សៀមរាប: ដោយ​មើល​ឃើញ​កម្ទេច​​អាចម៍រណា​រសល់​ចោល​គរ​ពី​សិប្ប​កម្ម​ផលិត​តុ​ ទូ កៅអី និង​គ្រឿង​សង្ហារិម​ផ្សេងៗ​របស់​បង​ប្រុស លោក គួច សេងថៃ បាន​រិះ​រក​វិធី​សាស្ដ្រ​កែច្នៃ​​កាក​សំណល់​ទាំង​នេះ​ជា​វត្ថុ​សិល្បៈ​ចម្លាក់​គ្រប់​ទម្រង់​។

ជា​មួយ​ទស្សនៈ​​លើក​ទឹកចិត្ដ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​ឡើង​វិញ និង​មិន​រំលំ​ដើម​ឈើ​បន្ថែម​ទៀត យុវជន អាយុ ៣៧ ​ឆ្នាំ​រូប​នេះ បាន​ខិតខំ​កែច្នៃ​ផលិត​ផល​ដែល​ឱ្យ​គេ​ទទេ​ដោយ​ឥត​គិត​ថ្លៃ​ទៅជា​វត្ថុ​មាន​តម្លៃ​ស្ដីពី​ចម្លាក់​យក​លំនាំ​តាម​គ្រឿង​ចម្លាក់​បុរាណ​ ដូច​ជា​ ស្ពាន់ ថ្ម និង​ឈើ​ជា​ដើម។

លោក សេង​ថៃ ​ម្ចាស់​សិប្បកម្ម​ចម្លាក់ រក្សកូសា​អាត នៅ​សៀម​រាប​បាន​ឱ្យដឹង​ថា៖ «បច្ចេក​ទេស​ផលិត​តាំង​ពី​ដើម​ដល់​ចប់ សិប្បកម្ម​របស់ខ្ញុំ​ ធ្វើ​ខ្លួន​ឯង​ទាំង​អស់ រួម​ទាំង​ការ​ផលិត​ពុម្ពដែល​បច្ចុប្បន្ន​នេះមាន​គំរូ​ពុម្ព​ជាង ​១០០​ រួច​ហើយ​»។

ការ​ផលិត​ចម្លាក់​ពី​អាចម៍​រណារ​នេះ ​គឺជា​របក​គំឃើញ​របស់​យុវជន​សៀម​រាប​ សេងថៃ ដែល​លោក​បាន​ប្រើ​ប្រាស់​បទ​ពិសោធ​ការ​ងារ​នៅ​ក្រុម​ហ៊ុន​ផលិត​វត្ថុ​អនុស្សាវ​រីយ៍ និង​សមាគម​សិប្បកម្ម​នៅ​ក្នុង​​ទីក្រុង​ទេស​ចរណ៍​វប្បធម៌ ​និង​ប្រវត្ដិ​សាស្ដ្រ​។

ចម្លាក់​អាចម៍​រណា​រត្រូវ​បាន​ផលិត​ក្នុង​បរិមាណ​ច្រើន​លើ​រយៈ​ពេល​ខ្លី​ដោយ​ប្រើ​ប្រាស់​កាក​សំណល់​ពី​សិប្បក​ម្ម​របស់​បង​ប្រុស​លោក​ សេងថៃ បន្ថែម​ជ័រ៣​ប្រភេទ​ទៀត​ ដែលា​មាន​តម្លៃ​ថោក​ជាង​ស្ពាន់​ និង​ឈើ ក៏ដូច​ជា​ ជួយ​ខាង​ផ្នែក​បរិស្ថាន​ចំពោះ​ការ​ប្រើ​ប្រាស់​កាក​សំណល់​ឡើង​វិញ​។

ផលិតផលដែលច្នៃពីអាចម៍រណារ។

លោក​ សេង​ថៃ ជា​អតីត​អ្នក​គ្រប់​គ្រង​ផ្នែក​លក់ និង​ផលិត​ផល ​នៅ​ក្រុម​ហ៊ុន​បរទេស​មួយ​នៅ​សៀម​រាប ដែល​ផលិត​វត្ថុ​អនុស្សា​វរីយ៍​ជា​គ្រឿង​ទេស ​និង​គ្រឿង​ក្រអូប​ដោយ​ប្រើ​ស្មុគ​ស្លឹក​ត្នោត ​និង​ប្រអប់​ជា​សម្បក​វេច​ខ្ចប់​បែប​បុរាណ​សម្រាប់​ខ្ចប់​សាប៊ូ​ ឡេ​ក្រមួន​លាប​មាត់​ តាំង​ពី​ឆ្នាំ​ ២០០៤ ​រហូត​ដល់ ​២០១៦​។

ផ្ដើម​ពី​ឆ្នាំ​ ២០១៦ លោក​បាន​ប្ដូរ​ទៅ​បម្រើ​ការងារ​នៅ​​សមាគម​សិប្ប​កម្ម​ ​ជា​វេលា​ដែល​លោក​មាន​ឱកាស​បាន​សិក្សា​អំពី​លទ្ធភាព​បង្កើត​​​អ្វី​មួយ​សម្រាប់​ជា​របស់​ខ្លួន​ឯង​។

លោក​ សេង​ថៃ​ បាន​និយាយ​អំពី​សំណល់​អាចម៍​រណារ​ថា​៖ «​ខ្ញុំ​តែង​តែ​នឹក​គិត​ថា តើ​យើង​អាច​យក​វា​មក​ធ្វើ​ជា​អ្វីបាន? ពេល​ខ្លះខ្ញុំ​មើល​ឃើញ​ថា​ អាចម៍​រណា​រទាំង​នេះ​ស្អាតៗដោយ​មាន​ពណ៌​អាច​ជ្រើស​រើស​ថែម​ទាំង​ផង​។ កាល​ពី​មុន ខ្ញុំ​រើស​យក​តែ​អាចម៍​រណារ​ពណ៌​រាង​ខ្មៅ​ៗ តែ​ឥឡូវ​នេះ​ពណ៌​អ្វី​ក៏​យក​ដែរ​ ពីព្រោះ​វាកាន់​តែ​ខ្សត់»​។

​អំឡុង​ពេល​ចន្លោះ​ឆ្នាំ​ ២០១៦​ ដល់​ឆ្នាំ​ ២០១៨​ លោក​បាន​​សិក្សា​លើ​ការ​កែច្នៃ​ឡើង​វិញ​នៃ​កម្ទេច​អាចម៍​រណារ​នេះ​​។ ដោយ​មាន​ចំណូល​ចិត្ដ​ខាង​សូន្យ​រូប​ស្រាប់​ផង ​យុវជន​រូបនេះ​ បាន​​សាក​ល្បង​យក​អាចម៍​រណា​រលាយ​ល្បាយ​ជ័រ​​​​ផលិត​ជា​ចម្លាក់​។

​ការ​ល្បាយ​ផ្សំ​គ្រឿង​អាចម៍​រណារ​ជា​មួយ​ជ័រ​ចុង​ និង​សារ​ធាតុ​ផ្សេងៗ​មិន​បាន​ជោគ​ជ័យ​នោះទេ​ដោយ​សារ​លោក​អះអាង​ថា ​ជ័រ​ស្អិត​មែន តែ​វា​ចំណាយ​ពេល​ប្រែ​ជា​រឹង​យូរ​ពេក ​​រហូត​ដល់​ ៣ ​ខែ​​ឯណោះ​​។

រហូត​ដល់​ចុង​ឆ្នាំ​ ២០១៧​ លោក សេង​ថៃ បាន​​រក​ឃើញ​ជ័រ​ ៣ ​ប្រភេទ ​និង​ដឹង​អំពី​បច្ចេក​ទេស​លាយ​ក្នុង​សមា​មាត្រ​មួយ​ត្រឹម​ត្រូវ​ដែល​ធ្វើ​ឱ្យ​ឆាប់​​រឹង​ត្រឹម​ចន្លោះ​ពី ​៣ ​ម៉ោង ​ដល់ ​៨​ ម៉ោង ​ដែល​​ក្រុម​ការងារ​​អាច​គាស់​ពី​ពុម្ព​មក​ធ្វើ​ការ​កែកុន​ឆ្លាក់​បន្ថែម​ឱ្យ​កាន់​តែ​ស្អាត​។

​ម្ចាស់​សិប្បកម្ម​ចម្លាក់​ រក្ស​កូសា​អាត បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ពេល​ទទួល​ជោគ​ជ័យ​ក្នុងការ​បង្កើត​ជា​ចម្លាក់​ ខ្ញុំ​ចាប់​ផ្ដើម​គិត​រឿង​ការ​រំលេច​ពណ៌​ដើម្បី​មាន​លក្ខណៈ​ទាក់​ទាញ​។ បើ​មិន​ប្រើ​ប្រាស់​ពណ៌​ជំនួយ​បន្ថែម​ចម្លាក់​អាចម៍​រណារ​មិន​ខុស​ពី​ចម្លាក់​ដី​ឥដ្ឋ​នោះ​ទេ​វា​មាន​ពណ៌​ត្នោត​ប្រហាក់​ប្រហែល​គ្នា»​។

លោក​បន្ដ​សិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​ពណ៌​បែប​វត្ថុ​បុរាណ​ ដូចជា ស្ពាន់​ចាស់ និង​ឈើ​ចាស់​។ទីបំផុ​តលោក​អាច​និយាយ​បាន​ថា ​វា​ជា​វិធីសាស្ដ្រ​បង្កើត​ពណ៌​សិប្ប​និម្មិត​មួយ​ដែរ ដែល​ភ្ញៀវ​មើល​ទៅ​ច្រឡំ​នឹង​ផលិតផល​ពី​ស្ពាន់ និង​ឈើ​។

នៅ​ពេល​អតិថិជ​ន​កាន់​លើក​ចម្លាក់​អាចម៍​រណារ​ឡើង​ វា​មាន​ទម្ងន់​ស្រាល​ខ្លាំង បើ​ធៀប​នឹង​ចម្លាក់​ស្ពាន់​ខុស​គ្នា​ពី ៥ ទៅ ៦ ​ដង​ និង​ឈើ​មាន​ប្រមាណ​៣​ដង ហើយ​បើ​ធៀប​នឹង​ចម្លាក់​ថ្ម​ វា​ខុស​គ្នា​ ១២​ ដង​ឯ​ណោះ​​។ កាន់​តែ​វិសេស​ ការ​ផលិត​មាន​សម្ទុះ​លឿន​ជាង​ ១០ ​ដង​ បើ​ធៀប​នឹង​ការ​ផលិត​បែប​ប្រពៃ​ណី​ ដូចជា ​ស្ពាន់ និង​ឈើ​ជា​ដើម។

ផលិតផលដែលច្នៃពីអាចម៍រណារ។

លោក សេង​ថៃ បាន​អះអាង​ថា​៖ «សិប្បកម្ម​ចម្លាក់​ប្រពៃ​ណី​ ដូចជា​ ការ​ឆ្លាក់​ឈើ​ត្រូវ​ការ​ពេល​ ៧ ​ថ្ងៃ​អី ទើប​អាច​ផលិត​បាន​ចម្លាក់​មួយ​។ ប៉ុន្ដែ​ចំពោះ​ចម្លាក់​ចាក់​ពុម្ព​អាចម៍​រណារ​ យើង​អាច​ផលិត​បាន​ចំនួន ​៧​ ក្នុង​ ១ ​ថ្ងៃ»​។

លោក​បាន​លើក​ឡើង​ថា ចំពោះ​ទម្ងន់​ស្រាល​នេះ វាជា​គុណ​សម្បត្ដិ​មួយ​ដែល​ភ្ញៀវ​ចូល​ចិត្ដ​ដោយ​សារ​វា​អាច​ដាក់​ទៅតាម​វ៉ាលិស​ត្រឡប់​ទៅ​ស្រុក​ពួក​គាត់​វិញ​ស្រួល​។

ដោយ​គិត​ដល់​កម្រិត​នៃ​ភាព​ជាប់​មាំ ​លោក​បាន​ឱ្យ​ដឹង​​ថា វាមាន​ដង់ស៊ីតេ​​ខ្ពស់​ដែរ ថ្វីដ្បិ​តតែ​មិន​ណែន​ល្អ​ដូច​ឈើ​ធម្មជាតិ​ កំហាប់​របស់វា​រឹង​ល្មម​ ដែល​ធានា​ថា មិន​ងាយ​បាក់​បែក​។ ជា​ទូទៅ បើវា​ធ្លាក់​នៅលើ​ដី​ធម្មតា វា​មិន​បែក​ទេ លើក​លែង​តែ​នៅលើ​​ឥដ្ឋ​ការ៉ូ​ ដែល​អាច​ធ្វើ​ឱ្យ​បែក​។ លក្ខណ​ពិសេស​មួយ​ទៀត មេ​អត់​ស៊ី​តែម្ដង ដោយ​សារ​ល្បាយ​ជ័រ​ឈើ វា​ល្អ​ជាង​ឈើ​មួយ​ចំនួន​ផង​ ដែល​អាច​មាន​មេ​ស៊ី​ផុយៗ​។

ក្រៅពី​អាចម៍​រណារ​បច្ចេក​ទេស​នេះអាច​ប្រើ​ទៅលើ​អង្កាម​ឬ​កម្ទេច​ស្លឹក​ឈើ​ក៏​បាន​ដែរ។​ចំពោះ​ផលិត​ផល​កាក​សំណល់​អង្កាម ​និង​ស្លឹក​ឈើ​​ ត្រូវ​ការ​កិន​ឱ្យ​ម៉ដ្ឋ​ជា​មុន​សិន​ ទើប​​អាច​ប្រើ​បាន​ដូច​គ្នា​។

អាចម៍​រណារ​ និង​ល្បាយ​ជ័រ​ ៣ ​មុខ​ ត្រូវ​បាន​លាយ និង​ចាក់​ក្នុង​ពុម្ព​ ដែល​ចេញ​លទ្ធ​ផល​ជា​ផលិត​ផល​ប្រហោង​ក្នុង​។ ជាមួយ​បច្ចេក​ទេស​នេះ លោក​ សេងថៃ និយាយ​ថា មាន​គុណ​សម្បត្ដិ​ធ្វើ​ឱ្យ​ផលិត​មាន​ទម្ងន់​ស្រាល​ដែល​មិន​សូវ​បង្ក​ការ​បាក់​បែក​។

ចំពោះ​រូប​មន្ដ​នៃការ​ផលិត​ចម្លាក់​អាចម៍​រណារ​នេះ លោក សេង​ថៃ បាន​បង្ហើប​ថា លោក​ប្រើ​អាចម៍​រណា​រជា​គោល​ ដោយ​ផ្សំ​ជាមួយ​ជ័រ​ក្នុង​បរិមាណ​យ៉ាង​ច្រើន​បំផុត ២៥​ ភាគ​រយ​។

សិប្បកម្ម​រក្ស​កូសា​អាត ផលិត​ចម្លាក់​តូច​បំផុត​ចាប់​ពី​ខ្នាត​ទំហំ​ ២-៣ ​សង់​ទីម៉ែត្រ​រហូត​ដល់​ខ្នាត​ធំ​ប៉ុន​មនុស្ស​។​ជា​ទូទៅ​ចម្លាក់​ដ៏​ពេញ​និយម​បំផុត​ គឺ​ទំហំ​កម្ពស់​កន្លះ​ម៉ែត្រ​ចុះ​ក្រោយ​ ដែល​ងាយ​ស្រួល​ក្នុង​ការ​ដាក់​តាំង​។

ចំពោះ​ចម្លាក់​ទំហំ​ប៉ុន​មនុស្ស អតិថិ​ជន​ធ្វើ​ការ​កុម្ម៉ង់​ផ្ទាល់​ ដែល​ម្ចាស់​សិប្បកម្ម​នេះ ​ធ្លាប់​ផលិត​សម្រាប់​ការ​តាំង​នៅ​អាកាស​យាន​ដ្ឋាន​ ជា​​រូប​យក្ស​ទាំង​នៅ​ភ្នំពេញ និង​សៀម​រាប​។

បើ​ធៀប​នឹង​ចម្លាក់​ស្ពាន់ លោក សេងថៃ បាន​បន្ដថា​ ផលិត​ផល​ស្ពាន់​មាន​តម្លៃ​ជាង​ឆ្ងាយ​ ដោយ​សារ​របៀប​ធ្វើ​មាន​លក្ខណៈ​ស្មុគ​ស្មាញ និង​គ្រោះ​ថ្នាក់ ក៏ដូចជា ​វត្ថុធាតុ​ដើម​ថ្លៃ​ហើយ​តម្លៃ​ចម្លាក់​ឈើ​នៅតែ​ថ្លៃ​ជាង ដោយ​សារ​ការ​ឆ្លាក់​ឈើ​ត្រូវ​ការ​ពេល​យូរ​។

ជា​មួយ​ផលិត​ផល​ងាយ​ស្រួល​ផលិត​ ចម្លាក់​អាចម៍​រណា​រមាន​តម្លៃ​ចាប់ ៥ ​ដុល្លារ​រហូត​ដល់ ​៩៩​ ដុល្លារ​ដែល​មាន​ទំហំ​ពី ២-៣​ សង់​ទីម៉ែត្រ​ដល់​កន្លះ​ម៉ែត្រ។

លោក​បញ្ជាក់​ថា៖ «​ការ​បើក​ដំណើរ​ការ ​១​ ឆ្នាំ​ពេញ​ដំបូង​ សិប្បកម្ម​ទទួល​ជោគ​ជ័យ​ខ្លាំង​ ហើយ​ឆ្នាំ​ ២០១៩​ យើង​លក់​បាន​ច្រើន​ដែរ​គឺជិត​មួយ​ឆ្នាំ​។ប៉ុន្ដែ​ចូល​ដល់​កូវីដ​ដើម​ឆ្នាំ​ ២០២០​ សិប្ប​កម្ម​ស្ទើរតែ​បិទ​ទ្វារ​ដោយ​សារ​របរ​នេះ​ផ្ដោត​លើ​ទេស​ចរណ៍​ទាំង​ស្រុង​»។

ទាំង​អាកាស​យាន​ដ្ឋាន ហាង​លក់​វត្ថុ​អនុស្សាវ​រីយ៍ សណ្ឋា​គារ និង​រមណីយ​ដ្ឋាន​ផ្សេងៗ​ជា​គោលដៅ​លក់​ផលិត​ផល​របស់​លោក​ ហើយ​លោក​ក៏​មិន​ធ្លាប់​ប្រើ​បណ្ដាញ​សង្គម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នោះ​ដែរ ដោយ​ប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​អាច​ផ្ដល់​ទៅ​ដល់​ភ្ញៀវ​ទេស​ចរ​។

យ៉ាង​ណាមិញ ស្ថាន​ភាព​ដ៏​ល្អ​ប្រសើរ​ស្រាប់​តែ​ប្រែ​ក្រឡាស់​ស្ទើរ​តែ ១៨០ ​ដឺក្រេ នៅ​ពេល​កូវីដ​ចាប់​ផ្ដើម​រាត​ត្បាត​ ដែល​បិទ​ខ្ទប់​ទាំង​ការ​ហោះ​ហើរ និង​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​។

លោក​ សេង​ថៃ លើក​ឡើង​ថា ​ពេល​ទេសចរ​លែង​ដើរ អាជីវ​កម្ម​ធ្លាក់​ដួល​ខ្ពោក ដោយ​ទីតាំង​ទាំង​ប៉ុន្មាន​នោះ​បាន​បិទ​ទ្វារ​បណ្ដើរៗ​រយៈ​ពេល​ ១ ឆ្នាំ​។លុះ​ដល់​ពាក់​កណ្ដាល​ឆ្នាំ​ ២០២០ ក​ន្លែង​តាំង​លក់​ផលិត​ផល​ក៏ចាប់​ផ្ដើម​បង្វិល​មក​វិញ​។

លោក​បាន​និយាយ​ថា​៖ «ពេល​នេះ​យើង​ត្រូវ​សញ្ជឹង​គិត​ថាតើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បញ្ចេញ​អីវ៉ាន់​ដែល​យើង​មាន​ស្រាប់​នេះ ​ដើម្បី​បាន​ចំណូល​មក​វិញ​បាន​ខ្លះ​។ ខ្ញុំ​ចាប់​ផ្ដើម​គិត​ដល់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ​និង​ប្រព័ន្ធ​អេឡូត្រូ​និក​ក៏ដូចជា​រៀន​ជំនាញ​ទីផ្សារ​ឌីជី​ថល​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ក្នុង​ស្រុក និ​ង​បន្ទាប​តម្លៃ​ផលិត​ផល​»។

​​បច្ចុប្បន្ន​នេះ​សិប្បកម្ម​​ឈាន​ដល់​ការ​ផលិត​តុក្កតា​តូច​ៗ​សម្រាប់​ជា​កាដូ​ថ្ងៃ​មង្គល​ការ​តូចៗ​ក៏ដូច​ជា​ចម្លាក់​បន្ដោង​សោផ​លិត​ពី​អាចម៍​រណារ​ដូច​គ្នា​។ ​វត្ថុ​ចម្លាក់​តូចៗ​នោះ​មាន​​តម្លៃ​មួយ​គ្រាប់ ២​០០០ ​រៀល និង​បន្ថែម​ការ​វេច​ខ្ចប់​ឱ្យ​បាន​ស្អាត​ដោយ​បិទ​ស្ទិក​ឃ័រ និង​ដាក់​ឈ្មោះ​កូន​កំលោះ​ កូន​ក្រមុំ​ជា​ដើម​។

លោក​ សេង​ថៃ បញ្ជាក់​ថា អាជីវ​កម្ម​រាល់​ថ្ងៃនេះ ​មិន​មាន​ប្រាក់​ចំណេញ​អ្វីទេ តែ​ដើម្បីជា​ការ​បន្ដ​សកម្ម​ភាព​ ពីព្រោះ​​សិប្បកម្ម​​ធ្លាប់​លក់ ​៥ ​ដុល្លារ​ តែ​ឥឡូវ​មក​លក់​ ២​ ០០០ ​រៀល​។

​ដោយ​យល់​ថា ​វិស័យ​ទេស​ចរណ៍​នា​ពេល​នេះ ងើបបាន​តិច​តួច​មែន​ទែន​ ត្រឹម​ខ្ទង់​​ ១០-២០​ ភាគ​រយ​ សិប្បកម្ម​រក្ស​កូសា​អាត ​មាន​ដៃគូ​តិច​តួច​កំពុង​ចរា​ចរណ៍​ក្នុង​កម្រិត​ទាប​។

លោក​អះ​អាង​ថា​៖ «​ចំណែក​ឯ​ភ្ញៀវ​ក្នុង​ស្រុក​ក៏​មិន​មាន​សម្ទុះ​ល្អ​នោះទេ ​ដោយ​កាល​សម្ដេច​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​នៅ​ខែ​វិច្ឆិកា យើង​ងើប​បាន​មួយ​ភ្លែតរ​ហូត​ដល់​កម្មវិធី​ចូល​ឆ្នាំ​ថ្មី​ ក៏​រាង​ស្រុត​ចុះ​វិញ​។ ​យ៉ាង​ណា​មិញ​ ខ្ញុំ​មិន​ឈប់​ទេ យើង​នៅ​តែ​មាន​វិធី​ទប់​នៅ​តែ​ដក​ដង្ហើម​បាន​»។

លោក គួច សេងថៃ ពេលបង្ហាញផលិតផលដែលច្នៃពីអាចម៍រណារកាលពីពេលកន្លងមក។ រូបថត សហការី

​ក្រៅ​ពីការ​ផលិត​ចម្លាក់​ស្រាប់ៗ​សិប្ប​ក៏​មាន​ធ្វើ​ចម្លាក់​កុម្ម៉ង់​ទៅ​តាម​អតិថិ​ជន​ត្រូវការ​រួម​ទាំង​ការ​គិត​ស្រមៃ ​ឬ​រូប​ថត និង​បែប​បទ​របៀប​ម៉េច​។

សិប្ប​កម្ម​រក្ស​កូសា​អាត ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជ​កម្ម​សាខា​ពន្ធដា​រខេត្ដ​សៀម​រាប ​និង​មន្ទីរ​សិប្ប​កម្ម​ខេត្ដ​សៀម​រាប​ ដោយ​ត្រូវ​បង់​ពន្ធ​រៀង​រាល់​ខែ​។

ជា​មួយ​ការ​ចុះ​បញ្ជី​តាម​ផ្លូវ​ច្បាប់​ សិប្ប​កម្ម​ផលិត​ចម្លាក់​អាចម៍​រណារ​នៅ​សៀមរាប​នេះ​ទទួល​បាន​ឱកាស​តាំង​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​ក្នុង​ពិ​ព័រណ៍​តូច​ធំ​នានា​រួមទាំង​ពិព័រណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ នៅ​សណ្ឋា​គារ​សុខា​នា​ពេល​ថ្មីៗ​នេះ​ទៀត​ផង​។

លោក ​សេងថៃ បាន​ប្រាប់​ថា​៖ «​ខាង​ក្រសួង​និង​មន្ទីរ​បាន​ជួយ​ផ្ដល់​ឱកាស​ឱ្យ​សិប្ប​កម្ម​របស់​ខ្ញុំ​ចូល​រួម​ក្នុង​ការ​តាំង​ពិ​ព័រណ៍ និង​បង្រៀន​អំពី​អាជីវ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​»។

បច្ចុប្បន្ន​នេះ​ទីផ្សារ​ផលិត​ផល​ចម្លាក់​អាចម៍​រណារ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​នៅ​វត្តភ្នំ​ ហាង​វត្ត​ថាន់​ ហាង​ម៉ាដាមច្នៃ​និង​ផ្សារ​ទំនើប​សូរិយា​។ សៀម​រាប​មាន​នៅផ្សា​រ Made in Cambodia Market​សណ្ឋា​គារ​ Angkor Arora, Tara Angkor, Angkor National museum។

អ្ន​កស្រី​ គីម​ អ៊ីជូ​ អាយុ ​៣៧ ​ឆ្នាំ ជា​ម្ចាស់​ហាង​វត្ថុ​អនុស្សាវ​រីយ​នៅ​ផ្សារ Made in Cambodia Market បាន​ឱ្យ​ដឹង​ថា ជា​ទូទៅ ផលិត​ផល​ចម្លាក់​អាចម៍​រណារ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ទេស​ចរ​បរទេស​។

ម្ចាស់​ហាង​ដែល​ការ​លក់​ដូរ​ពឹង​លើភ្ញៀវ​ទេសចរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ដោយ​សារ​កត្ដា ៣​យ៉ាង​ដែល​ពួក​គាត់​មាន​ការ​គាំទ្រ​ផលិត​ផល​នេះគឺ​វត្ថុ​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​វិញ​មាន​ទម្ងន់​ស្រាល​ និង​រូប​ស្អាត​របប​បុរាណ​»។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក@reakossaarts ឬ​វេប​សាយ​ www.​reako​ssaarts​.com/៕​