ក្រុង​លី​ម៉ា: ហាង​សាឡ​ន​នៅ​ប៉េ​រូ បានផ្ដល់​សេវា​កាត់សក់​ឥតគិតថ្លៃ​ដល់​សប្បុរសជន​ទូទាំងប្រទេស​ដែល​ហ៊ាន​បរិច្ចាគ​សក់ ជួយសង្គ្រោះ​ជីវ​មច្ឆា​​សមុទ្រ ដែល​រងគ្រោះ​ដោយសារ​ការ​ធ្លាយ​ប្រេង​កាលពី​ថ្មីៗ​នេះ​។​

​អាជ្ញាធរ​បានឱ្យដឹងថា ប្រេង​ប្រមាណ​ជិត ១២ ០០០ ​ធុង បាន​ធ្លាយ​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃទី ១៥ ខែមករា​។ កន្លែង​ស្តុក​ប្រេង​ត្រូវ​បាន​វាយប្រហារ​ដោយ​រលក​ស៊ូណាមិ ក្រោយពី​មានប​ន្ទុះ​ភ្នំភ្លើង​នៅ​សមុទ្រ​ជិត​ដែន​កោះ​តុង​ហ្គា ឯនាយ​ចម្ងាយ​ជាង ១​ ម៉ឺន​គីឡូម៉ែត្រ​។​

​សក់​ដែល​ត្រូវបាន​បរិច្ចាគ​នឹងត្រូវ​បញ្ជូនទៅ​អង្គការ​ ដើម្បី​ប្រើប្រាស់​វា​លាង​សម្អាត​ឆ្នេរសមុទ្រ​។​

​ចូលរួម​សកម្មភាព​កាត់សក់​សង្គ្រោះ​មច្ឆា​សមុទ្រ​នេះ ម្ចាស់​ហាង​សាឡ​ន វ័យ ៣៨ ​ឆ្នាំ Betina Inga បាន​និយាយថា​៖ «​ខ្ញុំ​បាន​នាំ​កូនស្រី​ខ្ញុំ​មកកាន់​ទីនេះ ហើយ​ពេលដែល​នាង​ឮថា​សត្វ​សមុទ្រ​កំពុង​រងគ្រោះ នាង​ក៏​ព្រម​កាត់សក់​ជួយ​ពួកវា​»​។​

​យ៉ាងណាមិញ ជាងកាត់សក់​វ័យ ២៧​ ឆ្នាំ កញ្ញា Berenice Lazarte ដែល​បម្រើការ​ក្នុង​វិស័យនេះ​យូរហើយ ពុំ​ដឹង​ថាស​ក់មាន​អត្ថប្រយោជន៍​ក្នុងការ​សម្អាត​ការបំពុល​បរិស្ថាន​នេះ​ទេ​។​

​នាង​បាន​និយាយថា​៖ «​ខ្ញុំ​មិនដឹង​សោះ​ថា សក់​អាចជួយ​ស្ដារ​សមុទ្រ និង​ស្រូប​សម្អាត​ប្រេង​ដែល​ធ្លាយ​។ អ៊ីចឹង​ខ្ញុំ​គិតថា បើ​យើង​មាន​ហាង​សាឡ​ន​យើង​ត្រូវតែ​នាំគ្នា​ជួយ​បរិស្ថាន​»​។​

​ស្ថិតក្នុង​ចំណោម​អ្នក​បរិច្ចាគ​សក់ កញ្ញា Keila Vasquez អាយុ ១៨​ ឆ្នាំ បាន​រួសរាន់​មកឱ្យ​ជាងកាត់សក់​។​

​នាង​បាន​និយាយថា​៖ «​សក់​អាច​ដុះ​លឿន តែ​ជីវិត​សត្វ​វិញ វា​ងាយ​នឹង​បាត់បង់​ណាស់​។ ខ្ញុំ​ចង់ទុក​សក់វែង​ពេលណា​ក៏បាន តែ​ខ្ញុំ​ចង់​ធ្វើ​អ្វីខ្លះ​ដើម្បី​ជីវិត​សត្វ​ទាំងនោះ​»៕ AFP/HR