ភ្នំពេញៈ គំនូរទាំង ១០ ផ្ទាំង ដែលកំពុងត្រូវបានតាំងបង្ហាញនៅពិព័រណ៍ក្នុងរាជធានីភ្នំពេញ រំលេចនូវរូបភាពសត្វគោដើមឈូក និងស្លឹកឈូក ដែលអ្នកទស្សនាអាចសន្និដ្ឋានថា វាទំនងជាឆ្លុះបញ្ចាំងអំពីអ្វីមួយពីសំណាក់វិចិត្រករ។
លោក ហម រិទ្ធ វិចិត្រករក្នុងស្រុកមកពីខេត្តកំពត បាននាំយកការបំផុសគំនិតសិល្បៈពីកុមារភាពមកតាំងពិព័រណ៍នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ ខាងក្នុងភោជនីយដ្ឋាន Le Phnom 1929 ជាកិច្ចសហការរវាងវិចិត្រសាលស្រាអាត (Sra''Art Gallery) និង Open Studio Cambodia។
«ប្រែក្លាយ» ជាស្នាដៃសិល្បៈរបស់លោក រិទ្ធ ដែលលោកបានប្រើបទពិសោធរបស់ខ្លួនតាមរយៈការសង្កេតមើលគំនូរលើជញ្ជាំងអារាមពុទ្ធសាសនារួមបញ្ចូលគ្នាជាមួយនឹងការច្នៃប្រឌិតបង្កើតជាគំនូរទឹក និងថ្នាំកាវប្លាស្ទិកថ្លា។
លោក រិទ្ធ បានប្រើផ្កាឈូកតំណាងឱ្យវត្ត គោតំណាងឱ្យខ្លួនឯង និងពន្លឺតំណាងឱ្យក្ដីសង្ឃឹម។
វិចិត្រករវ័យ ៣៦ ឆ្នាំបាននិយាយថា៖ «វាជាគំនូរដំបូងដែលខ្ញុំបានឃើញក្នុងជីវិតរបស់ខ្ញុំ ដោយសារខ្ញុំធំធាត់នៅជនបទដាច់ស្រយាលនៃប្រទេសកម្ពុជា។ វត្តព្រះពុទ្ធជាកន្លែងដំបូងដែលខ្ញុំអាចសិក្សាសិល្បៈផងដែរ។ ខ្ញុំបានស្នាក់នៅទីនោះ និងព្យាយាមរៀនសិល្បៈ។ ដោយសារបទពិសោធនោះ ខ្ញុំនៅតែបន្តព្យាយាមចាប់អាជីពសិល្បៈរហូតដល់សព្វថ្ងៃ»។
ប្រជាជនជាតិខ្មែរយល់ច្បាស់ពីមូលហេតុដែលលោក រិទ្ធ ប្រើផ្កាឈូកតំណាងវត្ត ព្រោះផ្កាជាដង្វាយពិសិដ្ឋរបស់ខ្មែរ។ ប៉ុន្តែលោកបានប្រើគោធ្វើសកម្មភាពជំនួសរូបលោក ព្រោះវាកើតឡើងក្នុងវ័យកុមារ កាលពីលោកនៅជាក្មេងឃ្វាលគោ។
ខណៈកំពុងយាមគោនៅវាលស្រែលោក រិទ្ធ ឆ្លៀតពេលខ្លះដើម្បីគូរ និងផាត់ពណ៌រូប។ ដូច្នេះលោកមានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វ។
លោករំឭកថា៖ «អនុស្សាវរីយ៍កាលពីកុមារភាពរបស់ខ្ញុំមានសាលារៀន និងវត្តនៅកន្លែងតែមួយ។ មានថ្ងៃមួយនៅក្នុងព្រះវិហារវិចិត្រករមកគូររូបព្រះពុទ្ធហើយខ្ញុំពិតជារំភើបណាស់ ដែលបានឃើញ ព្រោះខ្ញុំមិនដែលឃើញពួកគេគូរផ្ទាល់ភ្នែកនោះទេ»។
លោក រិទ្ធ បាននិយាយថា វាពិតជាផ្តល់កម្លាំងចិត្តដល់លោក ហើយលោកចាប់ផ្តើមស្រឡាញ់ការគូរ និងគូរតាំងពីពេលនោះមក។ លោកប្រើផ្កាឈូកជំនួសវត្ត ដើម្បីឧទ្ទិសដល់រូបគំនូរនៅតាមព្រះវិហារ ដែលជំរុញទឹកចិត្តលោកឱ្យក្លាយជាវិចិត្រករនាពេលអនាគត»។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «សរុបមកខ្ញុំដាក់គោ ស្លឹកឈូក និងពន្លឺរួមគ្នា ដើម្បីឧទ្ទិសដល់ឫសគល់នៃសិល្បៈ ដែលខ្ញុំបានឃើញ និងស្រមៃចង់ក្លាយជាអ្នកសិល្បៈដែលមានក្តីសង្ឃឹមធំ»។
ក្ដីស្រឡាញ់សិល្បៈគួបផ្សំនឹងទេពកោសល្យពីធម្មជាតិ លោក រិទ្ធ ក៏សម្រេចចិត្តចាកចេញពីផ្ទះដើម្បីស្វែងរកក្ដីសង្ឃឹមថ្មីនៅសៀមរាប។ លោកបានរៀនពីរបៀបគូរ និងប្រើប្រាស់ពណ៌ទឹក និងថ្នាំកាវប្លាស្ទិកថ្លា។
លោកនិយាយថា៖ «ខ្ញុំជ្រើសរើសពណ៌ទឹក និងថ្នាំកាវប្លាស្ទិកថ្លា ព្រោះវាងាយស្រួលប្រើជាងវត្ថុធាតុដើមជាប្រេង។ ខ្ញុំអាចយកវាទៅជាមួយ និងលាបបានគ្រប់ទីកន្លែងដែលខ្ញុំចង់បាន។ មួយទៀតខ្ញុំគ្រាន់តែប្រើទឹកធម្មតាលាយជាមួយសារធាតុពណ៌ជាការស្រេច»។
ជាមួយការផ្ដល់សេវាកម្មគូររូបឯកជនរាប់ចាប់ពីសមាជិកគ្រួសារសត្វចិញ្ចឹម ឬរូបថតធ្វើដំណើរដែលចូលចិត្ត តម្លៃចាប់ពី ២៥០ ដុល្លារសម្រាប់ទំហំ A4 និងធំដូចផ្ទាំងគំនូរជញ្ជាំងលោក រិទ្ធ បន្ដថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា ការគូរពិតជាល្អជាងរូបថត ព្រោះខ្ញុំអាចគូរអ្វីដែលខ្ញុំចង់បានតាមស្ទីល និងគំនិតប្លែកៗ។ វាក៏ជាជំនាញពិតនៃសិល្បៈផងដែរ»។
លោក រិទ្ធ បានសហការគ្នាជាមួយ Open Studio Cambodia ក្នុងឆ្នាំ ២០១៩ ដែលលោកបន្ដស្វែងរកការអភិវឌ្ឍខ្លួន បង្កើនទំនាក់ទំនង និងពង្រីកវិសាលភាពមហាជន។
ការតាំងពិព័រណ៍ទោល «ប្រែក្លាយ» លើកដំបូងនៅសណ្ឋាគារ Raffles ចាប់ផ្តើមនៅថ្ងៃទី ១ ខែឧសភា ជាមួយនឹងកម្មវិធីបើកស្វាគមន៍ និងសកម្មភាពគូរគំនូរផ្ទាល់ និងបន្ដរហូតដល់ថ្ងៃទី ២៩ ខែឧសភា ជាមួយនឹងពិធីបិទ និងការគូរគំនូរផ្ទាល់ម្ដងទៀត។
លោក រិទ្ធ បានឱ្យដឹងថា៖ «ក្នុងឱកាសបើកសម្ពោធខ្ញុំបានធ្វើបទបង្ហាញដល់អ្នកទស្សនា ហើយបន្ទាប់មកខ្ញុំបានធ្វើការគូរគំនូរផ្ទាល់នៅចំពោះមុខពួកគេ។ គំនូរទាំងអស់របស់ខ្ញុំកើតឡើងពីការស្រមើស្រមៃរបស់ខ្ញុំ។ ប៉ុន្តែពេលខ្លះក្រុម Open Studio Cambodia ចែករំលែកគំនិតជាមួយគ្នាដែរ»។
លោកបានចូលរួមរំលែកសុខ និងទុក្ខជាមួយ Open Studio Cambodia ដែលជាសមូហភាពសិល្បករធ្វើការជាមួយសិល្បករខ្មែរសហសម័យនៅខេត្តសៀមរាប ក្នុងគ្រាដ៏លំបាកនៃការរាតត្បាតនេះ ប្រាក់ចំណូលដែលបានមកពីការលក់ស្នាដៃសិល្បៈរបស់លោក គឺជាផលប្រយោជន៍របស់ភាគីទាំង ២។
លោក រិទ្ធ បានអះអាងថា៖ «ខ្ញុំពិតជារីករាយក្នុងការចែករំលែកកម្រៃជើងសារបស់ខ្ញុំជាមួយ Open Studio Cambodia។ ប្រាក់ពីការលក់ស្នាដៃជួយគាំទ្រការផ្គត់ផ្គង់សិល្បៈការផលិតស៊ុម និងការដឹកជញ្ជូន និងស្វែងរកការតាំងពិព័រណ៍សិល្បៈថ្មីសម្រាប់សិល្បករ»។
Open Studio Cambodia ផ្តល់ជូនការចូលមើលស្ទូឌីយោ ដែលអ្នកទស្សនាអាចជួប និងជាវស្នាដៃដោយផ្ទាល់ពីសិល្បករខ្មែរ។
ក្នុងអំឡុងពេលធ្វើបទបង្ហាញ និងបើកការតាំងពិព័រណ៍ទោល លោក រិទ្ធ ក៏បានចែករំលែកជំនាញជាវិចិត្រករពណ៌ទឹក និងថ្នាំកាវប្លាស្ទិកថ្លា និងគំនិតរបស់លោកសម្រាប់សិល្បករជំនាន់ថ្មីក្នុងនាមជាអ្នកស្ម័គ្រចិត្ត។
ព័ត៌មានបន្ថែមមាននៅទំព័រ Facebook@openstudiocambodia ឬ www.openstudiocambodia.com/hom-rith.html៕