ភ្នំពេញៈ ក្រៅពីមានឆន្ទៈខិតខំបណ្តុះបណ្តាលជំនាញរបាំបុរាណ របាំប្រជាប្រិយល្ខោនខោល និងរបាំបុរាណនានា ដល់យុវជនឥតគិតថ្លៃមានច្រើនជំនាន់មកនោះ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ក៏នៅតែបន្តរៀបចំពិធីសំពះគ្រូធំប្រចាំឆ្នាំដដែល ដើម្បីផ្សព្វផ្សាយការយល់ដឹងពីកេរមរតកវប្បធម៌ពីដូនតា ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ។
ពិធីសំពះគ្រូធំប្រចាំឆ្នាំនៃក្រុមសិល្បៈយុវជនល្ខោនខោល និងក្រុមរបាំបុរាណជំនាន់ថ្មី នឹងប្រារព្ធធ្វើនៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ នេះ ក្នុងសាលនៃទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅក្នុងរាជធានីភ្នំពេញ។
បើតាមសេចក្តីប្រកាសជូនដំណឹងពីគេហទំព័រនៃក្រុមសិល្បៈយុវជន ល្ខោនខោល និងរបាំជំនាន់ថ្មី បានឱ្យដឹងថា កម្មវិធីសំពះគ្រូធំដែលនឹងប្រារព្ធធ្វើឡើង នាចុងខែឧសភា ឆ្នាំ ២០២២ នេះគឺជាការក្រាបបង្គំទូលថ្វាយ និងគោរពជូនដល់បងប្អូនប្រិយមិត្ត ដែលស្រឡាញ់ទម្រង់សិល្បៈបុរាណខ្មែរទាំងអស់ សូមចូលរួមឧបត្ថម្ភគាំទ្រ សម្ភារក្តីជាថវិកាក្តី តាមសន្តានទឹកចិត្ត ដើម្បីឱ្យការរៀបចំពិធីសំពះគ្រូធំប្រចាំឆ្នាំ ២០២២ នៃក្រុមសិល្បៈយុវជនល្ខោនខោល និងក្រុមរបាំបុរាណជំនាន់ថ្មី https://www.facebook.com/ 2249348741991434/videos/409540627665015 ប្រារព្ធធ្វើឡើងប្រកបដោយភាពឱឡារិក។
ជាប្រធានក្រុម និងជាគ្រូរបាំនៃក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំជំនាន់ថ្មី លោក ហង់ ភូមិរ៉ា មានវ័យ ៣៣ ឆ្នាំ ដែលក្នុងស្រទាប់យុវវ័យ និងមហាជនភាគច្រើនបានស្គាល់លោក នៅក្នុងតួអង្គរបាំទម្រង់ល្ខោនខោលជាតួយក្ស តួស្វា និងជាពិសេសតួអង្គ «យាយកន្តែរ៉ែ» នាពេលរៀបចំពិធីបុណ្យភូមិនោះបង្ហើបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីគោលបំណងនៃការបន្តរៀបចំពិធីសំពះគ្រូនេះថា៖ «គោលបំណង ចង់បង្ហាញពិធីសំពះគ្រូល្ខោនខោល របាំបុរាណ និងទម្រង់សិល្បៈបុរាណនានាដែលជាការចូលរួមថែរក្សានូវមរតកវប្បធម៌ដូនតា ដល់កូនខ្មែរជំនាន់ក្រោយៗ និងមហាជនទូទៅ ឱ្យបានស្វែងយល់ដឹងទម្រង់សិល្បៈបុរាណនេះ។ ពិធីសំពះគ្រូនេះ ប្រសិនបើយើងមិនរៀបចំធ្វើ ហើយបង្ហាញជាសាធារណៈទេ យូរៗទៅអាចនឹងបាត់បង់ទំនៀមទម្លាប់ពីបុរាណកាលមក»។
លោក ហង់ ភូមិរ៉ា ក៏បន្តឱ្យដឹងពីចំនួនសិស្សសិល្បៈចូលរួម និងបែបបទនៃការធ្វើពិធីសំពះគ្រូពីបុរាណមកថា៖ «កម្មវិធីសំពះគ្រូនៅថ្ងៃទី ២៩ ខែឧសភានេះ បើតាមគម្រោងនោះយើងនឹងមានសិស្សសិល្បៈទាំងអស់មកពីតំបន់នានាទាំងក្រុង និងខេត្ត អាចមានប្រមាណជិត ៥០០ នាក់ មកចូលរួម។ ដោយយើងមានទីធ្លាធំទូលាយ អាចរៀបចំតាមគន្លងថ្មីក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់។ ពិធីសំពះគ្រូនេះ បើធ្វើតាមទំនៀម គឺអាចមានរយៈពេលយូរម៉ោង ដោយសារតែមានចម្រៀង ៣៣ បទឯណោះ ដើម្បីច្រៀងថ្វាយរំឭកអញ្ជើញដល់គ្រូធំនៃសិល្បៈបុរាណគ្រប់ទម្រង់។ តែពេលបច្ចុប្បន្ននេះ ខ្ញុំឃើញគេធ្វើកាត់ៗ ហើយមានចម្រៀងតែ ៣-៤ បទប៉ុណ្ណោះ។
ដោយមើលឃើញពីតម្លៃនៃសិល្បៈ និងចង់ឱ្យមានការរីកចម្រើនបន្តដល់ក្មេងជំនាន់ក្រោយនោះ ទើបជំរុញឱ្យក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី ប្រកាសបន្តពីឆន្ទៈខ្លួនក្នុងការបណ្តុះបណ្តាលជំនាញនៃទម្រង់សិល្បៈរបាំបុរាណ របាំប្រជាប្រិយ ល្ខោនខោល និងរបាំប្រពៃណីទំនៀមទម្លាប់ទៅដល់យុវជនគ្រប់ស្រទាប់ឥតគិតថ្លៃ បានចំនួនប្រមាណជាង ១០ ជំនាន់មកហើយចាប់តាំងពីឆ្នាំ ២០១៩ មកនោះ។ ហើយដោយសារមានទីកន្លែងទូលាយសម្រាប់បង្ហាត់បង្រៀន និងមិនប្រកាន់វ័យនោះ ទើបទទួលការចាប់អារម្មណ៍ពីសិស្សច្រើន។
លោក ហង់ ភូមិរ៉ា ក៏ធ្លាប់បានឱ្យដឹងពីការខិតខំបើកឱ្យមាននូវក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ដ៏លំបាកនេះផងដែរថា៖ «សិល្បៈទម្រង់បុរាណនេះ យើងពិតជាមិនអាចបង្ខំ ឬដាក់កំណត់ដល់យុវជនឡើយគឺយើងចង់បានអ្នកមានទឹកចិត្តស្រឡាញ់ ហើយចង់ហាត់រៀនរបាំនានា ដែលជាមរតករបស់ខ្មែរពីបុរាណ ហើយការរៀននេះ យើងមិនបានគិតប្រាក់ឡើយ ខណៈរូបខ្ញុំផ្ទាល់ និងក្រុមលោកគ្រូអ្នកគ្រូជំនាញសិល្បៈបុរាណជាច្រើនបានលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួនជាច្រើនឆ្នាំមកហើយ ដើម្បីបុព្វហេតុចង់ជួយបង្ហាត់បង្រៀនយុវជនខ្មែរ ឱ្យចេះដឹងពីវប្បធម៌ខ្លួន»៕