ភ្នំពេញៈ ការ​សម្តែង​ទម្រង់​សិល្បៈ​របាំ​ក្បាច់​បុរាណ​ខ្មែរ​រឿង «​ព្រះបាទ​ជយរ​វ្ម័ន​ទី​៧» ដែល​ដក​ស្រង់​ត្រង់​ឈុត​ស្នា​ព្រះ​ហស្ត​និង​សមិទ្ធ​ផល​នៃ​មហាវីរ​ក្សត្រ​ទាំង​៣​អង្គ សម្តែង​ដោយ​ក្រុម​របាំ​សាលា​ព្រះអង្គ​ម្ចាស់​ក្ស​ត្រី​បុប្ផា​ទេវី ​និង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត នឹង​ជា​ព្រឹ​ត្ត​ការណ៍​សិល្បៈ​ដ៏​ធំ​មួយ​ដោយ​មាន​សិល្បករ​-​សិល្ប​ការិនី សម្តែង​ចំនួន ២០០ ​នាក់​ នាថ្ងៃទី​ ២៧-២៨ ​ខែ សីហា ឆ្នាំ​ ២០២២ ​នៅ​សាល​សន្និ​សីទ​ចតុ​មុខ​។​

​ផ្ទាំង​ទស្សនីយ​ភាព​សម្តែង​របាំ​ក្បាច់​បុរាណ​ខ្មែរ​នេះ គឺជា​ការ​សហ​ការ​រៀប​ចំដោយ​ក្រុម​សាលា​របាំ​នរោត្តម​បុប្ផា​ទេវី និង​ក្រុម​សហ​ភាព​សហ​ព័ន្ធ​យុវជន​ខេត្ត​ស្វាយ​រៀង គាំទ្រ​ដោយ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​សហ​ការ​ផ្សព្វ​ផ្សាយ​ដោយ​ទូរ​ទស្សន៍​បាយ័ន​។​

​លោក ឈី កុល​បុត្រា ជា​ប្រធាន​ក្រុម​ដឹក​នាំ​រៀបចំ​កម្មវិធី​សម្តែង​នៃ​សហ​ភាព​ស​ព័ន្ធ​យុវជន​ខេត្ត​ស្វាយ​រៀង បាន​ឱ្យដឹង​ថា​ ផ្ទាំង​ទស្សនីយ​ភាព​នេះ ត្រូវ​បាន​ដំឡើង​ដោយ​អ្នក​គ្រូ ​ឱម យុវណ្ណឌី ជា​អ្នកដឹក​នាំ​ក្រុម​របាំ​របស់​សាលា​របាំ​នរោត្តម​បុប្ផា​ទេវី​និង​ជា​គ្រូ​ទទួល​បន្ទុក​បច្ចេក​ទេស​ ដោយ​ក្នុង​នោះ​មាន​ការ​ចូលរួម​សម្តែង​ពី​សិល្បករ សិល្ប​ការិនី ដែល​ធ្លាប់​មាន​ស្នាដៃ​មកពី​គ្រប់​មជ្ឈ​ដ្ឋាន​។​

​លោក ឈី កុល​បុត្រា បង្ហើប​ប្រាប់​ពី​បំណង​រៀបចំ​ការ​សម្តែង​របាំ​ក្បាច់​បុរាណ​ខ្មែរ​រឿង «​ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៧» នៅ​ថ្ងៃទី​ ២៧-២៨ ខែ សីហា ឆ្នាំ​ ២០២២ ​នេះ​ថា​៖ «​គោល​បំណង​ផ្សព្វ​ផ្សាយ ​និង​លើក​តម្កើង​សិល្បៈ​បុរាណ​ខ្មែរ ដែល​ជា​កេរ​មរតក​ពី​ដូនតា ​បុព្វ​បុរសនិង​ជំរុញ​ឱ្យ​ប្រជា​ជន ក៏ដូចជា​ស្រទាប់​យុវវ័យ​ស្រឡាញ់​គាំទ្រ​វប្បធម៌​ខ្មែរ​។ ម្យ៉ាង​ទៀត ដើម្បី​ផ្តល់​ឱកាស និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​សិស្ស​សាលា​របាំ​នរោត្តម​បុប្ផា​ទេវី​បាន​សម្តែង​ទេព​កោសល្យ​របស់​ខ្លួន​នៅលើ​ឆាក​សិល្បៈ​ដ៏​អស្ចារ្យ​»​។​

​លោក កុល​បុត្រា បាន​បន្ត​ថា​៖ «​សាលា​របាំ​នរោត្តម​បុប្ផា​ទេវី និង​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា ខេត្ត​ស្វាយ​រៀង សហ​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​សម្តែង​របាំ​ក្បាច់​បុរាណ​ខ្មែរ​រឿង​ «​ព្រះបាទ​ជយរ​វ្ម័ន​ទី​៧» ដែល​ដក​ស្រង់​ត្រង់​ឈុត​ស្នា​ព្រះហស្ដ​និង​សមិទ្ធ​ផល​នៃ​មហា​វីរក្សត្រ​ទាំង​៣​អង្គគឺ​មាន​ព្រះបាទ​ជយ​វរ្ម័នទី​៧ និង​មហេសី​ទាំង​២​អង្គ​គឺ​ព្រះ​នាង​ជ័យ​រាជ​ទេវី និង​ព្រះ​នាង​ឥន្ទ្រ​ទេវី​»​។

​ប្រធាន​ក្រុម​ដឹកនាំ​រៀបចំ​កម្មវិធី​សម្តែង​នៃ​សហ​ភាព​ស​ព័ន្ធ​យុវជន​ខេត្ត​ស្វាយ​រៀង​ក៏​បញ្ជាក់​ដែរថា ​វត្តមាន​សិល្បករ​-​សិល្ប​ការិនី ចូលរួម​សម្តែង​ទាំង​អស់ ក៏​នឹង​ត្រូវ​បាន​ទទួល​ការបង្ហាត់​បង្ហាញ​បន្ថែម​មុន​ការ​សម្តែង​មក​ដល់​ដើម្បី​ឱ្យ​សាច់​រឿង​មើល​ទៅ​មាន​ភាព​ទាក់​ទាញ​និង​ត្រូវ​ទៅ​តាម​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​។

​យ៉ាង​ណាក្ដី​លោក ឈី កុល​បុត្រា ​រំពឹង​ថា ៖«​ការ​សម្តែង​ផ្ទាំង​ទស្សនីយ​ភាព​នេះ​នឹង​ទទួល​បាន​ជោគ​ជ័យ រួម​ទាំង​មាន​ការ​ចូលរួម​ទស្សនា​ពី​សំណាក់​ទស្សនិក​ជន​មកពី​គ្រប់​ទិសទី​ ដើម្បី​ជា​ការ​ចូ​លរួមចំណែក​លើ​ក​ស្ទួយ​ដល់​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​យើង​ទាំង​អស់​គ្នា​»​។​

​នាដ​កា​វ័យ​ជាង ​៦០​ ឆ្នាំ អ្នក​គ្រូ ឱម យុ​វណ្ណឌី ជា​អ្នក​ដឹក​នាំ​ក្រុម​របាំ​របស់​សាលា​នរោត្តម​បុប្ផា​ទេវី ​និង​ជា​គ្រូ​ទទួល​បន្ទុក​បច្ចេក​ទេស​មាន​ប្រសាសន៍​ឱ្យដឹង​ពី​អត្ថ​ន័យ​ និង​ការ​លើក​ឈុត​មក​សម្តែង​រឿង «​ព្រះបាទ​ជយ​​វរ្ម័នទី​៧» នេះ​ថា គ្រាន់តែ​លើកយក​តួអង្គ «​ព្រះ​នាង​ឥន្ទ្រ​ទេវី និង​ព្រះ​នាង​ជ័យ​រាជទេវី​» ត្រង់​ឈុត​ស្នា​ព្រះហស្ត ដែល​ទ្រង់​បាន​កសាង​ក្នុង​វិស័យ​សិក្សា​ធិការ និង​សិល្បៈ​វប្បធម៌ ដែល​ការពិត ​ព្រះ​នាង​ទាំង​​ ២ អង្គ គឺជា​គ្រូ​គ្រប់​វិស័យ ទាំង​ស្ថាបត្យ​កម្ម វិទ្យា​សាស្ត្រ​ជាដើម​។​តែ​សម្រាប់​ផ្នែក​របាំ​បុរាណ ​យើង​មិន​អាច​ធ្វើបាន​គ្រប់​សកម្ម​ភាព​ដែលជា​សមិទ្ធ​ផលរបស់​ទ្រង់​នោះទេ ដោយ​សារ​ត្រូវការ​មធ្យោ​បាយ​បច្ចេក​វិទ្យា​ច្រើន​ណាស់​នៅ​ក្នុង​ទម្រង់​របាំ​ក្បាច់​បុរាណ​ខ្មែរ​។​

​អ្នក​គ្រូ ឱម យុ​វណ្ណឌី បន្ត​ឱ្យ​ដឹង​ពី​ការ​បង្កើត​របាំ​ក្បាច់​បុរាណ​រឿង​នេះ​ថា​៖ «​គំនិត​នេះ បាន​ផុស​ចេញពី​អារម្មណ៍​ស្រឡាញ់ ​និង​ធ្លាប់​ដឹង​ឮ​អំពី​កិត្យានុ​ភាព សក្ដានុ​ពល​របស់​ព្រះ​នាង​ទាំង ២ ​អង្គ​ រួមទាំង​ព្រះ​បាទ​ជយ​វរ្ម័នទី​៧ ​នៅតាម​សិលា​ចារិក និង​ឯក​សារ​នានា ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​។ ដោយ​សារ​ជា​អ្នក​ឯកទេស​ទម្រង់​របាំ​ព្រះរាជ​ទ្រព្យ​ខ្ញុំ​ក៏​នឹក​ឃើញ​យក​មក​ច្នៃ​ប្រឌិត​ អភិវឌ្ឍ​ក្បាច់​ទាំង​ប៉ុន្មាន​មក​ប្រមូល​ផ្ដុំ​ឱ្យ​កើត​ជា​រឿង​ «​ព្រះបាទ​ជយ​វរ្ម័ន​ទី​៧»​ នេះ​ឡើង​។

​យើង​ខ្ញុំ​ខិតខំ​សម្អិត​សម្អាង​ក៏ដូចជា​ការ​អភិវឌ្ឍ​ទាំង​ក្បាច់​រាំ ឃើញ​មាន​នៅ​តាម​ជញ្ជាំង​ប្រាង្គ​ប្រាសាទ ​ទាំង​បទ​ចម្រៀង​មរតក​ដើម​ដែល​បាន​កប់​បាត់​អស់​រយៈ​ពេល​ជិត៥០​ឆ្នាំ យក​មក​ចង​ក្រង ​កើត​ជា​ទស្សនីយ​ភាព​រឿង​ប្រវត្តិ​សាស្ត្រ​មួយ​នេះកើត​មាន​នៅក្នុង​សម័យ​អង្គរ​ ដើម្បី​បង្ហាញ​ពី​វីរភាព ​ជា​ស្នា​ព្រះហស្ដ ​ដ៏​អស្ចារ្យ​នៃ​ព្រះបាទ​ជយ​វរ្ម័នទី​៧ និង​ព្រះ​មហេសី​ទាំង ២​អង្គ​»​។​

​អ្នក​គ្រូ ឱម យុ​វណ្ណឌី ក៏​សម្តែង​ក្តីរំភើប​ចិត្តជា​ខ្លាំង​ដែរ​ ចំពោះ​ការ​យក​ចិត្តទុក​ដាក់​ពី​សំណាក់​រាជរដ្ឋាភិ​បាល​ក​ម្ពុ​ជាតាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​របស់​ក្រុម​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ បាន​រៀបចំ​កម្មវិធី​សម្តែង​ផ្ទាំង​ទស្សនីយ​ភាព​របាំ​ក្បាច់​បុរាណ​ខ្មែរ​រឿង «​ព្រះបាទ​ជយ​វរ្ម័ន​ទី​៧» ដែល​បាន​បង្កើត​របាំ​ថ្មី​ដោយ​អ្នកគ្រូ​ផង​ដែរ​។

​អ្នកគ្រូ យុ​វណ្ណឌី បាន​បញ្ជាក់​ថា​៖ «​នាង​ខ្ញុំ មិន​ត្រឹមតែ​សប្បាយ​ចិត្ត​នឹង​ការដឹក​នាំ​សម្តែង​ទេ​ សម្រាប់​ថ្ងៃទី​ ២៧-២៨ ​ខែសីហា ​ខាង​មុខ​នោះ​ទេ ថែម​ទាំង​ធ្វើ​មាន​ក្តី​រំភើប​ដោយ​ស្កប់​ចិត្ត​ទៀត​ផង ​ដោយមាន​ការលើ​កទឹកចិ​ត្ត​សម្រាប់​ទម្រង់​សិល្បៈ​បុរាណ​មួយ​នេះ​»​។

​អ្នកគ្រូ​បន្ថែម​ថា​៖ «​កាន់តែ​សប្បាយ​ចិត្ត​ទៅ​ទៀត​នោះ គឺ​ពេល​ឃើញ​មាន​ក្រុម​យុវជន​ខ្មែរ​គ្រប់​មជ្ឈ​ដ្ឋាន ​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ការ​សម្តែង​របាំ​ក្បាច់​បុរាណ​នេះតែម្តង ​ព្រោះថា​កាល​ដើម​ឡើយ ខ្ញុំ​គ្រាន់​តែ​ចង់​បង្កើត​របាំ​រឿង​ថ្មី​ដើម្បី​ធ្វើ​ជា​គំរូ​ទុក​ទៅ​ដល់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​តែ​ប៉ុណ្ណោះ​»​។

​ព្រះ​អង្គ​ម្ចាស់ ស៊ី សុវត្ថិ​តេ​សូ នាយក​សាលា​របាំ​ន​រោ​ត​ម្ត​បុប្ផា​ទេវី​បង្ហាញ​ព្រះ​ហឫទ័យ​សោម​នស្ស​រីករាយ ចំពោះ​ការ​បង្កើត​នូវ​ផ្ទាំង​ទស្សនីយ​ភាព​នៃ​របាំ​ក្បាច់​បុរាណ​ខ្មែរ​រឿង «​ព្រះបាទ​ជយ​វរ្ម័ន​ទី​៧» ដែលជា​ទម្រង់​របាំ​បង្កើត​ថ្មី និង​ដឹកនាំ​សម្តែង​ដោយ​អ្នកគ្រូ ឱម យុ​វណ្ណឌី នៅ​សាល​មហោ​ស្រព​ចតុ​មុខនៅ​ថ្ងៃទី ​២៧-២៨ ខែ​ សីហា​ ឆ្នាំ​​ ២០២២ ​​ផង​ដែរ​។

​ព្រះ​អង្គ​បាន​សម្តែង​ព្រះ​ហឫ​ទ័យ​ថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទន​ភាព​ខ្លាំង​ ចំពោះ​ការ​បង្ហាញ​ពី​របាំ​ក្បាច់​បុរាណ​ខ្មែរ​រឿង «​ព្រះបាទ​ជយ​វរ្ម័ន​ទី​៧» នេះ​ណាស់ ដែល​ដឹកនាំ​សម្តែង​ដោយ​អ្នក​គ្រូ ឱម យុ​វណ្ណឌី​។ ចំណែក​សិស្ស​របាំ​ទាំង​អស់​ពិតជា​សប្បាយ​ចិត្ត​ខ្លាំង និង​រីក​រាយ សម្រាប់​ការ​ខិតខំ​ប្រឹង​ប្រែង​ហាត់ ដើម្បី​សម្តែង​លើ​ឆាក​មួយ​ដ៏​អស្ចារ្យ​ក្នុង​ព្រឹត្តិ​ការណ៍​សិល្បៈ​ដ៏​ធំ​មួយ​នេះ ជា​លើក​ដំបូង​»​។

​ព្រះ​អង្គ​ម្ចាស់ ​ស៊ីសុវត្ថិ តេ​សូ ក៏បាន​រំឭកពីសារ​ចុង​ក្រោយ​របស់​ព្រះរាជ​បុត្រី​នរោត្តម​បុប្ផា​ទេវី​ កាល​ទ្រង់​មាន​ព្រះជន្ម​ដែល​បារម្ភ​ពី​វិស័យ​សិល្បៈ​របាំ​នេះ​ថា​៖ « ៣​ ខែ​មុន ​ព្រះរាជ​បុត្រី​នរោត្តម​បុប្ផា​ទេវី ​យាង​សោយ​ទិវង្គត ទ្រង់​មាន​ព្រះរាជ​បន្ទូល​ថា សិល្បៈ និង​វប្ប​ធម៌ គឺជា​ក្តី​កង្វល់​របស់​យើង​ទាំង​អស់​គ្នា ទោះបីជា​យើង​ពុំមែន​ជា​អ្នក​សិល្បៈ​ក្តី​»​។

​ព្រះ​អង្គ​ម្ចាស់​ ក៏មាន​ព្រះរាជ​បន្ទូល​ដែរ​ថា ពិត​ជាមាន​មោទន​ភាព​ណាស់​ ក្រោយ​ពី​ការ​យាង​ចូល​ទិវង្គត​រយៈ​ពេល​២​ឆ្នាំ របស់​ព្រះរាជ​បុត្រី​ទៅ សាលា​របាំ​មាន​ឈ្មោះ​ថា «​សា​លា​របាំ​នរោត្តម​បុប្ផា​ទេវី​» ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ចូល​រៀន​នូវ​ជំនាញ​របាំ​បុរាណ​ខ្មែរ​ពី​សំណាក់​កុល​បុត្រ​ខ្មែរ​គ្រប់​មជ្ឈ​ដ្ឋាន ដោយ​មាន​អ្នកគ្រូ វ័ន សា​វ៉ៃ និង​អ្នក​គ្រូ ឱម យុ​វណ្ណឌី​។ ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ តេ​សូ ថ្លែង​នូវ​អំណរ​គុណ​ខ្លាំង​ណាស់​ ចំពោះ​ក្រុម​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​បង្កើត​ឱ្យ​មាន​ការ​សម្តែង​បែប​ជា​សាធា​រណៈ​លើក​ទី​៤ សម្រាប់​ក្រុម​សិស្ស​របាំ​សាលា​នរោត្តម​បុប្ផា​ទេវី​»​។​

​ចំពោះ​សំបុត្រ​ចូល​ទស្សនា​ការ​សម្តែងរ​បាំ​ក្បាច់​បុរាណ​ខ្មែរ​រឿង «​ព្រះបាទ​ជយ​វរ្ម័ន​ទី​៧» នៅ​ថ្ងៃទី​ ២៧-​២៨ ខែ​ សីហា ឆ្នាំ​ ២០២២​ មាន ៣ ​ប្រភេទ ​គឺ​ប្រភេទ​សំបុត្រ​ពិសេស(VIP) ១ សន្លឹក ​តម្លៃ ១០ ​ម៉ឺន​រៀល ហើយ​ប្រភេទ​សំបុត្រ​ពណ៌​បៃតង​ ​(Green Zone) ១ សន្លឹក​តម្លៃ​ ៤​ ម៉ឺន​រៀល និង​ប្រភេទ​សំបុត្រ​តំបន់​ពណ៌​ខៀវ (Blue Zone) ១ ​សន្លឹក​ តម្លៃ​ ២ ​ម៉ឺន​រៀល​។ សម្រាប់​ព័ត៌មាន​លម្អិត និង​ចង់​ជាវ​សំបុត្រ​ចូល​ទស្សនា អាច​ទាក់​ទង​តាម​ទូរស័ព្ទលេខ ​០៧៧​ ៤៤៤​ ៣៣៥​៕