ភ្នំពេញៈ នារយៈពេលប្រមាណ ១-២ ខែ ខាងមុខ ឬអាចដល់ចុងឆ្នាំ ២០២២ ឧបករណ៍ភ្លេងភ្លោះ ២ ប្រភេទ គឺតាខេភ្លោះ និងឃឹមភ្លោះ ដែលមានវត្តមានដំបូងកាលពីឆ្នាំ ២០១៤ នោះ នឹងអភិវឌ្ឍរូបរាងថ្មី ដោយមានមុខងារងាយស្រួលជាងមុនសម្រាប់តន្រ្តីករលេងប្រគំ។ នេះបើតាមការអះអាងរបស់លោក សក់ បុប្ផាវណ្ណ (SAK BOPHAVANN) ដែលបច្ចុប្បន្ន ជាគ្រូបង្រៀនមុខវិជ្ជាភូមិវិទ្យាកម្រិតថ្នាក់ទី១២ នៅវិទ្យាល័យបាក់ទូកក្នុងរាជធានីភ្នំពេញ និងជាអ្នកច្នៃឧបករណ៍ភ្លេងភ្លោះទាំង២ប្រភេទ បានប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យដឹង នាពេលថ្មីៗនេះ។
តាមពិតទៅគ្រូបង្រៀន និងជាតន្ត្រីករភ្លេងបុរាណ ១ រូប មានវ័យ ៥២ ឆ្នាំ លោក សក់ បុប្ផាវណ្ណ បានចាប់ផ្តើមច្នៃឧបករណ៍ភ្លេងភ្លោះទាំង ២ ប្រភេទនេះ ឱ្យចេញជាសមិទ្ធផលផ្លែផ្កា អាចលេងបានតាំងពីឆ្នាំ ២០១១ មក តែមានការចាប់អារម្មណ៍ និងទទួលស្គាល់ស្នាដៃកែច្នៃពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅឆ្នាំ ២០១៤។
លោក សក់ បុប្ផាវណ្ណ ប្រាប់ពីហេតុផលនៃការច្នៃបន្ថែមថ្មី ទៅលើមុខងារលេងឧបករណ៍ភ្លេងភ្លោះទាំង ២ប្រភេទនោះថា៖ «ក្រោយពីបានច្នៃនៅឆ្នាំ ២០១៤ មក ហាក់នៅតែមានភាពមិនទាន់រលូនល្អ សម្រាប់ការប្រគំលេងនោះ ទើបខ្ញុំចាប់ផ្តើមគិតរិះរកវិធីច្នៃបន្ថែមទៀត នៅដើមឆ្នាំ ២០២២ នេះ។ ដោយសារតែខ្ញុំមិនសូវមានពេលគ្រប់គ្រាន់ និងគ្មានអ្នកជួយគឺត្រូវធ្វើតែម្នាក់ គួបផ្សំនឹងវ័យកាន់តែចាស់នោះ ទើបត្រូវចំណាយពេលវេលាតាមការគួរដែលខ្លួនឯងអាចឆ្លៀតធ្វើបាន ១ ថ្ងៃបន្តិចៗ ឬ ១ ខែបន្តិចៗ។ តែប្រសិនបើមានពេលទំនេរច្រើន និងមានអ្នកជួយនោះ អាចប្រើពេលត្រឹមតែ ១ ខែ នឹងអាចធ្វើរួចរាល់ហើយ។ ការច្នៃបន្ថែមនេះ អាចនឹងដឹងលទ្ធផលនៅអំឡុងខែកញ្ញា-តុលា ឬក៏អាចទៅដល់ចុងឆ្នាំ ២០២២ នេះ រួចរាល់»។
តាខេភ្លោះ គឺជាឧបករណ៍តន្ដ្រីថ្មីរបស់ខ្មែរ ១ មានការវិវឌ្ឍ និងមានលក្ខណៈទំនើបជាងឧបករណ៍តន្ត្រីខ្មែរដទៃទៀត ដែលត្រូវបានរកឃើញដោយលោក សក់ បុប្ផាវណ្ណ នៅឆ្នាំ ២០១១។ ប្រភពដើមនៃឧបករណ៍តាខេភ្លោះនេះ គឺក្លាយមកពីការបូកបញ្ចូលគ្នា រវាង តាខេបុរាណខ្សែ៣ ជាមួយ តាខេក្រូម៉ាទិចខ្សែ ៤ (ហើយតាខេក្រូម៉ាទិចខ្សែ ៤ រកឃើញដោយលោក សក់ បុប្ផាវណ្ណ កាលពីឆ្នាំ ២០១០ មក)។ តាខេភ្លោះ គឺជាឧបករណ៍គ្រឿងខ្សែ កេះមួយបែបមានខ្សែជ័រ ៤ ព្រលួត ៤ មានរាង ៤ ជ្រុងទ្រវែង ត្រង់ក្បាល និងរាងពងក្រពើ ឬស្លឹកពោធិ៍ត្រង់ពោះ។ តួតាខេភ្លោះ ធ្វើដោយដើមខ្នុរ មានជើងទ្រពីក្រោម៥ គឺនៅត្រង់ពោះមាន ៤ និងត្រង់ក្បាលមាន ១។ វាមានធរណីសម្រាប់ទ្រខ្សែ ១ ធ្វើពីឆ្អឹង និងមានប្រអប់កល់ខ្សែ ១ ហៅថា «គីង្គក់ ឬក្រាញ់» ធ្វើអំពីស្ពាន់ស្ដើង។
លក្ខណៈទំនើបពិសេស របស់តាខេភ្លោះនេះ គឺនៅត្រង់ ខ្ទង់ដ៏ច្រើន ដែលមានចំនួនសរុប ៣៣ ខ្ទង់ ដោយបែងចែកជា ២ គឺ កាំសំនៀងខ្មែរ ១២ ខ្ទង់ និងកាំសំនៀងបស្ចិមប្រទេស ២១ ខ្ទង់ ដែលអាចបង្វិលផ្លាស់ប្ដូរពីកាំសំនៀង ១ ទៅកាំសំនៀង ១ ទៀតបាន។ គេអាចប្រើប្រាស់កាំសំនៀងខ្មែររបស់តាខេភ្លោះ ដូចតាខេបុរាណធម្មតាដែរ តែវាពិសេស គឺត្រង់អាចប្រើប្រាស់កាំសំនៀងបស្ចិមប្រទេសរបស់តាខេភ្លោះ មានកន្លះសំនៀងបេបុល ឌីយ៉េស (b & #) ជាសាច់ភ្លេង (មេឡូឌី) និងជាសង្គមី (អាគ័រ ឬខដ) បានទៀតផង។
ឯឃឹមភ្លោះ គឺជាឧបករណ៍តន្ត្រីថ្មីរបស់ខ្មែរ គ្រឿងខ្សែ ដែលមានការវិវឌ្ឍ បន្ទាប់ពីតាខេភ្លោះ។ ឃឹមភ្លោះនេះ ត្រូវបានរកឃើញជាការរួមយោបល់រវាងលោក សក់ បុប្ផាវណ្ណ សហការជាមួយកូនប្រុសច្បងលោក បុប្ផាវណ្ណ ជេដ្ឋាឧត្ដម នៅឆ្នាំ ២០១២។ ឃឹមភ្លោះ មានខ្សែធ្វើពីដែក ឬស្ពាន់ និងខ្ទង់សងខាង (លើ ក្រោម) ម្ខាងមាន ៨ ខ្ទង់ ២ ជួរ សម្រាប់សំនៀងខ្មែរ និងម្ខាងទៀតមាន ១២ ខ្ទង់ ២ ជួរ សម្រាប់សំនៀងបស្ចិមប្រទេស មានកន្លះសំនៀង (b & #) ធ្វើអំពីឈើ មានបន្តុបឆ្អឹងពីលើ។ ឧបករណ៍ភ្លេងឃឹមភ្លោះ មានរាងដូចសត្វមេអំបៅ ខណៈតួ ឬស្នូក របស់ឃឹម ធ្វើអំពីឈើខ្នុរ មានសន្ទះលើ ក្រោម ធ្វើអំពីឈើស្ពង់សម្រាប់ប្រអប់សំឡេង និងឈើខ្លឹមសម្រាប់ចោះបង្គោលចងខ្សែ។ វាមានបង្គោលដែកខ្លីៗ សងខាង ឆ្វេងស្តាំ គ្រប់ចំនួនខ្សែ ខាងឆ្វេងសម្រាប់ចងខ្សែ និងខាងស្ដាំ សម្រាប់រឹតខ្សែ។ វាមានអន្លូង២ ធ្វើពីឫស្សី សម្រាប់វាយខ្សែ។
ដោយសារក្តីស្រឡាញ់ និងទឹកចិត្តខ្មាសអៀនជនបរទេស ខណៈពេលដែលលោកបានចាប់ផ្តើមរៀនលេងឧបករណ៍ភ្លេងហ្គីតាដំបូង ហើយត្រូវជនបរទេសបានសួរលោកថា តើលោកជាខ្មែរមានចេះលេងឧបករណ៍ភ្លេងខ្មែរណាមួយដែរឬទេ? ក្រោយមកលោកក៏បានទៅរៀនលេងឧបករណ៍ភ្លេងខ្មែរមួយចំនួនរហូតចេះស្ទាត់ និងបានជាវឧបករណ៍ទាំងនោះមកលេងនៅផ្ទះជាមួយមិត្តភក្តិ និងកូនប្រុសច្បងរបស់លោក។
លោក សក់ បុប្ផាវណ្ណ បានលើកឡើងថា៖ «ពេលលេងឧបករណ៍ភ្លេងខ្មែរដំបូងនោះ កូនខ្ញុំគេចង់កាន់ឧបករណ៍ ឃឹម អ្នកផ្សេងគេចង់កាន់ទ្រ ចំណែកខ្ញុំសល់តែតាខេដែលត្រូវកាន់។ តែរូបខ្ញុំមិនប្រកាន់ថា ឧបករណ៍មួយណាឡើយ ឱ្យតែជារបស់ខ្មែរគឺខ្ញុំពេញចិត្តទាំងអស់។ លេងបានមួយរយៈមក ខ្ញុំយល់ឃើញថា ឧបករណ៍ភ្លេងប្រពៃណីខ្មែរយើងគឺប្រគំបានតែបទចម្រៀងបែបបុរាណៗប៉ុណ្ណោះ តែពេលចង់ប្រគំលេងបទទំនើបសម័យវិញនៅជួបការលំបាក។ មូលហេតុនេះ ហើយដែលនាំឱ្យលោក សក់ បុប្ផាវណ្ណ បាននឹករកនូវគំនិតកែច្នៃឧបករណ៍ភ្លេងភ្លោះគឺឃឹមភ្លោះ និងតាខេភ្លោះ ចាប់តាំងពីឆ្នាំ ២០០៨ មកតែម្តង»។
លោក បុប្ផាវណ្ណ បានក៏បានពន្យល់លក្ខណៈសម្គាល់ និងប្រយោជន៍នៃមុខងារឧបករណ៍កែច្នៃទាំងនោះថា៖ «ចំពោះ ឃឹមភ្លោះ អាចលេងបានទាំងបទបុរាណ និងសម័យ។ ឃឹមម្ខាងដែលមាន ៨ ខ្ទង់ សម្រាប់ប្រគំលេងបទប្រពៃណីបុរាណ រីឯឃឹមមាន ១២ ខ្ទង់ សម្រាប់ប្រគំលេងបទសម័យ។ ចំណែកតាខេវិញក៏ខ្ញុំកែច្នៃភ្លោះដែរលើតួឧបករណ៍តែមួយ តែយើងគ្រាន់តែបង្វិលខ្ទង់ប៉ុណ្ណោះ។ ពេលប្រគំបទបុរាណមានតាខេប្រើ ១២ ខ្ទង់ និងលេងបទសម័យតាខេប្រើ ២១ ខ្ទង់»។
លោកបន្ថែមថា៖ «ក្រៅពីនេះ ខ្ញុំក៏បានច្នៃតួតាខេនេះដដែល ឱ្យក្លាយជាឧបករណ៍ភ្លេងមួយបែបទៀតហៅថា តាខេកូត ដោយមានខ្សែ ៤ អាចលេងបានទាំងបទបុរាណ និងសម័យបានដូចជាវីយូឡុងដែរ។ ឧបករណ៍ចុងក្រោយគឺទ្រខ្សែ៤ ដែលបានបង្រួមមុខងារលេងបានពីទ្រខ្សែ២ និងទ្រខ្សែ៣ លើឧបករណ៍តែមួយ វាមានប្រយោជន៍ និងចំណេញអ្នកលេងទៀតផង»។
លោក គាត សុគីម (Keat Sokim) ជាតន្រ្តីករ និងនាយកសាលាភ្លេងមិត្តតន្ត្រី (Friend Music School) ដែលបានប្រើប្រាស់អក្សរភ្លេងលោកខាងលិចមកលើឧបករណ៍ភ្លេងខ្មែរជាអក្សរភ្លេង (Melody) និងបង្កើតសៀវភៅមេរៀនសិក្សាភ្លេងខ្មែរចំនួន ៩ មុខ រួមមាន ទ្រសោ ទ្រអ៊ូ ទ្រខ្សែ ៣ ចាប៉ីដងវែង តាខេ ឃឹម ខ្លុយ រនាតឯក និងពិណ ជាលើកដំបូង ទុកជាឯកសារសម្រាប់តន្ត្រីករអាចអភិវឌ្ឍ និងកែសម្រួលមេរៀន ឱ្យកាន់តែល្អប្រសើរឡើងបន្តទៅសិស្សជំនាន់ក្រោយៗ ក៏មានការចាប់អារម្មណ៍លើការកែច្នៃឧបករណ៍ភ្លេងភ្លោះទាំង ២ ប្រភេទរបស់លោកគ្រូ សក់ បុប្ផាវណ្ណ។
លោក គាត សុគីម បានលើកឡើងថា៖ «ខ្ញុំយល់ថា ការច្នៃឧបករណ៍ភ្លេងបុរាណខ្មែរឱ្យមានវិសាលភាពលេងបានច្រើនបែបផែននេះ ជារឿងល្អមែនទែន។ ចំពោះការច្នៃឧបករណ៍ភ្លេងភ្លោះទាំង២ ប្រភេទ របស់លោកគ្រូ សក់ បុប្ផាវណ្ណ បានបង្កើតភាពងាយស្រួល សម្រាប់តន្រ្តីករភ្លេងបុរាណ អាចលេងបានទាំងបទចម្រៀងបុរាណ និងបទចម្រៀងសម័យបានបែបនេះ ដែលជាគំនិតជឿនលឿន មានការបត់បែន តាមទាន់សម័យទំនើបក្នុងឧបករណ៍ភ្លេងបុរាណ»។
នាយកសាលាភ្លេងមិត្តតន្ត្រីរូបនេះ បានបន្តថា៖ «បើប្រៀបទៅនឹងប្រទេសនានានោះ គេក៏មានការច្នៃបង្កើតថ្មីលើឧបករណ៍ភ្លេងបុរាណរបស់គេដែរ គឺដើម្បីរកដំណោះស្រាយថ្មីអាចលេងបត់បែនតាមសម័យកាលទំនើប»។
តែរហូតមកដល់ពេលបច្ចុប្បន្ន ទោះបីជាមានការច្នៃឱ្យមានមុខងារច្រើនលើឧបករណ៍ភ្លេងបុរាណទាំង ២ ប្រភេទនេះ ដើម្បីឱ្យមានងាយស្រួលលេង ឬប្រគំយ៉ាងណាក្តី បើតាមស្តាប់មើលទៅ ហាក់ដូចជាមិនត្រឹមតែមិនសូវមានការគាំទ្រពីក្រុមតន្រ្តីករ ដែលចេះលេងប៉ុណ្ណោះទេ សូម្បីតែឈ្មោះឧបករណ៍ភ្លេងទាំង ២ ប្រភេទ ក៏មិនសូវមានអ្នកស្គាល់ផង។
លោក សក់ បុប្ផាវណ្ណ ក៏សំណូមពរដល់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនឹងវប្បធម៌ ក៏ដូចជាការដាស់តឿនដល់ តន្ត្រីករ ឬសិល្បករ ព្រមទាំងយុវជនខ្មែរជំនាន់ក្រោយ ឱ្យមានការផ្តោតយកចិត្តទុកដាក់ ចំពោះកេរដំណែលវប្បធម៌ដូនតាខ្មែរ បានបន្សល់ពីមុនមក ឱ្យចេះអភិរក្សថែរក្សា និងចេះកែច្នៃបន្ថែមនូវចំណុចខ្វះខាតសម្រាប់បំពេញតម្រូវការនាសម័យកាលសកលភាវូបនីយកម្ម។
លោក សក់ បុប្ផាវណ្ណ បញ្ជាក់ថា៖ «ចំពោះរូបខ្ញុំបានកែច្នៃប៉ុណ្ណេះនៅពុំទាន់គ្រប់គ្រាន់ឡើយ ដូច្នេះប្អូនៗដែលជាទំពាំងស្នងឫស្សីនោះ ប្រាកដជាមានគំនិតច្នៃល្អច្រើនជាងខ្ញុំ»។
លោក គាត សុគីម ក៏បានលើកឡើងដែរ ចំពោះភាពមិនសូវមានការគាំទ្រឧបករណ៍ភ្លេងបុរាណខ្មែរ ពីសំណាក់កូនខ្មែរជំនាន់ក្រោយៗ ហើយជាពិសេសឧបករណ៍ភ្លេង ២ ប្រភេទគឺ តាខេ និងឃឹម បើទោះបិជាមានលោកគ្រូ សក់ បុប្ផាវណ្ណ បានខិតខំច្នៃមកជាឧបករណ៍ភ្លោះ ដែលមានមុខងារច្រើនបែបផែនសម្រាប់ប្រគំលេងបានទាំងបទចម្រៀងបុរាណ និងសម័យក្តី។
លោក សុគីម បង្ហើបឱ្យដឹងថា៖ «ជាការពិត សម្រាប់ឧបករណ៍ភ្លេងបុរាណខ្មែរ មិនសូវជាមានការពេញនិយមសម្រាប់អ្នកចង់រៀនឧបករណ៍តូរ្យតន្រ្តីនាសម័យនេះទេ។ ជាក់ស្តែងដូចជារូបខ្ញុំបានបើកសាលាតន្រ្តីប្រមាណ ៤-៥ ឆ្នាំមកនេះ ចំនួនសិស្សចូលរៀនភ្លេងបុរាណខ្មែរ នៅមានកម្រិតនៅឡើយ បើប្រៀបជាមួយឧបករណ៍បរទេសនោះ»។
លោក គាត សុគីម ក៏បានកត់សម្គាល់លើឧបករណ៍ភ្លេងខ្មែរ ២ ប្រភេទគឺ តាខេ និងឃឹម ផងដែរថា៖ «បើនិយាយពីឧបករណ៍ភ្លេង ២ ប្រភេទគឺ តាខេ និងឃឹម វិញនោះ តាំងពីខ្ញុំបានបើកសាលាភ្លេងរហូតដល់សព្វថ្ងៃនេះ គឺមានសិស្សចូលរៀនឧបករណ៍ភ្លេងតាខេ ឬឃឺម មិនដល់ ១០ នាក់ផងទេ បើប្រៀបជាមួយឧបករណ៍ភ្លេងបុរាណខ្មែរផ្សេងៗទៀតនោះ»។
លោក សុគីម បានបន្ថែមថា៖ «ការស្វែងយល់ឧបករណ៍ភ្លេងបុរាណ បងប្អូនខ្មែរយើង ខ្ញុំគិតថា ពួកគាត់នៅពុំទាន់បានស្គាល់ឧបករណ៍ភ្លេងបុរាណអស់នៅឡើយទេ ដូចជាករណី ភ្លេងតាខេ និងឃឹម ធម្មតា ជាដើម ចុះទម្រាំតែមានតាខេភ្លោះ និងឃឹមភ្លោះ ប្រហែលពួកគាត់រឹតតែឆ្ងាយពីរឿងនេះ»។
នាពេលអនាគតលោក សក់ បុប្ផាវណ្ណ ក៏ចង់បង្កើតសាលាបណ្តុះបណ្តាលជំនាញឧបករណ៍ភ្លេងប្រពៃណីកែច្នៃនេះផងដែរ បន្ទាប់ពីលោកបានសម្រេចការកែច្នៃ និងទទួលស្គាល់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមកនោះ។ តែលោកដូចជាគ្រាន់តែមានគំនិតចង់បើកវាប៉ុណ្ណោះ ខណៈនាពេលបច្ចុប្បន្ន ការបង្កើតសាលាភ្លេងនេះ ត្រូវការធនធានហិរញ្ញវត្ថុច្រើន និងត្រូវការដៃគូសហការទើបអាចសម្រេចក្តីស្រមៃមួយនេះបាន។
លោកគ្រូបង្រៀនបានបញ្ចប់បរិញ្ញាបត្រផ្នែកភូមិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ ១៩៩៣ និងបរិញ្ញាបត្រអន្តរវប្បធម៌ពីវិទ្យាស្ថានអន់ទីយ៉ូកនៅឆ្នាំ ២០០៨ ដែលមានឧបនិស្ស័យខាងឧបករណ៍តន្ត្រីរូបនេះ មានប្រសាសន៍ទាំងទឹកមុខញញឹមថា៖ «ខ្ញុំក៏មានបំណងចង់ស្វែងរកដៃគូសហការដើម្បីបង្កើតសាលានេះផងដែរ ព្រោះថា រូបខ្ញុំតែម្នាក់ឯងនោះ មិនអាចសម្រេចបានឡើយនូវគម្រោងការមួយនេះ»៕