ភ្នំពេញៈ របាំព្រះរាជទ្រព្យខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការ UNESCO នាថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០០៣ គឺជាសិល្បៈមួយ ដែលបង្កប់នូវគ្រាប់ពូជនៃភាពថ្លៃថ្នូរមួយ ដែលគ្មានព្រំដែន និងជាបញ្ញាញាណនៃបុព្វបុរសខ្មែរ ដូចមានជាតឹកតាងនៅតាមប្រាង្គប្រាសាទនានា នៅក្នុងប្រទេសកម្ពុជា។
នាពេលថ្មីៗនេះ លេចវត្តមានសៀវភៅ ១ ក្បាល មានចំនួន ២៣២ ទំព័រ និងមានចំណងជើងថា «នារីរបាំកម្ពុជា សម័យចតុមុខ និងអង្គរ» https://www.facebook.com/107306008242448/photos/a.107315024908213/302574098715637/ ដែលក្របសៀវភៅមានរូបនារីរបាំខ្មែរ ២ សម័យកាលដែលកំពុងរាំក្នុងក្របគំនូរខាងមុខរបស់សៀវភៅជានាដកាឯកដ៏ល្បីល្បាញ ១ រូបក្នុងក្រុមរបាំព្រះរាជទ្រព្រកាលសម័យនោះ។
បើយោងទៅតាមគេហទំព័រផ្សព្វផ្សាយដោយគ្រឹះស្ថានម្លូព្រៃបានបង្ហើបឱ្យដឹងថា៖ «នារីរបាំកម្ពុជាសម័យចតុមុខ និងសម័យអង្គរ សៀវភៅនេះគឺ ជាឯកសារដ៏មានតម្លៃមួយស្តីពីប្រភពជីវិត និងប្រវត្តិឆ្លងកាត់របស់នារីរបាំព្រះរាជទ្រព្យ ឬក្បាច់បុរាណខ្មែរជាមួយប្រវត្តិសាស្ត្រដែលភ្លឺថ្លា និងស្រអាប់របស់ជនជាតិខ្មែរ តាំងពីសម័យមហានគរ រហូតដល់សម័យកាលចតុមុខ»។
ប្រភពខាងលើបានបន្តថា៖ «សៀវភៅនេះ ត្រូវបានសព្វព្រះរាជហឫទ័យ រាជានុញ្ញាត និងទំនុកបម្រុងដោយព្រះករុណាព្រះបាទ ស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី និពន្ធដោយលោក ហ្សកហ្គ្រាលីយេ ឆ្នាំ ១៩១៣ ជាភាសាបារាំង ត្រូវរៀបរៀង និងប្រែសម្រួលជាភាសាខ្មែរ ដោយបណ្ឌិតសភាចារ្យ ភឿង សកុណា (រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) និងបោះពុម្ពផ្សព្វផ្សាយដោយគ្រឹះស្ថានម្លូព្រៃឆ្នាំ ២០២០»។
រូបភាពនាដកា តាំងពីសម័យកាលដែលមានអាយុរាប់រយឆ្នាំនៅលើក្របសៀវភៅរបាំនោះ ក៏ត្រូវបានគេបង្ហើបឱ្យដឹងតាមសំណេររបស់អ្នកនិពន្ធសៀវភៅ ក្រោយពីបកប្រែមកថា៖ «នារីរបាំដែលកំពុងរាំ ក្នុងក្របគំនូរខាងមុខសៀវភៅនេះឈ្មោះ រត្ន ប៉ុស (ហៅក្រៅម្លិះ) ដែលជាប់សាច់សាលោហិត ព្រះករុណាព្រះបាទស៊ីសុវត្ថិ៕