ភ្នំពេញ: ទស្សនីយភាពសម្ដែងសិល្បៈជាច្រើនប្រភេទ រួមមានរបាំនេសាទ របាំក្ងោកសិល្ប៍ និងរបាំជាច្រើនទៀតនឹងត្រូវបានផ្ដល់ជូនសាធារណជនទស្សនាដោយសេរីនៅខាងក្រៅអគារវិទ្យាស្ថានវប្បធម៌បារាំងនៅកម្ពុជា នៅល្ងាចម៉ោង ៦ និង ៣០ នាទី ថ្ងៃព្រហស្បតិ៍ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២២ ស្អែកនេះ។
អំឡុងពេលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ សិល្បករ-សិល្បការិនីក៏ដូចជាកម្មវិធីសម្ដែងសិល្បៈមួយចំនួនធំត្រូវបានផ្អាក និងលុបចោល។ ដូច្នេះការទស្សនាផ្ទាល់នូវការសម្ដែងរបាំជាច្រើនប្រភេទក្នុងរាត្រីតែ ១ ពិតជាឱកាសដ៏កម្រពុំគួរនឹងរំលង។
វិទ្យាស្ថានបារាំងនៅកម្ពុជាដែលមានអាយុកាល ៣ ទសវត្សរ៍មកហើយ តែផ្តល់ជូនអ្នកនូវការផ្តល់ជូនកម្មវិធីសិល្បៈវប្បធម៌ក្នុងទម្រង់ខុសៗគ្នាពេញ ១ ឆ្នាំ មិនថាជាទស្សនីយភាពសម្ដែង ភាពយន្ត ពិព័រណ៍ និងសកម្មភាពតន្ត្រីនានានោះទេ។
នៅក្នុងសំណេរប្រកាសតាមទំព័រហ្វេសប៊ុក និងវេបសាយ វិទ្យាស្ថានបារាំងកម្ពុជា បានអំពាវនាវថា៖ «សូមអញ្ជើញប្រិយមិត្តទាំងអស់គ្នាមកស្វែងយល់ពីរបាំប្រពៃណីខ្មែរ នាពេលរាត្រីមួយដ៏អស្ចារ្យ!»។
របាំចំនួន ១០ ប្រភេទខុសៗគ្នានៅក្នុងប្រទេសកម្ពុជា មកពីតាមតំបន់ និងទម្រង់ប្រពៃណីផ្សេងៗគ្នា ដោយមានអ្នករាំប្រមាណ ៤០ នាក់ ដែលត្រូវសម្តែងនៅលើឆាក សម្រាប់រាត្រីដ៏ពិសេសនៅខាងក្រៅក្នុងបរិវេណសួនច្បារនៃវិទ្យាស្ថាន។
កម្ពុជាជាប្រទេសដែលសម្បូរទៅដោយប្រពៃណី។ របាំប្រពៃណី និងរបាំប្រជាប្រិយ តែងតែបានឆ្លុះបញ្ចាំងពីជីវភាពរស់នៅប្រចាំថ្ងៃ ជំនឿ វប្បធម៌ប្រពៃណីរបស់ប្រជាជន ជាពិសេសអ្នករស់នៅទីជនបទ។
សម្រាប់ប្រជាជនទាំងនោះ ដែលរស់នៅតំបន់ខ្ពង់រាប តំបន់ភ្នំ ឬអ្នកដែលរស់នៅជុំវិញទន្លេ និងសមុទ្រ ពួកគាត់មានប្រពៃណី និងជំនឿសាសនាខុសប្លែកគ្នាជាច្រើនត្រូវបានបង្ហាញតាមរយៈរបាំផងដែរ។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានផ្តល់ជូននូវការចងក្រងនូវរបាំជនបទទាំងនេះ ដើម្បីបង្កើនភាពសម្បូរបែប និងបង្ហាញពីភាពចម្រុះនៃការអនុវត្តផ្នែកវប្បធម៌ប្រពៃណីផ្សេងៗ ដែលនៅតែបន្តគោរពប្រណិប័តន៍រហូតមកដល់សព្វថ្ងៃនេះ។
យោងទៅតាមវេបសាយវិទ្យាស្ថានបារាំងបានឱ្យដឹងថា របាំដែលត្រូវសម្តែង រួមមាន៖ គោះត្រឡោក វាយក្រាប ក្រមា នេសាទ ភ្លយសួយ បុកល័ក្ខ តូណៃទិន ក្ងោកសិល្ប៍ ឆៃយ៉ាំភូមិខ្ញុំ និងភូមិរ៉ាចងមិត្ត ដោយក្រុមរាំទាំងនោះមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
វិទ្យាស្ថានបារាំងនៅកម្ពុជាបានអនុវត្តពិធីសារសុខភាព ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ ១៩ ដោយការលើកទឹកចិត្តឱ្យមានការលាងសម្អាតដៃ ការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាពពីគ្នា។
ទស្សនិកជនដែលមានបំណងទស្សនារបាំទាំង ១០ ប្រភេទក្នុងរាត្រីតែ ១ នេះ សូមទៅកាន់វិទ្យាស្ថានបារាំងដែលស្ថិតនៅអគារ ២១៨ វិថីកែវជា (១៨៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕