ភ្នំពេញៈ កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ នឹងប្រារព្ធធ្វើនៅបរិវេណនៃវិទ្យាល័យពោធិ៍សាត់ និងទីតាំងជាច្រើនទៀត នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ ក្រោមប្រធានបទ «មរតករស់នៃអក្សរសិល្ប៍»។
មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំ ២០២២ ដែលមានរយៈពេល៣ថ្ងៃនេះ មានកម្មវិធីពិសេសៗជាច្រើន ដូចជាទស្សនកិច្ចវប្បធម៌ រាត្រី អំណាន អំណានពីខេត្តពោធិ៍សាត់ សិក្ខាសាលានិពន្ធ វេទិកាពិភាក្សា ពិព័រណ៍មរតកអក្សរសិល្ប៍ សួនកំណាព្យសិល្បៈ កម្មវិធីប្រកាសជយលាភីអក្សរសិល្ប៍ និងការសម្ដែងទស្សនីយភាពនានា មានរបាំប្រចាំខេត្តពោធិ៍សាត់ ល្ខោនអាន និងល្ខោននិយាយ ចម្រៀង និងចាប៉ីដងវែងជាដើម។
ប្រធានកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លោក ឥន្ទ សម៉ាណាក់ បានបញ្ជាក់ថា៖«មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ឆ្នាំនេះ នឹងប្លែកភ្នែក ព្រោះការរៀបចំនៅខេត្តពោធិ៍សាត់ ដែលមិនសូវជាមានការរៀបចំកម្មវិធីបែបសិល្បៈវប្បធម៌នោះទេ។ ជាពិសេស មហោស្រពនឹងរៀបចំនៅវិទ្យាល័យពោធិ៍សាត់ ដែលមានប្អូនៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ កំពុងសាទររង់ចាំចូលរួម»។
លោកបន្ថែមថា៖ «ខ្ញុំសូមអញ្ជើញអ្នកនៅទីក្រុងភ្នំពេញ និងបណ្តាខេត្តផ្សេងៗ ទៅចូលរួមមហោស្រព ដើម្បីឈ្វេងយល់ពីគុណតម្លៃ និងមរតករស់នៃអក្សរសិល្ប៍ខ្មែរ ព្រមទាំងបានស្គាល់ពីសិល្បៈវប្បធម៌ នៅក្នុងខេត្តពោធិ៍សាត់ផងដែរ»។
មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ បានទទួលការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន រដ្ឋបាលខេត្តពោធិ៍សាត់ សហគមន៍អក្សរសិល្ប៍នានា និងសប្បុរសជន និងសាធារណជនជាច្រើនរូប តាមរយៈការចែករំលែកថវិកា ដើម្បីគាំទ្រការប្រព្រឹត្តទៅនៃមហោស្រព ដែលជាកាយវិការគួរឱ្យគោរព និងកក់ក្តៅបំផុត។
អ្នកនិពន្ធ លោកស្រី សូ ភីណា ជាស្ថាបនិកកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ ឱ្យដឹងថា៖ «ការប្រារព្ធមហោស្រពអក្សរសិល្ប៍ខ្មែរ នៅខេត្តពោធិ៍សាត់ មានតម្លៃមិនអាចកាត់ថ្លៃបាន។ ជាពលរដ្ឋ និងអ្នកនិពន្ធ ដែលមានដើមកំណើតនៅខេត្តពោធិ៍សាត់ ជាខេត្តមួយមានសក្តានុពលសិល្បៈ វប្បធម៌ ពិសេសមួយ»។
លោកស្រីបន្តថា៖«មហោស្រពនេះធ្វើឱ្យខ្ញុំរំភើបចិត្តជាខ្លាំង។ ការប្តេជ្ញាចិត្តរៀបចំមហោស្រពនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានអ្នកស្ម័គ្រចិត្តជាច្រើនរូប ពុះពារមិនខ្លាចនឿយហត់»។
ស្ថាបនិកកម្មវិធី លោកស្រី ភីណា ឱ្យដឹងពីគោលបំណងសំខាន់នៃការរៀបចំមហោស្រពនេះដែរថា ទី១ ការកសាងសហគមន៍អក្សរសិល្ប៍សម្រាប់ទស្សនិកជនកម្ពុជា។ ទី២ បង្កើននូវគុណតម្លៃរបស់អ្នកនិពន្ធ ជាពិសេសផ្តោតលើគុណតម្លៃ នៃការអភិវឌ្ឍសង្គម និងទី៣ ពង្រីកនូវឱកាសដៃគូ និងទីផ្សារ សម្រាប់អ្នកនិពន្ធ និងអ្នកបោះពុម្ពនៅកម្ពុជា។
ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ ពីកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៥នេះ លោកអ្នក ក៏អាចតាមដាននៅលើគេហទំព័រហ្វេសប៊ុកមហោស្រពអក្សរសិល្ប៍ខ្មែរ Khmer Literature Festival ឬអាចទាក់ទងលោកឥន្ទ សម៉ាណាក់ តាមរយៈលេខទូរស័ព្ទ ០១០ ៩៤១ ២២៤៕