មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ឆ្នាំ ២០២២ នេះ នឹងប្រារព្ធធ្វើក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងរៀបចំនៅទីរួមខេត្តពោធិ៍សាត់ ក្នុងបរិវេណនៃវិទ្យាល័យពោធិ៍សាត់ មានចំនួន ៣ ថ្ងៃ គឺថ្ងៃទី ២១-២២-២៣ ខែតុលា ឆ្នាំ ២០២២ ដោយត្រៀមកម្មវិធីបង្ហាញកំណាព្យ អក្សរសិល្ប៍ ជំនួបអ្នកនិពន្ធជាមួយសិល្បករចាស់ៗ និងអ្នករបាំប្រចាំតំបន់ ប៉ុន្តែដោយសារតែខ្វះថវិកា កម្មវិធីរៀបចំខាងមុខ នឹងត្រូវកាត់បន្ថយសកម្មភាពខ្លះ។ នេះបើតាមលោក ឃុត សុឃឿន នាយកគ្រប់គ្រងនៃមហោស្រពអក្សរសិល្ប៍ខ្មែរ នៅថ្ងៃអង្គារ ទី ១៣ កញ្ញានេះ។
ដោយសារតែកង្វះថវិកា លោក ឃុត សុឃឿន បានអំពាវនាវដល់មហាជន និងវិស័យឯកជន ដែលស្រលាញ់អក្សរសិល្ប៍ សូមជួយបរិច្ចាគថវិកាទៅតាមលទ្ធភាព ដើម្បីឱ្យការប្រារព្ធមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ នេះ អាចដំណើរការទៅបានតាមផែនការពេញលេញ។
លោក ឃុត សុឃឿន នាយកគ្រប់គ្រងនៃមហោស្រពអក្សរសិល្ប៍ខ្មែរ បានប្រាប់ថា កន្លងមកកម្មវិធីមហោស្រពអក្សរសិល្ប៍បានរៀបចំឡើងនៅខេត្តមួយចំនួនដូចជា៖ ខេត្តសៀមរាប បាត់ដំបង ភ្នំពេញ។ ប៉ុន្តែមហោស្រព បានរៀបចំធ្វើតាមអនឡាញ នៅឆ្នាំ ២០២១ ដោយសារជំងឺកូវីដ ១៩។
នៅឆ្នាំ ២០២២ នេះ មហោស្រពអក្សរសិល្ប៍ខ្មែរ ដែលរៀបចំធ្វើនៅខេត្តពោធិ៍សាត់ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការពាំនាំចម្លងបន្តវេនអក្សរសិល្ប៍» ដែលក្នុងនោះ មហោស្រពគ្រោងរៀបចំកម្មវិធីជាច្រើនដូចជា កម្មវិធីពិភាក្សា កម្មវិធីផ្នែកនិពន្ធ កម្មវិធីប្រឡងជ្រើសរើសស្នាដៃអក្សរសិល្ប៍ កម្មវិធីសម្ដែងរបាំ និងពិព័រណ៍សៀវភៅ និងពិព័រណ៍មរតកអក្សរសិល្ប៍ជាដើម។
លោកថា៖ «មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ នេះ ជួបឧបសគ្គដែលសំខាន់ជាងគេ គឺការស្វែងរកថវិកា ពីព្រោះអីយើងផ្ដើមមានថវិកាតិចតួចនៅឡើយទេ ហើយប្រសិនជាលុយអត់គ្រប់ទេ ប្រហែលជាត្រូវកាត់សកម្មភាពណាមួយចំនួនចេញ ដើម្បីអាចធ្វើមហោស្រពនេះបាន»។
បើតាមលោក ឃុត សុឃឿន ដោយសារកម្មវិធីនេះត្រូវធ្វើនៅខេត្ត ទើបមានការចំណាយច្រើន។ ដូច្នេះ លោកអំពាវនាវឱ្យសប្បុរសជនចូលរួមបរិច្ចាគថវិកា ដើម្បីឱ្យមហោស្រពនេះដំណើរការបានពេញលេញ។ មហាជនដែលចង់ចូលរួមជួយមហោស្រពអក្សរសិល្ប៍ខ្មែរ អាចបរិច្ចាគបាន តាមរយៈគណនីធនាគារ ABA: 004 212 177 KHUT SOKHOEUN AND MENG VOUCHNAY AND SOUN MARYNA៕