​ភ្នំពេញៈ​ ​ថ្មីៗ​នេះ តារា​សម្តែង​ស្រី​ល្បី​ដែល​អាច​សម្តែង​បាន​​គ្រប់​ទម្រង់ និង​ចេះ​ក្បាច់គុន​ល្បុក្កតោ​បុរាណ​ខ្មែរ កញ្ញា ពេជ្រ ចរណៃ ធ្វើឱ្យ​ភ្ញាក់ផ្អើល​ក្នុង​បណ្តាញ​សង្គម ជាមួយនឹង​សារ​ស្នើសុំ​ដល់​ក្រសួង​អប់រំ​ឱ្យ​បញ្ចូល​ការ​ហាត់គុន​ល្បុក្កតោ​ក្នុង​កម្មវិធីសិក្សា​ចាប់ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​វិទ្យាល័យ ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ជា​មត៌ក​វប្បធម៌​បុរាណ​ខ្មែរ​មួយ​នេះ​។

តារា​សម្តែង​ស្រី​ល្បី​ដែល​អាច​សម្តែង​បាន​​គ្រប់​ទម្រង់ និង​ចេះ​ក្បាច់គុន​ល្បុក្កតោ​បុរាណ​ខ្មែរ កញ្ញា ពេជ្រ ចរណៃ​។

តារា​ស្រី​ដែល​ហក់​ចូល​វិស័យ​សិល្បៈ​សម្តែង​ជាង ១០ ឆ្នាំ តែ​ទើប​មក​ទាញ​បាន​ភាព​ល្បី​នឹង​វិស័យ​ថ្មី​ជា​កីឡាការិនី​គុន​​ល្បុក្កតោ ដែល​ខ្លួន​បាន​ចូល​-​ហាត់រៀន​ប្រើពេល​ជិត ៦ ឆ្នាំ ចុងក្រោយ មានឈ្មោះ​ពិត​​កញ្ញា អ៊ិត កន្និកា ហៅ​កញ្ញា ពេជ្រ ចរណៃ បង្ហាញ​នូវ​សំណើ​ប្រកបដោយ​គំនិត​សុទិដ្ឋិនិយម​នេះ ក្រោយពី​ខ្សែភាពយន្ត​ស្តីពី​ល្បុក្កតោ​ខ្មែរ បានឈ្នះ​ពាន​អន្តរជាតិ​ជា​ប្រវត្តិសាស្ត្រ​មាន​​ប្រមាណ​ចំនួន​ ២៥ ឯណោះ​។​

​តារា​សម្តែង​ស្រី​រូប​ស្រ​ស់វ័យ ២៥ ឆ្នាំ កញ្ញា ពេជ្រ ចរណៃ បង្ហាញ​ពី​ចំណាប់អារម្មណ៍​​ផ្ទាល់ខ្លួន​តាមរយៈ​វីដេអូ​នៃ​កិច្ច​​សម្ភាសន៍​នឹង​សារព័ត៌មាន​​អន​ឡាញ​មួយ​ថា​៖ «​ប្រសិនជាអាច​នោះ នាង​ខ្ញុំ​ចង់ឱ្យ​ខាង​​ក្រសួង​អប់រំ បញ្ចូល​ការហាត់​គុន​ល្បុក្កតោ ដែលជា​មរតក​វប្បធម៌​បុរាណ​ខ្មែរ​មួយ​នេះ ដើម្បី​បង្ហាត់បង្រៀន​ទៅ​​ដល់​ប្អូនៗ ជា​កូន​ខ្មែរ​នៅតាម​សាលាចាប់ពី​កម្រិត​នៃ​បឋមរ​ហូ​ដល់​ថ្នាក់​វិទ្យាល័យតែម្តង​»​។

កញ្ញា ពេជ្រ ចរណៃ បាន​បន្តថា​៖ «​នាង​ខ្ញុំ​គិតថា ការធ្វើ​បែបនេះ ចង់ឱ្យ​ពិភពលោក​កាន់តែ​ស្គាល់​យើង និង​ធ្វើឱ្យ​កីឡា​ជា​មត៌ក​វប្បធម៌​នៃ​គុន​ខ្មែរ​បុរាណ​មាន​អ្នក​ចូលចិត្ត​ហាត់​ច្រើន ​ព្រោះ​ល្បុក្កតោ គឺជា​កីឡា​មួយ​មិនមាន​ការ​​ប្រកាន់​នូវ​ជាតិ​​សាសន៍​នោះ​​ឡើយ ​គឺថា​ហាត់​បាន​ទាំង​ជនជាតិខ្មែរ​យើង និង​អាច​ហាត់​បាន​ទាំង​​ជនបរទេស​»៕

វីដេអូ៖