ភ្នំពេញ: ភាពយន្ត «គ្រួសារ» (Coalesce) ដែលនិពន្ធ និងដឹកនាំដោយ លោក Jesse Miceli ផ្ដិតយកសាច់រឿងសង្គមដោយផ្ដោតលើបុរស ៣ នាក់ មានវ័យ សាវតារ និងស្ថានភាពខុសៗគ្នា ត្រូវបានចាក់បញ្ចាំងនៅមជ្ឈមណ្ឌល Barbican Centre នៃមហោស្រពភាពយន្ត Queer East Film Festival កាលពីថ្ងៃទី ១៩ ខែឧសភា។
បុរសក្មេងជាងគេ សុងសា មកពីសហគមន៍ក្រីក្រ និងត្រូវបង្ខំឱ្យលក់ខោអាវចល័តតាមរ៉ឺម៉ក មុននឹងផ្សារភ្ជាប់ទំនាក់ទំនងជាមួយតន្ត្រី death metal។
បុរសម្នាក់ទៀតឈ្មោះ ធី ជាអ្នកនៅជាយក្រុង បម្រើការដោយប្រើពលកម្ម និងរាប់ខ្លួនឯងជាកូនសម្អប់ក្នុងគ្រួសារ។ ធី ធ្លាប់គេងជាមួយបុរស និងនារី ប៉ុន្តែអ្វីដែលច្បាស់ គឺបទពិសោធផ្លូវភេទដូចគ្នាជាថ្នូរនឹងប្រាក់។ បំណងចង់ទិញម៉ូតូ និងដើរហើរមានសេរីភាព បានធ្វើឱ្យធីចូលបម្រើការជាអ្នករាំនៅបារ៍ប្រុសស្រឡាញ់ប្រុស។
តួអង្គម្នាក់ទៀត ជាបុរសរៀបការរួចឈ្មោះ ភារម្យ ចំណាយពេលរត់តាក់ស៊ីដោះបំណុល និងពុំមានពេលសប្បាយនឹងគេ។ ភារម្យ ដឹកភ្ញៀវទៅកាន់តំបន់ទេសចរណ៍ វប្បធម៌ និងកម្សាន្តនៃទីក្រុងភ្នំពេញ ជាបេះដូងនៃសេដ្ឋកិច្ច ឧស្សាហកម្ម និងវប្បធម៌នៃកម្ពុជា ដែលទាក់ទាញទេសចរមកពីគ្រប់ទិសទី និងអ្នកវិនិយោគចិន។
អ្នកដឹកនាំរឿងប្រើសកម្មភាពដ៏មមាញឹកនៃទីក្រុង ជាពិសេសពន្លឺភ្លើងណេអុងពេលរាត្រី ដោយឈុតឆាកស្រុកស្រែត្រូវបានថតនៅពេលព្រឹក។ ឈុតឆាកភាគច្រើនបង្ហាញតួអង្គធ្វើដំណើរតាមផ្លូវ ដែលស្ដែងពីជីវិតឥតសម្រាក។
អ្នកដឹកនាំរឿង Miceli ពុំប្រើភាពយន្តនេះដើម្បីវាយតម្លៃតួអង្គណាមួយទេ ដោយរាល់ការសម្រេចចិត្តរបស់ពួកគេ គឺជាការឆ្លើយតបនឹងកាលៈទេសៈដ៏លំបាកនៃជីវិត។ ជាជាងជ្រើសយកការលំបាកតូចចិត្ត តួអង្គជ្រើសរើសការដើរតាមគន្លងវាសនា និងរក្សាកូនចិត្តនៃក្ដីសង្ឃឹម។
លោក Miceli បានបម្រើការនៅក្រុមហ៊ុនផលិតកម្មជាច្រើន បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកភាពយន្តនៅ Sorbonne Nouvelle University ក្រុងប៉ារីស។ នៅដើមទសវត្សរ៍ឆ្នាំ ២០១០ លោកបានមកលេងកម្ពុជា និងជាប់ចិត្តនឹងរាជាណាចក្រនេះ ដោយបន្តផលិតភាពយន្តជាភាសាខ្មែរ ជាមួយតួសម្ដែងកម្ពុជា និងក្រុមការងារផលិតក្នុងស្រុក។
វិលត្រឡប់មកភាពយន្តរឿង «គ្រួសារ» ចម្ងល់ស្ថិតត្រង់ថា តើវាសនារបស់បុរសទាំង៣ក្នុងដំណើររត់រកប្រាក់ចិញ្ចឹមជីវិតនៅក្នុងពិភពលោក ដែលប្រែប្រួលយ៉ាងឆាប់រហ័សនេះនឹងទៅជាយ៉ាងណា។
Queer East Film Festival គឺជាមហោស្រពភាពយន្តផ្ដោតលើវណ្ណកម្មពុំសូវត្រូវបានចាក់បញ្ចាំង និងភាពយន្តមានសាច់រឿងប្រុសស្រឡាញ់ប្រុស ស្រីស្រឡាញ់ស្រី អ្នកស្រឡាញ់ពហុភេទ អ្នកកែភេទ និងអ្នកមិនអាចកំណត់ភេទខ្លួនឯង។ មហោស្រពស្វាគមន៍ភាពយន្តពីអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់សំឡេងសហគមន៍អាស៊ីនៅអង់គ្លេស។
នេះជាលើកទី៣ នៃមហោស្រព Queer East Film Festival ដែលបានចាប់ផ្ដើមពីថ្ងៃទី ១៨ និងបន្តដល់ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២។
ព័ត៌មានបន្ថែមពីមហោស្រព និងការទស្សនាសម្រង់វីដេអូខ្លីពីរឿង «គ្រួសារ» មាននៅវេបសាយ queereast.org.uk/film/coalesce/៕