ក្រុងម៉ៃអាមី៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីសប្ដាហ៍មុនថា អ្នកដំណើរម្នាក់ដែលគ្មានបទពិសោធហោះហើរបានចុះចតយន្តហោះតូចមួយនៅឯអាកាសយានដ្ឋានរដ្ឋផ្លរីដា បន្ទាប់ពីអ្នកបើកយន្តហោះជួបបញ្ហារវើរវាយ ដោយត្រូវការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ។
សារព័ត៌មាន NBC បានរាយការណ៍ថាអ្នកបើកបរយន្តហោះដ៏ចៃដន្យរូបនេះ ជាអ្នកដំណើរតែម្នាក់គត់នៅលើយន្ដហោះម៉ាស៊ីនតែមួយ Cessna 208 បានពឹងផ្អែកលើការណែនាំចរាចរណ៍ផ្លូវអាកាសដើម្បីធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Palm Beach ចម្ងាយប្រហែល ១១០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងម៉ៃអាមី។
NBC បានរាយការណ៍ថាមន្ត្រីនៅ Fort Pierce ភាគខាងជើងនៃ Palm Beach បានទទួលការហៅទូរស័ព្ទបន្ទាន់មួយនៅវេលាថ្ងៃត្រង់នៃថ្ងៃអង្គារពីអ្នកដំណើរដោយនិយាយថា៖«ខ្ញុំជួបស្ថានភាពធ្ងន់ធ្ងរនៅទីនេះ»។
លោកបានបន្ដថា៖ «អ្នកបើកបររបស់ខ្ញុំមានការរវើរវាយ។ ខ្ញុំមិនដឹងពីរបៀបហោះហើរយន្តហោះនោះទេ»។
ពេលសួររកមុខតំណែងបុរសរូបនេះបាននិយាយថា «ខ្ញុំមិនដឹងទេ» ប៉ុន្តែថា លោកអាចមើលឃើញឆ្នេរផ្លរីដា។
មន្ត្រីចរាចរណ៍ផ្លូវអាកាសបានប្រាប់ថា៖ «រក្សាកម្រិតស្លាបហើយគ្រាន់តែព្យាយាមហោះតាមឆ្នេរសមុទ្រមិនថាខាងជើង ឬខាងត្បូងទេ។ យើងកំពុងព្យាយាមស្វែងរកអ្នក»។
អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសលោក Robert Morgan បាននិយាយថាបទពិសោធរបស់លោកជាគ្រូបង្រៀនជើងហោះហើរបានជួយលោកណែនាំអ្នកដំណើរដែលឈ្មោះមិនត្រូវបានបញ្ចេញឱ្យដឹងឡើយ នៅពេលចុះចតយន្តហោះ។
លោក Morgan បានប្រាប់ CNN ថា៖ «គាត់មានស្មារតីនឹងនរល្អណាស់គាត់គ្រាន់តែនិយាយថា៖ «ហេ!ខ្ញុំគ្រាន់តែមិនដឹងពីរបៀបហោះហើរទេតើ ដឹងទេ? ខ្ញុំមិនដឹងថាត្រូវបញ្ឈប់រឿងនេះដោយរបៀបណា ប្រសិនបើខ្ញុំអាចឱ្យចុះដល់ដីបាន»។
លោកបានបន្ថែមថា៖ «ខ្ញុំមានអារម្មណ៍ថាខ្ញុំស្ទើរតែស្រែកយំដោយសារតែការបារម្ភព្រឺព្រួចយ៉ាងខ្លាំងបន្ទាប់ពីឧបទ្ទវហេតុនេះ»។
លោក Morgan បានបន្ថែមថាអ្នកដំណើររូបនោះ បានឱបលោក និងអរគុណលោកដែលបានជួយរូបគេឱ្យត្រឡប់ទៅជួបប្រពន្ធមានផ្ទៃពោះវិញដោយសុវត្ថិភាព។
ស្ថានភាពរបស់អ្នកបើកយន្តហោះ ឬបញ្ហានៃការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ដ្រមិនត្រូវបានបញ្ចេញឱ្យដឹងភ្លាមៗនោះទេ។ ប៉ុន្តែកងកម្លាំងសង្គ្រោះអគ្គិភ័យ Palm Beach Fire Rescue បានឱ្យដឹងថា មានអ្នកជំងឺម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីយន្តហោះចុះដល់ដី៕ AFP/HR