ភ្នំពេញៈ នាពេលថ្មីៗនេះមានការជ្រើសរើសយកស្នាដៃរឿងខ្លី ១ មានចំណងជើង ថា «មេម៉ាយប្តី ៥» និពន្ធ ក្នុងឆ្នាំ ១៩៧៣ ដោយអ្នកនិពន្ធម្នាក់ មានទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងវិស័យអក្សរសាស្ត្រខ្មែរ និងល្បីឈ្មោះបោះសំឡេង នាទសវត្សរ៍ទី៧០-៨០ មកបោះពុម្ពផ្សាយឡើងវិញចំនួន ២ ០០០ ក្បាល កាលពីខែមិថុនា ដោយគ្រឹះស្ថានបោះពុម្ពកម្ពុមេរា ក្នុងបំណងរក្សាស្នាដៃអ្នកនិពន្ធខ្មែរចាស់ៗ។
បុរសម្នាក់នោះ ធ្លាប់ជាគ្រូបង្រៀន អ្នកនិពន្ធកាសែតនគរធំ ជាមន្ត្រីរាជការ នាសម័យឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៨០ និងជាអ្នកនិពន្ធរឿងខ្លីជាច្រើន ដែលមហាជន អ្នកអានសម័យមុនធ្លាប់ស្គាល់ពីទឹកដៃនិពន្ធ។ បច្ចុប្បន្ន លោកមានវ័យ ៨១ ឆ្នាំទៅហើយ ដែលកំពុងរស់នៅជាយក្រុងប៉ារីស ប្រទេសបារាំង គឺលោក ជុត ខៃ។
លោក ជុត ខៃ ធ្លាប់ជាគ្រូបង្រៀនភាសាបារាំង បង្រៀនច្បាប់ អ្នកសរសេរព័ត៌មាន និងជាព្រឹទ្ធបុរស នៃមហាវិទ្យាល័យច្បាប់ នៅទីក្រុងភ្នំពេញ។ លោកក៏ជាអ្នកនិពន្ធខ្មែរ ដ៏មានទេពកោសល្យ ១ រូប ចេះបញ្ចេញគំនិត ដោយបញ្ចូលពីវប្បធម៌ ទំនៀមទម្លាប់ និងឥទ្ធិពលរបស់បស្ចិមប្រទេសទៀតផង។
រឿង «មេម៉ាយប្តី ៥» ដែលជាស្នាដៃ ប្រលោមលោកខ្នាតខ្លី របស់លោក ជុត ខៃ គឺទំនងទទួលឥទ្ធិពលពីបស្ចិមប្រទេសហើយមើលទៅ សូម្បីតែចំណងជើងក៏មាន ប្រើសំនួនពាក្យពេចន៍ បែបជាសម្តីលះៗខ្លាំងអស់សេចក្តីអាថ៌កំបាំងផងដែរ។
នៅពាក់កណ្តាលឆ្នាំ ២០២២ នេះ រឿង «មេម៉ាយប្តី ៥» ស្រាប់តែត្រូវបានគ្រឹះស្ថានកម្ពុមេរាសម្រេចជ្រើសយកមកបោះពុម្ពផ្សាយឡើងវិញ ដែលមើលទៅហាក់ដូចជាមានលក្ខណពិសេសជាងគេបន្តិច បើប្រៀបទៅនឹងស្នាដៃរឿងខ្លីជាច្រើនទៀតរបស់លោក ជុត ខៃ ដូចជារឿង «ក្មេងវត្តសម័យបារាំង» រឿង «កូនក្របីមនោសញ្ចេតនា» រឿង «ក្មេងវត្តសាលាបារាំង» និងរឿង «ខ្មោចព្រាយអសុរកាយ» ជាដើមនោះ។
បើតាមវាចាអ្នកនិពន្ធរឿង «មេម៉ាយប្តី ៥» លោក ជុត ខៃ បានសរសេររៀបរាប់ឱ្យដឹងថា៖ «មនុស្សយើង មិនថា ចាម ចិន យួន ខ្មែរ លាវ បារាំងនោះទេ ឱ្យតែនៅពេលទំនេរជួបជុំគ្នា មិនថា បុរស ឬស្ត្រីទេ តែងតែនិយាយចំអែចំអន់គ្នាលេងសើចអំពីរឿងផ្លូវភេទនេះឯង»។
វាចាអ្នកនិពន្ធបន្តថា «មេម៉ាយប្តី ៥» មិនដូចជារឿង «ចំតិតឥតអាសូរ» របស់លោក សុទ្ធ ប៉ូលីន នោះទេ។ សង្គមខ្មែរ ដែលជាសង្គមមានការអៀនខ្មាសច្រើនបានចាត់ទុកសៀវភៅរបស់លោក ប៉ូលីន ជាសៀវភៅចំអេសចំអាស និងត្រូវបានហាមលក់ ប៉ុន្តែក្រោយពីហាម សៀវភៅនេះលក់ដាច់ លើសដើម ហើយពិបាករកទិញទៀត។ រីឯតម្លៃ ថ្លៃលើសធម្មតាពី ៣ ទៅ ៤-៥ ដង។ មានន័យថា ខ្មែរយើងចូលចិត្តចង់ដឹងផ្លូវភេទដូចសាសន៍ដទៃៗទៀតដែរ។
អ្នកស្រី សូ ភីណា សហស្ថាបនិក និងជាអ្នកគ្រប់គ្រងនៃគ្រឹះស្ថានបោះពុម្ពកម្ពុមេរា ដែលបានបង្កើតតាំងពីឆ្នាំ ២០១៥ មកនោះ ក៏បានបញ្ជាក់ឱ្យដឹងពីហេតុផល នាំឱ្យមានការជ្រើសរើសយកស្នាដៃរបស់លោក ជុត ខៃ មកបោះពុម្ពផ្សាយឡើងវិញ នៅឆ្នាំ ២០២២ នេះផងដែរ។ អ្នកស្រីបានឱ្យដឹងពីគោលបំណងរបស់គ្រឹះស្ថានបោះពុម្ពកម្ពុមេរាថា ជាទូទៅគ្រឹះស្ថានបានបោះពុម្ពស្នាដៃទាំងឡាយណា ជាប្រភេទរឿងប្រលោមលោក (ទាំងអ្នកនិពន្ធជំនាន់ចាស់ និងថ្មី) រឿងខ្លី និងអត្ថបទ បកប្រែអក្សរសិល្ប៍បរទេសនានា។
អ្នកស្រី សូ ភីណា បញ្ជាក់ថា៖ «ដោយសារ លោក ជុត ខៃ មានស្នាដៃរឿងខ្លីជាច្រើន រួមផ្សំនឹងមានសំណើពីលោកផងនាពេលថ្មីៗនេះ ដែលមានលក្ខណៈស្របគ្នានឹងគោលដៅពីគ្រឹះស្ថានកម្ពុមេរាយើងផងនោះ ទើបយើងសម្រេចជ្រើសរើសយកស្នាដៃរឿងខ្លី «មេម៉ាយប្តី ៥» នេះមកបោះពុម្ពឡើងវិញជាលើកដំបូង។ ម្យ៉ាងវិញទៀត ស្នាដៃរបស់លោកក៏ធ្លាប់ចេញផ្សាយដោយគ្រឹះស្ថានបោះពុម្ពនគរធំ កាលពីឆ្នាំ ១៩៧៣»។
អ្នកស្រីក៏បានបកស្រាយពីខ្លឹមសារខ្លះៗ នៃរឿង «មេម៉ាយប្តី ៥» របស់លោក ជុត ខៃ ផងដែរថា បើតាមវាចារបស់អ្នកនិពន្ធរឿងនោះ បានសរសេរនិពន្ធក្នុងអំឡុងដើមទសវត្សរ៍ទី៧០ ដែលជាសម័យកាលប្រទេសខ្មែរ មានសង្គ្រាមស៊ីវិល បានរងគ្រោះដោយការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិក និងសម័យកាលខ្មែរក្រហម។ ប្រជាពលរដ្ឋខ្មែរភាគច្រើនរស់នៅក្នុងស្ថានភាពតានតឹងក្នុងអារម្មណ៍ ដោយពេលនោះត្រូវបានគេជម្លៀសខ្លួនចេញពីស្រុកកំណើត មករស់នៅទីក្រុង ឬជនបទ បែបការរស់នៅប្រមូលផ្តុំគ្នា។
អ្នកស្រី សូ ភីណា ឱ្យដឹងតាមរយៈការបង្ហើបប្រាប់ពីអ្នកនិពន្ធរឿងថា៖ «លោក ជុត ខៃ បានសរសេររឿងខ្លីនេះ ដែលមានលក្ខណៈកំប្លុកកំប្លែង លាយឡំនឹងតថភាពសង្គមជាច្រើនទៀត ដែលទាក់ទងគ្នាដូចជារបៀបរបបរស់នៅ ការខិលខូច ការក្លែងបន្លំ ការសិក្សារៀនសូត្រ ការធ្វើការងារ ការរើសគូស្រករ ឬការលើកដាក់កូនចៅឱ្យមានគូស្រករជាដើម តាមសិល្ប៍វិធីលោកក្នុងគោលបំណង ចង់ឱ្យអ្នកអានអាចរំសាយអារម្មណ៍តានតឹង ព្រោះលោកគិតថា ស្នាដៃរបស់លោក នឹងអាចមានគេយកទៅអាន។ រឿង «មេម៉ាយប្តី ៥» លោកបាននិពន្ធនៅឆ្នាំ ១៩៧៣ ដែលជាពេលវេលាកើតឡើងនូវភាពចលាចលនៃសង្គមរស់នៅរបស់ប្រជាជនខ្មែរ»។
ភាសារបស់លោក ជុត ខៃ ក្នុងសម័យនោះ ហាក់មានលក្ខណៈខុសប្លែកពីសម័យបច្ចុប្បន្ន ដែលអ្នកអាននាសម័យនេះ គឺពិតជាពុំអាចទទួលយកបានឡើយ ព្រោះភាសាខ្លះអានទៅមិនមានលក្ខណៈពីរោះពិសាទេ។ ដូច្នេះ អ្នកស្រី សូ ភីណា ក៏បានសំណូមពរអ្នកអាននៅពេលយកសៀវភៅលោក ជុត ខៃ ទៅអាននោះ សូមមេត្តាពិចារណាទៅលើសាច់រឿងទាំងមូលផង ដោយគ្រាន់តែចាត់ទុកជាការរិះគន់ទៅលើការប្រើប្រាស់ភាសានាសម័យនោះបានហើយ។
អ្នកស្រីថ្លែងថា៖ «ទោះជាយ៉ាងណា រឿងនេះបានឆ្លុះបញ្ចាំងពីតថភាពសម័យមុន និងមានគុណតម្លៃបែបប្រវត្តិសាស្ត្រមួយ សម្រាប់ជាបទពិសោធដល់អ្នកអាននៅសម័យបច្ចុប្បន្ន បន្ទាប់ពីបានអានរឿងចប់ ដោយយោងគិតតាមវិធីសាស្ត្រនៃការប្រៀបធៀបតាមទ្រឹស្តីអក្សរសិល្ប៍នាសម័យមុន និងសម័យបច្ចុប្បន្នធ្វើជាគោលទៅចុះ»។
លើសពីនេះគ្រឹះស្ថានកម្ពុមេរា ក៏គ្រោងបន្តបោះពុម្ពផ្សាយនូវស្នាដៃអក្សរសិល្ប៍ចាស់ៗពីសម័យមុនមកជាច្រើនទៀតដែរ ដើម្បីជួយរក្សាទុកនូវសំណៅឯកសារទាំងនោះកុំឱ្យបាត់បង់។
អ្នកស្រី ហួត សុជាតា ជាស្ថាបនិកគ្រឹះស្ថានបោះពុម្ពអវតារ ក៏កោតសរសើរពីទេពកោសល្យរបស់អ្នកនិពន្ធ ជុត ខៃ សញ្ជាតិបារាំង ដើមកំណើតខ្មែរនេះដែរ ក្រោយពីជួបសំណេះសំណាលគ្នាតាមរយៈទូរស័ព្ទនោះ។ អ្នកស្រី ហួត សុជាតា បញ្ជាក់ថា៖ «ខ្ញុំទើបទម្លាក់ទូរស័ព្ទជាមួយមនុស្សសំខាន់ម្នាក់ មនុស្សដែលខ្ញុំគោរព កោតសរសើរជាទីបំផុត។ គាត់ឈ្មោះ ជុត ខៃ។ គាត់មិនត្រឹមតែ ជាអ្នកនិពន្ធដ៏ប៉ិនប្រសប់ ១ រូបប៉ុណ្ណោះទេ តែក៏ជាអ្នកបកប្រែ និងអ្នកស្នេហាអក្សរសាស្ត្រ អក្សរសិល្ប៍ដ៏ឆ្នើមម្នាក់ដែរ (តែគាត់ដាក់ខ្លួនណាស់)។ គាត់ជួយអានសំណៅរឿង ដែលខ្ញុំសរសេរ គាត់ជួយផ្ដល់យោបល់ និងលើកទឹកចិត្ត»។
តាមជីវប្រវត្តិរបស់លោកពីគេហទំព័រ ឈ្មោះ «កំពង់ចាមកំពង់ចិត្ត» លោក ជុត ខៃ កើតនៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៤០ នៅខេត្តកំពង់ចាម។ លោកបានរៀនសូត្រ នៅសាលាបឋមសិក្សា និងមធ្យមសិក្សានៅទីរួមខេត្តកំណើតរបស់លោក។ នៅឆ្នាំ ១៩៦៦ លោកបានបញ្ចប់ការសិក្សានៅសាលាគរុវិជ្ជាជាន់ខ្ពស់ ហើយបានទៅធ្វើជាសាស្ត្រាចារ្យនៅអនុវិទ្យាល័យឈូក ក្នុងខេត្តកំពត។ ទន្ទឹមនឹងមុខងារជាសាស្ត្រាចារ្យ លោកឆ្លៀតបន្តការសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ រហូតដល់ទទួលបរិញ្ញាបត្រនៅឆ្នាំ ១៩៦៨។ ក្នុងឆ្នាំដដែលនេះ លោកបានផ្លាស់ទៅវិទ្យាល័យសន្តិភាព នៅខេត្តកំពង់ស្ពឺ។
ក្រោយរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ នាថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ លោក ជុត ខៃ បានចូលធ្វើទាហាន ដោយបានទទួលឋានន្តរស័ក្ដិជាអនុសេនីយ៍ឯក។ នៅឆ្នាំ ១៩៧១ លោកបានផ្លាស់ទៅធ្វើជាប្រធានរដ្ឋបាលនៅតុលាការសឹក។ លោកបានទទួលការតែងតាំងជាព្រឹទ្ធបុរសស្ដីទី នៃមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំសិក្សា ១៩៧៣-១៩៧៤។
លោករស់នៅយ៉ាងវេទនាក្នុងរបបខ្មែរក្រហម ប៉ុន្តែជាភ័ព្វសំណាង លោកបានរួចផុតពីការសម្លាប់ក្នុងរបបវាលពិឃាតនេះ។ លោកបានភៀសខ្លួនជាមួយគ្រួសារមកដល់ជំរំខាវអ៊ីដាង ប្រទេសថៃ នៅឆ្នាំ ១៩៧៩។ បន្ទាប់មក លោកទទួលបានសិទ្ធិជ្រកកោននយោបាយនៅប្រទេសបារាំង ក្នុងឆ្នាំ ១៩៨០ ដោយបានទទួលសញ្ជាតិបារាំង ហើយប្ដូរឈ្មោះទៅជា Khay Chance។
លោកបានទុកស្នាដៃ ជាប្រលោមលោកផ្ទាល់ខ្លួន និងប្រលោមលោកបកប្រែ រួមមានរឿង «ខ្មោចព្រាយអសុរកាយ» បោះពុម្ពនៅឆ្នាំ ១៩៧៣ រឿង «មេម៉ាយប្ដី ៥» បោះពុម្ពឆ្នាំ ១៩៧៣ រឿង «អស្ដង្គតនៃប្រជាជាតិ» ជាជីវប្រវត្តិផ្ទាល់បម្រុងបោះពុម្ព។ រឿង «បុត្រឆ្នើមនៃសង្គ្រាម» អត្ថបទបកប្រែបោះពុម្ព នៅឆ្នាំ ១៩៧១ រឿង «ជញ្ជាំង» ស្នាដៃបកប្រែបោះពុម្ពនៅឆ្នាំ ១៩៧២ រឿង «លោកឯកអគ្គរដ្ឋទូត» បោះពុម្ពនៅឆ្នាំ ១៩៧៣ រឿង «ក្មេងវត្តសម័យបារាំង» បោះពុម្ពនៅឆ្នាំ ២០០៥ រឿង «វិប្បដិសារី» បោះពុម្ពនៅឆ្នាំ ២០០៨ រឿង «ក្មេងវត្តសាលាបារាំង» បោះពុម្ពនៅឆ្នាំ ២០១០ រឿង «កូនក្របីមនោសញ្ចេតនា» បោះពុម្ពនៅឆ្នាំ ២០១០ និងរឿង «៣២ ឆ្នាំ ក្រោយមក» បោះពុម្ពនៅឆ្នាំ ២០១៨៕