប់ដៃគូលើគម្រោងនេះ។ អ្នករៀបចំចាត់ចែងពិព័រណ៍សិល្បៈ នេះ សុនយ៉ា រីម៉េស បានចាប់អារម្មណ៍លើក្រវិល នាងនាគរបស់យើងក្រោយពីឃើញ អ្នកស្រី អ៊ឹង លឿង អ្នកនិពន្ធ "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ពាក់វា»។
អ៊ីយេន ចម ជាប្អូនស្រីបន្ថែមថា៖ «គោលដៅរបស់យើងគឺដើម្បីជួយអភិរក្សសិល្បៈខ្មែរបុរាណ។ ដូច្នេះនៅពេលយើងជាផ្នែកមួយនៃពិព័រណ៍នេះ យើងសប្បាយចិត្តដែលយើងហាក់កំពុងឈានទៅមុខជិតទិសដៅរបស់យើង»។
ជំនួញរបស់បងប្អូនស្រីខ្មែរអាមេរិកទាំង ២ រូប គឺជាហាងសិល្បៈខ្មែរបុរាណដ៏កម្រមួយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ តាមរយៈស្នាដៃពីរចនាប័ទ្មអត្តសញ្ញាណរបស់អាណាចក្រខ្មែរដ៏រុងរឿង ពួកគេសង្ឃឹមថានឹងទទួលបានការចាប់អារម្មណ៍ច្រើនពីជនជាតិអាមេរិក ដែលមិនសូវបានប្រទះនឹងសិល្បៈបែបនេះ។
យ៉ាងណាមិញ និយាយពីចំណុចផ្ដើមដែលនាំឱ្យបងប្អូនស្រីខ្មែរ ទាំង ២ បង្កើត ហាងនេះឡើង គឺដោយសារអ្នកទាំង ២ ដក់ចិត្តជាមួយនឹងមរតកខ្មែរ ប្រាសាទ របាំ រួមទាំងរឿងនិទាន ដែលអ្នកម្ដាយពួកគេតែងតំណាលឱ្យស្ដាប់ ហើយពួកគេក៏ជក់ចិត្តនៅពេលឃើញគ្រឿងលម្អនៅលើតួអង្គទាំងនោះតាំងពីនៅក្មេងៗ។
អ៊ីដូ រំឭកប្រាប់ថា៖ «នៅពេលយើងឃើញព្រះនាងម្ចាស់ ឬអប្សរាពាក់គ្រឿងអលង្ការទាំងអស់នោះ យើងចង់យកវាមកពាក់ក្នុងជីវិតប្រចាំថ្ងៃ តែវាហាក់ដូចបុរាណ និងលក្ខណៈប្រពៃណីពេក។ ប៉ុន្តែចំណុចនេះហើយ ដែលនាំឱ្យយើងមានគំនិតច្នៃវាក្នុងការរក្សានូវវប្បធម៌របស់យើង ហើយមានបញ្ចូលភាពទាន់សម័យ»។
ចំណុចនេះផងដែរ ដែលអ្នកទាំង ២ អះអាងថា ជាលក្ខណពិសេសរបស់ហាង។ ពួកគេថាអតិថិជនអាចពាក់អលង្ការរបស់ពួកគេបានគ្រប់ទីកន្លែង ទៅជួបជាមួយមិត្តភក្តិ ញ៉ាំអាហារពេលល្ងាច ទៅទិញទំនិញ ឬពាក់ទៅធ្វើការ ប្រសិនបើពួកគេចង់មានភាពលេចធ្លោ ជាមួយគ្រឿងលម្អកាយដែលទាក់ទាញភ្នែក ឬអាចទុកពាក់ក្នុងឱកាសពិសេសក៏បាន។
អ៊ីយេន និយាយថា៖ «យើងចង់ឱ្យអ្នកពាក់មានអារម្មណ៍ស្រស់ស្អាត ទាក់ទាញ ទាន់សម័យ ជឿជាក់ ហើយសំខាន់បំផុត គឺចង់ឱ្យបងប្អូនខ្មែរមានមោទនភាពនៅពេលពាក់គ្រឿងអលង្ការរបស់យើង»។
បងប្អូនស្រីអ្នកច្នៃម៉ូដទាំង ២ រំភើបណាស់ ដែលស្ទើរតែគ្រប់គ្នាបានកោតសរសើរពេលឃើញគ្រឿងអលង្ការរបស់ពួកគេ ដោយលើកឡើងថា៖ «យើងតែងតែសុបិនចង់ស្លៀកឈុតនេះ កាលពីក្មេង! យើងតែងតែចង់បានគ្រឿងអលង្ការប្រភេទនេះឱ្យមានភាពទំនើបទាន់សម័យ! យើងពិតជាគាំទ្រស្នាដៃនេះក្នុងការលើកកម្ពស់វប្បធម៌ខ្មែរយើង»។
វត្ថុធាតុដែលប្រើប្រាស់ក្នុងគ្រឿងអលង្ការ ពួកគេធ្វើការជាមួយអង្គការ United Precious Metal Refining ដោយអង្គការនេះប្រើប្រាស់តែគ្រឿងកែច្នៃ និងមានផលប៉ះពាល់តិចតួចទៅបរិស្ថាន។
អ្នកទាំង ២ ក៏កំពុងធ្វើការជាមួយអ្នករចនាគ្រឿងអលង្ការនៅ NYC និងអ្នកចែកចាយត្បូង ដែលរកប្រភពត្បូងទទឹម និងត្បូងមរកតពីប្រទេសឥណ្ឌា និងអាហ្វ្រិក។
បច្ចុប្បន្ន អ៊ីយេន បានឱ្យដឹងដែរថា ហាងមានការដំណើរការទៅតាមអ្វីដែលពួកគេអាចគ្រប់គ្រងបាន ដោយផ្ដោតទៅលើការផលិត ការលក់ និងនិងទីផ្សារឱ្យបានហ្មត់ចត់ ព្រោះពួកគេចង់ឱ្យច្បាស់ថា ចំណូលចិត្ត និងការខិតខំប្រឹងប្រែងទាំងអស់នេះ ត្រូវបានបញ្ចូលទៅក្នុងគ្រឿងអលង្ការរបស់ពួកគេ។
អ៊ីយេន បានលើកឡើងថា៖ «យើងរីករាយណាស់ ដែលបានទទួលភ្ញៀវជាង ៥០ រដ្ឋនៅ អាមេរិក និងកាន់តែសាយភាយទៅទីបន្តបន្ទាប់ទៀត»។
គ្រឿងអលង្ការមានតម្លៃចាប់ពី ១៤០ ដុល្លារ ទៅជាង ៤ ម៉ឺនដុល្លារ ទៅតាមម៉ូដ និងលោហធាតុ។ ស្នាដៃការងារដំបូងគឺមាន គ្រឿងអលង្ការលើមុខ រួមមានក្រវិលកៀបត្រចៀក ក្រវិល និងមកុដ។
ស្នាដៃបន្ទាប់គឺអលង្ការនៅដៃ រួមមានចិញ្ចៀនអរូបិយ (Aroubei) ត្បូងទទឹម ត្បូងមរកត កងរុំដៃ និងកងដៃ។ គ្រឿងអលង្ការលើខ្លួននឹងជា កម្រងច្នៃម៉ូដបន្ទាប់ ដោយក្នុងនោះរួមមានខ្សែក ដែលអ្នកទាំង ២ កំពុងធ្វើការច្នៃវាឡើង។
យ៉ាងណាមិញ អ៊ីដូ ថា បញ្ហាប្រឈមមានច្រើន ហើយក្នុងនោះ គឺការស្វែងរកក្រុមជួយធ្វើឱ្យគំនិតរចនាចេញពីសិល្បៈខ្មែរពិតប្រាកដនេះ មានជីវិតរស់រវើក ដោយមិនសាញនឹងការឌីហ្សាញស្មុគស្មាញ។
អ៊ីដូ បានឱ្យដឹងថា៖ «ដូចជាខ្សែកនេះវាប្លែកថ្មីមិនធ្លាប់មាននៅញូវយ៉ក ធ្វើឱ្យពួកគេសាញក្នុងការធ្វើការស្រាវជ្រាវ និងផលិតឱ្យយើង។ យើងបានតែគិតថា យើងនឹងអាចរកក្រុមដែលស្ម័គ្រចិត្តជួយឱ្យគំនិតរចនារបស់យើងចេញជារូបរាងឆាប់ៗ និងជាម្នាក់ដែលយល់ពីតម្លៃ បំណង ចិត្ត និងបេសកកម្មរបស់ហាងយើងច្បាស់»។
អ៊ីដូ ថា បច្ចុប្បន្នពួកគេជាហាងអនឡាញតូចមួយ ហើយមិនចង់គិតវែងឆ្ងាយពេកទេ តែនឹងផ្ដោតទីផ្សារក្នុងស្រុក។ រីឯការពង្រីកទៅអន្តរជាតិ ពួកគេនឹងរង់ចាំដល់ពេលពួកគេ រឹងមាំធនធានហិរញ្ញវត្ថុសិន។
អ៊ីយេន បានសង្កត់ធ្ងន់ថា៖ «យើងចង់បញ្ជាក់ថា បេសកកម្មរបស់យើង គឺអភិរក្សវប្បធម៌របស់យើង ដោយនាំអលង្ការ ដែលធ្លាប់ពាក់តែសម្រាប់ពិធីអាពាហ៍ពិពាហ៍ និងក្នុងការសម្ដែងបុរាណដែលបាត់បង់នោះមកវិញ។ យើងគិតថា វាស្រស់ស្អាតពេក មិនសមនឹងទុកចោល ឬគ្រាន់តែរីករាយពាក់វាបានតែម្ដងម្កាលទេ។ យើងរិះរកវិធីធ្វើឱ្យយើងអាចពាក់វាបានរាល់ថ្ងៃ និងពោរពេញដោយភាពទាន់សម័យ»។
ស្វែងយល់ពី «EdoEyen» ក្នុងអ៊ីនស្តាក្រាម instagram.com/edoeyen/ និងវេបសាយ www.EdoEyen.com៕