ភ្នំពេញៈ ស្ថានទូតអង់គ្លេស និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រួមជាមួយអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា សហការគ្នាលើគំនិតផ្តួចផ្តើមមួយ ដើម្បីឱ្យស្ត្រីវ័យក្មេង ២រូប ទទួលតួនាទីធ្វើជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ក្នុងរយៈពេល ១ ថ្ងៃពេញ ក្រោមកិច្ចពិភាក្សាលើប្រធានបទមួយឈ្មោះ «ការងារដែលស្ត្រីចង់បាននៅឆ្នាំ ២០៣០»។
យុវនារី ២ រូប គឺកញ្ញា ហ្គិច លីម អាយុ ១៧ ឆ្នាំ ជានិស្សិត និងការី អាយុ ១៨ ឆ្នាំ មកពីខេត្តរតនគិរី ត្រូវបានផ្តល់ឱកាសធ្វើជាសហប្រធាននៃកិច្ចពិភាក្សាស្តីពី «ការងារដែលស្ត្រីចង់បាននៅឆ្នាំ២០៣០» ដោយមានការចូលរួមពីលោកស្រី អ៊ឹង កន្ថាផាវី ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី ជា សិរី ជាឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា លោកស្រី ធីណា រ៉េដស ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោកស្រី Devyani Khobragade ដែលជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសរបស់អង្គការភ្លែនអន្ដរជាតិកម្ពុជា។
កម្មវិធី ១ ថ្ងៃ សម្រាប់ឱកាសបំពេញការងារក្តីសុបិនខ្លួន ដោយមានយុវតីខែ្មរ ២ រូប បានប្រារព្ធធ្វើកាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២ ដោយកញ្ញា ហ្គិច លីម ធ្វើជាឯកអគ្គរាជទូត ១ ថ្ងៃ ដោយទទួលតួនាទីជាឯកអគ្គរាជទូតរបស់លោកស្រី ធីណា រ៉េដស ដែលជាឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាហើយ ការី ទទួលតួនាទីធ្វើឯកអគ្គរដ្ឋទូត លោកស្រី Devyani Khobragade ដែលជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។
យុវតី ហ្គិច លីម ដែលចាប់អារម្មណ៍លើការពង្រឹងអំណាចរបស់ក្មេងស្រី បង្ហាញពីអារម្មណ៍ខ្លួនថា៖ «វាជាសុបិនរបស់ខ្ញុំក្នុងការនិយាយទៅកាន់ស្ត្រីដែលទទួលបានជោគជ័យខ្ពស់ និងស្វែងរកផ្លូវ ដែលនាំពួកគាត់ទៅកន្លែងដែលពួកគេទទួលបានជោគជ័យ។ ខ្ញុំចង់ដឹងពីរបៀបដែលពួកគាត់ដោះស្រាយជាមួយនឹងការរើសអើង ដែលពួកគេបានប្រឈម។
ខ្ញុំក៏ចង់ឱ្យក្មេងស្រីធម្មតាជាច្រើនរូបផ្សេងទៀត មើលឃើញនូវអ្វីដែលអស្ចារ្យកំពុងរង់ចាំពួកគេ ប្រសិនបើពួកគេហ៊ានដើរចេញពីកន្លែងដែលងាយស្រួលដូចជារូបខ្ញុំបានធ្វើ»។
ឯយុវតីម្នាក់ទៀតឈ្មោះ ការី អាយុ ១៨ ឆ្នាំ មកពីខេត្តរតនគិរី មានក្តីសុបិនចង់ក្លាយជាអ្នកដឹកនាំដ៏សំខាន់ និងបានធ្វើការស្ម័គ្រចិត្ដ និងចូលរួមជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា ដើម្បីដោះស្រាយបញ្ហាជាច្រើនរួមទាំងការរៀបការមុនអាយុ ការរៀបការដោយការបង្ខំ និងការមានគភ៌ក្នុងចំណោមក្មេងស្រីជាជនជាតិដើមភាគតិចនោះ។
ការី ក៏បានបង្ហាញពីអារម្មណ៍ខ្លួនឯងដែរថា៖ «ខ្ញុំចង់លើកកម្ពស់ភាពក្លាហានរបស់ក្មេងស្រីក៏ដូចជាស្វែងយល់ពីតួនាទីរបស់ឯកអគ្គរដ្ឋទូត និងអ្នកដឹកនាំសំខាន់ៗ នៅក្នុងស្ថានទូតដើម្បីស្វែងយល់ពីការទទួលខុសត្រូវរបស់ឯកអគ្គរដ្ឋទូតម្នាក់ៗ ខ្ញុំចង់លើកទឹកចិត្តដល់ក្មេងស្រីជនជាតិដើមភាគតិច និងក្មេងស្រីដទៃទៀតក្នុងខេត្តរតនគិរី ឱ្យមានក្តីសុបិនធំ និងចក្ខុវិស័យទាក់ទងនឹងការដឹកនាំក្នុងសហគមន៍នៃជនជាតិដើមភាគតិចពួកគេ ហើយខ្ញុំចង់ជំរុញកុមារី ឱ្យក្លាយជាអ្នកដឹកនាំ នាពេលអនាគត»៕