​ភ្នំពេញៈ នាឱកាស​សម្តែង​នៅក្នុង​កម្មវិធី​រដូវ​វប្បធម៌​ឆ្នាំ​ ២០២២ ប្រធានបទ «​ទង្វើ​ថ្ងៃនេះ ផល​តបស្នង​ថ្ងៃស្អែក​» គេ​ឃើញ​របាំ​សហ​សម័យមួយ​​បង្កើត​ដោយ​អ្នកជំនាញ​សិល្បៈ ២ រូប ក្នុង​គោលដៅ រក្សា និង​លើកស្ទួយ​ពី​តម្លៃ​របាំ​ជនជាតិភាគតិច «​កួយ​» ដែល​កំពុងតែ​ជិត​បាត់បង់​។

​បើ​យោងតាម​ការផ្សព្វផ្សាយ​ពី​គេហទំព័រ​ផ្លូវការ នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ https://cultural-season-2022.blogspot.com/2022/02/blog-post_28.html បាន​ឱ្យដឹងពី​ដំណើរ​ដើមទង​នៃ​អ្នក​បង្កើត​របាំ​សហ​សម័យ និង​អត្ថ​​ន័យ​របាំ​កួយ​នេះ​ថា​៖ «​ចុង​​ហើយ ដក​ណៅ​ចេ (​បណ្តុះ​ដុះ ដំ​កំពៀច​)» ​គឺជា​ស្នាដៃ​សិល្បៈ​របាំ ដែល​សហការ​រួមគ្នារ​វាង របាំ​សហ​សម័យ និង​របាំ​នៃ​​សហគមន៍​ជនជាតិដើម​កួយ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទំនៀមទម្លាប់ ប្រពៃណី និង​ការរស់នៅ​យ៉ាង​​ជិតស្និទ្ធ​នឹង​ធម្មជាតិ​»​។​ 

​ប្រភព​ដដែល​បន្តថា​៖ «​អ្នក​ជំនាញ​សិល្បៈ​ ២​ រូប​ បាន​ចូល​​រួម​ដៃ​បង្កើត​សិល្បៈ​របាំ​មួយ​ ​ក្រោម​ចំណងជើង​ជា​ភាសា​កួយ​ថា ​«​ចុង​ហើយ ដក​ណៅ​​ចេ​» ឬ​ជា​ភាសា​ខ្មែរ (​បណ្តុះ​ដុះ ដំ​កំពៀច​) ដែលមាន​អត្ថ​ន័យ​ថា «​ការយកចិត្តទុកដាក់​ដាំ​ដុះ និង​ថែរក្សា​នូវ​ធនធានធម្មជាតិ អាចធ្វើឱ្យ​មានការ​-​លូតលាស់ អាចជា​ប្រយោជន៍​នៅ​ថ្ងៃ​អនាគត សម្រាប់​យើងទាំងអស់គ្នា​។ តែ​ប្រសិនបើ អ្នក​នៅតែ​ធ្វើ​ព្រងើយកន្តើយ និង​បំផ្លាញ​ធនធាន​ទាំងអស់នោះ​វា​នឹង​តបស្នង​អវិជ្ជមាន មកដល់​យើងនៅ​ថ្ងៃ​អនាគត​វិញ​»​។​

​របាំ​សហសម័យ​​ ដែលលើកស្ទួយតម្លៃជន​ជាតិកួយ​។ រូបថត CLA

​បើតាម​ការបរិយាយ​នោះ របាំ​សហ​សម័យនេះ គឺជា​​សមិទ្ធផល​ស្នាដៃ​របស់​កញ្ញា ជុំ​វណ្ណ សូ​ដា​ជីវី ហៅថា កញ្ញា ប៊ែ​ល ជា​នាដកា របាំ​សហ​សម័យ និង​ជា​គ្រូបង្រៀន​ផ្នែក​ដឹកនាំ​ទម្រង់​របាំ​បុរាណ និង​សហ​សម័យ​នៅ​មហា​វិទ្យា​ល័យ​សិល្បៈ​នាដ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​លោកស្រី ខា ស្រស់ វ័យ ៦៧ ​ឆ្នាំ ជា​សិល្ប​ការិនី និង​ជា​អ្នក​ប្រឹក្សា​សិល្បៈ​ផ្នែក​របាំ​ជនជាតិដើម​កួយ​១ ​រូប​មកពី​ខេត្តស្ទឹងត្រែង​។​ 

​តាមរយៈ​បទពិសោធ​នៃ​ការរស់នៅក្នុង​តំបន់​សហគមន៍​ព្រៃ​ឡង់​ជា​យូរ​ឆ្នាំ និង​កត់​​សម្គាល់​ពី​ការបាត់បង់​វប្បធម៌​ប្រពៃណី ក៏ដូចជា​សិល្បៈ​របស់​សហគមន៍ ជនជាតិដើម​កួយ បន្តិច​ម្តងៗ អ្នក​ដំឡើង​ស្នាដៃ​មាន​វ័យ ៦៧ ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បង្ហាញ​របាំ​នេះ ក្នុង​គោលបំណង​ថែរក្សា និង​លើកស្ទួយ​អត្តសញ្ញាណ​នៃ​ជនជាតិដើម​កួយ​។ យើង​រៀបចំ ថែរក្សា​ដើម្បីឱ្យ​ក្មេង​ជំនាន់​​ក្រោយៗ ឱ្យ​គាត់​ដឹងថា នេះ​ជា​ប្រពៃណី​របស់​កួយ កុំឱ្យ​បាត់​​បង់​ទៀត​» ។​

ការ​​សម្តែង​របាំ​សហ​សម័យ​ជនជាតិ «កួយ» ក្នុង​​កម្ម​វិធី​រដូវ​វប្បធម៌​ឆ្នាំ ២០២២។ រូបថត CLA​

​ទំនៀមទម្លាប់​នៃ​ការ​រស់នៅ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ធម្មជាតិ និង​ការ​អាស្រ័យ​ផល​ពី​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​ជីវិត​ប្រចាំថ្ងៃ​របស់​ជនជាតិ​កួយ​ដូចជា​ការចូល​ព្រៃ​ប្រមូល​ជ័រទឹក ពី​ដើម​ឈើទាល និង​ដើម​ត្រាច ជំនឿ​ជី​វច​ល ការ​សែន​​ព្រេន និង​ជាន់អារក្ស​ជាដើម នឹងត្រូវ​លើកមកបង្ហាញ​នៅក្នុង​ការសម្តែង​របាំ​នេះ​។

​កញ្ញា ប៊ែ​ល បញ្ជាក់​ពី​ការ​ច្បិច​យកមក​បង្ហាញ​ការរស់នៅ​ពី​សហគមន៍​ជនជាតិដើម​កួយ ដែលជា​ចំណេះដឹង​ពី​ជ្រុង​មួយ គួរឱ្យ​ចាប់អារម្មណ៍​នេះដែរ​ថា​៖ «​ជនជាតិ​កួយ គាត់​បង្កើត​ការ​​រាំ ការ​ច្រៀង និង​ប្រពៃណី​របស់គាត់​ពី​ដូនតា តែ​ទន្ទឹមនឹងនេះ វា​ក៏​ផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​ទៅនឹង​ជីវិត​រស់នៅ​របស់​ពួកគាត់​ផងដែរ​»៕