
តារាចម្រៀងប៉ុប និងតារារ៉េបរបស់កម្ពុជា ពេលសម្តែងនៅទីក្រុងប៉ារីស កាលពីឆ្នាំ ២០២០។ រូបថត សហការី
ភ្នំពេញ: Sabay Event ជាការប្រគំតន្ត្រីផ្ទាល់នៅទីក្រុងប៉ារីស បានត្រឡប់មកវិញក្នុងឆ្នាំ ២០២២ នេះ ដោយតារាចម្រៀងប៉ុប និងតារារ៉េប ២ រូប មកពីប្រទេសកម្ពុជា បានជួបជាមួយសិល្បករកូនកាត់បារាំងអាស៊ីផ្សេងទៀត បន្ទាប់ពីបានផ្អាកកាលពីឆ្នាំមុនដោយសារជំងឺរាតត្បាតកូវីដ ១៩។
ដោយចាប់ដៃគូជាមួយសមាគមខ្មែរសាមគ្គី Sabay Events មានមោទនភាពក្នុងការរៀបចំនិងណែនាំតន្ត្រីខ្មែរសម័យថ្មីនេះជាលើកទី២ ដើម្បីបង្កើតទំនាក់ទំនងរវាងប្រទេសបារាំង និងកម្ពុជា តាមរយៈសិល្បករដែលមានទេពកោសល្យវ័យក្មេង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Sabay Events។
ឆ្នាំនេះតារាចម្រៀងនិងរ៉េបមកពី KlapYaHandz Music Records ត្រូវបានអញ្ជើញម្តងទៀតទៅកាន់ប្រទេសបារាំងដើម្បីបង្ហាញបទចម្រៀងបែបប៉ុបនិងហ៊ីបហបរបស់ពួកគេនៅលើឆាកកណ្ដាលវាល។
កញ្ញា ម៉ាល់ទែរ៉េ ហេលេន សហអ្នករៀបចំព្រឹត្តិការណ៍បាននិយាយថា៖«យើងចង់អញ្ជើញ KlapYaHandz ម្តងទៀតពីព្រោះស្ថាបនិករបស់ពួកគេគឺជាជនជាតិបារាំង-កម្ពុជា ហើយយើងចែករំលែកទស្សនៈដូចគ្នាស្ដីពីតន្ត្រីខ្មែរសម័យទំនើប»។
ព្រឹត្តិការណ៍ផ្សាយផ្ទាល់នេះ កើតចេញពីរឿងរ៉ាវនៃទំនាក់ទំនងរវាងយុវជនខ្មែរនៅប្រទេសបារាំងនិងកម្ពុជា ដែលពួកគេបានរៀបចំការប្រគំតន្ត្រីនៅប្រទេសបារាំងលើកទី២។
ចលនាសប្បាយ ឬ Sabay Movement ចាប់ផ្ដើមនៅឆ្នាំ ២០១៦ ដោយលោក ថោង តារា ជាខ្មែរកើតនៅប្រទេសបារាំងដែលបានរកឃើញទេពកោសល្យនិងភាពលេចធ្លោររបស់យុវជនអាស៊ីអាគ្នេយ៍ បន្ទាប់ពីធ្វើដំណើរមកប្រទេសកម្ពុជាច្រើនលើកច្រើនសា។
គោលដៅរបស់លោក តារា គឺការពាំនាំជូនប្រជាជនបារាំងនូវបទភ្លេងនិងវប្បធម៌ថ្មី។ លើសពីនេះ វាអនុញ្ញាតឱ្យសិល្បករអាស៊ីមានឱកាសបានចេញទៅបង្ហាញទេពកោសល្យរបស់ខ្លួនលើទ្វីបថ្មីមួយទៀត ដោយសារតែព្រឹត្តិការណ៍ជាច្រើនរបស់តារា (ពិធីបុណ្យការតាំងពិព័រណ៍ កិច្ចពិភាក្សាតុមូល ការបញ្ចាំងភាពយន្ត ការជជែកដេញដោលនិងទីផ្សារអាហារ)។
កញ្ញា ម៉ាល់ទែរ៉េ ហេលេន និងលោកថោង តារា យុវជនកម្ពុជា ២ នាក់ដែលសង្ឃឹមថា នឹងពង្រឹងទំនាក់ទំនងរវាងព្រះរាជាណាចក្រ និងប្រជាជាតិអឺរ៉ុប។
លោកតារា បានសម្រេចចិត្ត នឹកគិតរៀបចំការប្រគំតន្ត្រីនៅប្រទេសបារាំងបន្ទាប់ពីលោកបានជួបជាមួយលោក សុខ វិសាល ស្ថាបនិកក្រុម KlapYaHandz ជាជនជាតិខ្មែរ ដែលបានភៀសខ្លួនចេញពីប្រទេសក្នុងរបបខ្មែរក្រហម។
ជាមួយនឹងភាពជោគជ័យ នៃការប្រគំតន្ដ្រីលើកទី១ ក្រុមហ៊ុនតន្ត្រី KlapYaHandz ត្រូវបានអញ្ជើញជាលើកទី២ ដោយ Sabay Events។
សិល្បករខ្មែរ វុទ្ធា និង រ៉េតកូ នឹងមានការសម្តែងផ្ទាល់ពិសេសនៅទីក្រុងប៉ារីសដើម្បីតំណាងឱ្យវិស័យសិល្បៈហ៊ីបហបកម្ពុជា និងបង្ហាញដល់ពិភពលោកនូវភាពល្បីល្បាញនិងបន្តសិល្បៈរបស់យុវជនកម្ពុជាតាមរយៈឆាកតន្ត្រី។
កញ្ញា ហេលេន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «យើងកំពុងរៀបចំការប្រគំតន្ត្រីរបស់តារាចម្រៀងវុទ្ធា និងតារាចម្រៀងរ៉េបរ៉េតកូ មកពី KlapYaHandz Music Records និងមានសិល្បករអាស៊ីបារាំងផងដែរ ដូចជាតារាចម្រៀងនិងឌីជេ»។
តួឯកសំខាន់ក្នុងព្រឹត្ដិការណ៍នេះគឺជាសិល្បករខ្មែរ វុទ្ធា និង រ៉េតកូ ប៉ុន្តែនឹងមានការសម្តែងផ្សេងទៀតដែលធ្វើឡើងដោយសិល្បករអាស៊ីបារាំង (ដូចជាកូនកាត់បារាំង-ខ្មែរ កូនកាត់បារាំង-ឡាវ និងបារាំង-វៀតណាម)។
កញ្ញាបាននិយាយថា ការលាយបញ្ចូលគ្នារវាងតន្ត្រីបុរាណនិងសម័យនេះ KlapYaHandz បានបង្កើតតន្ដ្រីដែលអាចផ្គាប់ចិត្ដដល់ទស្សនិកជនខ្មែរគ្រប់ជំនាន់ទូទាំងពិភពលោក។
សហអ្នករៀបចំព្រឹត្ដិការណ៍តន្ដ្រីក្នុងក្រុងប៉ារីសរូបនេះបានបន្ដថា៖ «គោលដៅរបស់យើងគឺផ្តល់លទ្ធភាពទទួលបានសំឡេងថ្មីពីអាស៊ីអាគ្នេយ៍ដល់ទស្សនិកជនចម្រុះ។ ការបង្ហាញសមត្ថភាពតន្ដ្រីនៅទ្វីបអឺរ៉ុប និងផ្ដល់គុណតម្លៃខ្ពស់ដល់ប្រទេសកម្ពុជា ដោយសិល្បករទាំងនេះតាមរយៈទេពកោសល្យរបស់ពួកគេនឹងផ្តល់នូវបទពិសោធដ៏មិនគួរឱ្យជឿ ដល់មនុស្សទាំងអស់ដែលចង់ស្វែងយល់ពីហ៊ីបហបកម្ពុជា»។
កញ្ញា ហេលេន បាននិយាយថា មនុស្សជិត ៥០០ នាក់ បានចូលរួមការប្រគំតន្ត្រីដែលរៀបចំនៅទីក្រុងប៉ារីស កាលពីឆ្នាំ ២០២០ ដោយកញ្ញាបន្ថែមថា វាគឺជាជោគជ័យដ៏អស្ចារ្យ។
យុវតីកូនកាត់បារាំង-ខ្មែររូបនេះ បានឱ្យដឹងថា ពួកគេរៀបចំការប្រគំតន្ត្រីមុនពេលដែលជំងឺកូវីដ ១៩ រាតត្បាតធ្ងន់ធ្ងរ។ ដូច្នេះពួកគេមានសំណាងណាស់ដែលអាចបន្ដកម្មវិធីនៅឆ្នាំ ២០២០។
នៅឆ្នាំ ២០២២ នេះ ពួកគេបានសម្រេចចិត្តបន្តបទពិសោធដោយអញ្ជើញ KlapYaHandz ទៅប្រទេសបារាំងជាលើកទី២ ហើយរំពឹងថា នឹងនាំទស្សនិកជនចន្លោះពី ៦០០ ទៅ ៨០០ នាក់មកចូលរួម។
កញ្ញា ហេលេន បន្ដថា៖«ព្រឹត្តិការណ៍នេះមានសារៈសំខាន់ណាស់សម្រាប់ប្រទេសបារាំងនិងកម្ពុជាក្នុងការបង្កើតទំនាក់ទំនងវប្បធម៌ជាមួយគ្នា។ ប្រទេសទាំង ២ មានប្រវត្តិដ៏រឹងមាំ។ យើងក៏ចង់ជំរុញអ្នកសិល្បករក្នុងស្រុកខ្មែរទៅលើឆាកអន្តរជាតិដែរ ព្រោះពួកគេសមនឹងទទួលបានវា»។
លោក សុខ វិសាល ជាជនជាតិបារាំងកាត់ខ្មែរ បានបង្កើត KlapYaHandez Records ក្នុងឆ្នាំ ២០០៥ បន្ទាប់ពីត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ១៩៩៣។ ឆាណែល KlapYaHandez ឥឡូវនេះមានអ្នកចុចគាំទ្រច្រើនជាង ៦៦ម៉ឺននាក់ ដែលមានអ្នកចូលមើលច្រើនជាង ១៧៧ លានដងនៅលើ Youtube ពីជុំវិញពិភពលោក។
គួរបញ្ជាក់ថា ការសម្តែងនឹងធ្វើឡើងនៅទីក្រុងប៉ារីសនៅថ្ងៃទី ១៤ ខែតុលា ខាងមុខ៕