ភ្នំពេញ: ក្រោមការដាក់ទុនកម្លាំងកាយចិត្តហ្វឹកហាត់ក្បាច់រាំយ៉ាងទន់ភ្លន់បង្កប់ដោយអត្ថន័យ នាដកាខ្មែរ និងកូនខ្មែរនៅទឹកដីបារាំងដែលស្នេហាសិល្បៈរបាំបុរាណ និងសហសម័យ នឹងបង្ហាញទស្សនីយភាពសម្ដែងនៅ Chateau de Digeon នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២២។
ទំព័រហ្វេសប៊ុកសមាគមរបាំខ្មែរនេះ បានអំពាវនាវដល់បងប្អូនខ្មែរនៅបារាំងថា៖ «ការសម្ដែងសិល្បៈរបាំបុរាណខ្មែរ ដែលរៀបចំឡើងដោយសមាគមទេពមនោរម្យនៅថ្ងៃទី ១៤ ខែឧសភា ខាងមុខនេះ បានឈានជិតចូលមកដល់ហើយ ដោយអមជាមួយនឹងស្នាដៃថ្មីៗដែលបង្កើតឡើងដោយទេពមនោរម្យ»។
ក្រៅពីប្រកាសស្វាគមន៍ការកក់សំបុត្រឱ្យបានរួសរាន់ ប្រភពដដែលបានបន្តថា៖ «មិនត្រឹមតែការចូលទស្សនារបាំ ១ មុខទេ គឺលោកអ្នកអាចដើរកម្សាន្តទស្សនាលេងនៅក្នុងសួនច្បារដ៏ល្អស្រស់បំព្រងថែមទៀតផង»។
ទេពមនោរម្យមានការហ្វឹកហាត់របាំបុរាណខ្មែររាល់ថ្ងៃសៅរ៍ ដែលបង្ហាត់ដោយអ្នកគ្រូ ចាប ចំរើនតុលា និងអ្នកគ្រូ ចាប ចំរើនមិនា ប្រកបដោយគុណភាព ហើយការបង្ហាត់បង្ហាញយ៉ាងយកចិត្តទុកដាក់ និងបន្ថែមជាមួយការមើលថែយ៉ាងហ្មត់ចត់ពីព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កល្យាណទេវី រួមជាមួយ លោក Neaka Lim និង លោក Nimara Hin។
ដើម្បីត្រៀមការសម្ដែងនៅថ្ងៃសៅរ៍នេះ សមាគមក៏មានសកម្មភាពរៀបចំការសំពះគ្រូ ដែលត្រូវបានធ្វើសម្រាប់មុន និងចេញសម្ដែង ដើម្បីប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល ហើយសូមឱ្យសិស្សមិនភ័យលើឆាក និងទទួលបានជោគជ័យក្នុងការសម្ដែង៕