ភ្នំពេញ៖ ក្រោយពីឈប់ទទួលពាក្យបេក្ខនារីចូលរួមប្រកួត កាលពីចុងខែមេសា កន្លងមកនេះ ក៏លេចឮដំណឹងថា ស្រីស្រស់កីឡាការិនីជម្រើសជាតិផ្នែកការ៉ាតេដូ កញ្ញា រតនា សុខាវត្តី នឹងចូលរួមប្រកួតបវរកញ្ញាចក្កវាឡកម្ពុជា ឆ្នាំ ២០២២ នេះដែរ ជាមួយនឹងស្រីស្អាត ហែមថុន វិទិនី ជាកីឡាការិនីជម្រើសជាតិហែលទឹកនោះ។
នេះបើយោងតាមការឱ្យដឹងពីផេកនៃក្រុមអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា Team Cambodia បានបង្ហើបពីលក្ខណៈសម្បត្តិស្រីស្រស់រូបនេះថា៖ «បេក្ខភាព ដែលបានដាក់ពាក្យរួចនៃការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជា ឆ្នាំ ២០២២ (Miss Universe Cambodia 2022) រតនា សុខាវត្តី អាយុ ២០ ឆ្នាំ និងកម្ពស់ ១,៦៩ ម៉ែត្រ។ កញ្ញា ធ្លាប់ជាបេក្ខនារីប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីដើរម៉ូដ Cambodia Queen of the Catwalk និងជាកីឡាការិនីជម្រើសជាតិផ្នែកតេក្វាន់ដូ»។
តាមប្រភពដដែលនេះ បានបន្តថា៖ «កញ្ញា រតនា សុខាវត្តី មិនត្រឹមតែជាបេក្ខភាពដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាចក្កវាឡកម្ពុជា ២០២២ ប៉ុណ្ណោះទេ ប៉ុន្ដែកញ្ញា រតនា សុខាវត្តី ក៏ជាកីឡាការនី ជម្រើសជាតិការ៉ាតេដូ របស់កម្ពុជា ដែលធ្លាប់ទទួលបានមេដាយច្រើនផងដែរ។ ចំណែកចំណេះដឹងផ្នែកភាសាវិញ កញ្ញា រតនា សុខាវត្តី ចេះ ៣ ភាសា គឺភាសាខ្មែរ ភាសាអ់គ្លេស និងភាសាជប៉ុន»។
យ៉ាងណាសម្រាប់វត្តមានរបស់ស្រីស្អាត ជាកីឡាការីជម្រើសកីឡាការ៉ាតេដូ រតនា សុខាវត្តី ចូលរួមប្រកួតប្រជែងផ្នែកសម្រស់ ដើម្បីដណ្តើមមកុដកកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ២០២២ នេះ ពិតមែន ឬយ៉ាងណានោះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទំនាក់ទំនងតាមទូរស័ព្ទបញ្ជាក់ការពិតបានឡើយ៕