ភ្នំពេញៈ ពី​កុមារី​មាន​ចរិត​ដូច​ប្រុស​រហូត​វិវឌ្ឍខ្លួន​ជា​នាដការ​បាំ​ដ៏​មាន​ឈ្មោះ​បោះសំឡេង​ធ្លាប់​សម្ដែង​លើ​ឆាក​សិល្បៈ​គ្រប់​ទ្វីប​កញ្ញា​ ចាប ​ចំរើនតុលា ក្រៅ​ពី​ជា​សាស្ត្រាចារ្យ​​របាំ​បុរាណ​នៅ​សាលា​មធ្យមវិចិត្រ​សិល្បៈ​ហើយក៏នៅ​ឆ្លៀត​ហោះ​ហើរ​ទៅ​បំពេញ​ក្ដី​ស្រមៃ​របស់​យុវតី​នៅ​បារាំង​ ដែល​ស្រឡាញ់​របាំ​អត្ត​សញ្ញាណ​ខ្មែរ​ទៀតផង​​។

ដោយ​សារ​តែ​ឆន្ទៈ​រក្សា​ដួង​ព្រលឹង​វប្បធម៌​ខ្មែរ​នាដកា ​និងជា​សាស្ត្រា​ចារ្យ​របាំ​បុរាណ​វ័យ​៣៤​ឆ្នាំ​រូបនេះ​បាន​ប្រើប្រាស់​ពេល​វេលា​ធ្វើ​កិច្ចការ​​នាដ​កា​មន្ត្រី​នៅ​ក្រសួង​វប្បធម៌ និងជា​គ្រូ​​បង្រៀន​របាំ​​ដែល​បណ្ដុះធន​ធាន​មនុស្ស​ជំនាន់​ក្រោយ​ទាំង​នៅ​ក្នុង​ស្រុក ​និង​បរទេស​។

ក្នុង​ដំណើរ​ឡើងចុះ​ទីក្រុង​ប៉ារីសប្រទេស​បារាំង​ ២-៣​​ ដង​ ក្នុង​ ១ ឆ្នាំ​ ដើម្បី​បណ្ដុះ​គ្រាប់​ពូជ​អ្នក​របាំ​ចម្រុះ​សាសន៍​ កញ្ញាតុលា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ថា៖ «​ជាក់​ស្ដែង​ពី​ខ្មែរទៅ​ដល់ស្រុក​បារាំង​​មាន​រយៈ​ពេល និង​មានចម្ងាយ​ឆ្ងាយ​ខ្លាំង​ដែរ។ ទៅ​ដល់​នោះយើង​អត់​មាន​ពេល​ហ្វឹក​ហាត់​ច្រើន​ទេមាន​តែ​ថ្ងៃសៅរ៍-អាទិត្យ​ ១​ ថ្ងៃ​ ៣ ​ម៉ោង ​អ៊ីចឹង​​យើង​ព្យា​យាម​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​គាត់​យល់​បាន​ច្រើន»​។ នាដ​កា​ដែល​ក្លាយ​ជា​គ្រូ​បង្រៀន​របាំ​អស់​រយៈ​ពេល​ ១៥​​ ឆ្នាំ​​​មក​នេះ​ បានលើក​ឡើង​ថា ថ្នាក់​បង្រៀន​របាំ​នៅ​ឯ​នាយស​មុទ្រមាន​សិស្ស​ប្រមាណ​ ២០-​៣០​ នាក់​។

ដើម​ឡើយ​ សិស្ស​​​មានតែ​ខ្មែរ​សញ្ជាតិ​បារាំង​ទេ សព្វ​ថ្ងៃ​ថ្នាក់​របាំ​បុរាណ​ខ្មែរ​មាន​សិស្ស​បរទេស​ជនជាតិ​បារាំង​សុទ្ធ និង​កូន​កាត់​​សាសន៍​​អាស៊ី​ដូចជា​ជន​ជាតិ​ម៉ុង និង​ឡាវ​ ដែល​ចាប់​អារម្មណ៍​ពី​សិល្បៈ​ខ្មែរ​ជា​ដើម​។

ថ្នាក់​បង្រៀន​របាំ​បុរាណ​ខ្មែរ​​នៅ​ទីនោះ​មានគ្រូ​បង្រៀន​ដែល​ធ្លាប់​ជា​នាដ​ការ​បាំ​ដ៏​ឆ្នើម​របស់​សម្ដេច​ព្រះរៀម​បុប្ផា​ទេវី​ផ្ទាល់។​ ថ្នាក់​របាំ​​នៅ​ទីក្រុង​ប៉ារីសបើក​បង្ហាត់​រាល់​ថ្ងៃ​សៅរ៍​-អាទិត្យ ជា​វេលា​ដែល​សិស្ស​ក្មេងៗ​ត្រូវ​បាន​ឪពុក​ម្ដាយ​នាំ​យក​មក​ហាត់ហើយ​ក៏​​ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការ​ងារ​របស់​សិស្ស​ពេញ​វ័យ​ដែរ​។

សិស្ស​របាំ​នៅ​ប្រទេស​បារាំង ​ពុំ​សូវ​ស្គាល់​បច្ចេក​ទេស​បែប​បទ​លក្ខណៈ​បែប​ខ្មែ​រប៉ុន្មានឡើយ ហើយនេះ ​គឺ​ជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ការ​បង្រៀនដែល​នាដ​កាតុលា និង​គ្រូ​របាំ​ដទៃទៀត ​ជួប​ប្រទះ​នៅទី​នោះ​។

គ្រូ​របាំ​ធ្លាប់​គ្រង​តំណែង​តួឯក​របាំ​ព្រះរាជ​ទ្រព្យ​រូបនេះ​បាន​ប្រាប់​ថា៖ «គាត់​កើត​នៅ​បារាំង​តែម្ដង​គាត់​អត់​សូវ​ចេះ​និយាយ​ខ្មែរ​ផងហើយ​ពុំ​សូវ​យល់​បច្ចេក​ទេសជា​ខ្មែរ»។

ការ​បង្រៀន​របាំ​នៅ​ប្រទេស​បារាំង​ ​ក៏តម្រូវ​ឱ្យគ្រូ​​ប្រើ​បច្ចេក​ទេស​គរុកោ​សល្យ​ផ្សេងទៀត​ពី​ប្រទេស​កំណើតដែល​បែប​បទ​បង្រៀ​ន​ពី​​បរម​បុរា​ណ​តែង​មាន​សម្ដី​ធ្ងន់គំហក និង​ការ​​ជួយ​កាច់​ពត់​រាង​កាយ​ពី​សំណាក់​គ្រូរបាំ​។

នាដ​កា ចំរើនតុលា បាន​លើក​ឡើង​ថា៖ «យើង​និយាយ​នៅ​​ស្រុក​ខ្មែរច្បាប់​យើង​ក៏គេ​មិន​ឱ្យ​​ប្រើ​អំពើ​ហិង្សា​ដែរ ក៏​ប៉ុន្តែ​​ធម្មតា​នៅ​ក្នុង​ការ​ហាត់​របាំ​បុរាណ​យើង​តែង​តែ​មាន​ការ​ស្រែក​ខ្លះជួន​កាល​រាង​សង្កត់ខ្លាំងៗ​អី​អ៊ីចឹង​ ប៉ុន្តែ​នៅ​ស្រុក​បារាំង​ យើង​អត់​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ»​។

រីឯ​សិស្ស​ចម្រុះ​ជាតិ​សាសន៍​ទាម​ទារ​ការ​បរិយាយពី​ទ្រឹស្តី ការនិយាយ​ពន្យល់ និង​ការ​​អនុវត្ត​ក្បាច់​ចលនា​ឱ្យ​មើល​​ច្រើន​ដង​។

​កញ្ញា​បន្ត​ថា៖ «ក្មេង​នៅស្រុក​បារាំង​ភាគច្រើន​យើង​បង្ហាត់​ដោយ​និយាយ​ច្រើន​ជា​ជាង​យើង​សម្លុត។ យើង​ធ្វើ​ឱ្យ​មើលហើយ​យើង​និយាយ​ប្រាប់​ពីចន្លោះ​ក្បាច់​ហ្នឹង​ដូចថា ​វាមាន​​ពី ១ ដល់​ ១០ យើង​និយាយ​ពី ១ ដល់ ​១០ បាន​គាត់​យល់»​។

ទោះ​ជា​បង្រៀន​សិស្ស​នៅ​បារាំង​មាន​ការ​លំបាក​ខ្លះៗ​ក៏ពិត​មែនក៏​អ្នកគ្រូ​របាំ ចំរើនតុលា ចាប់អារម្មណ៍​ឃើញ​ថា សិស្ស​ដែល​ភាគ​ច្រើន​ជាកូន​កាត់​អាច​ស្វែង​រក​ឫស​គល់​អត្ត​សញ្ញាណ​មួយ​របស់​ខ្លួន​តាម​រយៈ​សិល្បៈ​​របាំ​បុរាណ​នេះ​។

កញ្ញា​លើក​ឡើង​ថា៖ «គាត់​ជា​កូន​កាត់​​វា​ពិបាកទោះ​គាត់​មាន​សញ្ជាតិ​បារាំងតែគេ​នៅ​តែ​ថា​គាត់​មិន​មែន​បារាំងគាត់​អាច​ស្វែង​រកអ្វី​ដែល​ជា​ខ្លួន​ឯងអ៊ីចឹង​គាត់​អាច​មាន​អត្ត​សញ្ញាណ​ខ្លួន​ឯង​ច្បាស់​លាស់​»។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គ្រូ​របាំ​រូបនេះ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បង្រៀន​សិស្ស​នៅ​បរទេសនោះ​ គឺពួកគេស​ម្រេច​ចិត្ត​មក​ហាត់​របាំ​ដោយ​ក្ដី​ស្រឡាញ់ហើយ​ការ​​ហ្វឹក​ហាត់​ចេញ​ពី​ចិត្ត​។

អ្នក​គ្រូ​របាំ​រូបនេះ​លើក​ឡើង​ថា៖ «​​អ្វី​ដែល​ជាការ​តប​ស្នង​ល្អ​មក​វិញគឺពួ​កគាត់​ចង់​ដោយខ្លួន​ឯងនៅស្រុក​ខ្មែរ​​​គ្រួសារខ្លះ ប​ង្ខំកូន​ជួន​កាល​កូនរ​បស់​ពួកគាត់​អត់​ទាន់​​រកឃើញ​ខ្លួន​ឯង​ថា​ស្រឡាញ់​របាំ​ខ្មែរ​ប៉ុនណា​ទេ។ ក៏​ប៉ុន្តែ​​ក្មេង​នៅ​ស្រុក​បារាំងពួក​គាត់​មក​គឺ​ដោយ​សារ​ពួក​គាត់​ស្រឡាញ់​របាំ​ខ្មែរ​ដោយ​ខ្លួន​ឯង»។

សិស្ស​របាំ​ទៅជា​អ្នក​រាំ

​នៅ​ប្រទេស​បារាំងក្រៅពី​កិច្ចការ​បង្រៀន​នៅ​ថ្ងៃសៅ​រ៍-អាទិត្យ កញ្ញា​ ចំរើនតុលា ​ក៏​ជា​អ្នក​បម្រើ​ការ​ងារ​ទូទៅ​ រដ្ឋបាល​ការ​រៀបចំ​បទ​បង្ហាញនិងការ​ផ្សព្វ​ផ្សាយ​ទីផ្សារ​​លើក​កម្ពស់​វប្បធម៌​ខ្មែរ​ផងដែរ។

កញ្ញា​ថា៖ «យើង​មាន​កម្មវិធី​ច្រើន​គួរសម​ដែរអ៊ីចឹង​ទៅ​ដើម្បី​បង្ហាញ​ភាព​ជា​​ខ្មែរ​យើង​ក៏មាន​ការ​សម្ដែង​នៅ​ឯនេះ​នៅឯ​នោះដែរ»

គួបផ្សំ​នឹងរូបរាងពណ៌​សម្បុរនិង​ការ​​ឆ្លាត​វៃសិស្ស​ដែល​មាន​កម្រិត​រាំ​បានល្អ​​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​សម្ដែង​ក្រោយពី​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​បំប៉ន​មួយ​ចំនួនរួចមក​។​

កញ្ញា ចំរើនតុលា លើក​ឡើង​ថា៖ «ការ​រៀន​រាំ​របស់​ពួក​គាត់​អាច​ប្រើការ​បានព្រោះអី​​​គាត់​មាន​ការ​តាំង​ចិត្ត​ខ្លាំងប្រសិនបើ​គាត់​ប្រឹង​បន្ថែម​ទៅ ​គាត់​ចាប់​ផ្ដើម​មាន​ក្បាច់​ក្នុង​ខ្លួន​គាត់​មាន​គ្រឹះ​ផងយើង​ពន្យល់​បន្ថែម​​ទៅ​មនោ​សញ្ចេត​នា​អំពី​អារម្មណ៍​យើង​គាត់​ឱ្យ​អាច​សម្ដែង​បាន»​។

អ្នក​គ្រូ​របាំ​រូប​នេះ​លើក​ឡើង​ថា សិស្ស​ខ្លះ​ទើប​ចូល​ហាត់​​ ៣-៤ ​ខែ តែ​គាត់​ក៏អាច​ឡើង​រាំក្បាច់​មួយ​ចំនួន​ចុះ​ចំណោម​​អ្នក​ជំនាញ​បាន​ដែរ​។

សមាគម​គ្រោង​នឹង​រៀបចំ​មាន​កម្មវិធី​សម្ដែង​ធំមួយ​នៅ​កណ្ដាល​ក្រុង​ប៉ារីស​តែ​ម្ដង​ នៅថ្ងៃទី​ ១៤ ខែ​តុលា​ ដោយ​មាន​ការ​ចូល​រួម​សម្ដែង​ពី​សិស្ស​របាំ​ផង​ដែរ​។

កញ្ញា ចំរើនតុលា លើក​ឡើង​ថា៖ «អ៊ីចឹង​ពួក​គាត់​កំពុង​តែហ្វឹក​ហាត់​ហើយ។ធម្មតា​យើង​ហាត់​តែ​ ១​ វេនៗ ប៉ុន្តែ​​ដោយ​សារ​តែ​យើ​ង​មាន​ការ​សម្ដែងអ៊ីចឹង​យើង​ត្រូវ​ហាត់​ដល់ល្ងា​ច»។

ក្រៅពី​នៅ​ប្រទេស​បារាំង​​ នាដ​កា និង​គ្រូរបាំ​រូបនេះ​បាន​លើក​ឡើង​ថា ឱ្យ​តែ​មាន​ការ​គាំទ្រ​នៅ​ជ្រុង​ណា​នៃ​ផែនដី​ កញ្ញា​ក៏ដូច​ជា​គ្រូ​របាំ​ដទៃទៀត ​នឹង​មាន​ឆន្ទៈ​ទៅ​បង្ហាត់​ ព្រោះ​ការ​សាប​ព្រោះ​ចំណេះ​ដឹង​នៅ​ក្រៅ​ប្រទេស​ រួមចំណែក​ធ្វើ​ឱ្យ​សិល្បៈ​វប្បធម៌​ខ្មែរលូត​លាស់​រុ​ងរឿង​។

កញ្ញា​និយាយ​ថា៖​ «ពួក​ខ្ញុំ​​ធ្វើការ​នៅ​ក្រសួង​វប្បធម៌​ យើង​អាច​ថា​ជាបេសក​កម្ម​​ស្រប​ច្បាប់​យើង​ទៅបង្ហាត់​ ព្រោះអី​វា​ដើម្បី​វប្បធម៌​ជាតិ​យើង​រុង​រឿង​ទាំង​អស់​គ្នា​ដែរ។ បើ​យើង​មិន​មាន​អ្នក​ចេញ​ទៅ​​បង្ហាត់​នៅ​ក្រៅ​ខ្លះយើ​ង​នៅតែ​ក្នុង​ស្រុក​ទាំង​អស់គ្នា​ក៏​វា​អត់​លូត​លាស់​ល្អ​ដែរ»។

ជាមួយ​បទពិ​សោធ​សម្ដែង​ជា​ច្រើន​ឆ្នាំនាដកា​បាន​រំឭក​ប្រាប់​ថា អ្វី​ដែល​កញ្ញា​ចង​ចាំ​បំផុត​ គឺ​នៅ​ឆ្នាំ ២០១០ ពេល​ព្រះរៀម​បុប្ផា​ទេវី​លោក​ដំឡើង​ស្នាដៃ​មួយ​ ហើយ​កញ្ញា​​ជា​តួ​នៅ​ក្នុង​រឿង​នោះ​ ក៏ដូច​ជា​មាន​សម្លៀក​បំពាក់​ជា​លើកទី​១ ដែរ។

នាថ​កា ចំរើនតុលា បាន​ឱ្យ​ដឹង​ថា​៖ «​វា​ជាការ​ច​ងចាំ​ល្អព្រោះអី​តួអង្គ​ដែល​ខ្ញុំរាំ​ហ្នឹង​ជា​តួអង្គ​របៀបស្រី​​ដែល​ប្រកប​ដោយ​ការ​ដឹកនាំ​​មិន​មែន​ជា​ស្ត្រីទ​ន់ជ្រាយ​។អាហ្នឹង​ជាការ​ចង​ចាំមាន​ន័យ​ថា​ វា​ដូច​ជីវិត​ពិត​របស់​យើង​ដែរយើង​ជា​ស្ត្រីមែនប៉ុន្តែ​យើង​អត់​ទន់​ជ្រាយ»។

កង្វះ​ឯ​កសារ​ចង​ក្រង

បញ្ហា​ប្រឈម​ច្រើនប៉ុន្តែ​អ្វី​ដែល​ប្រឈម​ធំ​បំផុត​គឺ​ការខ្វះ​សុក្រឹត​ភាពនៃ​ក្បាច់​ បាន​ន័យ​ថា​ ពីរបាំ ១ ទៅ​របាំ ១ ​មិន​ទាន់​មាន​ឯកសារ​ណា​មួយ​ចង​ក្រង​ឱ្យច្បាស់​លាស់ដោយ​ប្រកាន់​នូវ​ទម្លាប់​អនុវត្ដ​តាម​គ្រូ​ពី​បរម​បុរាណ​មក​។

នៅ​ពេល​បាត់​គ្រូធំ ​ពួក​គេ​លែង​នៅ​មានជីវិ​តនោះ​ហើយ​ជា​អ្វីដែល​ម្នាក់ៗ​ដណ្ដើម​គ្នា​យក​ត្រូវរៀង​ខ្លួន​។ នេះ​ជា​ការ​ប្រឈម​​ធំ​សម្រាប់​កញ្ញា​ផ្ទាល់​ដែល​ជា​គ្រូ​ និង​អ្នក​របាំ​ម្នាក់​ក្នុង​វិស័យ​របាំ​បុរាណ​។

កញ្ញា ចំរើនតុលា បញ្ជាក់​ថា​៖ «​ចំពោះខ្ញុំតាម​ពិត​វា​គ្មាន​ខុស​ ឬ​ត្រូវ​ ១០​០ ភា​គរយ​ទេក៏ប៉ុន្តែ​យើង​ត្រូវ​រួមគ្នា​ ស្រុះ​ស្រួល​គ្នា​ថាតើ​​យើង​យក​អ៊ីចឹង​ជា​គោល​ ជា​ការ​បង្ហាត់​បង្រៀន​ដល់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ងាយ​យល់​នៅ​ពេល​ណា​ដែល​យើង​ជាគ្រូៗ​ខ្វែង​គំនិត​គ្នាតាម​អ្នក​នេះតាម​អ្នក​នោះអ៊ីចឹង​ក្មេង​ជំនាន់ក្រោយ​ក៏​ស្រពេច​ស្រពិល​ដែរគាត់​អត់​ដឹង​អ្វី​ច្បាស់​លាស់​ជា​ទុន​ក្នុង​ខួរ​ក្បាល​ខ្លួន​ឯង​​​ ដើម្បី​បន្ត​ទៅ​ដល់​ក្មេង​ជំនាន់​ក្រោយៗ​ទៀត»​។

ពី​ស្ដ្រី​ចរិត​ប្រុស​​ទៅ​ជា​អ្នក​របាំ​ដ៏​ទន់​ភ្លន់​

​​​ស្រុក​កំណើត​នៅ​ភ្នំពេញ​កញ្ញាតុលាមាន​បង​ប្អូន​ ៧ នាក់ ​បង​ស្រីធំ​ទី១ បង​ស្រី​បន្ទាប់និង​រូប​កញ្ញា​ផ្ទាល់​ជា​របាំ​បុរាណ។បង​ស្រី​ម្នាក់​រស់នៅ​ប្រទេស​បារាំងជា​អតីត​​តួអប្សរា​​ដែល​មាន​នៅ​ក្នុង​វីដេអូ​ឯក​សារ​ចុងក្រោយ​របស់​ព្រះរៀម។

​កញ្ញា​​ ចាប់​ផ្ដើម​ចូល​ហាត់​របាំ​នៅ​អាយុ​៧ឆ្នាំដែល​មិន​មាន​ចំណូល​ចិត្ដ​ចំពោះ​របាំ​ តែ​តាម​ចិត្ដ​ឪពុកម្ដា​យដែល​ចង់​លត់ដុំ​កូន​ស្រី​ចរិត​ប្រុស​ម្នាក់​នេះ​ឱ្យ​មាន​ភាព​ទន់​ភ្លន់​ជា​នារី​ខ្មែរ​។ ​

នៅ​ក្នុង​សាលា​របាំក្រៅពី​ការ​រាំកញ្ញា​តុលាក៏​ត្រូវ​បាន​បង្រៀន​ពី​សុជីវ​ធម៌​ជា​ស្ដ្រីដែល​ខុស​ពី​ធម្ម​ជាតិ​របស់​នារី​ចរិត​ប្រុស​នេះ​។ ១ ​ឬ​ ២ ​ឆ្នាំ​ដំបូងការ​ហាត់​របាំដែល​ទាម​ទារ​ភាព​ទន់​ភ្លន់​ បាន​ធ្វើ​ឱ្យ​កញ្ញាតុលាជួប​ការ​លំ​បាក​ចំពោះ​ការ​ហាត់ពត់​លត់​ដំអត្ដ​ចរិត​។

​កញ្ញាបាន​សារ​ភាព​ថា៖​ «ពីដំបូង​​ពិត​ជា​អត់​សប្បាយ​ចិត្ត​ដែរមែន​ទែន​ទៅ ពី​ក្មេង​យើង​អត់ចង់​ហាត់​របាំ​ទេ​​យើង​ឃើញ​រឿង​ហុង​កុងយើង​ឃើញ​មេធាវី​ល្អ​ៗអី​អ៊ីចឹង​ ចង់ហ្មង​ ចង់រៀន​ច្បាប់ធ្វើមេធាវីអីក៏ប៉ុន្តែ​​​មក​ចូល​ហាត់​របាំ​ធ្វើ​ណយៗ​អ៊ីចឹង​ គឺ​ថា​អត់​សប្បាយ​ទេ»។

​ដោយ​សារ​តែ​របាំ​ផ្ដល់​ទាំង​ចំណេះដឹ​ង​ និង​ប្រាក់​កម្រៃ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ កញ្ញាតុលាចាប់​ផ្ដើម​ស្រឡាញ់​ និង​សម្រេច​ចាប់​អាជីព​របាំ​តែម្ដង​ ក្រោយ​រៀន​ចប់​ថ្នាក់​បាក់​ឌុប​។

នាថ​កា ចំរើនតុលា បាន​ឱ្យ​ដឹង​ពីមោទន​ភាព​ថា​៖ «ពេល​យើង​ចេញ​ទៅ​បរទេសកុំ​ថា​បរទេសសូម្បី​តែ​នៅ​ស្រុក​ខ្មែរ​ គេ​ស្គាល់​យើង​ថា​អ្នក​របាំវា​ជាមោទន​ភាពមួយ​ដែល​គេ​ចងចាំ​យើង​ថា ជាអ្នក​ណាដោយ​សារ​អាជីព​ហ្នឹង​ធ្វើ​ឱ្យគេ​ស្គាល់​យើង​ស្គាល់ខ្មែរអ៊ីចឹង​ពី​ ១ ថ្ងៃ​ ទៅ​ ១ ​ថ្ងៃយើង​ថែយើង​អត់ចង់​ឱ្យ​បាត់​បង់​ហើយ​បើសួរ​ថាឱ្យ​តែនរ​ណា​ស្រឡាញ់​សិល្បៈយើង​ជំរុញ​​ទោះបី​ការ​ងារ​ហ្នឹង​មិន​មែន​យើង​ធ្វើក៏​យើង​សប្បាយ​ចិត្ត​ដែរ»។

កញ្ញា​បាន​បន្ដ​ថា នៅក្នុង​ប្រទេស​អឺរ៉ុប បារាំង​ អាល្លឺ​ម៉ង់ បែល​ហ្ស៊ិក អេស្ប៉ាញ និយាយ​រួម​នៅ​ក្នុង​អឺរ៉ុប​ សឹង​តែ​គ្រប់​ប្រទេសអ្វី​ដែល​​ចងចាំ​ជាង​គេ​គឺការ​​ដង្ហែ​ព្រះ​រាជដំណើរ​ព្រះ​ករុណា​ សីហ​មុនីទៅ​សម្ដែង​នៅ​ប្រទេស​ឆែក ​ជា​មោទន​ភាព​ធំ​មួយ​ ដែល​បាន​ទៅ​តាម​ព្រះ​មហា​ក្សត្រ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស។

ក្រៅពីនេះ​កញ្ញា​បានចេញ​ទៅ​សម្ដែង​​ក្នុង​តំបន់​​អាស៊ី ​ហើយ​បណ្ដា​ប្រទេស​នៅ​អាស៊ានកញ្ញាមិន​ទាន់​បាន​ទៅ​តែ​ប្រទេស​មីយ៉ាន់​ម៉ា​មួយ​ប៉ុណ្ណោះ​។ ​កញ្ញា​​បាន​ទៅ​ខាង​ឥណ្ឌាអាមេ​រិកម៉ិក​ស៊ិក​ ទៅ​បាន​ច្រើន​​ប្រទេស​ធំៗកូរ៉េជប៉ុន និង​ស្រី​លង្កាច្រើន​ដង​ច្រើន​សា​។

ជា​មួយ​នឹង​មោទន​ភាព និង​ទទួល​បាន​ការ​កោត​សរ​សើរ​ចំពោះ​ទេព​កោស​ល្យ​សម្ដែង​របាំគ្រូ​របាំរូប​នេះចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​គាំទ្រ​វិស័យ​សិល្បៈ​បុរាណ​ដោយ​ផុស​ចេញ​ពី​ទឹក​ចិត្ដ​ដ៏​ពិត​ប្រា​កដ​។

កញ្ញា​និយាយ​ថា​៖ «​ពេល​ខ្លះ​យើង​កុំ​ប្រើ​តែ​ពាក្យថា​​នាំគ្នាថែ​រក្សា​របស់​ដូនតា​​យើង​ទន្ទឹម​នឹង​ហ្នឹង​កុំ​មើល​រំលង​អ្នក​ដែល​បម្រើ​សិល្បៈ​ដូន​តាដូចជា​ អ្នករ​បាំ​ តន្ត្រីករវ​ត្ថុខ្លះ​ជា​វត្ថុ​យូរ​អង្វែងតែ​ប៉ុន្មាន​រយ​ឆ្នាំ​មក​នេះ​វាអត់​អាច​យូរ​អង្វែង​បាន​ទេពួក​គាត់​ជា​អ្នក​បម្រើវ​ប្បធម៌​សិល្បៈជួយ​គាំទ្រ​លើក​ទឹក​ចិត្ត​ពួក​គាត់​ ឧបត្ថម្ភ​នូវ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​បាន​អាច​ថែ​រក្សា​ពួក​គាត់បាន​វប្ប​ធម៌​រស់​រាន​តទៅមុ​ន​ទៀត» ។

អ្នកគ្រូ​របាំ​បុរាណ​ខ្មែររូប​នេះបាន​បន្ដថា​៖ «​បើ​យើង​គិត​វប្បធម៌​ថា​ដូនតា​យើង​អង្គរ​វត្ត​យើង​មានតែ​បើ​អត់​មានអ្នក​ថែ​អង្គរ​វត្ត​​ក៏ទ្រុឌទ្រោម​ដូចគ្នាអ៊ីចឹង​កុំ​មើល​រំលង​អ្នក​បម្រើ​សិល្បៈហើយ​ក៏យើង​ស្រុះ​ស្រួល​គ្នា​​ដើម្បី​ធ្វើម៉េច​ឱ្យ​វប្បធម៌​យើង​រឹង​មាំ»។​

កញ្ញា ចំរើនតុលា បាន​បញ្ជាក់​ថា​៖ «​​ពេល​ខ្លះ ​ខ្ញុំ​​សង្កេត​ឃើញ​ថាយុវជនយុវនារី​ទាំងអស់ ​ពេល​ពួកគាត់​ស្រឡាញ់​វប្បធម៌គាត់​ស្រឡាញ់​បែប​ជា​ភ្លើង​ចំបើង ឬ​មួយ​ខ្យល់ដែល​ពេល​ខ្លះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យវប្បធម៌​ប្រពៃ​ណី​ល្អ​ទេវា​បែរ​ជា​រឿង​បណ្ដាល​ឱ្យមាន​ជម្លោះអ៊ីចឹង​ចង់​ឱ្យ​ទាំង​អស់​គ្នា​ស្រុះស្រួ​លគ្នាកុំ​ហៃអើកន្លែង​ណា​យើង​ច្បាស់ចាំយើង​ប្រកែ​កកា​រពារអ៊ីចឹង​បើ​យើង​មិន​មាន​ការ​រួបរួ​មគ្នាទេ ​របង​សិល្បៈ​មួយ​ហ្នឹង​​ធូរ​រលុង​ហើយ ​គ្រាន់តែ​ថារួមគ្នា​សាមគ្គី​​គ្នាធ្វើ​យ៉ាង​ម៉េច​កុំ​ឱ្យ​របស់​យើង​ហូរ​ចេញ​ទៅ​ពេកកុំ​ឱ្យ​របស់​គេ​ហូរ​ចូល​មក​ពេក»៕