ក្រុងឡុងដ៍: អង្គុយលើសាឡុងនៅភាគខាងជើងប្រទេសអង់គ្លេស អតីតគ្រូបង្រៀន មីយ៉ា ហាន់សុន បានចំណាយពេលចាក់នូវស្នាដៃសិល្បៈក្រណាត់ចាក់ឡើងវិញប៉ុនគំរូដើម Bayeux Tapestry ដ៏ល្បីល្បាញជុំវិញពិភពលោក។
កើតនៅប្រទេសស៊ុយអែត អ្នកស្រី ហាន់សុន បានផ្ដើមគម្រោងនេះក្នុងឆ្នាំ ២០១៦ ដោយធ្វើការជាច្រើនម៉ោងក្នុង ១ ថ្ងៃ ដើម្បីផលិតគំនូរចាក់លើផ្ទាំងក្រណាត់ប្រវែង ៧០ ម៉ែត្រ នូវរូបស្ដេច William the Conqueror''s ជាជនឈ្លានពានអង់គ្លេស។
អ្នកស្រី ហាន់សុន អាយុ ៤៧ ឆ្នាំ បានប្រាប់ AFP ពីផ្ទះនៅទីប្រជុំជន Wisbech នៃតំបន់ Cambridgeshire ថា៖ «ខ្ញុំអត់មានអ្វីធ្វើ ហើយខ្ញុំពិតជាធុញទ្រាន់ខ្លាំងណាស់។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំគួរមានផែនការមួយ ដែលខ្ញុំមិនអាចធ្វើវាឱ្យឆាប់ចប់ពេកនោះទេ ហើយក៏យល់ថា វាគ្មានអ្វីធំជាងគំនូរចាក់ Bayeux Tapestry នោះទេ»។
គំនូរដែលមានប្រវត្ដិជិត ១ ពាន់ឆ្នាំ គឺជានិមិត្ដរូបនៃទំនាក់ទំនងដ៏ក្លៀវក្លារវាងចក្រភពអង់គ្លេស និងដែនដីអឺរ៉ុប។ អ្នកស្រី ហាន់សុន ដែលរស់នៅក្នុងចក្រភពអង់គ្លេសអស់រយៈពេលជាង ២០ឆ្នាំ បាននិងកំពុងធ្វើលើផែនការរបស់ខ្លួនក្នុងរយៈពេលពី ៣ ទៅ ៤ ម៉ោង ក្នុង ១ ថ្ងៃ សម្រាប់រយៈពេល ៥ ឆ្នាំកន្លះមកហើយ។ នៅខែមករា អ្នកស្រីសម្រេចរូបប៉ាក់ពាក់កណ្ដាល។
អ្នកស្រីអះអាងថា៖ «បើខ្ញុំចាំមិនខុសទេ ខ្ញុំបានប្រើអំបោះឆៅប្រមាណ ៨ ០០០ ម៉ែត្ររួចមកហើយ»។
អ្នកស្រីត្រូវចំណាយពេលប្រមាណ ៥ ឆ្នាំទៀតរហូតដល់ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៧ ដើម្បីបញ្ចប់គម្រោងនេះ ឬសរុប ១១ ឆ្នាំ ក្នុងការបង្ហើយស្នាដៃប៉ាក់រូបដ៏យូរនេះ។
អ្នកស្រីបានអះអាងថា៖ «តាមខ្ញុំដឹង គ្មាននរណាម្នាក់នៅអឺរ៉ុប ដែលផលិតគំនូរប្រវត្ដិសាស្ដ្រនេះឡើងវិញឡើយ»៕ AFP/HR