ភ្នំពេញៈ​ជា​លទ្ធផល​សម្រាប់​គម្រោង ​«​ក្រឡេកមើល​ទន្លេមេគង្គ​» ក្នុង​សហគមន៍​តាមរយៈ​ភាពយន្ត​ឯកសារនៅ​មជ្ឈមណ្ឌល​បុប្ផា​ណា​រយៈពេល ១២ ​ខែ មានយុវជន ១៥​ រូប បាន​ផលិត​ភាពយន្ត​ឯកសារ​ខ្លី​ចំនួន ១៧ ​រឿង ដែល​ក្នុងនោះ​ចំនួន ១២ រឿង​ផលិតនៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាលនិង៥​រឿងផលិត​នៅលើ​ទឹកដី​នៃ​ខេត្តស្ទឹងត្រែង​។

​នាឱកាស​ចែក​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ដល់​សិក្ខាកាម​កាល​ថ្ងៃទី ​១២ ខែតុលា ឆ្នាំ ​២០២២ លោក ជា សុភាព នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្ស​ន៍បុប្ផា​ណា បាន​ថ្លែង​បញ្ជាក់​ពី​គម្រោងនេះ​​ថា គឺជា​ការផ្តល់​អាហា​រូប​ករ​ណ៍​ដល់​យុវជន​កម្ពុជា​ចំនួន ១៥ នាក់មាន​អាយុ​ចន្លោះ​ពី ១៨ ​ឆ្នាំដល់ ៣០ ​ឆ្នាំ ដើម្បី​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារនិង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

លោក ជា សុភាព ថ្លែងថា​៖ «​ការសម្រេចបាន​នូវ​សមិទ្ធផល​ទាំងនេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ ប៉ុន្តែ​កើតឡើង​មកពី​ការប្តេជ្ញាចិត្ត និង​ការតស៊ូ​យ៉ាង​មុតមាំ​របស់​យុវជន​ទាំង១៥​រូប ក្រោម​ការជួយជ្រោមជ្រែង ទាំង​ផ្នែក​ស្មារតី សម្ភារ និង​បច្ចេកទេស​របស់​ក្រុមការងារ​គម្រោង ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ម្ចាស់ជំនួយ ការចូលរួម​សហការ​ពី​តួអង្គ​នៅក្នុង​ភាពយន្ត និង​សមាជិក​សហគមន៍ ជាពិសេស​កិច្ចសហការ និង​សម្របសម្រួល​របស់​រដ្ឋ​បាល​ថ្នាក់​ខេត្ត និង​ថ្នាក់មូលដ្ឋាន​»។

បើតាមលោក ជា សុភាព ភាពយន្ត​ឯកសារ​ខ្លី​ជាច្រើន​ក្នុងចំណោម​ភាពយន្ត​ឯកសារ​ខ្លី​ទាំង ១៧ ​រឿងនេះត្រូវបាន​គេ​ជ្រើសរើស និង​ចាក់​បញ្ចាំង​ជា​លើកដំបូង​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជាលើក​ទី​១១កាលពី​ខែកក្កដាឆ្នាំ​ ២០២២​កន្លងមកនេះក្រោម​វត្តមាន​របស់​តំណាង​ស្ថាប័នរដ្ឋ ម្ចាស់ជំនួយ អង្គការ​ដៃគូ សង្គម​ស៊ីវិល សមាជិក​សហគមន៍​សិស្ស និស្សិត និង​សាធារណជន​ទូទៅ​ជាង ៤០០​ នាក់​។​

ចំពោះ​សិស្ស​ទាំង ១៥ ​រូបក៏​ធ្លាប់បាន​ផ្សព្វផ្សាយ​ពី​គម្រោង និង​ភាពយន្ត​របស់ខ្លួននៅក្នុង​វេទិកា​យុវជន​ថ្នាក់ជាតិ​ឆ្នាំ ​២០២២ ដែល​សហការ​រៀបចំឡើងដោយ​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) អង្គការ​អាក់​សិន​អេ​ត​កម្ពុជា

(AAC) មជ្ឈមណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) អង្គការ​ដាយ​កូ​នា (Diakonia) និង​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) កាលពី​ខែសីហា ក្រោម​វត្តមាន​អ្នកចូលរួម​ជាច្រើន​នាក់ និង​បាន​ជាប់​ជា​ក្រុម ដែលមាន​ប្រជាប្រិយភាព​ជាងគេ​។​

លោក ទៀង ពិសិដ្ឋ ប្រធាន​ផ្នែក​រដ្ឋបាល និង​អ្នកសម្របសម្រួល​នៃ​គម្រោង​របស់​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា ក៏បាន​ឱ្យដឹងពី​ខ្សែភាពយន្ត​ខ្លីទាំង ៥​ រឿង ដែល​ផលិត​នៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​នោះដែរ​។ លោក​បញ្ជាក់ថា​៖ «​សិក្ខាកាម​ទាំង ១៥​ នាក់ នោះ​មាន​ទី ​១ រឿង «​បេះដូង​រ៉ា​ម​សា​» សហការ​ដឹកនាំ​រឿង​ដោយ​លោក សន វណ្ណាត, លោក អ៊ឹម វាសនា និង​កញ្ញា គង់ រស្មី។ ទី ២ រឿង «​ស្រមោល​អ្នកណា​?» សហការ​ដឹកនាំ​រឿង​ដោយ លោក គីម វណ្ណ​ហេង, លោក សោម រ៉ា​ក់​លីវ និង​កញ្ញា ជា សុខ​នី។ ទី​ ៣ ​រឿង «​ភោគទ្រព្យ​មេគង្គ​» សហការ​ដឹកនាំ​រឿង​ដោយ​កញ្ញា យី លុយ​ហេង, លោក ប៉ាន់ វង្ស​វិចិត្រ និង​លោក ចាន់ ស៊ី​ណាត។ ទី​ ៤ រឿង «​ដាន​ឪ​ផ្លូវ​កូន​» សហការ​ដឹកនាំ​រឿង​ដោយលោក ម៉ម សុធា​រ៉ា, លោកម៉ៅ ភារ​ក្ស និង​កញ្ញា កុល សុវណ្ណពេជ្រ ​វិច្ឆិកា និងទី​៥រឿង «​ជម្រក​បៃតង​» សហការ​ដឹកនាំ​រឿង​ដោយ​លោក ចូ​វ គីម​ស្រុង, កញ្ញា អូត ស្រី​ពេជ្រ និង​កញ្ញា ម៉ៅ មែន​សុជាតា​»​។​

គម្រោង «​ក្រឡេកមើល​ទន្លេមេគង្គ​»ក្នុង​សហគមន៍​តាមរយៈ​ភាពយន្ត​ឯកសារនៅ​មជ្ឈមណ្ឌល​បុប្ផា​ណា​នេះ​មានការ​គាំទ្រ​ពី​អង្គការ BBC Media Action និង​ទទួលបាន​មូលនិធិ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​ស៊ុយ

អែត (SIDA និង​ទីភ្នាក់ងារ​ស្វ៊ីស សម្រាប់​ការអភិវឌ្ឍនិង​កិច្ចសហប្រតិបត្តិការ (SDC) និង​ទទួល​ការផ្តល់​ប្រឹក្សា​បច្ចេកទេស​ពី​អង្គការ WWF នៃ​គម្រោង​អភិបាលកិច្ច​ទន្លេមេគង្គ របស់​អង្គការ​អុក​ស្វា​ម គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល រដ្ឋបាល​ជលផល ក្រសួងបរិស្ថាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​។​

កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​កា​រសិក្សា​ដល់​សិក្ខាកាម​ទាំង ១៥ ​រូបនេះ បាន​ប្រ​ព្រឹ​ត្ដ​ទៅ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ លោក​សោម សុគន្ធ រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​តំណាង​លោក​ស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

លោក ​សោម សុគន្ធ មានប្រសាសន៍​លើកទឹកចិត្ត​ដល់​យុវជនឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ​ពី​ការផលិត​ភាពយន្ត​ឯកសារ​ឱ្យ​កាន់​តែមាន​គុណភាព ដើម្បី​ចូលរួម​ថែរក្សា និង​លើ​កកម្ពស់​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ក​ម្ពុ​ជា​។

លោក​បាន​​បញ្ជាក់ថា៖ «​ការចូលរួម​របស់​យុវជនក្នុង​ការទទួល​យកចំណេះ​ដឹងនិង​បទពិសោធ​ថ្មី​ពាក់ព័ន្ធ​នឹង​ការផលិត​ភាពយន្ត​ឯកសារ ដែលជា​សកម្មភាព​មួយ​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​។ ការសិក្សា​ផ្នែក​បច្ចេកទេស​ថត សិល្បៈ​នៃ​ការដឹកនាំ​រឿង ការសរសេរ​សាច់រឿង និង​បច្ចេកទេស​កាត់ត​រូបភាព ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ផលិតភាព​យន្ត​ឯកសារ​។ តែ​អ្វី​សំខាន់​ជាង​នេះ​គឺ​ខ្លឹមសារ និង​សច្ចៈ​ភាព ដែល​បានបង្ហាញ​នៅក្នុង​ភាពយន្ត​ឯកសារ​នោះ​តែម្តង​»​។

គោលបំណង​សំខាន់​របស់​គម្រោង​នេះ គឺ​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​ដល់​យុវជន​កម្ពុជា ដើម្បីឱ្យ​ពួកគេចេះ​សម្រប​ខ្លួន​ជាមួយ​ប្រជាជននៅតាម​សហគមន៍ដែល​ធ្វើឱ្យ​ពួកគេ​អាច​ស្វែងយល់​ពី​បរិស្ថាន ជីវភាព​រស់នៅ និង​វប្បធម៌​របស់​ប្រជាជន​កម្ពុជា ដែល​រស់នៅ​អាស្រ័យ​ផល​ទៅលើ​ទន្លេមេគង្គ​។

លោក ​ជា សុភាព បង្ហើប​ប្រាប់ថា​៖ «​គោលបំណង​សំខាន់​មួយទៀត គឺ​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ​ដែល​ផលិត​ដោយ​យុវជន​ជយលាភី​ទាំង ១៥ ​រូប នៅក្នុង​គម្រោង​នេះ ដើម្បី​ជំរុញ និង​បង្កើន​ការចូលរួម របស់​យុវជន​ជាច្រើន​ផ្សេងទៀត​ក្នុង​សហគមន៍ ដើម្បី​ចូលរួម​អភិវឌ្ឍ សហគមន៍​របស់ខ្លួន​ប្រកបដោយ​ចីរភាព​។ សិក្ខាកាមបាន​សិក្សា​ពី​ដំណើរការ​នៃ​ការផលិត​ភាពយន្ត​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែងនៅ​គ្រប់​ដំណាក់កាលនៃ​ការផលិត​ភាពយន្ត​ឯកសារ​ដែល​រួម​មាន​ដំណាក់កាល​មុន​ផលិត, ដំណាក់កាល​ផលិតនិង​ដំណាក់កាល​ក្រោយ​ផលិត ។

លោក​បន្ថែមថា​៖ «​តាមរយៈ​គម្រោង​នេះ សិក្ខាកាម​បាន​ប្រើប្រាស់​វិធីសាស្ត្រ​សំខាន់​ ២ ទី​ ១ ​គឺ​វិធីសាស្ត្រ​ចូលរួម​សង្កេត ។ ដោយសារ​សិក្ខាកាមបានរស់នៅ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​ប្រជាជន​ក្នុង​សហគមន៍ និង​ចូលរួម​សង្កេតស្វែងយល់​ពី​បញ្ហា​នានា​ដែល​ប្រជាជន​ក្នុងសហគមន៍​នៅ​តាម​ដង​ទន្លេមេគង្គ កំពុង​ជួបប្រទះ ដើម្បី​ត្រៀមខ្លួន សម្រាប់​ការផលិត​ភាពយន្ត​។ វិធីសាស្ត្រ​ទី ​២ គឺ​វិធីសាស្ត្រ​ចូលរួម​ផលិតភាព​យន្ត​ឯកសារ។

តាមរយៈ​វិធីសាស្ត្រ​នេះ សិក្ខាកាម​បាន​ជូនដំណឹង​អំពី​ផែនការ​ផលិតភាព​យន្ត​របស់ខ្លួន និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ការចូលរួម​សហការ​ប្រកប​ដោយ​សាមគ្គីភាព ទំនុកចិត្ត និង​ភាពស្មោះត្រង់​ជាមួយ​ប្រជាជន​ក្នុង​សហគមន៍​និង​តួអង្គដើម្បី​រួមគ្នា​ផលិតភាព​យន្ត​ឯកសារ​ស្តីពី​សក្តានុពលនិង​កត្តា​ប្រឈម​របស់​ទន្លេមេគង្គ ដើម្បី​លើកកម្ពស់​ការយល់ដឹង​និង​ការចូលរួម​របស់​យុវជន ​និង​ភាគី​ពាក់ព័ន្ធ ក្នុង​គោលដៅ​ធានា​និរន្តរភាព របស់​ជីវិត​រស់នៅរ​ប​ស់មនុស្ស និង​ជីវចម្រុះ​តាម​ដង​ទន្លេមេគង្គ​»​។​

តាម​ការបណ្តុះ​បណ្តាល​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណាមានអត្រា​៨០​ភាគរយ​នៃ​សិក្ខាកាមទទួលបាន​ការងារ​ធ្វើនិង​បន្ត​ការសិក្សា​ក្នុង​វិស័យ​ភាពយន្ត និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយទាំង​នៅក្នុង និង​ក្រៅ​ស្រុក​។ ឆ្នាំនេះភាពយន្ត​ឯកសារដែល​បាន​ផលិត​ដោយ​សិក្ខាកាម​នៃ​មជ្ឈមណ្ឌល​បុប្ផា​ណាត្រូវបាន​ជ្រើសរើស​យក​ទៅ​ចាក់​បញ្ចាំង ​និង​ចូលរួម​ប្រកួតប្រជែងនៅក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិនៅ​ប្រទេស​បារាំងនិង​ប្រទេស​អូស្ត្រាលី​។

នេះ​ជា​មោទនភាព និង​ជា​កម្លាំងចលករ ដែល​ជំរុញ​ឱ្យ​មជ្ឈមណ្ឌល​បុប្ផា​ណា បន្ត​បោះជំហាន​របស់ខ្លួន​ទៅមុខ​ប្រកបដោយ​សុទិដ្ឋិនិយម​លើ​ការបណ្តុះបណ្តាល​សមត្ថភាព និង​ជំនាញ​ដល់​យុវជន​កម្ពុជាដោយ​រួមបញ្ចូល​ទាំង​យុវជន​ជា​ជនជាតិដើម​ភាគតិចដើម្បី​បន្ត​លើកកម្ពស់​ការយល់ដឹងរបស់​ប្រជាជនជាពិសេស​យុវជន​កម្ពុជាតាមរយៈ​ការផលិត​ភាពយន្ត​ឯកសារ​។

ជាមួយគ្នានេះ លោក ជា សុភាព ក៏បានថ្លែងអំណរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​នានា​ផងដែរថា​៖ «​យើង​នៅតែ​ចិញ្ចឹមចិត្ត​ក្នុងការ​បន្តធ្វើ​កិច្ចការងារ​នេះ​ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​សង្គម​កម្ពុជាកាន់​តែមាន​ភាពប្រសើរ​ឡើង​។​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងបរិស្ថាន ដែល​បាន​គាំទ្រ​គម្រោង​នេះ​ក៏ដូចជា​គាំទ្រ​បេសកកម្ម​ការងារ របស់​មជ្ឈមណ្ឌល​បុប្ផា​ណា តាំងពីដើម​រៀងមក​»។

ជា​ពិសេស ​ទៀត​នោះ​លោក​បាន​អរគុណ​ទៅដល់​តួអង្គ​នៅក្នុង​ភាពយន្ត​ឯកសារ​ខ្លី​ទាំង ៥​ រឿង ប្រជាពលរដ្ឋ អាជ្ញាធរ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ អាជ្ញាធរ​ឃុំ​កោះ​ស្នែង អាជ្ញាធរ​ឃុំ​ព្រះ​រំកិល គណៈកម្មការ​នេសាទ​ស​ហគ​មន៍​កោះខ​ឌិន សហគមន៍​នេសាទ​កោះ​ស្នែង សហគមន៍​ព្រៃឈើ​កោះ​កី សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន សហគមន៍​នេសាទ​ភូមិ​ឈើទាល​តូច មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង និង​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ដែល​បាន​សហការ និង​សម្របសម្រួល​ដល់​សិក្ខាកាម និង​ក្រុមការងារ​នៃ​គម្រោង ក្នុងការ​ផលិតភាព​យ​ន្ត​ឯកសារ​ខ្លី​ទាំង ​៥​ នេះ ដោយ​ជោគជ័យ​ ៕