ភ្នំពេញៈ​ បទ​ចម្រៀង​ប្រភេទ​អូ​រី​ជីណ​ល​ខ្មែរ​ថ្មី​បែប​សហ​សម័យ​មាន​ចំណង​ជើង​ថា «Time to Rise» របស់​ផលិត​កម្ម​បារមី (Baramey) ​ដែល​បក​ស្រាយ​រួមគ្នា​រវាង​ព្រឹទ្ធា​ចារ្យ​កោសល្យ​វោហារ ចាប៉ី​ដងវែង​លោក​តា គង់ ណៃ និង​តារា​ចម្រៀង​រ៉េ​ប​ប្រុស​លោក វណ្ណដា ទទួល​បាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រិយ​មិត្ត​អ្នក​ស្តាប់​នៅក្នុង​បណ្តាញ​សង្គម​យូ​ធូប ដោយមាន​ចំនួន​រហូត​ដល់​ទៅ ១០០​ លាន​ដង ​(100 M views)​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​កញ្ញា ម៉ម ឡូ​រ៉ា ដែល​ជា​ចាង​ហ្វាង​ផលិត​កម្ម​បារមីកាល​ពី​ថ្ងៃទី​ ២៥ ខែតុលា ​ឆ្នាំ​ ២០២២ តាម​រយៈហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​។

​បទ​ចម្រៀង​ «Time to Rise»​ជា​សំនៀង​ដើម​​រួម​គ្នា​រវាង​អ្នក​ច្រៀង​ចាប៉ីដង​វែង​ជើងចាស់​ និង​ជា​ម្ចាស់​ពានរ​ង្វាន់​សិល្ប​:​វប្បធម៌​ហ្វូ​កុ​អូ​កានៃ​ប្រទេស​ជប៉ុន​ឆ្នាំ​ ២០១៧​ លោក​តា គង់​ណៃ ជាមួយ​តារា​រ៉េ​ប​វ័យក្មេង​លោក ​វណ្ណដា ដែល​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៅក្នុង​សារ​មន្ទីរ​ជាតិ ដែលមាន​ការគាំទ្រ​តាំងពី​ចេញ​ដំបូង​មក​នេះ ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម YouTube នៅ​យប់​ថ្ងៃទី ​២៨ ​ខែមីនា ឆ្នាំ ២០២១ បាន​ទទួល​ការ​ទស្ស​នា​ជាង ១ ​លាន​ដង​ក្នុង​រយៈ​ពេល​ក្រោម​ ២៤​ ម៉ោង​។

​បើ​គិត​មក​ទល់​ថ្ងៃទី​ ២៥ ​ខែតុលា ឆ្នាំ​ ២០២២ បទ​«Time to Rise»​ ស្រូប​បាន​ប្រិយ​មិត្ត​ចូលចិត្ត និង​ស្រឡាញ់​ទាញយកទៅ​ស្តាប់ និង​ទស្សនា​បាន​ចំនួន​ ១០០ ​លាន​ដង​ ដែល​ធ្វើឱ្យ​ក្រុម​អ្នក​ផលិត​ និង​តារា​ចម្រៀង​ផ្ទាល់​មាន​ក្តីរំភើប​ក្រៃលែង​។

​កញ្ញា ម៉ម ឡូ​រ៉ា ចាង​ហ្វាង​ផលិត​កម្ម​បារមី​ឱ្យដឹង​ថា​៖ «​នាង​ខ្ញុំសូម​អរ​គុណ​ចំពោះ​ការជឿជាក់​លើ​ពួកយើង​ទាំង​អស់​គ្នា​នៅ​បារមី​!​ពួក​យើង​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​!​ ខ្ញុំ​ពិតជា​មាន​មោទក​ភាព​ខ្លាំង​ណាស់​សម្រាប់​ក្រុម​ការងារ​Baramey​ ទាំងមូល ហើយ​ជាពិសេស​សប្បាយ​ចិត្ត​សម្រាប់​ វណ្ណដា និង​លោក​ព្រឹទ្ធា​ចារ្យ ​គង់ ណៃ​។ ១០០ ​លាន Views Verified! ពិត​ជា​និយាយ​លែងចេញ​ហ្មង​!»​។​

​ឯ​ម្ចាស់​បទ​តារា​ប្រុស​មាឌ​ល្អិត វណ្ណដា ក៏​បង្ហាញ​អារម្មណ៍​រីករាយ​ដែរ​ថា​៖ «​ជាដំបូង​បំផុត​នោះ​ គឺ​ខ្ញុំ​សូម​អរគុណ​ទៅ​កាន់​ព្រឹទ្ធាចា​រ្យ គង់ ណៃ សម្រាប់​ការ​ចូល​រួម​ជា​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់​គាត់​នៅ​ក្នុង​បទ​ចម្រៀង «Time to Rise»​។​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជា​ពិសេស​សម្រាប់​ការគាំទ្រ​កន្លង​មក​។​

បទ «Time to Rise» អាច​និយាយ​បាន​ថា ​ជា​បទ​ចម្រៀង​មួយ​ដែល​ប្រៀប​​ដូចជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ការអភិរក្ស​ និង​អភិវឌ្ឍ​លើក​តម្កើង​មរតក​ជាតិ​ដែល​អាច​ធ្វើឱ្យ​ប្រជា​ជន​ក្នុង​ និង​ក្រៅប្រទេស​ជាច្រើន​លើ​សកល​លោក​បាន​ស្គា​ល់ពី​សិល្បៈ​ខ្មែរ​ដោយ​ទទួល​បាន​ការ​គោរព ការ​សាទរ ​ក្តី​ស្រឡាញ់ ​និង​ទទួល​ស្គាល់​វិស័យ​សិល្បៈ​នៅ​កម្ពុជា​។​ អរគុណ​ក្រុម​ការងារ​ទាំង​អស់​ដែល​ចូលរួម​ធ្វើឱ្យ​ Project​ នេះ​កើត​មាន​ឡើង​។​ នេះ​ជា​កំណត់​ត្រា​ថ្មី​មួយទៀត​សម្រាប់​ទំព័រ​ចុង​ឆ្នាំ​នេះ ​អប​អរ​ ១០០​ លាន​ទស្សនា​របស់​ «Time to Rise»​។​

​ទោះជា​យ៉ាង​ណា ទម្រាំ​មាន​ការ​គាំទ្រ​ខ្លាំង​បែបនេះ ក្រុម​ការងារ​ផលិត​កម្ម​បារមី និង​តារា​ចម្រៀង​ក៏​ទទួលរង​ភាព​បរាជ័យ​ជាច្រើន​លើក​ផង​ដែរ ក្នុងការ​ខិតខំ​ផលិត​បទ​ចម្រៀង​ប្រភេទ​អូ​រី​ជីណ​ល​បែប​ខ្មែរ​សម័យ​ទំនើប​នេះ​។ នេះ​បើតាម​ការ​បញ្ជាក់​ពី ​កញ្ញា ម៉ម ឡូ​រ៉ា ។​

​កញ្ញា ​ម៉ម ឡូ​រ៉ា បាន​រំឭក​ថា​៖«​គេ​បាន​ប្រាប់​ខ្ញុំ​ថា ការធ្វើ​បទ Original គឺ​មិនអាច​ទៅរួច​ទេ​។ ខ្ញុំ​ចាំ​បាន​ផងដែរ​នូវ​កិច្ច​សន្ទនា​មួយ​ជាមួយ​លោក ArnChorn-Pond​​ ដែល​គាត់​បាន​និយាយ​ថា អាជីវ​កម្ម​ខ្លះ​មិនឱ្យ​តម្លៃ​សិល្បៈ​ប្រពៃ​ណី​របស់​យើង ហើយ​គិត​ថា ​សិល្បៈ​នេះ​តូច​ទាប​គួរឱ្យ​ខ្មាស​គេ​ណាស់​។​ ជាមួយ​ពាក្យ​ទាំង​នោះ គា​ត់​បាន​ជំរុញ​ខ្ញុំ​ឱ្យធ្វើ​អ្វី​មួយ​អំពី​វា​! ពេល​ខ្ញុំ​ពិចារ​ណា ពី​ការ​ចង​ចាំ​នេះ ខ្ញុំ​ដឹងថា​មាន​មនុស្ស​មួយ​ចំនួន ​មិន​មាន​អារម្មណ៍​សប្បាយ​ចិត្ត​នឹង​គំនិត​នៃ​ភាព​អស្ចារ្យ​របស់​ខ្មែរ​នោះទេ​។ ឥឡូវ​នេះ​ខ្ញុំ​យល់​ហើយ​ថា ហេតុ​អ្វី​បាន​ជា​វា​គួរ​ឱ្យ​ខ្លាច​សម្រាប់​ពួក​គេ​»​។

​តារា​ចម្រៀង អ្នក​និពន្ធ និង​តន្ត្រីករ កូន​កាត់​ខ្មែរ​-​អាមេរិក ​កញ្ញា ម៉ម ឡូ​រ៉ា បាន​បន្ត​ថា​៖«​នេះ​គឺ​ដោយ​សារតែ​ការ​បរាជ័យ​គឺ​កើតឡើង​ញឹក​ញាប់​ពេក ហើយ​មនុស្ស​ជាច្រើន​ប្រហែល​ជា​មាន​អា​រម្មណ៍​ថា យើង​បាន​ចាញ់​គ្រប់​គ្រាន់​ហើយ​។ ចាប់​ពី​ថ្ងៃនេះ​តទៅ ខ្ញុំ​មាន​ជំនឿ​ចិត្ត​ខ្លាំង​ជាង​ពេល​មុន​ទៅ​ទៀត​ថា នេះ​គឺ​គ្រាន់​តែ​ជាការ​ចាប់​ផ្ដើម​តែប៉ុណ្ណោះ​។ លោក​ព្រឹទ្ធា​ចារ្យ គង់ ណៃ និង វណ្ណដា បាន​និយាយ​ថា វា​ដល់​ពេល​ហើយ​ដែល​យើង​ក្រោក​ឡើង​គឺ​ដល់​ពេល «Time to Rise»! ​ប្រជា​ជន​យើង​ក៏បាន​យល់​ដែរ​គឺ​យល់​ព្រម​ដល់​ទៅ​ ១០០​ លាន​ដង​! តោះ​កម្ពុជា ក្រោក​ឡើង​វិញ​!»៕