ភ្នំពេញ: រូបគំនូររបស់កុមាររស់នៅជំរំជនភៀសខ្លួនសាយធូនៅឯជាយដែនកម្ពុជា-ថៃ ត្រូវបានរចនាជាគំនូរជីវចលនៅក្នុងឆ្នាំ ១៩៨០ ដើម្បីជាសក្ខីភាពពីទុក្ខលំបាករបស់ពួកគេនៅសម័យសង្គ្រាម។
វាបានលើកទឹកចិត្ដឱ្យអ្នកនាង វើរូនីក ឌីក្រប សហស្ថាបនិកអង្គការហ្វារ បញ្ចូលគំនូរជីវចលទៅក្នុងកម្មវិធីសិក្សារបស់ស្ទូឌីយោគំនិតច្នៃប្រឌិតកម្ពុជាហ្វារ [Phare Creative Studio, (PCS)] ខណៈកុមារជំរំខ្លះក៏បានក្លាយជាសហស្ថាបនិកអង្គការដែលមានមូលដ្ឋាននៅខេត្តបាត់ដំបងនេះផងដែរ។
ផ្ដើមដំណើរការនៅក្នុងឆ្នាំ ២០១២ ស្ទូឌីយោគំនិតច្នៃប្រឌិតកម្ពុជាហ្វារ ជាសាលាជំនាញគំនូរជីវចល និងរចនាក្រាហ្វិក បានបណ្ដុះការបំផុសគំនិត និងបទពិសោធរបស់ខ្លួន ឱ្យក្លាយទៅជាអាជីវកម្មសង្គម ក្នុងឆ្នាំ ២០១៦ ដែលដឹកនាំដោយសហគ្រាសសង្គមហ្វារ និងបានប្រមូលផ្ដុំអ្នកមានទេពកោសល្យខ្មែរ ដើម្បីប្រែក្លាយគំនិតទៅជាការផលិតវីដេអូ គំនូរជីវចល ការរចនាក្រាហ្វិក សំឡេង និងគំនូរដ៏មានឥទ្ធិពល។
អ្នកនាង ម៉ហ្គេន ដារ៉ាស អ្នកប្រឹក្សាផ្នែកទំនាក់ទំនង និងទីផ្សារនៅ PCS ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ពួកគេតែងតែចែករំលែកប្រាក់ចំណេញត្រឡប់ទៅសាលា ដែលមិនរកប្រាក់ចំណេញ ដើម្បីជួយដល់សិល្បករវ័យក្មេងខ្មែរជំនាន់ក្រោយ និងអ្នកជំនាញខាងច្នៃប្រឌិត តាមរយៈរង្វង់នៃការអភិវឌ្ឍប្រកបដោយគុណធម៌»។
ទិសដៅរបស់ស្ទូឌីយោ PCS មាន ៣ ចំណុច គឺ ការផ្តល់ការងារ ការអភិវឌ្ឍ និងអាជីពដល់យុវជនកម្ពុជាដែលមានគំនិតច្នៃប្រឌិត រួមចំណែកដល់ការកសាងឡើងវិញនៃវប្បធម៌ និងសិល្បៈខ្មែរពីសង្គ្រាមស៊ីវិល និងផ្តល់ការគាំទ្រយូរអង្វែងដល់ សាលាជំនាញសិល្បៈសូនរូបនៅហ្វារ។
លោក ហួត តារា ជានាយកប្រតិបត្តិសហគ្រាសសង្គមហ្វារ បានឱ្យដឹងថា៖ «អ្វីដែលពួកយើងបានធ្វើប៉ុន្មានឆ្នាំកន្លងមក បានប្រែក្លាយខ្លួនយើងទៅជាផ្ទះផលិតកម្ម សម្រាប់ការផ្លាស់ប្ដូរសង្គម និងអាកប្បកិរិយា ដោយផ្ដល់ផលវិជ្ជមានដល់ប្រជាជនកម្ពុជា។ សកម្មភាពការងារ និងចក្ខុវិស័យរបស់ PCS នៅតែមិនបាត់បង់ និងបន្តទទួលបាននូវដៃគូសហការជាច្រើនបន្ថែមទៀត»។
ពីទិចនិកគំនូរជីវចល ពួកគេចាប់ផ្ដើមរៀនបង្កើតវីដេអូក្រាហ្វិក និងរចនាសំឡេងផ្សេងៗ នៅក្នុងបរិយាកាសលើកទឹកចិត្ដឱ្យបញ្ចេញគំនិតប្រកបដោយសេរីភាព។ ជាក់ស្ដែង «សេរីភាព គឺជា ផ្ការីកនៅរដូវក្ដៅ» ពួកគាត់ផលិតបានយ៉ាងល្អ។
លោក តារា បាននិយាយថា៖ «វាតែងតែជាឱកាសដ៏ប្រសើរ ដែលយើងអាចបញ្ចេញសក្ដានុពលរបស់យើងទៅលើការងារនេះ។ យើងកាន់តែមានបទពិសោធ និងក្ដីសុបិនធំជាងនេះ សម្រាប់ការងាររួមលើកក្រោយៗរវាងការសម្ដែងសិល្បៈពីសូនរូប ទៅជាឌីជីថល»។
ស្ទូឌីយោ PCS បានផលិតវីដេអូ និងគំនូរជីវចលជាច្រើនប្រភេទ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងសង្គមនៅកម្ពុជា។
ពួកគេបានផ្តោតទៅលើការថែទាំសុខភាពសម្រាប់អង្គការ ដែលពន្យល់ពីបញ្ហាជំងឺទឹកនោមផ្អែម ឬជំងឺរបេងដល់សហគមន៍ និងវិធីការពារជំងឺបង្ហាញរបៀបដោះស្រាយបញ្ហាកសិកម្ម ប្រកបដោយនិរន្តរភាព ការការពារកុមារ ការធ្វើផែនការគ្រួសារ អាហារូបត្ថម្ភ ទឹក និងអនាម័យ និងរឿងប្រឌិត។
ជាមួយគ្នានេះ ស្ទូឌីយោ PCS នឹងចូលរួមក្នុងកិច្ចពិភាក្សាជាក្រុមនៅថ្ងៃអាទិត្យ ទី ២០ ខែមីនា នៅវិទ្យាស្ថានបារាំងសម្រាប់ការសហការផលិតរឿង «ស្នាមញញឹមខ្មែរ» ជាភាពយន្តគំនូរជីវចលនិយាយអំពីរឿងរ៉ាវរបស់កូនចិញ្ចឹមម្នាក់ដែលមានការចងចាំលាយឡំជាមួយនឹងការស្រមើស្រមៃក្នុងការធ្វើដំណើរមកកាន់កម្ពុជារបស់ផលិតករ Fabrice Beau។
កម្មវិធីនោះនឹងនិយាយអំពីប្រភពដើមនៃខ្សែភាពយន្ត ការចែកចាយជាលក្ខណៈអន្តរជាតិនាពេលអនាគត និងបង្ហាញរូបភាពផ្តាច់មុខដំបូងបង្អស់។ លើសពីនេះ ការតាំងពិព័រណ៍ «Cases Départ» នៅក្នុងវិទ្យាស្ថាននឹងផ្តល់កន្លែងមួយសម្រាប់ «ការងារដែលកំពុងតែដំណើរការ» នៃខ្សែភាពយន្តនេះ សម្រាប់ឱ្យមនុស្សគ្រប់គ្នាអាចមកទស្សនារហូតដល់ថ្ងៃទី ២១ ខែឧសភា។
លោក តារា បានបន្ដថា៖ «នេះជាគម្រោងភាពយន្តខ្នាតវែងលើកដំបូងរបស់យើងក្នុងចលនាជាប្រភេទ 2D បែបប្រពៃណី ដែលមានគំនូរមិនតិចជាង ២៤ រូបក្នុង ១ វិនាទីនៃភាពយន្ត។ ខាងស្ទូឌីយោ គូរគ្រប់ចលនា ចាប់តាំងពីគំនូរព្រាងរហូតដល់ការផាត់ពណ៌។ វាគឺជាជំហានជាច្រើនដើម្បីសម្រេចបានតែ ១ វគ្គ និងការព្យាយាមរយៈពេលវែង ដើម្បីបញ្ចប់ភាពយន្ដដែលពិបាកនឹងស្រមៃ»។
នាយកប្រតិបត្តិសហគ្រាសសង្គមហ្វារ បានលើកឡើងថា៖ «វាត្រូវបានចាត់ទុកជាការផលិតរួមគ្នាជាប្រវត្តិសាស្ត្រលើកដំបូងនៃខ្នាតនេះ ក្នុងប្រទេសកម្ពុជា សម្រាប់គំនូរជីវចល។ បន្ទាប់ពីបានចាក់បញ្ចាំង យើងសង្ឃឹមថា វាអាចបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមគំនូរជីវចលខ្មែរយើងដើម្បីឈានដល់កម្រិតស្ដង់ដាខ្សែភាពយន្តអន្តរជាតិ»។
យ៉ាងណាមិញ អំឡុងពេលវិបត្ដិកូវីដ ហ្វារ បានប្រឹងអស់ពីសមត្ថភាពក្នុងការទប់ទល់នឹងចំណាយផ្សេងៗ តែវាមិនគ្រប់គ្រាន់។
លោក តារា បានបញ្ជាក់ទៀតថា៖ «សហគ្រាសសង្គមហ្វារ បានដើរតួនាទីរ៉ាប់រងការខ្ចីប្រាក់ពីធនាគារដើម្បីផ្គត់ផ្គង់លើស្ទូឌីយោ និងល្ខោនសៀកកម្ពុជាហ្វារសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ»។
នាយកប្រតិបត្តិសហគ្រាសសង្គមហ្វារ រូបនេះ បានបន្ថែមថា៖ «យើងសង្ឃឹមថា ក្ដីសង្ឃឹមថ្ងៃអនាគតនឹងមកដល់សម្រាប់សិល្បករទាំងអស់ ព្រោះយើងបានរស់រានពីជំងឺរាតត្បាតនេះ ដោយរឹងមាំ និងមានបទពិសោធច្រើនជាងមុន»។
សម្រាប់ព័ត៌មានបន្ថែម និងការទស្សនាស្នាដៃកន្លងមក សូមចូលទៅកាន់ទំព័រ Facebook របស់ស្ទូឌីយោគំនិតច្នៃប្រឌិតកម្ពុជាហ្វារតាមរយៈ PhareCreativeStudio៕