ពោធិ៍សាត់ៈមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ឆ្នាំ ២០២២ នេះ នឹងប្រារព្ធធ្វើនៅខេត្តពោធិ៍សាត់នៅក្នុងបរិវេណនៃវិទ្យាល័យពោធិ៍សាត់ចំនួន៣ថ្ងៃគឺថ្ងៃទី ២១-២២-២៣ ខែតុលា ឆ្នាំ ២០២២ ដោយមានបន្ថែមការប្រកួតប្រជែងស្នាដៃនិពន្ធរឿងខ្លី និងកំណាព្យ រួមទាំងបើកទទួលយកស្នាដៃរបស់អតីតកវីនិពន្ធតាំងពីឆ្នាំ ១៩៧៥ ដែលពុំទាន់មានឱកាសចុះផ្សាយស្នាដៃខ្លួនផងដែរ។
បើតាមព័ត៌មានថ្មីចុងក្រោយពីគេហទំព័រផ្លូវការកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរកាលពីចុងខែកក្កដា ឆ្នាំ ២០២២ ឱ្យដឹងថា មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ មានការប្រកួតប្រជែងស្នាដៃរឿងខ្លី និងកំណាព្យ ក្នុងប្រធានបទសេរី មានលក្ខណៈទំនើបនិយម ដែលមានភាពច្នៃប្រឌិត បង្ហាញពីទស្សនវិជ្ជា ជីវិត អប់រំ និងវប្បធម៌។
ចំពោះវិញ្ញាសាប្រកួតប្រកួតប្រជែងស្នាដៃស្នាដៃរឿងខ្លី ត្រូវមានសំណេរចន្លោះពី ៥ ទៅ ៨ ទំព័រ នៃក្រដាស A4 ទំហំអក្សរ ១២ Pt (Khmer OS Siem Reap) ដោយបេក្ខជនម្នាក់អាចដាក់បាន ២ ចំណងជើងនៃសា្នដៃរបស់ខ្លួន។ ចំណែកវិញ្ញាសាប្រកួតប្រជែងស្នាដៃកំណាព្យវិញ សំណេរមិនត្រូវលើសពី ៣ ទំព័រនៃក្រដាស A4 ទំហំអក្សរ ១២ Pt (Khmer OS Siem Reap) ដោយបេក្ខជនម្នាក់អាចដាក់បាន ២ ចំណងជើងនៃសា្នដៃខ្លួនឯងដែរ។
នាយកគ្រប់គ្រងកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំ ២០២២ លោក ឃុត សុខឿន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីលក្ខខណ្ឌបេក្ខជនដាក់ពាក្យចូលរួមប្រកួតប្រជែងនេះថា៖ បេក្ខជនត្រូវតែមានប្រធានបទនិពន្ធមិនធ្លាប់ចូលរួមប្រឡងកាលពីមុនមក។ ជាប្រធានសំណេរប្រកបដោយភាពទំនើបនិយម បានកែអក្ខរាវិរុទ្ធរួចរាល់ និងមានភ្ជាប់ជាមួយលេខទូរស័ព្ទផ្ទាល់ខ្លួន និងអ៊ីមែលច្បាស់លាស់។ ការទទួលពាក្យប្រកួតចាប់ពីថ្ងៃផ្សាយដំណឹងនេះ
រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ដោយត្រូវផ្ញើមកកាន់អ៊ីមែល: khmerliteraturefestival@gmail.com និងទូរស័ព្ទ ០៧៧ ៥៥៨ ៥៤៥។
លោក ឃុត សុខខឿន បន្ថែមថា៖ «ចំពោះបេក្ខជន ដែលជាប់ជយលាភី នឹងត្រូវអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ នៅខេត្តពោធិ៍សាត់ ក្នុងខែតុលាខាងមុខនេះ។ ជយលាភីលេខ ១ បានប្រាក់រង្វាន់ចំនួន ១ លានរៀល លេខ ២ បានប្រាក់រង្វាន់ចំនួន ៨ សែនរៀល និងលេខ ៣ បានប្រាក់រង្វាន់ចំនួន ៤ សែនរៀល»។
វិស័យអក្សរសិល្ប៍ខ្មែរ ធ្លាប់មានប្រវត្តិយូរលង់តាំងពីបុរាណកាល បន្តរហូតមកដល់ទសវត្សរ៍ទី៧០ និងបានងើបឡើងវិញ បន្ទាប់ពីសម័យខ្មែរក្រហម។ នាពេលបច្ចុប្បន្ននេះ គេឃើញថា ស្នាដៃនិពន្ធ ឱកាស និងគុណតម្លៃរបស់អ្នកនិពន្ធ និងវិស័យបោះពុម្ព មានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាបណ្តើរៗ។ ក៏ប៉ុន្តែវិស័យនិពន្ធនេះគឺទាមទារឱ្យមានការបន្តជ្រោមជ្រែងបង្កលទ្ធភាព និងឱកាសដល់អ្នកនិពន្ធ តាមរយៈការតាំងពិព័រណ៍សៀវភៅ ការធ្វើសិក្ខាសាលា សន្និសីទ និងរៀបចំកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ នេះជាដើម។
លោក ឃុត សុខឿន បញ្ជាក់ថា៖ «កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ យើងក៏បានដាក់នូវការកំណត់មួយទៅលើការប្រមូលស្នាដៃរបស់អ្នកនិពន្ធខ្មែរដែលខ្វះឱកាសសម្រាប់ការផ្សព្វផ្សាយ និងមិនទាន់មានឱកាសយកស្នាដៃខ្លួនមកដាក់ប្រកួតប្រជែងគិតត្រឹមឆ្នាំ១៩៧៥ ដល់បច្ចុប្បន្ន។យើងធ្វើបែបនេះគឺចង់លើកទឹកចិត្តដល់ពួកគាត់ ព្រោះថា ស្នាដៃពួកគាត់នាពេលកន្លងមក អាចត្រូវបានមជ្ឈដ្ឋានសង្គមគិតថា ជាស្នាដៃមិនសូវល្បី ឬខ្វះការផ្តល់តម្លៃនោះ»។
នាយកគ្រប់គ្រងកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំ ២០២២ លោក ឃុត សុខឿន ក៏បានបង្ហើបឱ្យដឹងពីគោលបំណងសំខាន់រៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរនេះ ដែរថា ទី១ ចង់បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិខ្មែរ ទី២ ចង់លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធខ្មែរ និងទី៣ ចង់បង្កើនឱកាសក្នុងការទាក់ទង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ។
ដោយសារទីក្រុងភ្នំពេញ គឺជាបណ្តុំប្រមូលការផ្សព្វផ្សាយផ្នែកវប្បធម៌ច្រើន ខណៈនៅតាមខេត្តនីមួយៗ ក៏អាចមានការប្រមូលផ្តុំនៃការផ្សព្វផ្សាយ តែយើងហាក់មិនបានចាប់អារម្មណ៍ ទើបក្រុមការងារបានសម្រេចរៀបចំកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរនេះជាលក្ខណៈវិលជុំតាមខេត្តនានាដើម្បីបណ្តុះការបង្កើតថ្មីឬបណ្តុះគំនិតស្រឡាញ់សិល្បៈវប្បធម៌ នៅខេត្តទាំង ២៥ តាមរយៈការទាក់ទាញចំណាប់អារម្មណ៍ដល់ក្រុមយុវជន។
លោក សុខឿន បញ្ជាក់ថា៖ «ដោយមានចក្ខុវិស័យមួយសម្រាប់វិស័យអក្សរសាស្ត្រខ្មែរ គឺចង់ឃើញថា អក្សរសាស្ត្រខ្មែរ ក៏ជាធាតុសំខាន់មួយក្នុងការរួមចំណែកការអភិវឌ្ឍប្រទេសជាតិដែរ មិនមែនមានតែវិស័យនានាដូចជា វិស័យកសិកម្ម វិស័យទេសចរណ៍ ឧស្សាហកម្ម នាំចេញនាំចូលជាដើមនោះទេ។ យើងចង់បង្កើតវេទិកាមួយ រវាងអ្នកនិពន្ធ និងអ្នកអាន រវាងអ្នកនិពន្ធ និងអ្នកបោះពុម្ពសៀវភៅ លើកកម្ពស់តម្លៃអ្នកនិពន្ធ ដោយបណ្តុះវប្បធម៌មួយឱ្យស្រឡាញ់ការតែងនិពន្ធនិងវិស័យសិល្បៈប្រចាំតំបន់ដែលខ្លួននៅក្នុងខេត្តនីមួយៗដែរ តាមរយៈវេទិកាមហោស្រពអក្សរសិល្ប៍ខ្មែរនេះ»។
លោក ឃុត សុខឿន ក៏បានកត់សម្គាល់ផងដែរថា សម្ទុះនៃការចូលរួម ក្នុងកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ មានការកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ ដោយសារតែមានការយល់ដឹងច្រើនពីមហោស្រពនេះ និងមានការសហការផ្សព្វផ្សាយពីបណ្តាញសារព័ត៌មាននានា។
ទោះជាយ៉ាងណា កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥នេះនឹងត្រូវកាត់បន្ថយសកម្មភាពខ្លះដោយសារខ្វះខាតថវិកា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ឃុត សុខឿន នៅទី ១៣ កញ្ញា ។
ជាមួយគ្នានេះ លោក ឃុត សុខឿន បានអំពាវនាវដល់មហាជន និងវិស័យឯកជនដែលស្រឡាញ់អក្សរសិល្ប៍ ឱ្យជួយបរិច្ចាគថវិកាទៅតាមលទ្ធភាពដើម្បីឱ្យការប្រារព្ធមហោស្រពអក្សរសិល្ប៍ខ្មែរលើកនេះអាចដំណើរការទៅតាមផែនការបានពេញលេញ។ ចំពោះមហាជនដែលចង់ជួយកម្មវិធីនេះ អាចបរិច្ចាគបានតាមរយៈគណនីធនាគារ ABA: 004 212 177 KHUT SOKHOEUN AND MENG VOUCHNAY AND SOUN MARYNA។
លោកបានបញ្ជាក់ថា៖ «មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ នេះជួបឧបសគ្គដែលសំខាន់ជាងគេគឺការស្វែងរកថវិកា ពីព្រោះអីយើងផ្ដើមមានថវិកាតិចតួចនៅឡើយទេ ហើយប្រសិនបើលុយអត់គ្រប់ទេ ប្រហែលជាត្រូវកាត់សកម្មភាពមួយចំនួនចេញ ដើម្បីអាចធ្វើមហោស្រពនេះបាន»។
បើតាមលោក សុខឿន នៅឆ្នាំ ២០២២ នេះ មហោស្រពអក្សរសិល្ប៍ខ្មែរដែលរៀបចំធ្វើនៅខេត្តពោធិ៍សាត់នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការពាំនាំចម្លងបន្តវេនអក្សរសិល្ប៍»ដែលក្នុងនោះមហោស្រពគ្រោងរៀបចំកម្មវិធីជាច្រើនដូចជា កម្មវិធីពិភាក្សា កម្មវិធីផ្នែកនិពន្ធ កម្មវិធីប្រឡងជ្រើសរើសស្នាដៃអក្សរសិល្ប៍ កម្មវិធីសម្ដែងរបាំ និងពិព័រណ៍សៀវភៅ និងពិព័រណ៍មរតកអក្សរសិល្ប៍ជាដើម។
គួររំឭកដែរថា មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី១ នៅឆ្នាំ ២០១៧ ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយអ្នកនិពន្ធអ្នកស្រី សូ ភីណា បានសហការជាមួយនឹងក្រុមអ្នកនិពន្ធមួយចំនួនដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអក្សរសិល្ប៍ខ្មែរបន្តរហូតដល់លើកទី៤។ ក៏ប៉ុន្តែសម្រាប់លើកនេះអ្នកស្រី សូ ភីណា បានប្រគល់តួនាទីរៀបចំឆ្នាំ ២០២២ ទៅលោក ឃុត សុខឿន ជានាយកគ្រប់គ្រងមហោស្រពអក្សរសិល្ប៍ខ្មែរនេះ។
អ្នកស្រី សូ ភីណា ប្រធានក្រុមប្រឹក្សាភិបាលនៃមហោស្រពអក្សរសិល្ប៍ខ្មែរ ក៏បានរំឭកពីដើមចមនៃការបង្កើតមហោស្រពអក្សរសិល្ប៍ខ្មែរនេះឡើងផងដែរ ក្រោយពីមានបទពិសោធចូលរួមកម្មវិធីនៅស្រុកក្រៅជាមួយមិត្តរួមអាជីពជាអ្នកនិពន្ធនោះ។
អ្នកស្រី សូ ភីណា លើកឡើងថា៖ «ពេលចូលរួមកម្មវិធីមហោស្រពអក្សរសិល្ប៍នៅបរទេសច្រើនដង ហើយមិត្តភក្តិគេបានសួរខ្ញុំថា តើនៅប្រទេសកម្ពុជា មានកម្មវិធីមហោស្រពអក្សរសិល្ប៍ដែរឬទេ? ក្រោយមកខ្ញុំក៏ចាប់គិតផ្តើមគិត និងស្វែងរកសាវតារនៃមហោស្រពមួយនេះ និងបានសួរខ្លួនឯងថា បើក្នុងប្រទេសកម្ពុជា មានមហោស្រពភាពយន្ត មហោស្រពសិល្បៈបាន ចុះហេតុអ្វីបានជាមិនអាចបង្កើតមហោស្រពអក្សរសិល្ប៍បាននោះ?»។
ប្រធានក្រុមប្រឹក្សាភិបាលនៃមហោស្រពអក្សរសិល្ប៍ខ្មែរអ្នកស្រី សូ ភីណា បន្តថា៖ «ដូច្នេះហើយ បានជានៅក្នុងឆ្នាំ ២០១៧ ខ្ញុំ និងក្រុមអ្នកនិពន្ធមួយចំនួនដូចជា មានគ្នាប្រមាណប្រហែល ១០រូប បានសហការគ្នាបង្កើតមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី១»។
គួររំឭកដែរថា មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី១ រៀបចំធ្វើឡើងនៅថ្ងៃទី ២០-២២ ខែ តុលា ឆ្នាំ ២០១៧ នៅខេត្តសៀមរាប លើកទី២ ធ្វើនៅថ្ងៃទី ២១-២២-២៣ ខែតុលា ឆ្នាំ ២០១៨ ធ្វើនៅខេត្តបាត់ដំបង លើកទី៣ ធ្វើនៅថ្ងៃទី ១១-១៣ ខែតុលា ឆ្នាំ ២០១៩ ធ្វើនៅបណ្ណាល័យជាតិក្នុងរាជធានីភ្នំពេញ។ ដោយឡែកឆ្នាំ ២០២០ កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ មិនបានរៀបចំឡើយ ដោយសារជួបបញ្ហាវិបត្តិកូវីដ ១៩ និងលើកទី៤ នៅឆ្នាំ ២០២១ ត្រូវបានរៀបចំទៅតាមគន្លងថ្មីអនឡាញ។
លោក ទឹម ម៉ានី ជាអ្នកនិពន្ធជើងចាស់ ១ រូប ទទួលបានការគោរពស្រឡាញ់ពីអ្នកនិពន្ធជំនាន់ក្រោយៗ និងតែងតែស្ម័គ្រចិត្តជួយដល់កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរតាំងពីចាប់ផ្តើមដំបូងមកបានចំណាយទាំងពេលវេលា និងកម្លាំងចិត្ត ដើម្បីជាអ្នកប្រឹក្សាដំណើរការទូទៅនៃកម្មវិធីមហោស្រព។
លោក ទឹម ម៉ានី បង្ហាញចំណាប់អារម្មណ៍ខ្លួនថា៖ «ការរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរនេះ ជាការពង្រឹង និងលើកតម្លៃវិស័យអក្សរសាស្ត្រខ្មែរ ដល់យុវជនខ្មែរជំនាន់ក្រោយ ឱ្យមានការភ្ញាក់រឭក និងយកចិត្តទុកដាក់លើការអានសៀវភៅឱ្យកាន់តែច្រើន ព្រោះថា ការអានសៀវភៅ ក៏ជួយឱ្យពួកគេទទួលបានចំណេះដឹងបន្ថែម និងពង្រឹងការសរសេរពាក្យពេចន៍ខ្មែរឱ្យកាន់តែច្បាស់លាស់តាមក្បួនខ្នាតនៃវចនានុក្រមសម្តេចសង្ឃជួនណាត។ កន្លងមកឃើញថា ក្មេងៗជំនាន់ក្រោយ ច្រើនតែសរសេរពាក្យពេចន៍មិនសូវបានត្រឹមត្រូវឡើយ»៕