ភ្នំពេញៈ ក្រុមការងារខាងនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ បានរៀបចំថតឧបករណ៍តន្ត្រីស្លឹកជាមួយលោកព្រឹទ្ធាចារ្យ ឈន សំអាត ដែលជាធនធានសេសសល់ដ៏កម្រ ចេះផ្លុំស្លឹក ដើម្បីចងក្រងទុកជាឯកសារ ឬសម្រាប់ជាគុណប្រយោជន៍ ក្នុងការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយពីសិល្បៈ ឧបករណ៍ភ្លេងដ៏កម្រមួយនេះដល់ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ។
បើតាមអ្នកសិក្សាស្រាវជ្រាវតន្ត្រីផ្លុំស្លឹក គឺជាតន្ដ្រីប្រពៃណី ១ ប្រភេទដែលប្រជាជននៅតាមជនបទតែងតែផ្លុំកម្សាន្ត កែអផ្សុកនៅតាមស្រុកស្រែចម្ការ ជាពិសេសក្រុមហ្មដំរី ឬអ្នកដើរព្រៃ គឺគេតែងតែផ្លុំស្លឹកនេះ ដើម្បីហៅ សត្វ ដូចជាសត្វឈ្លូស ឬសត្វដំរីជាដើម។
លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងអំពីការគាំទ្រក្នុងការរៀបចំថតចងក្រងពីឧបករណ៍តន្ត្រីផ្លុំស្លឹករបស់លោកព្រឹទ្ធាចារ្យ ឈន សំអាត ផងដែរថា នេះជាការចងក្រង និងរក្សាទុកនូវប្រភេទសិល្បៈដ៏កម្រមួយនេះ ដោយចាប់ផ្តើមចេញពីធនធានអ្នកចេះនៅសល់តិចតួច និងបន្តការស្រាវជ្រាវបន្ថែម។
លោក ឆដាភ័ក្ត្រ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ដោយសារពុំសូវឃើញមានឯកសារច្រើនដែលបន្សល់ទុកអំពីឧបករណ៍ភ្លេងស្លឹកនេះ ហើយជំនាញផ្លុំស្លឹក ដែលជាឧបករណ៍តន្ត្រី ១ ប្រភេទដ៏កម្រនេះ ក៏មានអ្នកចេះផ្លុំតិចណាស់ក្នុងពេលឥឡូវនេះ»។
លោកបន្ថែមថា៖ «ក្រោយពីដឹងថា លោកព្រឹទ្ធាចារ្យ ឈន សំអាត គាត់ចេះផ្លុំ ទើបខាងក្រុមការងារនាយកដ្ឋានសិល្បៈទស្សនីយភាពបានរៀបចំចងក្រងថតទុកជាឯកសារ និងដើម្បីធ្វើជាមូលដ្ឋាននៃការស្រាវជ្រាវបន្តទៅថ្ងៃមុខលើសិល្បៈឧបករណ៍តន្ត្រីស្លឹកនេះ»។
បច្ចុប្បន្នលោកព្រឹទ្ធាចារ្យ ឈន សំអាត មានវ័យ ៦៣ ឆ្នាំជាមន្ត្រីចូលនិវត្តន៍ ប៉ុន្តែនៅបម្រើការងារធ្វើជាជំនួយការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយពីលោកព្រឹទ្ធាចារ្យបានបម្រើការងារ តាំងពីឆ្នាំ ១៩៧៩ មកនៅផ្នែករបាំប្រពៃណីក្នុងនាយកដ្ឋានសិល្បៈទស្សនីយភាព។
លោកព្រឹទ្ធាចារ្យ ឈន សំអាត ជាអ្នកមានស្រុកកំណើតនៅភូមិ និងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាលដែលមានឈាមជ័រជាអ្នកសិល្បៈបន្តពីឪពុកម្តាយមក ដែលជាតន្ត្រីករប្រពៃណីខ្មែរ ប្រចាំស្រុកពញាឮ ខេត្តកណ្តាល និងបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។
លោក ឈន សំអាត ក៏ជាប្អូនប្រុសពៅរបស់លោកព្រឹទ្ធាចារ្យ ពេជ្រទុំក្រវិល ដែលកើតឆ្នាំ ១៩៤៣ និងទទួលមរណភាពនៅឆ្នាំ ២០១៥ (ឈ្មោះពិត ឈន ទត)។ លោកជាអតីតបញ្ញវន្តខ្មែរ ១ រូបផ្នែកអក្សរសាស្ត្រខ្មែរ និងជាសិល្បករម្នាក់ក្នុងចំណោមសិល្បករផ្នែកសម្តែងដ៏ល្បីបំផុតរបស់ប្រទេសកម្ពុជា ហើយក៏ជាតួសម្តែងប្រចាំរោងមហោស្រពសិល្បៈនៅចុងទសវត្សរ៍ ឆ្នាំ ១៩៦០ និងជាអ្នកបានជួយកែសម្រួលឱ្យមានការសម្តែងសិល្បៈនានាឡើងវិញ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។
លោកព្រឹទ្ធាចារ្យ ឈន សំអាត ជាសិល្បករជើងចាស់ ១ រូបដែលមានទេពកោសល្យ និងសមត្ថភាពផ្នែកសិល្បៈច្រើនទម្រង់ដោយលោកធ្លាប់ជាអ្នករបាំប្រជាប្រិយ ជាតួសម្តែង ល្ខោនបាសាក់ ល្ខោនយីកេ និងជាតន្ត្រីករនៃឧបករណ៍ភ្លេងខ្លុយ និងស្លឹក ដែលបានឆ្លងកាត់បទពិសោធផ្នែកសិល្បៈជាច្រើនជំនាន់ប្រមាណជាង ៤ ទសវត្សរ៍មកហើយ។
លោក ឈន សំអាត ប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅចន្លោះឆ្នាំ ១៩៧២-៧៣ លោកបានរៀនរបាំ និងធ្លាប់បានប្រឡងជាប់ជាតួសម្តែងល្ខោនបាសាក់វ័យក្មេងជាងគេ គឺក្នុងវ័យ ១៥ ឆ្នាំ នៅឆ្នាំ ១៩៧៣។
លោក ឈន សំអាត បញ្ជាក់ថា៖ «កាលសម័យនោះ (ឆ្នាំ ១៩៧២-១៩៧៣) ខ្ញុំធ្លាប់បានសម្តែងជាតួត្លុកក្នុងល្ខោនបាសាក់ និងសម្តែងល្ខោនយីកេ ធ្លាប់ដើរជាតួអង្គម៉ឺនងួន ក្នុងរឿងទុំទាវ និងតួផ្យាណយក្នុងរឿងម៉ាក់ថឺង»។
ដោយឡែកនៅចន្លោះឆ្នាំ ១៩៨១-៨២ លោក ឈន សំអាត បានចូលរៀនជំនាញឧបករណ៍ភ្លេងខ្លុយក៏ចាប់ផ្តើមរៀនផ្លុំស្លឹកជាបណ្តើរៗផងដែរ ប៉ុន្តែមិនទាន់ចេះស្ទាត់ឡើយ និងបានប្រកបជាអ្នកសម្តែងរបាំប្រជាប្រិយ ឬរបាំប្រពៃណីនានា ដូចជារបាំក្ងោក របាំគោះត្រឡោក និងរបាំឆៃយ៉ាំ។
តន្ត្រីករផ្លុំស្លឹកដ៏កម្ររូបនេះបានបញ្ជាក់ថា៖ «លុះមកដល់ចន្លោះឆ្នាំ ១៩៩៥-៩៦ ទើបខ្ញុំអាចចេះផ្លុំស្លឹករហូតដល់បច្ចុប្បន្ន។ ការរៀនផ្លុំស្លឹកនេះ គឺចាប់តាំងពីជំនាន់ខ្ញុំបានចូលរៀនឧបករណ៍ខ្លុយមកម្ល៉េះ ហើយក្រៅពីនេះ ខ្ញុំ [គឺជា] អ្នករបាំប្រពៃណីប្រចាំនាយកដ្ឋានសិល្បៈទស្សនីយភាព ដែលភាគច្រើនសម្តែងរបាំក្ងោក របាំគោះត្រឡោក និងរបាំឆៃយ៉ាំជាដើម»។
ក្រោយពីបានរៀនចេះផ្លុំស្លឹកនេះស្ទាត់ជំនាញមក លោកព្រឹទ្ធាចារ្យ ឈន សំអាត ក៏បានសន្សំចិត្ត ដើម្បីបង្ហាត់បង្រៀនបន្តទៅអ្នកជំនាន់ក្រោយៗដែរ នៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
លោក ឈន សំអាត ប្រាប់ថា៖ «កន្លងមក ធ្លាប់បើកទទួលបង្រៀនសិស្សដែរ នៅសាលាវិចិត្រសិល្បៈ តែសិល្បៈតន្ត្រីផ្លុំស្លឹកនេះ វាហាក់មានភាពលំបាកណាស់ សម្រាប់ស្រូបសិស្សចូលរៀន។ វាសឹងតែគ្មានអ្នកចាប់អារម្មណ៍ចូលរៀនឡើយ ហើយបើមានការចូលរៀនវិញ ក៏មិនទាន់មានអ្នកណាអាចចាប់អារម្មណ៍ខ្លាំង យកធ្វើជាអាជីពនោះទេ»។
ចំពោះបច្ចេកទេសផ្លុំស្លឹកនេះ ក៏ទាមទារឱ្យចេះប្រើប្រាស់បច្ចេកទេសផ្លុំខ្យល់ឱ្យបានខ្លាំង និងបច្ចេកទេសនៃការប្រើប្រាស់បបូរមាត់ទាំង ២ ក្នុងការកៀបស្លឹក ដើម្បីធ្វើយ៉ាងណាអាចបញ្ចេញជាសូរសំឡេងប្រគំជាបទចម្រៀងនានា ហើយក៏មានប្រភេទស្លឹករុក្ខជាតិផ្សេងៗមួយចំនួនទៀតផង ទើបអាចផ្លុំបានឮសំឡេងល្អ។
លោកព្រឹទ្ធាចារ្យលើកឡើងថា៖ «ចំពោះការផ្លុំស្លឹកនេះ អាចផ្លុំលេងបានគ្រប់ប្រភេទ តាមបទចម្រៀងណា ដែលខ្លួនយើងចេះចាំបាន គឺអាស្រ័យទៅលើបច្ចេកទេសនៃការផ្លុំស្លឹកបត់បែនទៅតាមបទចម្រៀងប៉ុណ្ណោះ»។
លោកបានបន្តថា៖ «ចំណែកស្លឹកផ្លុំវិញឱ្យតែជាប្រភេទឈើមានលក្ខណៈស្វិត គឺអាចយកមកផ្លុំបាន។ តែបើតាមបទពិសោធខ្ញុំនោះ ស្លឹកឈើដែលអាចផ្លុំបានឮល្អ និងមានគុណភាពល្អ គឺមានដូចជាស្លឹករំដួល ស្លឹកជ្រៃ និងស្លឹកលំពង់ (ស្រដៀងស្លឹកសង្កែ)»។
សិល្បៈផ្លុំស្លឹកហាក់មិនទាន់ឃើញមានឯកសារណាបានបញ្ជាក់ច្បាស់ពីប្រភពដើមនោះឡើយ ដោយគ្រាន់តែជាសិល្បៈដែលចេះតៗគ្នា ហើយច្រើនតែនិយមលេង ឬផ្លុំក្នុងបរិយាកាសបែបស្រងេះស្រងោច លន្លង់លន្លោច ឬបណ្តែតអារម្មណ៍របស់មនុស្សណាម្នាក់ ដើម្បីរំសាយអារម្មណ៍ ឬកម្សាន្តអារម្មណ៍។
លោកព្រឹទ្ធាចារ្យបានឱ្យដឹងទៀតថា៖ «ឧបករណ៍តន្ត្រីស្លឹកនេះ គេតែងតែផ្លុំកម្សាន្តលេង បែបជាការកែអផ្សុកនៅតាមស្រុកស្រែចម្ការ ជាពិសេស ក្រុមហ្មដំរី ឬអ្នកដើរព្រៃ គឺគេតែងតែផ្លុំស្លឹក ដើម្បីហៅសត្វ ដូចជាសត្វឈ្លូស ឬសត្វដំរី ជាដើម»។
ដោយសារក្តីព្រួយបារម្ភខ្លាចបាត់បង់ជំនាញសិល្បៈផ្លុំស្លឹកនេះ និងធ្លាប់បានឃើញមានវីដេអូថតអ្នកចេះផ្លុំស្លឹកពូកែជាងខ្លួនទៅទៀតបង្ហោះតាមបណ្តាញសង្គមនៅតាមបណ្តាខេត្តនានាក្នុងប្រទេស លោកព្រឹទ្ធាចារ្យ ឈន សំអាត ក៏បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធឱ្យប្រកាសផ្សព្វផ្សាយទៅដល់ពួកគាត់ និងជួយប្រមែប្រមូលធនធានអ្នកចេះផ្នែកឧបករណ៍តន្ត្រីស្លឹកនេះផងដែរ។
ព្រឹទ្ធាចារ្យ ឈន សំអាត បានថ្លែងថា៖ «បន្ថែមពីសេចក្តីរីករាយដោយឃើញខាងនាយកដ្ឋានសិល្បៈទស្សនីយភាពបានរៀបចំការថតទុកជាឯកសារជាមួយខ្ញុំនោះ ក៏គួរតែប្រមែប្រមូលអ្នកចេះផ្លុំស្លឹកនៅទីនានា មកបង្ហាញសមត្ថភាព និងគាំទ្រពួកគាត់ និងថតចងក្រងទុកជាឯកសារ ទុកបន្តទៅជំនាន់ក្រោយៗ។ ខ្ញុំក៏ធ្លាប់ឃើញបងប្អូនខ្មែរយើងនៅតាមទីជនបទមួយចំនួនមានទេពកោសល្យល្អក្នុងការផ្លុំស្លឹកនេះដែរ នាពេលបច្ចុប្បន្នតាមរយៈការថតវីដេអូបង្ហោះតាមបណ្តាញសង្គម»៕