ភ្នំពេញៈ អ្នកនិពន្ធម្ចាស់ជយលាភីមហោស្រពអក្សរសិល្ប៍ឆ្នាំនេះ ជំរុញឱ្យអ្នកនិពន្ធស្រាវជ្រាវឱ្យបានច្រើនចៀសវាងចម្លងគេ ដែល នេះជាការលើកឡើងរបស់អ្នកនិពន្ធ វណ្ណ សារ៉េត ដែលមាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “ចៅស្មេរប្រលោម”។
ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ កវីនិពន្ធដែលមានដើមកំណើតលើទឹកដៃខេត្តព្រៃវែង លោក វណ្ណ សារ៉េត បានទទួលពានរង្វាន់ជាបន្តបន្ទាប់ ពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងចុងក្រោយបានទទួលរង្វាន់ពីមហោស្រពអក្សរសិល្ប៍ខ្មែរ តាមរយៈទេពកោសល្យតាក់តែងនិពន្ធ កាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះ។
កវី វណ្ណ សារ៉េត ថ្លែងថា៖ «អ្នកនិពន្ធជំនាន់ក្រោយ គួរមានការសិក្សាស្រាវជ្រាវឱ្យបានច្រើន អំពីចំណេះដឹងផ្នែកតែងនិពន្ធនិងខិតខំអនុវត្តការនិពន្ធឱ្យក្លាយជាទម្លាប់ ព្រមទាំងពង្រឹងសមត្ថភាពគ្រប់ពេលវេលា ដោយត្រូវក្រើនរំឭកខ្លួនឯងថា ខ្លួនត្រូវបង្កើតស្នាដៃថ្មីៗ ប្លែកៗ ដែលជាអត្តសញ្ញាណផ្ទាល់ខ្លួនរបស់យើង ចៀសវាងការចម្លងស្នាដៃ ឬដើរតាមអត្តសញ្ញាណរបស់អ្នកដទៃ»។
លោក វណ្ណ សារ៉េត មានបទពិសោធច្រើនក្នុងវិស័យអប់រំ ដោយលោកបំពេញការងារជាគ្រូបង្រៀន។ លោកបញ្ជាក់ថា៖ «ខ្ញុំគ្រូបង្រៀនកម្រិតឧត្តម ផ្នែកអក្សរសាស្ត្រខ្មែរ តែសព្វថ្ងៃបង្រៀននៅអនុវិទ្យាល័យទេ។ ដោយឡែក សៅរ៍ អាទិត្យ បង្រៀននិស្សិតកម្រិតបរិញ្ញាបត្រនៅគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងខេត្តព្រៃវែង»។
លោកបានបង្ហាញបន្ថែមអំពីស្នាដៃ ដែលលោកបានរួមចំណែកក្នុងសង្គមអក្សរសាស្ត្រជាតិថា ក្រៅពីកំណាព្យ លោកបានសរសេររឿងខ្លី ប្រលោមលោកខ្នាតខ្លីជាពាក្យរាយ ទំនុកច្រៀង និងស្នាដៃផ្នែកសិក្សារៀបរៀងមួយចំនួនផងដែរ។ ស្នាដៃទាំងនោះ មានដូចជា៖ស្នាដៃផ្នែករឿងខ្លី មាន៖ រឿង “ក្មេងគង្វាល” រឿង “ចម្រៀងថ្នមស្នេហ៍” រឿង “បែកស្នេហ៍ឯសៀមរាប” រឿង “រួចពីចំណង” រឿង “ចាំកូនមានសិន”។
ស្នាដៃផ្នែកសិក្សារៀបរៀង មាន “សិក្សាវិធីសាស្ត្រនៃការសិក្សាស្នាដៃអក្សរសិល្ប៍ខ្មែរ” “ប្រជុំតែងសេចក្ដីពន្យល់សុភាសិត” និង “សិក្សាប្រៀបធៀបស្នាដៃសាស្ត្រាល្បែង និងប្រលោមលោកទំនើប”។
ថ្វីដ្បិតស្នាដៃដែលនិពន្ធកន្លងមក លោកមិនទាន់ដែលបានបោះពុម្ពក្ដី លោកក៏មានគម្រោងបោះពុម្ពស្នាដៃ ដើម្បីចូលរួមលើកស្ទួយចំណេះដឹងក្នុងសង្គម និងចូលរួមលើកកម្ពស់ការអាននិងសរសេរ។
លោកបានបង្ហាញចំណាប់អារម្មណ៍ចំពោះការសរសេរនេះថា៖ «ខ្ញុំចូលចិត្តទាំងបែបឧបទេស និងបែបទំនើប ដែលបង្កប់ដោយទស្សនវិជ្ជាទុកឱ្យអ្នកអានមានវិសាលភាពពិចារណា និងប្រលោមកំណាព្យផងដែរ»។
ចំណែកការសរសេរដើម្បីប្រឡងប្រជែងដណ្ដើមជយលាភី កវីរូបនេះបញ្ជាក់ថា៖ «ចំពោះការប្រឡងពានរង្វាន់នេះខ្ញុំពុំលោភលន់ពេកទេ គឺ ១ ឆ្នាំ ខ្ញុំដាក់ស្នាដៃតែ ១ ស្ថាប័នពានង្វាន់ប៉ុណ្ណោះ គឺដាក់ដោយសម្រិតសម្រាំង ហើយចេះតែមានភ័ព្វមានជាប់ជយលាភីដែលខ្ញុំមិននឹកស្មានដល់»។
កវី “ចៅស្មេរប្រលោម” បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស និងបរិញ្ញាបត្រជាន់ខ្ពស់ឯកទេសអក្សរសាស្ត្រខ្មែរ ដោយបានបញ្ចេញស្នាដៃ តាមរយៈអត្ថបទសំណេរ បរិយាយរឿងរ៉ាវនានា លាតត្រដាង ពីតថភាពសង្គម ជាកំណាព្យ ក្នុងនាមជាអ្នកនិពន្ធ និងជាអ្នកបណ្ដុះចំណេះដឹង សម្រាប់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី។
លោកក៏ធ្លាប់បានចូលរួមរៀនក្នុងវគ្គបណ្ដុះបណ្ដាលរបស់សមាគមអ្នកនិពន្ធខ្មែរផង ជាសិក្ខាកាមជំនាន់ ២៦ នៃសមាគមអ្នកនិពន្ធខ្មែរ និងបច្ចុប្បន្នជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរផង។
បច្ចុប្បន្ន “ចៅស្មេរប្រលោម” មានវ័យ ៣៩ ឆ្នាំ លោកជាអ្នកនិពន្ធ និងជាគ្រូបង្រៀនកម្រិតឧត្តមផ្នែកអក្សរសាស្ត្រខ្មែរ ត្រូវគេទទួលស្គាល់ថា ជាអ្នកនិពន្ធដែលពោរពេញដោយសមត្ថភាពក្នុងវិស័យតែងនិពន្ធនៅកម្ពុជា។ លោកទទួលបានជយលាភីជាច្រើន មានដូចជា ជាប់ជយលាភីថ្នាក់កិត្តិយស ផ្នែកតែងនិពន្ធបទភ្លេង និងទំនុកច្រៀង ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ឆ្នាំ ២០១៩ នៃមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលរៀបចំ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កំណាព្យ«គ្រូគ្រឹះអប់រំ សង្គមឌីជីថល» ជយលាភីចំណាត់ថ្នាក់លេខ ១ ពានរង្វាន់សម្ដេចព្រះសង្ឃរាជ ជួន ណាត ផ្នែកតែងនិពន្ធកំណាព្យ អបអរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ ២០១៩ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ កំណាព្យ «ប៉ាគេ ឪខ្ញុំ» ជយលាភីចំណាត់ថ្នាក់លេខ ២ ពានអក្សរសិល្ប៍ នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣ ឆ្នាំ ២០១៩។ កំណាព្យ «សុរា» ជយលាភីចំណាត់ថ្នាក់លេខ ១ ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៣ ឆ្នាំ ២០២០។ កំណាព្យរឿង«និស្ស័យស្នេហ៍កុលាបស» ជយលាភីចំណាត់ថ្នាក់លេខ ១ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២១ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កំណាព្យ«សំឡេងទ្រ កំដរប្រាសាទ» ជយលាភីចំណាត់ថ្នាក់លេខ ១ ពានរង្វាន់អក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ឆ្នាំ ២០២២ ដែលរៀបចំកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើទឹកដីខេត្តពោធិ៍សាត់ នាថ្ងៃទី ២២ ដល់ ២៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ៕