
លោក Julio A. Jeldres កាន់សៀវភៅ«តួអប្សរាព្រះរាជទ្រព្យដំបូង»ដែលលោកនិពន្ធ។ ហុង មិនា
ភ្នំពេញៈ កម្រងសៀវភៅស្តីពីព្រះជីវប្រវត្តិរបស់ព្រះរាជបុត្រី បុប្ផាទេវី មានចំណងជើងថា «តួអប្សរាព្រះរាជទ្រព្យដំបូង-The First Royal Apsara» ដែលមានប្រមាណ ១៨៤ ទំព័រ ជាស្នាដៃនិពន្ធដោយលោករាជទូត Julio A. Jeldres ត្រូវបានបោះពុម្ពផ្សាយជាលើកដំបូងប្រមាណ ២ ០០០ ក្បាល បន្ទាប់ពីបានប្រើពេលសិក្សាស្រាវជ្រាវអស់ ៣ ឆ្នាំ។
កាលពីព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២២ សាលារបាំនរោត្តម បុប្ផាទេវី និងលោករាជទូត Julio A. Jeldres អ្នកនិពន្ធជនជាតិឈីលី បានបើកសន្និសីទសារព័ត៌មាន ស្តីពីការចេញផ្សាយសៀវភៅដែលជាស្នាដៃនិពន្ធរបស់លោកមានចំណងជើងថា «តួអប្សរាព្រះរាជទ្រព្យដំបូង»។
ក្នុងការធ្វើសន្និសីទនេះ ក៏មានវត្តមានជាកិត្តិយស ពីសំណាក់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វាក់ជីរ៉ាវុឌ្ឍ ជាបុត្រារបស់ព្រះរាជបុត្រី បុប្ផាទេវី និងជាព្រះប្រធានសមាគមសប្បុរសធម៌បុប្ផាទេវី វត្តមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ ព្រះប្រធានសាលារបាំនរោត្តម បុប្ផាទេវី លោករាជទូត Julio A. Jeldres ដែលជាទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ និងលោកស្រីសាស្ត្រាចារ្យ ឱម យុវណ្ណឌី ជាសាស្ត្រាចារ្យទទួលបន្ទុកនៃសាលារបាំនរោត្តមបុប្ផាទេវី។
លោករាជទូត Julio A. Jeldres បានថ្លែងថា៖ «ការសិក្សាស្រាវជ្រាវដើម្បីនិពន្ធសៀវភៅនេះ គឺជារឿងដ៏លំបាកបំផុតមួយសម្រាប់ខ្ញុំ ដោយតម្រូវឱ្យមានការពិភាក្សា និងធ្វើបទសម្ភាសច្រើន ជាមួយនឹងក្រុមព្រះរាជវង្សានុវង្ស ហើយទម្រាំបានជាលទ្ធផលបោះពុម្ពផ្សាយដូចបានឃើញ នៅថ្ងៃនេះ យើងប្រើពេលចំនួន ៣ ឆ្នាំ ទើបគ្រប់គ្រាន់»។
លោករាជទូតបានបន្តថា៖ « សៀវភៅ The First Royal Apsara នេះ មិនត្រឹមតែជាព្រះរាជជីវប្រវត្តិរបស់ព្រះរាជបុត្រីបុប្ផាទេវី តែប៉ុណ្ណោះទេ ក៏មានការបូកបញ្ចូលអំពីព្រះរាជកិច្ច កាលពីទ្រង់គង់នៅជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសកម្មភាពបង្ហាត់បង្រៀនសិល្បៈរបាំព្រះរាជទ្រព្យទៀត។ សរុបទៅនៅក្នុងសៀវភៅនេះ ខ្ញុំបានបែងចែកចំនួន ៧ ជំពូក សំខាន់ៗ»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិវាក់ជីរ៉ាវុឌ្ឍ ជាបុត្រា របស់ព្រះរាជបុត្រីបុប្ផាទេវី និងជាព្រះប្រធានសមាគមសប្បុរសធម៌បុប្ផាទេវី ក៏បានសម្តែងនូវព្រះហឫទ័យ នូវព្រះបន្ទួលសោមនស្សរីករាយ នាឱកាសបើកសន្និសីទសារព័ត៌មាន ស្តីពីការចេញផ្សាយសៀវភៅដំបូង «តួអប្សរាព្រះរាជទ្រព្យដំបូង» នោះផងដែរ។
ព្រះអង្គម្ចាស់ មានព្រះបន្ទូលថា៖ «ខ្ញុំរីករាយណាស់ ពេលសៀវភៅនេះ បានបោះពុម្ពជាលើកដំបូង។ ការនិពន្ធជាសៀវភៅនេះឡើង មិនមែនត្រឹមតែជាការឧទ្ទិសដល់ព្រះមាតារបស់ទួលបង្គំនោះទេ គឺយើងមានគោលបំណងចង់ផ្សព្វផ្សាយពីទម្រង់សិល្បៈរបាំព្រះរាជទ្រព្យខ្មែរ (Royal Ballet) ដែលព្រះមាតា ទ្រង់បានលះបង់ច្រើន សឹងតែពេញ១ជីវិតទ្រង់ ទៅឱ្យពិភពលោក បានស្គាល់ពីមរតកវប្បធម៌ខ្មែរយើងមួយនេះ តាមរយៈរបាំ»។
ព្រះអង្គម្ចាស់ មានបន្ទូលបន្តថា៖ «បើតាមខ្ញុំដឹងនោះ កាលពីព្រះមាតា គង់នៅមានព្រះជន្ម ទ្រង់ធ្លាប់មានក្តីបំណងធំមួយទៀត ចង់បង្កើតមជ្ឈមណ្ឌលវប្បធម៌ បន្ទាប់ពីការចាប់ផ្តើមបង្កើតសាលារបាំនរោត្តមបុប្ផាទេវី នៅដើមឆ្នាំ២០១៩»។

សៀវភៅជីវប្រវត្តិព្រះរាជបុត្រីបុប្ផាទេវី «តួអប្សរាព្រះរាជទ្រព្យដំបូង»។ហុង មិនា
ការបង្កើតមជ្ឈមណ្ឌលវប្បធម៌នេះ គឺមានគោលដៅ ប្រែក្លាយជាទីកន្លែងសម្រាប់ប្រយោជន៍ដល់សិស្ស និស្សិត និងសាធារណជន ដែលមានក្តីស្រឡាញ់វិស័យសិល្បៈគ្រប់ទម្រង់សម្តែងដូចជារបាំព្រះរាជទ្រព្យជាដើម។
មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលវប្បធម៌នេះ ក៏ជាទីកន្លែងសម្រាប់ការហាត់សម ការសិក្សាស្រាវជ្រាវ ការិយាល័យធ្វើការ និងជាទីកន្លែងពហុបំណងនៃការសម្តែងសិល្បៈនានាទៀតផង។
ព្រះអង្គម្ចាស់មានបន្ទូលទៀតថា៖«ក្នុងនាមខ្ញុំ ជាបុត្រា និងប្រធានសមាគមសប្បុរសធម៌បុប្ផាទេវី នឹងព្យាយាមធ្វើយ៉ាងណា ផ្សព្វផ្សាយពីគោលបំណងនេះឱ្យមហាជនបានជ្រាប និងខិតខំតាមដំណាក់កាល និងលទ្ធភាព ដើម្បីបន្តទៅរកការសម្រេចក្តីប្រាថ្នានោះ នាពេលណាមួយ»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ ព្រះប្រធានសាលារបាំនរោត្តមបុប្ផាទេវី មានព្រះបន្ទូលថា៖«សៀវភៅ នេះ មិនត្រឹមតែជាការបង្ហាញពីព្រះជីវប្រវត្តិ របស់ព្រះរាជបុត្រីបុប្ផាទេវីមួយមុខនោះទេ វានឹងក្លាយជាប្រភពនៃឯកសារស្រាវជ្រាវផ្នែកសិល្បៈដ៏សំខាន់មួយ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយៗ ដែលស្រឡាញ់សិល្បៈរបាំបុរាណ ឬរបាំព្រះរាជទ្រព្យ។ លើសនេះវា នឹងបង្ហាញឱ្យមហាជនខ្មែរ ក៏ដូចជាកុលបុត្រកុលធីតា ជំនាន់ក្រោយ បានស្វែងយល់ពីការលះបង់យ៉ាងលើសលប់ សឹងតែពេញ១ជីវិតរបស់ព្រះរាជបុត្រីបុប្ផាទេវី ទៅលើសិល្បៈ និងវប្បធម៌ ជាពិសេសនោះ ការខិតខំប្រឹងប្រែងរបស់ទ្រង់ ក្នុងពេលដាក់បញ្ចូលរបាំព្រះរាជទ្រព្យខ្មែរ ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកតែម្តង»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ មានព្រះបន្ទូលបន្តឱ្យដឹងអំពីក្តីរំពឹង នឹងមានការបោះពុម្ពផ្សាយជាខេមរភាសា បន្ទាប់ពីមានការជាវអស់សៀវភៅជាភាសាអង់គ្លេសនេះថា៖ «យើងសង្ឃឹមថា ប្រាក់ដែលបានពីការលក់សៀវភៅ «The First Royal Apsara» ដែលយើងបានបោះពុម្ពជាលើកដំបូង មាននៅសល់ចំនួនប្រមាណ ១ ៥០០ ក្បាល ដោយលោកអ្នកអាចរកជាវបាននៅតាមបណ្ណាគារ Monument books នៅបណ្ណាគារនៃសណ្ឋាគារ White Mansion Hotel និងនៅបណ្ណាគារនៃវិទ្យាស្ថានបារាំង»។
នាដកាវ័យជាង ៦០ ឆ្នាំ អ្នកគ្រូ ឱម យុវណ្ណឌី ជាអ្នកដឹកនាំក្រុមរបាំបង្កើតថ្មី និងជាគ្រូទទួលបន្ទុកបច្ចេកទេស នៅសាលានរោត្តមបុប្ផាទេវី មានប្រសាសន៍ឱ្យដឹងពីការច្នៃរបាំថ្មីមួយរបស់សាលារបាំរោត្តមបុប្ផាទេវី ក្រោយពីបានបង្កើតអស់រយៈពេលជាង ៣ ឆ្នាំ មកនេះ។ ពោល គឺនាពេលព្រះរាជបុត្រីបុប្ផាទេវី ទ្រង់នៅមានព្រះជន្ម បានបង្កើតរបាំមួយមានឈ្មោះថា «ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី» ត្រង់ឈុត ស្នាព្រះហស្ត ដែលទ្រង់បានកសាងក្នុងវិស័យសិក្សាធិការ និងសិល្បៈវប្បធម៌ ហើយធ្លាប់បានសម្តែងចែកជូនមហាជនទស្សនាចំនួន ២ ដង រួចមកហើយ។
អ្នកគ្រូបន្តថា៖ «គំនិតនេះផុសចេញពីអារម្មណ៍ក្ដីស្រឡាញ់ និងការធ្លាប់ឮអំពីកិត្យានុភាព សក្ដានុពល ស្ដេចទាំង ២ អង្គ រួមទាំងព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងជ័យរាជទេវី តាមសិលាចារឹក និងឯកសារនានា ដែលជាអ្វីគួរជាទីភ្ញាក់ផ្អើល គោរព លើកតម្កើង និងផ្សព្វផ្សាយ»។

សន្និសីទកម្រងសៀវភៅស្តីពីព្រះជីវប្រវត្តិរបស់ព្រះរាជបុត្រី បុប្ផាទេវី មានចំណងជើងថា «តួអប្សរាព្រះរាជទ្រព្យដំបូង-The First Royal Apsara» នៅសណ្ឋាគារ Le Royal កាលពីថ្ងៃទី ៧ ខែកក្កដា។ហុង មិនា
ដោយអ្នកគ្រូជាអ្នកឯកទេសទម្រង់របាំព្រះរាជទ្រព្យ អ្នកគ្រូក៏នឹកឃើញយកមកច្នៃប្រឌិត អភិវឌ្ឍក្បាច់ទាំងប៉ុន្មានមកប្រមូលផ្ដុំឱ្យកើតជារឿង «ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី» នេះឡើង។
អ្នកគ្រូបន្តថា៖«យើងខ្ញុំ ខិតខំសម្អិតសម្អាងក៏ដូចជាអភិវឌ្ឍ ទាំងក្បាច់រាំ ដែលមាននៅតាមជញ្ជាំងប្រាង្គប្រាសាទ ទាំងបទចម្រៀងមរតកដើម ដែលកប់បាត់អស់រយៈពេលជិត ៥០ ឆ្នាំ យកមកចងក្រង កើតជាទស្សនីយភាព រឿងប្រវត្តិសាស្ត្រមួយ ដែលមានក្នុងសម័យអង្គរ ដើម្បីបង្ហាញវីរភាព ដែលជាស្នាព្រះហស្ត ដ៏អស្ចារ្យនៃព្រះបាទជ័យវរ្ម័នទី៧ និងព្រះមហេសីទាំង ២ អង្គ»។
ចំពោះសៀវភៅស្តីពីព្រះរាជជីវប្រវត្តិព្រះរាជបុត្រីនរោត្តមបុប្ផាទេវី ដែលបានបោះពុម្ពផ្សាយជាភាសាអង់គ្លេសលើកដំបូងឈ្មោះ «The First Royal Apsara» និងប្រែសម្រួលជាខេមរភាសា «តួអប្សរាព្រះរាជទ្រព្យដំបូង» នេះ អ្នកគ្រូ ឱម យុវណ្ណឌី ក៏មានក្តីរំពឹងទុកជាមុនថា នឹងមានការបោះពុម្ព ជាខេមរភាសាសម្រាប់ជាប្រយោជន៍វប្បធម៌ផងដែរ។
អ្នកគ្រូ ឱម យុវណ្ណឌី មានសំណូមពរថា៖ «សម្រាប់សៀវភៅនេះ ប្រសិនបើមានការបោះពុម្ពជាភាសាខ្មែរមួយទៀតនោះ ខ្ញុំគិតថា រឹតតែមានអត្ថប្រយោជន៍ខ្លាំង ក្នុងការនាំឱ្យកូនចៅខ្មែរជំនាន់ក្រោយ បានអាន និងស្វែងយល់។ វាមិនត្រឹមតែបានដឹងពីព្រះជីវប្រវត្តិរបស់ទ្រង់ប៉ុណ្ណោះទេ គឺអាចយកមកធ្វើជាប្រភពឯកសារសិក្សាស្រាវជ្រាវពីរបាំបុរាណនេះទៀតផង»៕
.