ភ្នំពេញៈ ដោយសារមានជាប់ឈាមជ័របន្តវេនពីលោកឪពុកដែលជាកវីនិពន្ធនាទសវត្សរ៍ទី៦០ គួបផ្សំឧបនិស្ស័យចូលចិត្តការអានសៀវភៅគ្រប់ប្រភេទ និងមានជំនក់ចិត្តខ្លាំងលើវិស័យភាពយន្តតាំងពីកុមារភាពបានត្រួសត្រាយអូសបន្លាយខ្សែជីវិតរបស់អ្នកស្រី ប៉ុល ពិសី ឱ្យឈោងចាប់យកអាជីពជាអ្នកនិពន្ធមានរយៈពេលជិត ៥០ ឆ្នាំ។
នាពេលបច្ចុប្បន្ន កវីស្រី ប៉ុល ពិសី ជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាគ្រូបង្រៀនវិជ្ជាតែងនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នកនិពន្ធប្រលោមលោកឯករាជ្យស្ត្រី ១ រូប មានឈ្មោះល្បីនៅក្នុងវិស័យអក្សរសាស្ត្រខ្មែរ។
អ្នកស្រី ប៉ុល ពិសី មានស្រុកកំណើត នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយមានទេពកោសល្យរៀនតែងនិពន្ធកំណាព្យតាំងពីក្មេងវ័យទទួលបានការអប់រំ និងបណ្តុះបណ្តាលឱ្យស្រឡាញ់ការអាន និងការសរសេរ ដោយផ្ទាល់ពីលោកឪពុកនាម ចាប រិទ្ធ ជាគ្រូបង្រៀនកវីនិងជាសមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅអំឡុងទសវត្សទី៦០។
សម្រាប់ស្នាដៃរបស់កវីនិពន្ធស្ត្រីមានវ័យ ៦៤ ឆ្នាំ ប៉ុល ពិសី រួមមាន ប្រលោមលោក (ខ្នាតវែង និងខ្នាតខ្លី ) កំណាព្យ ប្រលោម កំណាព្យអត្ថបទភាពយន្ត (សេណារីយោ) អត្ថបទល្ខោននិយាយ (ល្ខោននិយាយជាភាគ) ទំនុកច្រៀង សៀវភៅរឿងអប់រំកុមារប្រវត្តិខ្សែជីវិតបុគ្គល (មានផលិតជាវីដេអូ)និងសៀវភៅរឿងគូររូបភាព និងធ្លាប់បានឈ្នះពានរង្វាន់យ៉ាងច្រើនក្នុងស្នាដៃសំណេរចម្រុះរបស់អ្នកស្រី ។
កវីស្រី ប៉ុល ពិសី បានរំឭកពីស្នាដៃនិពន្ធដំបូង និងការចាប់ផ្តើមរៀនតែងនិពន្ធរបស់ខ្លួន ដែលបន្តពីលោកឪពុកតាំងពីមានវ័យ៨ឆ្នាំ មកនោះថា៖ «ខ្ញុំចាប់ផ្តើមសរសេរកំណាព្យ តាំងពីមានអាយុ ៨ ឆ្នាំ ទោះបីមិនទាន់ចេះក្បូនខ្នាតត្រឹមត្រូវក៏ដោយ។នៅឆ្នាំ ១៩៦៩ ខ្ញុំផ្តើមសរសេរប្រលោមលោកខ្លីៗ ហើយឆ្នាំ ១៩៧២ ស្នាដៃកំណាព្យខ្ញុំត្រូវបានកម្មវីធីកំណាព្យខ្មែរយកទៅសូត្រផ្សាយតាមវិទ្យុជាតិកម្ពុជា ខណៈស្នាដៃប្រលោមលោកដំបូងនៅឆ្នាំ១៩៧៣ មាន ២ រឿង ទី១ មានចំណងជើង «ចំណងដៃទឹកភ្នែក» ឯរឿងទី២ មានចំណងជើងថា «កម្រងស្នេហ៍កម្ម» ដោយខ្ញុំមានឯកសារទុកមកទល់សព្វថ្ងៃនេះ គឺជាសំណេរដោយដៃ»។
អ្នកស្រី ប៉ុល ពិសី ក៏រំឭកពីចំណូលចិត្តកាលពីកុមារភាពថា៖ «ពីកុមារភាព ចូលចិត្តអានសៀវភៅគ្រប់ប្រភេទ មានប្រលោមលោក កំណាព្យ អត្ថបទស្រាវជ្រាវ ទស្សនាវដ្តី សារព័ត៌មាននានា សាស្ត្រាស្លឹករឹតជាដើម។ ខ្ញុំចូលចិត្តស្តាប់ តាមដានរឿងរ៉ាវ ដែលផ្សាយតាមវិទ្យុជាតិ (ល្ខោននិយាយ ចម្រៀង ព័ត៌មាន) ហើយមានជំនក់ចិត្តខ្លាំងក្នុងការទស្សនាភាពយន្តតាំងពីកុមារ និងធ្លាប់បានតាមគេទៅមើលផ្ទាល់នៅកន្លែងថតកុនទៀតផង»។
ដោយសារឧបនិស្ស័យមើល ស្តាប់ សង្កេតតាមដានរាល់សកម្មភាពនានា ដែលមាននៅជុំវិញខ្លួនតាំងពីដឹងក្តីមក ទើបក្លាយជាកូនស្រីម្នាក់ក្នុងចំណោមកូនប្រុសស្រីទាំង ៥ នាក់ ទទួលបាននិស្ស័យខ្សែលោហិតបន្តវេនជាអ្នកស្រឡាញ់ការសរសេរពីលោកឪពុក។
អ្នកស្រីប្រាប់ថា យ៉ាងណាក្តី ក្នុងចិត្តចង់ក្លាយជាអ្នកបុរាណវិទ្យាដោយក្តីស្រឡាញ់ប្រាសាទបុរាណ រូបចម្លាក់គ្រប់យ៉ាង ដែលមានទំនាក់ទំនងនឹងផ្នែកបុរាណវិទ្យា តែជាអកុសល មិនបានដូចការប៉ង ហើយក៏ផ្ទុយពីបំណងឪពុកដែលចង់ឱ្យក្លាយជាអ្នកគ្រូពេទ្យផងដែរ។
ទោះបីជាធ្លាប់បានឆ្លងកាត់បទពិសោធច្រើនឆ្នាំក្នុងការតែងនិពន្ធនិងធ្លាប់ឈ្នះពានរង្វាន់ដ៏ច្រើនសន្ធឹកពីស្នាដៃសំណេរចម្រុះខ្លួននោះក្តី ក៏កវីជើងចាស់ ប៉ុល ពិសី បានចែករំលែកនូវអ្វីជាដែលផលលំបាកនិងផលប្រយោជន៍ក្នុងអាជីពនិពន្ធជំនាន់អ្នកស្រី ដើម្បីទុកដល់អ្នកនិពន្ធជំនាន់ក្រោយបានស្វែងយល់ និងដកពិសោធផងដែរ។
អ្នកស្រី ប៉ុល ពិសី រំលែកឱ្យដឹងពីផលលំបាកខ្លះៗក្នុងអាជីពជាអ្នកនិពន្ធថា៖ «ជីវិតជាអ្នកសរសេរ គឺតែងតែជួបប្រទះនូវឧបសគ្គច្រើនយ៉ាង។ បរាជ័យច្រើនជាងជោគជ័យ សំខាន់គឺត្រូវតែព្យាយាម អំណត់ តស៊ូ តាមដានគ្រប់សកម្មភាព ដែលកើតមានជារៀងរាល់ថ្ងៃដើម្បីកត់ត្រាប្រមូលយកព័ត៌មានពិតមកចងក្រង ហើយប្រមូលថែមថយ ច្នៃប្រឌិតរំលេចជាសាច់រឿង ដែលមានលក្ខណៈតថភាពច្រើន កើតចេញពីក្នុងសង្គមបច្ចុប្បន្ន ធ្វើដូច្នេះទើបអាចទាក់ទាញចិត្តអ្នកអានយើងបាន»។
អ្នកស្រីបានបន្តថា៖ «អ្នកសរសេរតែម្នាក់ ហើយត្រូវបញ្ចេញស្នាដៃ ដើម្បីចែកចាយដល់មហាជន រាប់ពាន់ រាប់ម៉ឺននាក់ ដូច្នេះទោះបីល្អយ៉ាងណា ក៏មិនបានសុក្រឹតដែរ ហើយក៏គេចមិនផុតពីមានកំហុសឆ្គងខ្លះៗជាមិនខាន ព្រោះមនុស្សម្នាក់ចិត្តមួយ។ ការនិពន្ធផលិតមិនទាន់ចិត្តអ្នកអាន អ្នកទស្សនាចង់បានឆាប់ៗក្តៅៗទម្រាំផលិតបានគឺយឺតពេលធ្វើឱ្យមានការខកចិត្ត ព្រោះអ្វី ដែលជាព័ត៌មានថ្មីៗនោះ បានកន្លងពេលហួស ឬយើងហៅថា ព័ត៌មានជូរ ផ្អូម»។
កាលបើបានក្លាយជាអ្នកនិពន្ធ ១ រូបនោះ ក៏ទទួលបានកិត្តិយសក្នុងជីវិត មានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជុំវិញខ្លួន បានចូលរួមលើកស្ទួយខឿនវប្បធម៌ អក្សរសាស្ត្រជាតិឱ្យបានរីកចម្រើន បានតបស្នងសងគុណវិញ្ញាណក្ខន្ធអ្នកមានគុណ រៀមច្បងអ្នកនិពន្ធ និងព្រលឹងបុព្វបុរស បុព្វកវីជំនាន់ដើម។
អ្នកស្រី ប៉ុល ពិសី បន្ថែមថា៖ «ប្រយោជន៍ពីអាជីពអ្នកនិពន្ធ គឺបានបន្សល់ទុកនូវស្នាដៃ និងផ្តល់ឱកាសក្នុងការចែករំលែកចំណេះដឹងទៅឱ្យកូនចៅជំនាន់ក្រោយ។ ជាពិសេសពេលមានអ្នកគាំទ្រស្នាដៃច្រើនគឺធ្វើឱ្យយើងមានមោទកភាពខ្លួនឯង រីករាយសប្បាយចិត្ត ពេលឮប្រិយមិត្តពោលសរសើរពីស្នាដៃ»។
អ្នកនិពន្ធជើងចាស់ដែលបានប្រឡូកអាជីពនិពន្ធជិត ៥០ ឆ្នាំរូបនេះបន្តថា៖ «យើងអាចមានឱកាសបានចេញទៅក្រៅប្រទេស ជួបជុំជាមួយនឹងក្រុមអ្នកនិពន្ធបរទេស ចែករំលែកបទពិសោធការនិពន្ធទៅវិញទៅមក និងអាចបង្ហាញពីកេរមរតកដូនតា ដែលជាផ្នែកពិសេសនៃខឿនអក្សរសាស្ត្រជាតិ»។
ស្របពេលវិទ្យាសាស្ត្រជឿនលឿន បច្ចេកទេសបានវិវត្តទៅមុខ គ្រប់យ៉ាងមានការប្រែប្រួល ហើយតាមសង្កេតឃើញថា អ្នកអានភាគច្រើនជាយុវវ័យ មានចំណង់ចំណូលចិត្តអានអ្វីដែលមានភាពលឿនរហ័ស ភ្លាមៗ ដូច្នេះ សៀវភៅភាគច្រើនគឺផលិតចេញតម្រូវចិត្តអ្នកអាន។ជាឧទាហរណ៍ដូចជាការរៀបរាប់ទេសភាពផ្តើមរឿងពីសម័យមុនគឺរៀបរាប់វែងឆ្ងាយទើបចូលសាច់រឿង តែសម័យនេះគឺផ្តើមភ្លាមចូលសាច់រឿង និយាយភ្លែតតែម្តង ចំណែកបទសន្ទនាវិញក៏ខ្លីៗ ហើយមិនសូវបង្កប់ន័យប្រៀបធៀបទេ។
អ្នកស្រី ប៉ុល ពិសី យល់ឃើញថា៖ «តាមគំនិតខ្ញុំ ជាអ្នកនិពន្ធគឺត្រូវចេះបត់បែនតាមពេលវេលា។ តែក៏មិនត្រូវបំភ្លេចអ្វី ជាកេរដំណែលដូនតាដែរ។ យកល្អគឺត្រូវចេះផ្សែផ្សំលាយល្បាយរវាងបុរាណ និងសម័យឱ្យចូលគ្នា ទើបជាការល្អ។
ចំពោះអ្នកនិពន្ធជាស្ត្រីវិញ តាំងពីសម័យមុនមក មិនសូវសម្បូរទេ គឺមានភាគរយតិចតួចណាស់ តែសម័យនេះបែរជាមានការលេចឡើងនូវចំនួនអ្នកនិពន្ធជាស្ត្រីច្រើនហើយក៏មានស្នាដៃឆ្នើមៗជាច្រើន និងកំពុងតែមានអ្នកបន្តវេនជាបន្តបន្ទាប់ថែមទៀតផង។ ខណៈពេលឥឡូវនេះស្នាដៃរបស់អ្នកនិពន្ធស្ត្រីហាក់ដូចជាមានភាពប្រាកដនិយមច្រើន មានន័យថា ភាគច្រើនសាច់រឿងបានប្រមូលយកមកពីជីវិតពិត ដែលកើតមានក្នុងសង្គមមករំលេចក្នុងស្នាដៃនិពន្ធ។
កវីស្រី ប៉ុល ពិសី បានលើកឡើងថា៖ «នេះសបញ្ជាក់ឱ្យឃើញថា ស្ត្រីបានយល់ច្បាស់ពីតួនាទីរបស់ខ្លួន ហើយចេះប្រើសិទ្ធិសេរីភាព ក្លាហានដើម្បីចេញមុខវែកញែកបង្ហាញឱ្យឃើញនូវចំណុចវិជ្ជមាន និងអវិជ្ជមានដែលស្ត្រីសម័យនេះត្រូវតែបានទទួលដោយភាពយុត្តិធម៌បំផុត។ អ្វីដែលពិសេសនោះសម្រាប់ខ្ញុំដែលជាអ្នកនិពន្ធស្ត្រីម្នាក់ដែរ គឺមានឱកាសបានបើកទម្លាយនូវអាថ៌កំបាំងដែលកន្លងមក ស្ត្រីភាគខ្លះមិនហ៊ាននិយាយការពិតដោយការប្រើវេទិកាសំណេរបញ្ចូល ក្នុងសាច់រឿង ធ្វើឱ្យមានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានមិត្តអ្នកអាន»។
អ្នកស្រី ប៉ុល ពិសី បន្តថា៖ «ខ្ញុំបានកំណត់ក្នុងចិត្តតាំងពីដើមមកថា គ្រប់រឿងរ៉ាវរបស់ស្ត្រី គ្មានអ្នកណាដឹងច្បាស់ជាងស្ត្រីគ្នាឯងទេ។បើអ្នកនិពន្ធស្ត្រី មិនសរសេរលើកតម្កើងសិទ្ធិសេរីភាពស្ត្រីដូចគ្នា តើឱ្យអ្នកណាលើកជំនួសទៅ? ស្ទើរតែគ្រប់សំណេររបស់ខ្ញុំ គឺសង្កត់ធ្ងន់ទៅលើការលើកតម្លៃ លើកទឹកចិត្តស្ត្រី ឱ្យខំតស៊ូជម្នះឧបសគ្គ ដើម្បីសិទ្ធិសេរីភាពក្នុងការរស់នៅជានិច្ច។ បេះដូង និងខួរក្បាលខ្ញុំ បានកត់ត្រា និងចងចាំសម្តីមាសរបស់លោកឪពុកខ្ញុំ បានផ្តាំថា កុំខ្ចីដង្ហើមគេដក ទោះកូនជាស្ត្រី ក៏កូនជាមនុស្សម្នាក់ដែរ កូនត្រូវតែរស់ដោយកម្លាំងញើសឈាមខ្លួនឯង»។
សម្រាប់អាជីពនិពន្ធជិត ៥០ ឆ្នាំ អ្នកស្រី ប៉ុល ពិសី បានទទួលពានរង្វាន់យ៉ាងច្រើន រួមមាន ពានរង្វាន់លេខ ២ ប្រលោមលោកខ្លីរឿង«មាសទឹកដប់»ពីកម្មវិធីមហោស្រពតែងនិពន្ធមហាជនទូទាំងរាជធានីភ្នំពេញ ឆ្នាំ ១៩៨៧។ ឆ្នាំ ១៩៩១ឈ្នះពានរង្វាន់លេខ ៤ ប្រលោមកំណាព្យរឿង «មាសទឹកដប់» ពីមហោស្រពតែងនិពន្ធទូទាំងប្រទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ឆ្នាំ ១៩៩៥ ឈ្នះពានរង្វាន់លេខ ១ ស្ទូន ប្រលោមកំណាព្យរឿង «ល្ខោនជីវិត»ពីកម្មវិធីពានរង្វាន់ព្រះសីហនុរាជលើកទី១ រៀបចំដោយសមាគមអ្នកនិពន្ធខ្មែរ។ឆ្នាំ១៩៩៦ឈ្នះពានរង្វាន់លេខ ២ ប្រលោមលោកខ្លីរឿង «ផ្កាកេសរកូល» នៃកម្មវិធីពានរង្វាន់របស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា។ឆ្នាំ២០០១ ឈ្នះពានរង្វាន់លេខ ២ ប្រលោមកំណាព្យរឿង «អប្សរា» ពីកម្មវិធីពានរង្វាន់ព្រះសុរាម្រិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ឆ្នាំ ២០០៧ ឈ្នះពានរង្វាន់មេគង្គប្រលោមកំណាព្យរឿង«អ្នកម្តាយ»។ ឆ្នាំ ២០១១ ឈ្នះពានរង្វាន់កិត្តិយសព្រះបទុមត្ថេរសោមប្រលោមកំណាព្យរឿង «ម្ចាស់ស្នេហ៍» របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ឆ្នាំ ២០១២ ឈ្នះពានរង្វាន់លេខ ២ ប្រលោមកំណាព្យរឿង «ក្លិនផ្កាស្រូវ» ពីកម្មវិធីពានរង្វាន់នាយិកាសិទ្ធិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឆ្នាំ ២០១៣ ឈ្នះពានរង្វាន់លេខ ៣ ស្ទួន ប្រលោមលោករឿង «ថ្មរាំ» ពីកម្មវិធីពានរង្វាន់ រឹម គិន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ឆ្នាំ ២០១៣ ឈ្នះពានរង្វាន់អ្នកនិពន្ធទំនុកច្រៀងឆ្នើមរបស់ក្រុមហ៊ុនសប្បាយ និងឆ្នាំ ២០១៨ ឈ្នះពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ ប្រលោមលោករឿង«ថ្មរាំ» ពីប្រទេសថៃ។
តាមក្រឹត្យក្រមធម្មជាតិ ទំពាំងលូតលាស់ហើយក៏ត្រូវក្លាយជាឫស្សី រួចទំពាំងថ្មីក៏ដុះមកបន្តបន្ទាប់ មិនខុសអ្វីពីមនុស្សឡើយពីជំនាន់មួយទៅជំនាន់មួយ គឺត្រូវមានអ្នកស្នងមរតកជំនាញដែលជាព្រលឹងវប្បធម៌ដ៏ចំណាស់ដើម្បីឱ្យរីកដុះដាលតទៅមុខទៀត។
កវីស្ត្រី ប៉ុល ពិសី ផ្តល់ជាមតិផ្តាំផ្ញើ ចំពោះអ្នកនិពន្ធជំនាន់ក្រោយថា៖ «ក្នុងនាមជាអ្នកស្រឡាញ់ការតែងនិពន្ធម្នាក់ ខ្ញុំសប្បាយចិត្តព្រោះឃើញមានអ្នកបន្តវេនតាមក្រោយជាច្រើន ហើយស្នាដៃរបស់ទំពាំងថ្មីនោះក៏មានលក្ខណៈជឿនលឿនច្រើនដែរ។ ម្យ៉ាងទៀត អ្វីដែលយើងជាអ្នកនិពន្ធត្រូវធ្វើនោះ គឺត្រូវតែពង្រីកចំណេះដឹង ពង្រឹងការគិតឱ្យបានច្រើន ទើបខឿនវប្បធម៌អក្សរសាស្ត្រជាតិខ្មែរយើងនឹងឋិតថេរគង់វង្ស»។
អ្នកស្រីបានបន្ថែមថា៖ «កុំភ្លេចថា យើងមានខ្សែលោហិតតពូជពង្សពីបុព្វបុរសសម័យអង្គរ ដូចជា ព្រះនាងឥន្ទ្រទេវី ជាកំពូលអ្នកប្រាជ្ញដ៏ល្បីល្បាញរបស់ជាតិយើង។ ទោះបីបច្ចុប្បន្នមានការរីកចម្រើនយ៉ាងណាក៏ដោយ រាល់សំណេរគឺត្រូវតែបង្ហាញពីប្រពៃណី វប្បធម៌ ទំនៀមទម្លាប់របស់ដូនតាយើង។ ត្រូវដាក់បញ្ចូលនូវអ្វីដែលជាអត្តសញ្ញាណជាតិដើម្បីឱ្យសកលលោកបានស្គាល់។ ជាពិសេសកុំភ្លេចអ្វីដែលជារសជាតិ ជាក្លិន ជាពណ៌សម្បុរពិតរបស់ជាតិខ្មែរយើង។ បណ្តាំចុងក្រោយគឺកុំភ្លេចសុភាសិតបុរាណ ងើយស្កក ឱនដាក់គ្រាប់ គឺមានន័យថា មិនត្រូវមានអំនួតហួសហេតុពេកចំពោះស្នាដៃយើងទេ។គ្រប់យ៉ាងគឺទុកឱ្យមហាជនជាអ្នកផ្តល់ពិន្ទុវាយតម្លៃឱ្យទើបមានកិត្តិយសល្អប្រសើរឋិតថេរយូរអង្វែងក្នុងអាជីពមួយនេះ»៕