​ភ្នំពេញៈ ស្នាដៃ​បង្កើត​ថ្មី​បែប​ឌីជីថល ជា​ទម្រង់​ល្ខោនខោល និង​របាំ​សហ​សម័យ​ជា​ល្ខោន​អាន មាន​ឈ្មោះថា «​ស​កេរ​» ដែល​ទើប​សម្តែង ក្នុង​កម្មវិធី​រដូវ​វប្បធម៌​ឆ្នាំ ​២០២២ កន្លងមក​ថ្មី ដំឡើង​ដោយ​លោក ង៉ែត រ៉ា​ឌី​ ​នឹងត្រូវ​ដាក់​បញ្ចាំង​បែប​​ឌីជីថលតាម​អន​ឡាញ នៅ​ថ្ងៃទី​ ១៥ ខែ មីនា ឆ្នាំ ​២០២២ អាច​ទស្សនា​ដោយ​សេរី​។

​នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​ពី​គេហទំព័រ​ផ្លូវការ នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បានឱ្យដឹងថា​៖ «​ស​កេរ​» គឺជា​ស្នាដៃ​បែប​ឌីជីថល (​របាំ​​កុន​) ដោយ​បង្ហាញ​ទម្រង់​ល្ខោនខោល និង​របាំ​សហ​សម័យ​ល្ខោន​អាន ដើម្បី​បកស្រាយ​អំពី​ដំណើររឿង​រាមកេរ្តិ៍ ដោយ​ដកស្រង់​ត្រង់​ឈុត «​ថ្វាយ​ព្រះ​ទម្រង់​»​។ ស្នាដៃ​នេះ មាន​​បញ្ចូល​ដោយ​ការ​ពោល ស្មូត ភ្លេងពិណពាទ្យ និង​សំឡេង​អេឡិចត្រូនិក ហើយ​នឹងដាក់​បញ្ចាំង​ជូន​ទស្សនាតាម​អន​​ឡាញ នា​ថ្ងៃទី​ ១៥ ខែ មីនា ឆ្នាំ ​២០២២​។ ប្រសិនបើ​លោកអ្នក​ធ្លាប់បាន​ទស្សនា​ស្នាដៃ «​ឫសគល់​» របស់លោក ង៉ែត រ៉ា​ឌី ក្នុង​រដូវ​វប្បធម៌​ឆ្នាំ​ ២០២០ នោះ ទាំងអស់គ្នា នឹង​ចង់ដឹងថា ​តើនឹងមាន​ភាព​អស្ចារ្យ​បន្ថែមទៀត​យ៉ាងណាសម្រាប់​ស្នាដៃ​បន្ទាប់​នេះ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា ស្នាដៃ​ដំឡើង​ថ្មី​ដោយ​លោក ង៉ែត រ៉ា​ឌី​ ​មាន​ឈ្មោះថា «​ស​កេរ​» https://www.facebook.com/Cambodianlivingarts/videos/361396518711487 ដែល​ជាប់​ក្នុងចំណោម​ស្នាដៃ​សិល្បៈ​ទទួលបាន​ការឧបត្ថម្ភ​ដំឡើង​ដោយ​អង្គការ​ខ្មែរ​អមតៈ​ក្នុង​រដូវ​វប្ប​​ធម៌​លើក​ទី​៣ ក្រោម​ប្រធាន​បទ​រួម​ថា «​ទង្វើ​ថ្ងៃនេះ ផល​តបស្នង​ថ្ងៃស្អែក​» ហើយ​ត្រូវ​បង្ហាញជូន​ទស្សនិកជន​ចំនួន​២​ថ្ងៃ​កាលពី​ថ្ងៃទី ​២២ ដល់ទី ២៣ ខែ មករា ឆ្នាំ ​២០២២ នៅ​ហាង​កាហ្វេ Java សាខា​ទួល​ទំពូង​។​

ស្នូរ​សំឡេង​ភ្លេង​លាន់​រងំ​សំឡេង​ស្មូត្រ សំឡេង​ពោល កាយវិការ រាំ​ឆ្លាស់គ្នា យ៉ាង​រស់​​រវើក​របស់​តួអង្គ​ទាំង ​៤ សុទ្ធតែជា​បុរស ហើយ​នៅ​កណ្តាល​មាន​បង្គោល​បួន​មាន​បណ្តុប​​មុខ​ខ្មុក​តួអង្គ ព្រះរាម ហនុមាន ក្រុង​រាពណ៍ និង​មកុដ​សីតា និង​នៅ​ចំហៀង មាន​តាំង​កញ្ចក់​ធំ​មួយ​ផ្ទាំង​។ ខណៈ​ទាំងនេះ​គឺជា​សម្រង់​ក្នុង​ឈុត​ព្រះរាម​ផ្ញើ​ព្រះ​ទម្រង់​តាម​ហនុមាន ឱ្យ​យកទៅ​ជូន នាង​សីតា ដែល​ត្រូវ​ក្រុង​រាពណ៍​ចាប់​ទៅ​។ ទោះបី​​មិនមែនជា​ការសម្តែង​ផ្ទាល់​ក្តី តែ​ការ​បញ្ចាំង​ស្នាដៃ​ឌីជីថល​មួយ​នេះ​មិន​ធ្វើឱ្យ​ទស្សនិកជន​ងាក​ភ្នែក​ចាក​ចេញពី​អេក្រង់​មានការ​បង្ហាញ​ទម្រង់​របាំ សហ​សម័យ​នោះទេ ដែលមាន​រយៈពេល​ជិត ​១ ​ម៉ោង​។​

​លោក ង៉ែត រ៉ា​ឌី គឺជា​អ្នករាំ​របាំ​សហ​សម័យ​ម្នាក់ ដែល​​ចាប់ផ្តើម​ហាត់​ក្បាច់​រាំ តាំងពី​មាន​អាយុ ១១ ឆ្នាំ​មក​។ លោក រ៉ា​ឌី

https://www.facebook.com/Cambodianlivingarts/videos/301480558601647 បាន​ខិតខំ​ប្រឹងប្រែង​ដុសខាត់​សិល្ប​:​ខ្លួន រហូត​មានការ​ទទួលស្គាល់​ពី​កម្មវិធី​នៅលើ​ឆាក​អន្តរជាតិ តាម​បណ្តា​ប្រទេស​នានា​ដូចជា សហរដ្ឋ​​អាមេរិក អឺរ៉ុប និង​អាស៊ី​។​

លោក រ៉ា​ឌី បាន​យល់ច្បាស់​ថា ដើម្បី​ក្លាយជា​សិល្បករ​មាន​ភាព​លេចធ្លោ​ម្នាក់ ​គឺ​ត្រូវមាន​ការឆ្លងកាត់​នូវ​ការលំបាក​ហើយក៏​ត្រូវឱ្យ​លោក​ខំប្រឹង​ហ្វឹកហាត់​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​កិច្ចការ​ទាំងនេះ មិនបាន​ធ្វើឱ្យ​លោក​មានការ​ចុះ​ញ៉ម​នោះទេ ដោយឡែក មែន​តែ​ធ្វើឱ្យ​លោក​ប្រឹង​កាន់តែខ្លាំង និង​ស្គា​ល់ពី​ខ្លួនឯង​កាន់តែច្បាស់​៕