អ្នកនិពន្ធល្បីឈ្មោះ ១ រូបនៅក្នុងវិស័យអក្សរសិល្ប៍ខ្មែរទំនើប លោកស្រី ម៉ៅ សំណាង ដែលមាននាមប៉ាកាថា «ទន្សាយ»នឹងបោះផ្សាយសៀវភៅប្រលោមលោកថ្មី ១ ទៀត បន្ទាប់ពីខកខានបោះពុម្ពសៀវភៅប្រលោមលោកថ្មីអស់រយៈពេលជាង ៦ ខែ។
លោកស្រី ម៉ៅ សំណាង បានគូសបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់លោកស្រីថា សៀវភៅប្រលោមលោកថ្មីដែលនឹងចេញផ្សាយនៅក្នុងពេលឆាប់ៗខាងមុខជាភាគទី ៣ នៃប្រលោមលោករឿង «នភាល័យ» ដែលលោកស្រីខិតខំប្រឹងប្រែងសម្រិតសម្រាំង និងសន្សំពាក្យពេចន៍អស់រយៈពេលជាច្រើនខែ។ ប្រលោមលោករឿង «នភាល័យ វគ្គទី៣» នេះ គឺជាសៀវភៅទី៨ ដែលលោកស្រី ម៉ៅ សំណាង និពន្ធ និងបោះពុម្ពផ្សាយ ចាប់តាំងពីលោកស្រីវិលចូលប្រឡូកក្នុងវិស័យតែងនិពន្ធវិញនៅឆ្នាំ ២០១៩។
សៀវភៅរបស់លោកស្រី ដែលចេញផ្សាយក្នុងអំឡុងពេល ៣ ឆ្នាំចុងក្រោយនេះរួមមានសៀវភៅអត្តជីវប្រវត្តិ «ទន្សាយជានរណា?» និងរឿងប្រលោមលោកចំនួន ៦ រឿងទៀតរួមមាន៖ រឿងប្រលោមចិត្ត វគ្គ ១ ប្រលោមចិត្ត វគ្គ ២ សែងសុរិយា ស្លាបមយូរី នភាល័យ វគ្គ ១ និងនភាល័យ វគ្គ ២ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់មិត្តអ្នកអានគ្រប់មជ្ឈដ្ឋាន។
លោកស្រី ម៉ៅ សំណាង ថ្លែងថា៖ «តាំងពីខ្ញុំចាប់ផ្ដើមសរសេរប្រលោមលោកជាង ៣០ ឆ្នាំមកនេះ ខ្ញុំនៅតែបន្តសរសេរដោយដៃ ព្រោះខ្ញុំមិនសូវចេះបច្ចេកវិទ្យាដូចអ្នកនិពន្ធជំនាន់ថ្មី។ ពេលខុសក៏ត្រូវគូសចោល ហើយសរសេរម្ដងទៀត មិនអាចចុចលុប ថែមថយ ងាយស្រួលដូចនៅក្នុងកុំព្យូទ័រទេ។ ដូច្នេះ ការនិពន្ធសៀវភៅរបស់ខ្ញុំត្រូវឱ្យក្រុមការងារជួយវាយអត្ថបទចូលកុំព្យូទ័រ មុននឹងអាចឌីហ្សាញជាសៀវភៅបាន»។
ដោយសារតែហេតុនេះដែរ ទើបក្នុង ១ ថ្ងៃ អ្នកនិពន្ធទន្សាយរូបនេះ សរសេរបានតែ ១ សន្លឹក ឬ ២ សន្លឹកប៉ុណ្ណោះហើយត្រូវប្រើពេលអស់រាប់ខែទម្រាំបញ្ចប់ប្រលោមលោកបាន ១ ចំណងជើង។ លោកស្រី ម៉ៅ សំណាង កើតនៅឆ្នាំ ១៩៥៩ នៅខេត្តព្រះសីហនុ។ បិតានាម ម៉ៅ សោម មានរបរជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ និងមាតានាម ប៉ែន ស៊ីយ៉ែន។ លោកស្រី ម៉ៅ សំណាង បានទទួលការអប់រំត្រឹមកម្រិតថ្នាក់ទី ១ ទំនើប។
លោកស្រី រៀបរាប់ថា អាជីពជាអ្នកនិពន្ធរបស់លោកស្រីថ្វីដ្បិតតែចាប់ផ្ដើមឡើងនៅឆ្នាំ ១៩៨១ ក៏ពិតមែន ប៉ុន្តែលោកស្រីដក់ចិត្តស្រឡាញ់អាជីពនេះតាំងពីអាយុ ៩ ឆ្នាំមកម្ល៉េះ។ ក្នុងពេលមានឱកាសសិក្សាលោកស្រីរំឭកថា លោកស្រីតែងតែរៀនសង្កេតពីការតែងនិពន្ធរបស់អ្នកនិពន្ធរៀមច្បង អំពីសាច់រឿង និងរបៀបតាក់តែងនិពន្ធ។ នៅក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត លោកស្រី ម៉ៅ សំណាង ត្រូវទទួលបន្ទុករ៉ាប់រងជីវភាពគ្រួសារជំនួសបិតា ដែលត្រូវពួកបនអាវខ្មៅសម្លាប់ចោល។
នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨១ លោកស្រី បាននិពន្ធរឿងប្រលោមលោកដំបូងបង្អស់របស់ខ្លួន ក្រោមចំណងជើងថា ទឹកភ្នែកគ្រីយ៉ាណា។ ក្រោយពីនិពន្ធចប់ លោកស្រី បានយកប្រលោមលោករឿង ទឹកភ្នែកគ្រីយ៉ាងណា ទៅលក់ឱ្យតូបសៀវភៅ ហើយតូបសៀវភៅយកសំណៅនោះទៅថតចម្លងរាប់រយច្បាប់សម្រាប់ដាក់ជួលនៅទូទាំងប្រទេស។
ប្រលោមលោករឿង ទឹកភ្នែកគ្រីយ៉ាណា ដែលជាស្នាដៃដំបូងរបស់លោកស្រី ម៉ៅ សំណាង បានទទួលការពេញនិយមយ៉ាង ពេញទំហឹងពីសំណាក់មិត្តអ្នកអាន។ គេបានស្នើឱ្យលោកស្រីនិពន្ធរឿងថែមទៀត និងដាក់នាមប៉ាកា ១ ផង ដើម្បីឱ្យគេស្រួលសួររកស្នាដៃអាន។ ចាប់តាំងពីពេលនោះមក លោកស្រី ម៉ៅ សំណាង បានបន្តតាក់តែងនិពន្ធប្រលោមលោកសម្រាប់លក់ជាប់មិនដាច់ ដោយដាក់នាមប៉ាកាឱ្យខ្លួនឯងថា ទន្សាយ។
លោកស្រីបានរំឭកប្រាប់ថា កាលជំនាន់នោះលោកស្រីតែងនិពន្ធស្នាដៃបានចំនួនជាង ១០០ ចំណងជើង។
ទាក់ទងនឹងការសរសេរវិញ លោកស្រីបញ្ជាក់ថា ដើម្បីសម្រេចបានប្រលោមលោក ១ ដំបូងលោកស្រីត្រូវរៀបចំគ្រោងរឿងដែលអាចស៊ីពេលពី ១ យប់ទៅ ២ យប់។ លុះបានគ្រោងរឿងរួចរាល់ហើយ ទើបលោកស្រីចាប់ផ្ដើមដំឡើងឱ្យទៅជាប្រលោមលោក។
ការតែងនិពន្ធប្រលោមលោក សម្រាប់ស្មេរមួយចំនួន គឺជារឿងលំបាកខ្លាំងណាស់ ប៉ុន្តែសម្រាប់លោកស្រី ម៉ៅ សំណាង វិញ ពុំដូច្នោះទេ។ ទេពកោសល្យដែលមានពីកំណើត បានជួយឱ្យអ្នកនិពន្ធទន្សាយ អាចបញ្ចប់ប្រលោមលោក ១ រឿងបាននៅក្នុងរយៈពេលតែ ១ សប្ដាហ៍ប៉ុណ្ណោះ។ នោះមានន័យថា នៅក្នុង ១ ខែ លោកស្រី ម៉ៅ សំណាង អាចសរសេរបានប្រលោមលោកចំនួន ៤ រឿង។ ក្នុងនោះលោកស្រីត្រូវចាត់ចែងម៉ោងពេលតែងនិពន្ធឱ្យបានត្រឹមត្រូវ និងដូចទៅនឹងអ្នកធ្វើការតាមការិយាល័យដែរ ដោយចាប់ផ្ដើមសរសេរនៅម៉ោង ៨ ព្រឹកសម្រាកបាយថ្ងៃត្រង់នៅម៉ោង ១១ ហើយត្រឡប់មកសរសេរវិញនៅម៉ោង ១ រសៀល រហូតដល់ម៉ោង ៥ ល្ងាច។
បើទោះបីជាលោកស្រី អាចមានអ្នកអានគាំទ្រច្រើនហើយអាចសរសេរសៀវភៅរឿងប្រលោមលោកបានលឿនប៉ុនណាក៏ដោយ ក៏ចំណូលពីការតែងនិពន្ធសម្រាប់លោកស្រី មានចំនួនតិចតួចណាស់ សម្រាប់ផ្គត់ផ្គង់គ្រួសារដែលមានម្ដាយ និងប្អូនក្នុងបន្ទុក រហូតដល់ទៅ ៤ នាក់។
លោកស្រី ម៉ៅ សំណាង ឱ្យដឹងថា នៅក្នុងជំនាន់នោះ ចំណូលបានមកពីការលក់ប្រលោមលោកសំណេរដៃ ១ រឿង អាចទ្រទ្រង់ជីវភាពបានត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ។
ចាប់តាំងពីឆ្នាំ ១៩៨១ រហូតដល់ឆ្នាំ ១៩៨៧ លោកស្រី ម៉ៅ សំណាង និពន្ធប្រលោមលោកបានជាង ១០០ ចំណងជើង ក្នុងនោះមាន រឿងជំនោរនិរតី, ទឹកភ្នែកនាងណាគ្រី, កុលាបខ្មៅ, ពន្លឺចន្ទ, មេចោរសមុទ្រ, ចន្ទរះឆ្លងដែន,កោះផ្ដាច់និស្ស័យ, បុប្ផាព្រៃភ្នំ, ផ្កាត្របែកព្រៃ, បំណុលជីវិត, រាជិនីដែនដីពិឃាត, សន្យាពេលអរុណរះ, ខ្លុយប្រាក់ជំពាក់ស្នេហ៍, រស្មីឥន្ទធនូ, គជ់ខ្យងចងចិត្ត, បេសកកម្មចុងក្រោយ, ផ្កាបញ្ញើក្អែក, ផ្កាយវង្វេងភព, ភួងមាលាសមុទ្រឈាម, កណ្ដឹងមរណៈ, ផ្កាព្រិលរដូវក្ដៅ, មេចោររ៉ុងរិទ្ធិ, ជួបគ្នាក្រោមតំណក់ភ្លៀង, រាត្រីពណ៌ស្វាយ, សុបិនគ្មានថ្ងៃបញ្ចប់, បន្តោងខ្សែកគជ់, ស្នេហ៍ក្នុងអណ្ដាតភ្លើង, មន្តស្នេហ៍ព្រៃស្ងាត់, ខ្យល់កម្មផ្ដាំស្នេហ៍, សង្ឃឹមថ្ងៃស្អែក, វាលអាល័យស្នេហ៍, ស្រមោលអន្ទោលចិត្ត, ស្រមោលពិតក្នុងសុបិនស្នេហ៍, ចម្រៀងស្នេហ៍អតីតកាល, ត្រចៀកកាំវង្វេងមេឃ, ផ្កាសណ្ដំចិត្ត, រាត្រីអាថ៌កំបាំង, វិនាសកម្មលើវាលខ្សាច់, ភពស្នេហ៍ចម្លែក, សំណកបេះដូង, មេឃក្រៅមេឃ, គំនុំរលត់ស្នេហ៍រលាយ, ទេវរូបខ្មៅ, រឿងកងចក្រជីវិត, និងរឿងរលកបោកខ្សាច់ជាដើម។ នៅក្នុងអំឡុងឆ្នាំ ២០០៣ និង ២០០៤ អ្នកនិពន្ធទន្សាយ បានប្រមែប្រមូលស្នាដៃសំណេរដៃទាំងអស់នេះ មកឱ្យបណ្ណាគារចាត់ចែងបោះផ្សាយឡើងវិញ ដោយក្នុង ១ ចំណងជើង បណ្ណាគារបានផ្ដល់មកវិញនូវចំណូលស្មើនឹងសៀវភៅចំនួន ១០០ ក្បាល។
ស្នាដៃប្រលោមលោករបស់លោកស្រី ម៉ៅ សំណាង មិនត្រឹមតែបានទទួលការពេញនិយមចូលចិត្ត នៅក្នុងចំណោមអ្នកអាន ប៉ុណ្ណោះទេ តែក៏មានការទទួលស្គាល់ផងដែរពីសំណាក់អ្នកធ្វើការក្នុងវិស័យអក្សរសិល្ប៍ និងអង្គព្រះមហាក្សត្រ ព្រមទាំងប្រមុខដឹកនាំរដ្ឋាភិបាល។
នៅឆ្នាំ ២០០៨ លោកស្រី បានទទួលគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់សេនាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាអ្នកនិពន្ធមានស្នាដៃល្អក្នុងការចូលរួមចំណែកលើកស្ទួយនូវអក្សរសិល្ប៍ អក្សរសាស្ត្រ និងវប្បធម៌ជាតិខ្មែរ ហើយនៅឆ្នាំ ២០១៤ ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ទ្រង់បានព្រះរាជទានដល់លោកស្រី ម៉ៅ សំណាង នូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា។ ឆ្នាំ ២០១០ លោកស្រីបានទទួលជយលាភីលេខ ១ ពានរង្វាន់ទន្លេមេគង្គ កម្ពុជា វៀតណាម ឡាវ តាមរយៈរឿង «ចិត្តមួយថ្លើមមួយ»។
លោកស្រី ម៉ៅ សំណាង បានទទួលពានរង្វាន់ព្រះសីហនុរាជចំនួន ២ ដង៖ ម្ដងនៅក្នុងឆ្នាំ ១៩៩៨ ជាប់ពានរង្វាន់លេខ ២ តាមរយៈរឿងពន្លឺចន្ទ និងនៅឆ្នាំ ១៩៩៥ ជាប់ពានរង្វាន់លេខ ១ តាមរយៈរឿងរលកបោកខ្សាច់។
លោក ឃីង ហុកឌី ដែលជាអ្នកស្រាវជ្រាវអក្សរសិល្ប៍ខ្មែរបានលើកឡើងថា ប្រលោមលោករឿងរលកបោកខ្សាច់ របស់លោកស្រី ម៉ៅ សំណាង ត្រូវបានតាក់តែងឡើងក្នុងរចនាប័ទ្មល្អ ងាយយល់ អ្នកអានអាចចាប់សេចក្ដីរឿងបានងាយស្រួល ឃ្លាតចេញពីបន្ទាត់នយោបាយសង្គមនិយម ម៉ាក្ស ឡេនីន។
រឿងប្រលោមលោកទាំងអស់របស់លោកស្រី ម៉ៅ សំណាង រហូតមកទល់ពេលនេះ នៅតែទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងច្រើនលើសលប់ ទាំងពីសំណាក់អ្នកអាន និងជាពិសេសគឺអ្នកនិពន្ធវ័យក្មេងជំនាន់ក្រោយ។ សម្រាប់អ្នកនិពន្ធវ័យក្មេងជំនាន់ក្រោយលោកស្រី ម៉ៅ សំណាង មិនត្រឹមតែជាអ្នកនិពន្ធរៀមច្បងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកគ្រូតែងនិពន្ធផងដែរ។
អ្នកគ្រូដែលដំបូងបានបណ្ដុះបណ្ដាលពួកគេឱ្យចូលចិត្តអាន ហើយក្រោយមកជំរុញឱ្យពួកគេចង់ក្លាយទៅជាអ្នកនិពន្ធ។ មានអ្នកនិពន្ធវ័យក្មេងច្រើនណាស់ ដែលគោរពផ្ដល់តម្លៃដល់អ្នកនិពន្ធទន្សាយ ដោយហៅលោកស្រីថា «អ្នកគ្រូ» ទាំងជួនកាលមិនធ្លាប់ជួបអ្នកនិពន្ធរូបនេះដោយផ្ទាល់ផង៕