ភ្នំពេញៈលោក តាន់ គីមសួរ ប្រធានក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវ៉ររៀរ នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២ បានដាក់លិខិតជារបាយការណ៍មួយទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីសុំឱ្យអង្គភាពនេះស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការដោះដូរដីព្រៃភ្នំតាម៉ៅជាង ២ ០០០ ហិកតា។
លោក តាន់ គីមសួរ បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែមិថុនាថា៖ «ខ្ញុំពិតជាបានដាក់លិខិតនោះមែនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយក្រោយពីបានមើលឃើញថាមានភាពខុសប្រក្រតីរវាងលិខិតលេខ ៣២ សជណ និងក្រោយពីស្តាប់ការបកស្រាយរបស់លោក Rithy Chhor ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរហ្វ្រេសមិល ឯ.ក (Khmer Fresh Milk Co., Ltd) »។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានអារម្មណ៍ថារឿងរ៉ាវមិនប្រក្រតីជាច្រើនកំពុងតែកើតមានឡើងនៅពីក្រោយនៃការរៀបចំគម្រោងដោះដូរទីតាំង និងផ្ទេរកម្មសិទ្ធិដីទំហំ ៨០០ ហិកតា ដែលស្ថិតនៅតំបន់ភ្នំតាម៉ៅ។ អ្វីដែលយើងស្នើសុំទៅអង្គភាព ACU គឺដោយសារតែមានក្តីបារម្ភខ្លាចមានករណីក្លែងបន្លំឯកសារក្នុងរឿងនេះ»។
យ៉ាងណាក្ដីលោកថា លទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងទេ តែការដាក់លិខិតទៅកាន់អង្គភាព ACU ដើម្បីស្នើឱ្យមានការស៊ើបអង្កេតអំពីភាពមិនប្រក្រតី។
បើយោងតាមសំឡេងក្នុង messenger របស់លោក Rithy Chhor ដែលបានបញ្ជាក់ប្រាប់ទៅលោក តាន់ គីមសួរ បានឱ្យដឹងថា ក្រុមហ៊ុនខ្មែរ ហ្វ្រេស មិល ឯ.ក របស់លោកក៏ជាអ្នករងគ្រោះដែរ ប្រសិនបើមានករណីខុសប្រក្រតីដូចជានៅក្នុងលិខិតលេខ ៣២ សជណ ចុះថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ របស់ទីស្តីការគណៈរដ្ឋមន្រ្តីមែននោះ។
លោក Rithy Chhor បញ្ជាក់ពីប្រវត្តិរបស់ក្រុមហ៊ុនលោក ដោយសារតែមានការភាន់ច្រឡំច្រើនពីមហាជនមកលើក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក ពីករណីដោះដូរទីតាំងនោះថា៖ «តាមពិតក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក ជាក្រុមហ៊ុនដែលមានទីតាំងនៅភ្នំតាម៉ៅនោះ គឺជាក្រុមហ៊ុនបង្កើតឡើងដោយ Fund មាន ៤0 ភាគរយទទួលបានមូលនិធិពីEMIមកពីតំបន់អឺរ៉ុប និង ៤០ ភាគរយទទួលបានមូលនិធីពី Nexasia មកពីជប៉ុននិងសិង្ហបុរីសរុបចំនួន ៨០ ភាគរយ និងមាន Co-founder ចំនួន ២០ ភាគរយ ដែលមានភាគហ៊ុនជាមួយជនជាតិខ្មែរនិងអ៊ីស្រាអែល។ក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដោយមានការចុះបញ្ជីតាមរយៈ CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)។
លោកបានបញ្ជាក់ទៀតថា «ក្រុមហ៊ុន ខ្មែរហ្វ្រេស មិល ឯ.ក គឺជាក្រុមហ៊ុនមួយដែលទទួល Fund ពីបរទេស ហើយមិនមានសិទ្ធិក្នុងការទិញដី ឬធ្វើអ្វីនោះទេ ដើម្បីធ្វើការវិនិយោគ។ ចំពោះដីចំនួន ៣០០ហិកតា ដែលមានទីតាំងនៅភ្នំតាម៉ៅនោះគឺយើងជួលពីរាជរដ្ឋាភិបាលក្នុងរយៈពេល៤០ឆ្នាំ។ពួកខ្ញុំក៏ពិបាកយល់ដែរចំពោះ សជណចុះថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី…»។
បើយោងតាម ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដោះដូរទីតាំងដីស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅទំហំ ៣០០ ហិកតា និងទីតាំងដីរដ្ឋបាលព្រៃឈើភ្នំតាម៉ៅទំហំ ៥០០ ហិកតា ស្ថិតនៅឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ជាមួយក្រុមហ៊ុនខ្មែរហ្វ្រេសមិលឯ.ក ហើយអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិឱ្យក្រុមហ៊ុននិងដៃគូសហការមុនធ្វើការអភិវឌ្ឍ។
ភ្នំពេញប៉ុស្តិ៍នៅពុំទាន់អាចទាក់ទងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីសុំការបញ្ជាក់ពីការដាក់របាយការណ៍ករណីដីនៅភ្នំតាម៉ៅនេះបាននៅទេ នៅថ្ងៃទី ១៣ ខែមិថុនា។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលថា ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នឹងត្រូវរុះរើផ្ទេរទៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី នោះ កាលថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២២ កន្លងទៅ លោក ញឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅធ្លាប់បានបដិសេធរួចហើយ។
លោក រតនៈពេជ្រ បានបញ្ជាក់ថា៖ «ករណីនេះសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅពុំមានផែនការរុះរើ ឬផ្ទេរទៅកាន់ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរីនោះទេ ដូច្នេះពុំមានផលប៉ះពាល់ដល់សត្វព្រៃមួយចំនួនដែលកំពុងតែរស់នៅទីនេះឡើយ»។
លោកបានបន្តថា ហ្វូងប្រើស រមាំង ជ្រូកព្រៃ និងសត្វស្លាបទាំងអស់នេះត្រូវបានដោះលែងឱ្យរស់នៅក្នុងបរិវេណឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ ហិកតា និងមានរបងសុវត្ថិភាពព័ទ្ធជុំវិញក្នុងគោលបំណងបម្រើឱ្យការងារអប់រំ ការបង្កាត់ពូជ និងកាត់បន្ថយជម្លោះរវាងសត្វព្រៃនិងសហគមន៍មូលដ្ឋាន។
លោកបានឱ្យដឹងទៀតថា បន្ថែមពីលើនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ទុនបន្ថែមសម្រាប់គម្រោងអភិវឌ្ឍន៍ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅទៀតផង ក្នុងនោះរួមមាន គម្រោងស្ថាបនាកែលម្អគុណភាពប្រព័ន្ធផ្លូវក្នុងឧទ្យានមានប្រវែងជាង ១៥ គីឡូម៉ែត្រ គម្រោងសាងសង់បន្ទប់អនាម័យចំនួន ៥ កន្លែង គម្រោងសាងសង់អគាររដ្ឋបាល ១ កន្លែង និងគម្រោងសាងសង់មជ្ឈមណ្ឌលកម្សាន្ត កសាងអាងស្តុកទឹក ១ ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់តម្រូវការប្រចាំថ្ងៃរបស់ឱទ្យាន កសាងខ្លោងទ្វារចំនួន ២ កន្លែង និងមានដាំដើមឈើ ផ្កាលម្អតាមផ្លូវជាង ១ ម៉ឺនដើម ដើម្បីបម្រើសេវាកម្មទេសចរណ៍ ដើម្បីរកចំណូលដល់សហគមន៍មូលដ្ឋាន និងជួយឱ្យឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅធានាបាននិរន្តរភាពប្រចាំថ្ងៃផងដែរ៕