ក្រុងឡាសវេហ្គាស: ក្រុម Silk Sonic ដែលមានតារាចម្រៀង Bruno Mars និង Anderson Paak បានឈ្នះពាន Grammy ចំពោះបទប្រចាំឆ្នាំ «Leave The Door Open» បន្ថែមពីលើពានរង្វាន់នេះ ៣ ទៀត។
វាជាពានរង្វាន់ Grammy លើកទី៤ សម្រាប់កំពូលតារាចម្រៀងទាំង ២ ដែលជាប់ងារជាតារាចម្រៀង R&B សំឡេងស្រទន់ចំពោះបទចម្រៀងពេញនិយមកន្លងមក។
លោក Mars បានឈ្នះពានរង្វាន់ Grammy ចំនួន ១១ លើករួចមកហើយមុនចែករំលែកនូវពានរង្វាន់ក្នុងប្រភេទការនិពន្ធចម្រៀងឆ្នើមជាមួយលោក Paak ផងដែរ។
លោក Paak គឺជាកូនកាត់ បីសាសន៍ អាហ្វ្រិក អាមេរិក និងកូរ៉េ។ តាំងពីអាយុ ៧ ឆ្នាំ ឪពុករបស់លោកបានជាប់គុកដោយសារវាយម្ដាយរបស់លោក។ មិនយូរប៉ុន្មាន បន្ទាប់ពីលោកចាប់ផ្ដើមថ្នាក់វិទ្យាល័យ ម្ដាយរបស់លោកត្រូវបានចោទប្រកាន់ឆបោក។ ពេលជាយុវវ័យ លោកផ្ដើមផលិតតន្ដ្រីពីលើគ្រែដេក។
ក្នុងឆ្នាំ ២០១១ មុនពេលក្លាយជាតន្ដ្រីករដ៏ជោគជ័យម្នាក់ លោក Paak ក្លាយជាជនអនាថា អត់ផ្ទះសំបែងជាមួយភរិយា និងទារកជាកូន ក្រោយលោកត្រូវបានបណ្ដេញពីការងារនៅកសិដ្ឋានកញ្ឆានៅសាន់តា បាបារ៉ា។
Paak និង Mars បានធ្វើតន្ដ្រីទេសចរណ៍រួមគ្នាក្នុងឆ្នាំ ២០១៧ មុនពេលប្រកាសកាលពីឆ្នាំ ២០២១ ថា ពួកគេបានបង្កើតជាក្រុម Silk Sonic និងផលិតអាល់ប៊ុម និងបានបង្ហាញមុខចូលរួមកម្មវិធី Grammy ឆ្នាំមុន ដោយការសម្ដែងបទចម្រៀងបែបស្រទន់ Leave The Door Open។
គម្រោងរបស់ពួកគេគឺការជួយក្រុមចម្រៀងកេរដំណែលទសវត្សរ៍ឆ្នាំ ១៩៧០ ជាមួយការគ្រងឈុតឌីស្កូស៊េរីចាស់ និងបង្ហើរសំនៀងដ៏ស្រទន់បែបមនោសញ្ចេតនាត្រឡប់ទៅអតីតកាលវិញ៕ AFP/HR