ភ្នំពេញៈ កម្រងស្នាដៃថ្មីប្លែកមិនសូវបានឃើញនៅកម្ពុជា គំនូរសិល្បៈអាក្រាតកាយ ១២ ផ្ទាំង រំលេចទឹកមុខកាយវិការខុសៗគ្នា ដែលហាក់បង្កប់អារម្មណ៍ចម្រុះរបស់សិល្បករ ហេង រ៉ាវុធ។ ស្នាដៃសិល្បៈក្រោមប្រធានបទ «ខ្លួនខ្ញុំ កាយខ្ញុំ លោករបស់ខ្ញុំ» នេះបានសម្ពោធដាក់តាំងនៅវិចិត្រសាលសិល្បៈត្រជាក់ភ្នែក ពីថ្ងៃទី ៩ ឧសភា និងបន្តស្វាគមន៍អ្នកទស្សនារហូតដល់ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២២។
គំនូរអាគ្រីលិកលើក្រណាត់ទាំងនេះ ត្រូវបានសិល្បករ រ៉ាវុធ បកស្រាយអត្ថន័យថា៖ «ស្រុកខ្មែរយើង អ្នកខ្លះគាត់ថា ការងារយើងជារូបអាក្រាតនេះមិនល្អ ពេលមើលនឹងភ្នែក តែខ្ញុំគិតថា វាជាធម្មជាតិរបស់យើង ដែលគ្មាននរណាគេចផុត ឬលាក់បាំងបានទេ។ អ៊ីចឹងបានខ្ញុំព្យាយាមបង្ហាញអ្នកមើលថា វាជារឿងធម្មតា ព្រោះនៅស្រុកគេសិល្បៈបែបនេះមានយូរហើយ តែខ្មែរយើងនៅមិនទាន់ទូលំទូលាយ។ យើងគ្រាន់តែចង់បង្ហាញពីស្នាដៃបែបសិល្បៈទម្រង់ថ្មី»។
ក្នុងការគូររូបបែបអាក្រាតកាយនេះថា លោកចង់និយាយទាក់ទងពីអារម្មណ៍ខាងក្នុងដោយបញ្ចេញមកក្រៅតាមរូបភាពដងខ្លួន។
សិល្បករវ័យ ៣៧ ឆ្នាំរូបនេះ ឱ្យដឹងពីគំនិតបំផុស ដែលនាំឱ្យលោកបង្កើតស្នាដៃនេះមក ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ពេលខ្លះខ្ញុំក៏មិនដឹងដែរថា វាកើតឡើងពីណាទេ ដែលចង់ធ្វើគំនូរបែបនេះ។ តែបើតាមចាំ ខ្ញុំគិតថាមានពេលមួយ ដែលខ្ញុំបានរៀនថតរូប ដោយពេលនោះខ្ញុំក៏កំពុងរៀនគំនូរនៅសាលាវិចិត្រសិល្បៈដែរ ខ្ញុំក៏រៀនថតរូបខ្លួនឯង និងថតបែបជាសិល្បៈ។ ខ្ញុំក៏មានគំនិតចង់យកការងារ ដែលខ្ញុំថតរូបហ្នឹងមកធ្វើជាការងារគំនូរ។ ចាប់ពីពេលហ្នឹងមកខ្ញុំក៏ផ្តោតទៅលើការងារអំពីរាងកាយរបស់ខ្លួនឯងរហូតមក»។
លោកថា អារម្មណ៍ខ្លះអត់ច្បាស់ ស្រពេចស្រពិល រញ៉េរញ៉ៃ ដែលពិបាករៀបរាប់ចេញជាពាក្យសម្ដី។
ប៉ុន្តែលោកគិតថា ភាសាកាយ អាចបញ្ជាក់បានខ្លាំងជាងពាក្យពេចន៍។ ស្នាដៃទាំងនេះមិនបានផ្តោតទៅលើអត្ថន័យចំពីអវយវៈភេទទេ តែវាបង្កប់អត្ថន័យក្នុងហ្នឹងតាមការយល់ឃើញរបស់អ្នកទស្សនា។
អ្នកទស្សនាចម្រុះជាតិសាសន៍ ចូលទៅទស្សនាស្នាដៃរបស់លោកកាលពីថ្ងៃបើកសម្ពោធពិព័រណ៍ «ខ្លួនខ្ញុំ កាយខ្ញុំ លោករបស់ខ្ញុំ»។
អ្នកខ្លះក៏ដើរមើលពី ១ ផ្ទាំង ទៅ ១ ផ្ទាំងដោយទឹកមុខចាប់អារម្មណ៍ ខ្លះក៏មានទឹកមុខពេញទៅដោយចម្ងល់ ខណៈអ្នកទស្សនាមួយចំនួនទៀតបានជួបនិយាយជាមួយម្នាស់ស្នាដៃដោយផ្ទាល់។
សិល្បៈនៅទីក្រុងភ្នំពេញរូបនេះបានរៀបរាប់ថា៖ «ខ្ញុំក៏មិនដឹងដែរថា ប្រជាជនខ្មែរដែលទៅមើលស្នាដៃយើង គាត់គិតយ៉ាងម៉េច ព្រោះយើងមិនបានឮផ្ទាល់ ហើយក៏មិនឃើញមានអ្នកណាបញ្ចេញមតិយោបល់អីនៅនឹងមុខយើង តែខាងក្នុងពួកគាត់គិតបែបណា ខ្ញុំក៏មិនដឹងដែរ។ តែបើចំពោះភ្ញៀវបរទេស ពួកគាត់ថា គួរឱ្យចាប់អារម្មណ៍ណាស់»។
រូបនីមួយៗ ដែលនៅលើផ្ទាំងគំនូរក្នុងទំហំ ៣ ខ្នាត ពីខ្នាតតូច ៧០ គុណ ១០០ សង់ទីម៉ែត្រ ខា្នតកណ្ដាល ៩០ គុណ ១២០ សង់ទីម៉ែត្រ និងធំជាងគេគឺខ្នាត ១២០ គុណ ១៥០ សង់ទីម៉ែត្រ នេះ ពេលមើលឱ្យជិតគេឃើញ ក្រៅពីរូបរាងកាយរបស់មនុស្សអាក្រាតនៅលើខ្លួនបង្កប់រូបមនុស្សខ្លួនតូចៗ ផ្គុំគ្នាឡើងបានជារូបមនុស្សធំ។
លោក រ៉ាវុធ និយាយថា វាប្រៀបដូចជាសរសៃឈាមមនុស្សដែលឆ្លុះចេញមកខាងក្រៅ ហើយរូបមនុស្សតូចៗហ្នឹងអាចនិយាយបានថា ជាអារម្មណ៍ច្រើនរបស់លោក ដែលប្រជ្រៀតគ្នា ស្រវេស្រវាចេញពីខ្លួនលោក។
លោកបានបន្ថែមថា៖ «សម្រាប់ការងារនេះ ខ្ញុំគិតថា វាអាចជួយបញ្ចេញអារម្មណ៍តានតឹង ដែលយើងខ្ជិលនិយាយប្រាប់ទៅគេ ហើយយើងអាចបង្ហាញគេតាមគំនូរនេះ»។
សម្រាប់គម្រោងទៅថ្ងៃអនាគត លោកមិនធ្លាប់ចង់ធ្វើសិល្បៈអីផ្សេង ហើយបោះបង់ពីការគូររូបខ្លួនឯងនោះទេ។ លោកនៅតែចង់បន្តធ្វើលើស្នាដៃទម្រង់បែបនេះដោយអភិវឌ្ឍបច្ចេកទេសបន្ថែម។
លោកក៏បានបង្ហើរសារទៅកាន់ប្រិយមិត្តផងដែរថា៖ «សង្ឃឹមថាសិល្បៈយើងនឹងបន្តរីកចម្រើន ហើយសូមឱ្យអ្នកអាន ដែលគាត់ជាអ្នកជួយស្រុកខ្មែរ ពេលមានការងារពិព័រណ៍ផ្សេងៗ ខ្ញុំសូមលើកទឹកចិត្ត និងឱ្យពួកគាត់បើកចិត្តចូលមកទស្សនា ដើម្បីឱ្យគាត់យល់ពីសិល្បៈគំនូរហ្នឹងឱ្យបានច្រើនជាងមុន។ ពេលខ្លះសង្គមយើងរាល់ថ្ងៃពេលឮសិល្បៈគាត់គិតថា អត់មានអីទេក្រៅពីរាំច្រៀង តែគាត់ភ្លេចថាមានពួកយើងដែរ ដែលជាជាងចម្លាក់ និងគំនូរក៏ជាសិល្បៈដូចគ្នា»។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook.com/STPCambodia៕