ក្រុងប៉ារីស៖ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រថយន្ដ​ក្រុង​ប្រទេស​បារាំង នឹង​ត្រូវ​បញ្ចូល​សារ​លើក​ទឹកចិត្ដ​ពលរដ្ឋ​ពិចារណា​ជម្រើស​ធ្វើដំណើរ​ប៉ះពាល់​បរិស្ថាន​តិច​ចាប់​ពី​ឆ្នាំ​២០២២ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ឆ្ពោះ​ទៅបញ្ឈប់​ការ​បញ្ចេញ​ឧស្ម័ន​កាបោន​របស់​រដ្ខាភិបាល។

តម្រូវការ ដែល​ចូល​ជាធរមាន​ក្នុង​ខែ​មីនា ត្រូវបាន​បញ្ជាក់​ក្នុង​ព្រឹត្ដិបត្រ​ Official Journal របស់​រដ្ឋាភិបាល​នា​សប្ដាហ៍​នេះ ក្រោយ​ពី​ការ​បញ្ចុះ​បញ្ចូល​ដោយ​ក្រុម​អង្គការ​បរិស្ថាន​ជា​ច្រើន​ឆ្នាំ ដែល​ពួកគេជាច្រើន​ព្យាយាម​ដាក់​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​រថយន្ដ​ក្រៅ​ច្បាប់។

ស្រដៀង​នឹង​វិធានការ​ទទួលទាន​​ប្រកប​ដោយ​​សុខភាព​លើការ​ផ្សព្វផ្សាយ​​ផលិតផល​ចំណី​អាហារ និង​ភេសជ្ជៈ សារ​ស្ដង់ដារ​នឹង​បង្ហាញ​ថា អ្នកបើកបរ​សម្រប​នឹង​ជម្រើស​បរិស្ថាន​ទៅតាម​លទ្ធភាព។

អ្នកដំណើរជិះកង់​​ជា​មធ្យោបាយ​ស្រឡាញ់បរិស្ថាន ទន្ទឹម​នឹង​រថយន្ត​ធ្វើដំណើរ​ នៅទីក្រុងប៉ារីស ប្រទេស​បារាំង។ AFP

ក្រុមហ៊ុន​ផលិត​រថយន្ដ​នឹង​មាន​ជម្រើស ៣ គឺ​ «​រថយន្ដ​ជិះ​រួម​» «​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ចូរ​ជ្រើស​រើស​សេវា​សាធារណៈ​» ឬ «​សម្រាប់​ដំណើរ​ជិតៗ ចូរ​ជ្រើសរើសការ​ដើរថ្មើរ​ជើង​ ឬ​ជិះកង់​»។

​ជម្រើស​ទាំង​ ៣ នេះ​ក៏​​តម្រូវ​ឱ្យប្រើ​នៅ​ក្នុង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ រួមមាន កាសែត ទូរទស្សន៍ វិទ្យុ ឬ​អ៊ីនធឺណិត និង​ត្រូវ​បញ្ចូល​តំណរភ្ជាប់ (#SeDeplacerMoinsPolluer) (ទៅមុខ និង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​)។

ពាណិជ្ជកម្ម​ក៏​នឹង​បញ្ចូល​សេចក្ដីណែនាំ​អំពី​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ ​ជា​ប្រព័ន្ធ​ចំណាត់ថ្នាក់​ថ្មី​ដើម្បី​ជម្រាប​ជូន​អតិថិជន​អំពី​ផល​ប៉ះពាល់​បរិស្ថាន ដែល​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ទប់ស្កាត់​ការប្រែប្រួលអាកាសធាតុ​ អនុម័ត​ដោយ​តំណាង​រាស្ដ្រ​ក្នុង​ខែ​កក្កដា។

បច្ចុប្បន្ន ក្រុមហ៊ុន​រថយន្ដ​ទំនងជា​ត្រៀម​ខ្លួន​រួរាល់​ក្នុងការ​អនុវត្ដ​ច្បាប់​ថ្មី​នេះ​ ទោះបីជា​មិនសូវ​ពេញ​ចិត្ដ​យ៉ាង​ណា​ក៏ដោយ។

អ្នកដំណើរជិះកង់​​ជា​មធ្យោបាយ​ស្រឡាញ់បរិស្ថាន ទន្ទឹម​នឹង​រថយន្ត​ធ្វើដំណើរ​ នៅទីក្រុងប៉ារីស ប្រទេស​បារាំង។ AFP

លោក Lionel French Keogh នាយក​Hyundai ប្រចាំ​ប្រទេស​បារាំង បាន​ប្រាប់ AFP ថា​៖ «​វា​ទូទៅ​ គឺវា​អ៊ីចឹង​ហើយ។ យើង​ត្រូវ​ស្វែង​រក​ជម្រើស​ដ៏​ស័ក្ដិសម​ចំពោះ​ការ​ធ្វើ​ដំណើរ។ វា​ជា​លើកដំបូង ដែល​យើង​ទទួល​បាន​សារ​បែប​នេះ​ដោយ​ផ្ទាល់​ពីរដ្ឋាភិបាល​»។

លោក​បាន​បន្ដថា​៖ «​យើង​នឹង​សម្រប​ខ្លួន​តាម​ ដោយ​នាំ​គ្នា​បោះជំហាន​ទៅចាប់​ជម្រើស​យក​រថយន្ដ​មិន​ប​ញ្ចេញ​ផ្សែង​ពុល​»។

ជា​ផ្នែក​មួយ​នៃ​ច្បាប់​បារាំង ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រថយន្ដ​បំពុល​បរិស្ថាន​បំផុត​ ដែល​បាន​បញ្ចេញ​ឧស្ម័ន​កាបូន​ជាង ១២៣​ក្រាម​នៃ​កាបោន​ក្នុង​១​គីឡូម៉ែត្រ រួមទាំង ប្រភេទរថយន្ដ​តួល​ខ្ពស់ SUV ដ៏ពេញ​និយមជា​ច្រើន នឹង​ត្រូវបាន​ដាក់​ឱ្យ​នៅ​ក្រៅ​ច្បាប់​ចាប់​ពី​ឆ្នាំ​២០២៨​ ទៅ៕ AFP/HR

ការ​លើកកម្ពស់​មធ្យោបាយដឹកជញ្ជូនសាធារណៈ​នឹង​ត្រូវបាន​ផ្សព្វផ្សាយជាមួយពាណិជ្ជកម្ម​លក់រថយន្ត។ AFP