ភ្នំពេញៈ ផ្ទាំងទស្សនីយភាពនៃការសម្តែងរបាំក្បាច់បុរាណរឿង «ព្រះបាទជ័យវរ្ម័នទី ៧ និងព្រះនាងឥន្ទ្រទេវី» ដែលជាស្នាដៃដំឡើង និងដឹកនាំសម្តែង ដោយនាដកា វ័យជាង ៦០ អ្នកគ្រូ ឱម យុវណ្ណឌី នឹងត្រូវសម្តែងល្ងាចថ្ងៃសៅរ៍ ទី ៧ ខែឧសភា ឆ្នាំ ២០២២។
បើតាមការរំឭកឡើងវិញ ក្រោយពីពន្យារពេលតាំងពីខែមីនាកន្លងមក នៅតាមគេហទំព័រ ភួងមាល័យបាយសីខ្មែរ ដែលជាក្រុមស្រាវជ្រាវ និងដំឡើងគ្រឿង តែងកាយសម័យអង្គរបានឱ្យដឹងថា៖ «ទស្សនីយភាពរបាំក្បាច់បុរាណរឿង «ព្រះបាទជ័យវរ្ម័នទី ៧ និងព្រះនាងឥន្ទ្រទេវី» បានត្រឡប់មកវិញហើយ! ដោយហេតុតែចំនួនកៅអីមានកំណត់ និងឆ្លើយតបតាមតម្រូវការសំបុត្ររបស់ទស្សនិកជន យើងខ្ញុំបានរៀបចំនូវការសម្តែងជា ២ ពេលផងដែរ គឺនៅវេលាម៉ោង ៣ រសៀល និងម៉ោង ៦ ល្ងាច នាថ្ងៃទី ៧- ឧសភា ថ្ងៃតែមួយ។ ការសម្តែងនៅថ្ងៃសៅរ៍ ទី ៧ ខែឧសភា ឆ្នាំ ២០២២ នៅវេលាម៉ោង ៣- រសៀល និង ៦- ល្ងាច មានទីតាំងនៅមហោស្រព The-black box theater នៃសាលារៀនកាណាដា អន្តរជាតិភ្នំពេញ កោះពេជ្រ»។
ការជាវសំបុត្រចូលទស្សនាមាន ៣ ប្រភេទគឺ ១ សន្លឹកតម្លៃ ៤ ម៉ឺនរៀល (ពណ៌ក្រហម) ១ សន្លឹកតម្លៃ ៦ ម៉ឺនរៀល (ពណ៌បៃតង) និង ១ សន្លឹកតម្លៃ ១០ ម៉ឺនរៀល (ពណ៌ខៀវ)។
ប្រភពដដែលខាងលើបន្តថា៖ «សូមប្រិយមិត្តទស្សនិកជនជាវសំបុត្រ តាមរយៈ Link ខាងក្រោម https://hello.last2ticket.com/event/4335 ឬតាមលេខទំនាក់ទំនងសម្រាប់ព័ត៌មាន បន្ថែម 069 906 677 (Eng) 096 2789 333 (ខ្មែរ)។ ចំពោះអតិថិជន ដែលបានទិញសំបុត្ររួចហើយ អាចរក្សាទុកសំបុត្រចាស់ សម្រាប់ប្តូរយកសំបុត្រថ្មីវិញបាន»។
ដោយឡែកចំពោះសាច់រឿងរបាំរឿង «ព្រះបាទជ័យវរ្ម័នទី ៧ និងព្រះនាងឥន្ទ្រទេវី» នោះ បើតាមនាដកា វ័យជាង ៦០ ឆ្នាំ អ្នកគ្រូ ឱម យុវណ្ណឌី ដែលជាអ្នកដឹកនាំក្រុមរបាំសាលាព្រះអង្គម្ចាស់ក្សត្រីបុប្ផាទេវី និងជាគ្រូទទួលបន្ទុកបច្ចេកទេសមានប្រសាសន៍ឱ្យដឹងពីអត្ថន័យផងដែរ។
អ្នកគ្រូ ឱម យុវណ្ណឌី មានប្រសាសន៍ថា៖ «គ្រាន់តែលើកយកតួអង្គ «ព្រះនាងឥន្ទ្រទេវី- ជ័យរាជទេវី» ត្រង់ឈុត ស្នាព្រះហស្ត ដែលទ្រង់កសាងក្នុងវិស័យសិក្សាធិការ និងសិល្បៈវប្បធម៌ ដែលការពិត ព្រះនាងជាគ្រូគ្រប់វិស័យទាំងស្ថាបត្យកម្ម វិទ្យាសាស្ត្រជាដើម តែផ្នែករបាំបុរាណ ខ្ញុំមិនអាចធ្វើបានដោយត្រូវការមធ្យោបាយបច្ចេកវិទ្យាច្រើនណាស់ ដែលប៉ះពាល់ទម្រង់របាំក្បាច់បុរាណខ្មែរ»៕