ភ្នំពេញ: បន្ទាប់ពីបញ្ចប់ពិព័រណ៍កាលពីថ្ងៃទី ៣០ មករា ឆ្នាំ ២០២២ នៅសារមន្ទីរសិល្បៈក្រុងគ្លីវើលែន រដ្ឋអូហាយ៉ូ សហរដ្ឋអាមេរិក ក្នុងពិព័រណ៍ «លាតត្រដាងព្រះក្រឹស្ណ៖ ដំណើរទៅកាន់ដែនដីគិរីស័ក្តិសិទ្ធិកម្ពុជា» ដោយដាក់តាំងលក់គ្រឿងអលង្ការ ឈ្មោះថា «EdoEyen» ពេលនេះ បងប្អូនស្រីជនជាតិអាមេរិក-ខ្មែរទាំង ២ នាក់ អ៊ីដូ និង អ៊ីយេន ចម មានកិត្តិយសក្នុងការបន្តការដាក់តាំងនៅសារមន្ទីរសិល្បៈ ស្មីតសូនៀន រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដោយផ្ដើមពីចុងខែមេសានេះ។
ពិព័រណ៍នេះនាំយកចម្លាក់ថ្មដ៏ធំអាយុកាល ១៥០០ ឆ្នាំ ពីកម្ពុជា និងប្រើបច្ចេកវិទ្យាហូឡូក្រាមផ្គួបអេក្រង់ឌីជីថល ដែលនាំអ្នកទស្សនាវិលត្រឡប់ទៅកាន់សម័យកាលបុរាណ លាតត្រដាងនូវរឿងរ៉ាវ និងដំណើរការ ស្ដារ ជួសជុលស្នាដៃដ៏អស្ចារ្យក្នុងចំណោមវត្ថុតាំងនៅសារមន្ទីរ រួមមានរូបចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន។
អ្នកនាង អ៊ីដូ សហស្ថាបនិកគ្រឿងអលង្ការរចនាប័ទ្មឥទ្ធិពលពីខ្មែរដែលដាក់តាំងក្នុងពិព័រណ៍នេះបាន រំឭកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីបទពិសោធនៅសារមន្ទីរសិល្បៈគ្លីវើលែនថា៖ «រយៈពេលនោះយើងទទួលបានការគាំទ្រយ៉ាងល្អប្រសើរណាស់។ យើងលក់បានក្នុងចំនួនដែលយើងរំពឹងទុកទៅតាមតម្លៃរបស់យើង។ ចិញ្ចៀន អរូបី (Aroubei) ស្រោបមាសទឹក ៧,៥ ត្រូវបានលក់ដាច់ទាំងអស់ ហើយក្រវិលកៀបត្រចៀក ដែលមានពណ៌ រ៉ូសហ្គោល ធ្វើពីលង្ហិនស្រោបមាសទឹក ៥ ក៏មានការគាំទ្រយ៉ាងច្រើន។ យើងនឹងបន្តរៀបចំការលក់ជាមួយនឹងតូបនៅសារមន្ទីរសិល្បៈគ្លីវើលែន បន្តទៀត»។
ពេលនេះ គ្រឿងអលង្ការរបស់អ្នកទាំង ២ មិនត្រឹមតែអាចរកទិញបាននៅគេហទំព័រ www.edoeyen.com ទេ ថែមទាំងមាននៅតូបឯសារមន្ទីរសិល្បៈគ្លីវើលែន ហើយក៏នឹងចាប់ផ្ដើមមានលក់នៅសារមន្ទីសិល្បៈស្មីតសូនៀន នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំនេះ ដើម្បីគាំទ្រដល់ការតាំងពិព័រណ៍ «លាតត្រដាងព្រះក្រឹស្ណ៖ ដំណើរទៅកាន់ដែនដីគិរីស័ក្តិសិទ្ធិកម្ពុជា»។
ចែកចាយពីចំណាប់អារម្មណ៍ ដែលបានចូលរួមពីសារមន្ទីរមួយទៅមួយទៀត បងប្អូនស្រីខ្មែរអាមេរិកទាំង ២ ពិតជារំភើបរីករាយណាស់ដែលបានដើរដល់ចំណុនេះ ដោយសារការរចនារបស់ពួកគេមានការបំផុសគំនិតពីសិល្បៈ និងវប្បធម៌ខ្មែរបុរាណ។
អ្នកនាង អ៊ីដូ ថា៖ «យើងមានសេចក្តីសោមនស្សរីករាយ និងមានអំណរគុណជាខ្លាំងដែលបានធ្វើជាដៃគូជាមួយសារមន្ទីរ ស្មីតសូនៀននេះ។ យើងនៅតែឱនលំទោនចំពោះគ្រប់យ៉ាងដែលចូលមកក្នុងដំណើររបស់យើង ទោះបីគោលដៅយើងមិនទាន់ដល់នៅឡើយ។ ឥឡូវនេះ យើងកំពុងធ្វើដំណើរដើម្បីបង្ហាញសិល្បៈ និងវប្បធម៌ខ្មែរ តាមរយៈគ្រឿងអលង្ការ។ វាអាចជាដំណើរដ៏វែងឆ្ងាយ ហើយយើងទើបតែចាប់ផ្តើម ប៉ុន្តែគ្រប់ជំហាននៃដំណើរគឺតែងតែរំភើបសម្រាប់យើង»។
យីហោគ្រឿងអលង្ការនៅទីក្រុងញូវយ៉ក «EdoEyen» នេះ បានលក់គ្រឿងអលង្ការ ដែលមានទម្រង់គូរចេញពីចម្លាក់ថ្មខ្មែរបុរាណដូចជា វត្ថុដែលរកឃើញនៅលើចម្លាក់ដ៏មហិមារបស់ពិព័រណ៍នេះ។
គ្រឿងអលង្ការ មួយៗពីរបស់ EdoEyen បង្កប់នូវសោភណភាពខ្មែរពិតៗ និងគោរពបូជាដល់វិចិត្រករ និងជាងចម្លាក់បុរាណ ដែលមិនបានស្គាល់ច្បាស់ក្នុងសម័យកាល។
ការបន្តដាក់តាំងឯសារមន្ទីរសិល្បៈ ស្មីតសូនៀន អ៊ីដូ រំពឹងថា អ្នកទស្សនានឹងអាចមើលឃើញថា ម៉ូដគ្រឿងអលង្ការទាំងនេះមានភាពពិសេសប្លែកពីគេ ស្រស់ស្អាតគ្រប់គ្រាន់ក្នុងការឱ្យអតិថិជនចង់បានត្រឡប់ទៅផ្ទះជាមួយ ជាពិសេសបន្ទាប់ពីបានចូលទស្សនាពិព័រណ៍ផ្ទាល់។
បងប្អូនស្រីខ្មែរអាមេរិកទាំង ២ រូបនេះបានលើកឡើងថា៖ «យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកទិញ ដើម្បីមើលថា តើភ្ញៀវនឹងមានចំណាប់អារម្មណ៍បែបណាខ្លះចំពោះគ្រឿងអលង្ការមួយៗរបស់យើង ហើយថា វាអាចទាក់ទាញភ្ញៀវបែបណា? យើងនឹងអាចដាក់តាំងរហូតដល់ពិព័រណ៍នេះ បានបញ្ចប់នៅចុងខែកញ្ញា។ យើងកំពុងតែពិភាក្សាជាមួយសារមន្ទីរពីឱកាសផ្សេងៗទៀតនៅថ្ងៃមុខហើយយើងក៏រីករាយជាមួយនឹងវាដែរ»។
ជាមួយគ្នានេះដែរ ក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នំពេញ ប៉ុស្តិ៍ លើកមុនបងប្អូនស្រីទាំង ២ បានឱ្យដឹងថា ខ្លួនស្ថិតក្នុងគម្រោងការកែច្នៃគ្រឿងអលង្ការ ដែលស្ថិតក្នុងប្រភេទគ្រឿងលម្អលើខ្លួនមាន ខ្សែក ដែលកាលនោះមានម៉ូដហើយ តែមិនទាន់ឌីហ្សាញចេញជារូបរាង។
បើទោះជាមិនទាន់មានការបរិច្ឆេទច្បាស់លាស់ តែ អ៊ីដូ ថា កំពុងតែធ្វើទៅលើគំរូសិន ដោយពួកគេនឹងប្រុងប្រយ័ត្នបំផុតឱ្យក្លាយជាទម្រង់ ដែលគ្មានអ្នកណាធ្វើពីមុនមក។ ម្យ៉ាងទៀតពួកគេក៏មិនទាន់បានបញ្ចេញម៉ូដគ្រឿងលម្អលើដៃអស់ដែរ។
ជាមួយឈាមជ័រដើមកំណើតខ្មែរ អ្នកច្នៃម៉ូដគ្រឿងអលង្ការនៅអាមេរិក អ៊ីដូ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «យើងចង់លើកទឹកចិត្តជនរួមជាតិខ្មែរ ឱ្យជួយគាំទ្រដល់ការអភិរក្សសិល្បៈខ្មែរ តាមរយៈការខិតខំអប់រំ ដូចជាការចូលរួមក្នុងព្រឹត្តិការណ៍នានា ពិព័រណ៍នេះជាដើម។ វាគួរតែសំខាន់គ្រប់គ្រាន់ក្នុងការធ្វើដំណើរមករដ្ឋធានីដើម្បីទស្សនា! តួលេខពីតូចមួយមិនអាចមើលងាយបានទេ។ កាន់តែយើងគាំទ្រការងារវប្បធម៌របស់យើងនៅក្នុងរដ្ឋកាន់តែច្រើន វានឹងកាន់តែផ្សារភ្ជាប់ ហើយវានឹងជួយជំរុញសិល្បៈប្រភេទនេះឱ្យមានការចាប់អារម្មណ៍»។
ស្វែងយល់ពីគ្រឿងអលង្ការកូនខ្មែរអាមេរិក EdoEyen នៅ instagram.com/edoeyen/ និងគេហទំព័រ www.EdoEyen.com៕