ភ្នំពេញ: ជាមួយ​ក្ដី​ស្រឡាញ់​ និង​ចូលរួម​ចំណែក​លើក​ស្ទួយ​បរិស្ថាន​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​ កញ្ញា ​វួច​ ស៊ីវ​ហាក់​ ម្ចាស់​ហាង​លក់​កាដូ​មង្គល​ការ​ខ្មែរ ឬ​ (Cambodia Official Wedding Gift) បាន​សហ​ការ​ជាមួយ​សហ​គមន៍​មូល​ដ្ឋាន​កែច្នៃ​បង្កើត​កាដូ​សម្រាប់​ពិធី​អាពាហ៍​ពិពាហ៍​ទាំង​ឱកាស​ប្រើ​ប្រាស់​ក្នុង​ពិធី​ហែ​ជំនូន​និង​ការ​ទទួល​ភ្ញៀវ​ជប់​លៀង​ពេល​យប់​។

ដោយ​ផ្ដើម​ជំនួញ​អំឡុង​ពេល​ឆ្នាំ​ ២០១៧​-១៨​ កញ្ញា​ស៊ីវ​ហាក់ បាន​ឱ្យដឹងថា​ ពេល​នោះ​មិន​ទាន់​មាន​ពលរដ្ឋ​ខ្មែរ​និយម​ដាក់​ក្រមា​ជា​កាដូ​ថ្ងៃ​មង្គល​ការ​ច្រើន​នៅឡើយ​ ហើយ​កញ្ញា​ក៏ជា​បុគ្គល​ម្នាក់​ដែល​ចូលរួម​បំផុស​ការ​លក់​ក្រមា​របស់​ប្រជា​សហគមន៍​​ខ្មែរដោយ​​មាន​គាំទ្រ​ពី​ម្ចាស់​ពិធី​មង្គល​ការ​ទៀត​ផង​​។

ម្ចាស់​ហាង​លក់​ផលិត​ផល​កាដូ​ទាំង​នៅ​ផ្ទះនិង​តាម​អនឡាញ​រូប​នេះបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ផលិត​ផល​ទាំង​អស់​សុទ្ធតែ​ជា​របស់​ខ្មែរ​យើង​ទាំង​អស់​​ដែល​ខ្ញុំ​ប្រមូល​ទិញ​ផលិត​ផល​សិប្បកម្ម​សហ​គមន៍​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ប្រទេស​ជាក់​ស្ដែង​ស្មុគ​ស្លឹក​ត្នោត​និង​ស្មុគ​ឫស្សី​ យើង​យក​មក​ពី​ខេត្ដ​សៀម​រាប»​។

កញ្ញា​បន្ដថា​៖ «ខ្ញុំ​ផ្ដោត​សំខាន់​លើ​ផលិត​ផល​ក្រមា​ដែល​អាច​ច្នៃ​ចេញ​ជា​បន្ដោង​សោ​ហើយ​ស្មុគ​ស្លឹក​ត្នោត​ និង​ស្មុគ​ឫស្សី​ យើង​សម្រាប់​ដាក់​ផ្លែ​ក្រូច​ជូន​ភ្ញៀវ​អំឡុង​ពេល​ហែ​ជំនូន​ព្រឹក​ព្រលឹម​។ កាលពី​មុនយើង​ធ្លាប់​ឃើញ​គេ​ប្រើ​ជា​អាំង​ហាវ​ និង​ថង់​ចិន​ខ្ចប់​ស្ករ​គ្រាប់​»។

នៅ​ពេល​មាន​ងារ​ជា​កញ្ញា​មុន​ចូល​រោង​ការ​នៅ​ចុង​ឆ្នាំ​ ២០១៩ ​មុន​រោគ​រាត​ត្បាត​កូវីដ​បាន​វាយ​ប្រហារ​ពិភព​លោក​តែ​បន្ដិច​​អតីត​និស្សិត​ផ្នែក​ទេសចរណ៍​ អ្នក​ស្រី ​វង្ស​ បញ្ចះស្រីល័ក្ខ​ បាន​ស្វែង​រក​ហាង​លក់​ផលិត​ផល​ខ្មែរ​ចេញពី​សហ​គមន៍​ខ្មែរ​សម្រាប់​ជា​កាដូ​ជូន​ភ្ញៀវ​​ទាំង​នៅ​ពេល​ហែ​ជំនូន ​និង​ទទួល​ភ្ញៀវ​ក្នុង​ឱកាស​ជប់​លៀង​នា​ពេល​រាត្រី​។

អ្នក​ស្រី​ បញ្ចះ​ស្រី​ល័ក្ខ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​មាន​អ្នក​លក់​កាដូខ្មែរ​ច្រើន​ដែរ​ តែ​គ្មាន​ហាង​ណា​អាច​ធ្វើ​តាម​ការ​កុម្ម៉ង់​របស់​ខ្ញុំ​ឡើយ​ ពីព្រោះ​ខ្ញុំ​មិន​ចង់​ដាក់​ក្រមា​បង់​ក​ធម្មតាៗ​នោះ​ទេ​។ ខ្ញុំ​ចង់​កែច្នៃ​វា​ទៅជា​កាបូប​យួរ​ដៃ​តូច​ល្មម​»។

ពេល​សួរ​ហាង​លក់​កាដូ​មង្គលការ​ខ្មែរ​ ម្ចាស់​ហាង​ធានា​ថា អាច​ធ្វើ​តាមការ​បញ្ជា​ទិញ ​ដោយ​ខិត​ខំ​ចេញ​ម៉ូដ​គំរូ​ឱ្យ​អ្នក​ស្រី​មើល​ មុន​ពេល​សម្រេច​ចិត្ដ​កុម្ម៉ង់​យក​រហូត​ដល់​ជាង​ ១ ពាន់​ឈុត​ ស្មុគ​រាប់​រយ​រួម​ទាំង​បន្ដោង​សោ​រាប់​រយ​បន្ថែម​ទៀត។

អ្នក​ស្រី​បាន​និយាយ​ថា​៖ «​ខ្ញុំ​ទិញ​ស្មុគ​រចនា​ប័ទ្ម​ជា​កន្ដ្រក​តូច​សម្រាប់​ផ្លែ​ក្រូច​ជូន​ភ្ញៀវ​ពេល​ហែ​ជំនូន​ប្រមាណ ៩០ ​គូ​ ក្រមា​ច្នៃ​ម៉ូដ​ជា​កាបូប​យួរ​ដៃ​ជិត ​១ ៥០០​ ឈុត​ រួមទាំង​បន្ដោង​សម្រាប់​សឺគួ​រ ២០០​ ថែម​ទៀត​។ ខ្ញុំ​បាន​កុម្ម៉ង់​គាត់​ ៥ ខែ ​មុន​ដោយ​ឱ្យ​ច្បាស់​ថា​ផលិត​ផល​ទាំង​អស់​ត្រូវ​បាន​ផលិត​រួច​រាល់​មុន​ពេល​ថ្ងៃ​មង្គល​ការ​មក​ដល់​»។

ចំពោះ​ការ​ផលិត​បន្ដោងពី​សាច់​ក្រមា​ខ្មែរ ម្ចាស់​ហាង​ ស៊ីវហាក់ បាន​ឱ្យ​ដឹង​ថា ​ចាប់​ផ្ដើម​ពី​កាត់​តាម​ពុម្ព​ រួច​ដេរ​ម្ដង ១ៗ​​ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​នៃការ​កុម្ម៉ង់​របស់​ភ្ញៀវ​។

ស្ដ្រី​វ័យ ៣០ ​ឆ្នាំ​ ស៊ីវហាក់​ ដែល​មិន​ប្រាប់​អំពី​ប្រភព​ទទួល​ទិញ​វត្ថុ​សិប្បកម្ម​ដោយ​សំអាង​លើ​បញ្ហា​ប្រកួត​ប្រជែង ​អ្នក​ផ្គត់​ផ្គង់​បាន​និយាយ​ថា​​ កញ្ញា​​ទិញ​តែ​ក្រមា​ពី​សិប្ប​កម្ម​ក្នុង​ស្រុក​ដែល​មាន​ក្រមា​អំបោះ​ឆៅ ​និង​នីឡុង​​​ រួច​ឱ្យ​​ក្រុម​ការងារ​អង្គុយ​ដេរ​ខ្លួន​ឯង​។ វាជា​កាដូ​សម្រាប់​ទទួល​ភ្ញៀវ​មក​ពិសា​ភោជ​នាហារ​ពេល​ល្ងាច​។

ថ្វីដ្បិតតែ​​វា​គ្រាន់តែ​ជា​កាដូ​ជូន​ភ្ញៀវ​បន្ទាប់​បន្សំ​យ៉ាង​ណាក៏​ដោយក៏​​អ្នក​លក់​កាដូ​រូ​បនេះ​បាន​​ផ្ដល់​តម្លៃ​សំខាន់​លើ​​ផលិត​ផល​ក្រមា​ខ្មែរ​សុទ្ធ​ដែល​ចេញ​ពី​សហ​គមន៍​នានា​ទូទាំង​ប្រទេស​​។

ដោយ​អះអាង​ថា​ កុម្ម៉ង់​ទិញ​ក្រមា​ពី​សិប្ប​កម្ម​តែមួយ​ កញ្ញា​ ស៊ីវ​ហាក់ បាន​ឱ្យ​ដឹងថា​ សិប្បកម្ម​ក្រមា​អាច​ផ្គត់​ផ្គង់​ទាន់​តម្រូវ​ការ​របស់​កញ្ញា​ ដោយ​គ្រាន់តែ​ចំណាយ​ពេល​ពី​ ៥ ​ទៅ​ ១០ ​ថ្ងៃ​ កាដូ​ក្រមា​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​ត្រូវបាន​វេច​ខ្ចប់​រួច​ជា​ស្រេច​។

ស្មុគ​ស្លឹក​ត្នោត​មាន​តម្លៃ​ខ្ពស់​បន្ដិច​ ដោយសារ​ទាំង​វត្ថុ​ធាតុ​ដើម​ដែល​ប្រើ​បណ្ដូល​ស្លឹក​ត្នោត​និង​នីតិវិធី​ធ្វើ​ក៏​ទាម​ទារ​ពេលវេលា​យូរ​នោះ ដូច្នេះ​ចំពោះ​ភ្ញៀវ​ដែល​ត្រូវការ​ប្រើ​ស្មុគ​ជា​កាដូ​ជំនូន​ពេល​ព្រឹក​ពី ១០០ ​ទៅ​ ៣០០ ​ត្រូវ​កុម្ម៉ង់​មុន​យ៉ាង​លឿន​ណាស់​ក៏​ ២ ខែ​មុន​ដែរ​។

កញ្ញា​ម្ចាស់​ហាង​ ដែល​មិន​ទាន់​បាន​ចូល​រោង​ផ្ទឹម​ខ្លួន​ឯង​រូបនេះ​បាន​ឱ្យ​ដឹងថា​៖ «ចំពោះ​តម្បាញ​ស្មុគ​នេះ​មាន​ទាំង​ជន​ពិការ​អង្គុយ​ចាក់​ត្បាញ​ឱ្យ​យើង​ ហើយ​យើង​ផ្ដល់​ជូន​ពួក​គាត់​វិញ​នូវ​កម្រៃ​មួយ​ដ៏​សម​រម្យ»។

ដោយ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ផ្គត់​ផ្គង់​ស្មុគ​ឱ្យ​កញ្ញា ​ស៊ីវ​ហាក់​ អ្នក​ស្រីសូត​ ធូរ ជា​អ្នក​ចាក់​ស្មុគ​មាន​បទ​ពិសោធ​ជិត ២០​​ ឆ្នាំបាន​ឱ្យ​ដឹង​ថា ​អ្នកស្រី​ជា​អ្នក​ចាក់​ស្មុគ​ជូន​ភ្ញៀវ​ដែល​កុម្ម៉ង់​នៅ​ភ្នំពេញ​រហូត​ដល់​រាប់​ពាន់​ស្មុគក្នុង​ ១ ​ថ្ងៃ​ ដោយ​អ្នក​ស្រី​សហ​ការ​ជាមួយ​ក្រុម​ស្ដ្រី​ជា​ច្រើន​ភូមិ​។

អ្នកស្រី ​ធូរ​ ដែល​ល្បី​ខាង​លក់​នំអាកោ​ត្នោត​នៅ​ព្រះ​ដាក់​បាន​ប្រាប់​ ភ្នំពេញ​​ ប៉ុស្ដិ៍​ថា​៖ «​នៅ​មុន​កូវីដយើង​អាច​ទទួល​ការ​កុម្ម៉ង់​ច្រើន​បំផុត​រហូត​ដល់​ ៣ ០០០​ ស្មុគ​ ជាស្មុគ​ផលិត​ពី​ស្លឹក​ត្នោត​។ កាល​ពេល​នោះ​យើង​ទទួល​ការ​កុម្ម៉ង់​ ១ ​ថ្ងៃ​ ពី ១ ០០០​ ទៅ ​២ ០០០ ​ស្មុគ​​ ប៉ុន្ដែ​សព្វ​ថ្ងៃខ្ញុំ​ និង​ក្រុម​ស្ដ្រី ៨​ ភូមិ​នៃ​ស្រុក​បន្ទាយ​ស្រី​ ចាប់​ផ្ដើម​ទទួល​ការ​កុម្ម៉ង់​ជាង​ ១ ០០០ ​ស្មុគ​ហើយ​»។

កាលពី​មុន​កូវីដ​ ម្ចាស់​ហាង​លក់​កាដូ​មង្គលការ​ខ្មែរទទួល​ការ​កុម្ម៉ង់​កាដូ​ ១ ​រោងមាន​ក្រមា​ពី​ជាង​ ១ ​ពាន់​ទៅ ២ ពាន់ ​សម្រាប់​​ពិធី​ជប់​លៀង​ទទួល​​ភ្ញៀវ​ចូលរួម​រហូត​ដល់​រាប់​រយ​តុ​។

យ៉ាង​ណា​មិញ​កញ្ញា​ ស៊ីវហាក់​ ទទួល​ស្គាល់​ថា អំឡុង​សម័យ​បិទ​ខ្ទប់​រយៈ​ពេល​ ២ ឆ្នាំ​នេះកាដូ​មង្គល​ការ​ត្រូវ​បាន​បិទ​ជិត​ឈឹង​ដោយ​មិន​មាន​ការ​កុម្ម៉ង់​អ្វី​ទាល់​តែ​សោះ​។

ស្ដ្រី​សហ​គ្រិន​ដែល​ចេះ​បត់​បែន​រូ​បនេះ​ បាន​អះអាងថា៖​ «​អំឡុង​ពេល​វិបត្ដិ​កូវីដ​ ១៩​ យើង​ងាក​ពី​ការ​កុម្ម៉ង់​ផលិត​ផល​សហ​គមន៍​មក​ផលិត​ជា​ម៉ាស់​ ដូចជា​ម៉ាស់​ក្រមា ​​ម៉ាស់​ក្រណាត់​និង​មួក​ក្រមា​វិញ​។

ប៉ុន្ដែ​ក្រោយ​ពេល​កូវីដ​បាន​ធូរ​ស្រាល​ ម្ចាស់​ហាង​លក់​ផលិត​ផល​សិប្បកម្ម​ខ្មែរ​រូប​នេះបាន​អះអាង​ថា​ យ៉ាង​ច្រើន​បំផុត ​កញ្ញា​​ទទួល​ការ​កុម្ម៉ង់​ត្រឹម​ ១ ៣០០​ ក្រមា​ក្នុង​ ១ ​រោង​ ខណៈ​រោង​ការ​ខ្លះ​កុម្ម៉ង់​ត្រឹម​ ៣០០ ​ឬ ៥០០ ​ក្រមា​ប៉ុណ្ណោះ​​។

លើសពី​នេះ​ទៀត​ដោយ​សារ​តែ​ចិត្ដ​ស្រឡាញ់​សម្ភារ​ប្រើ​ប្រាស់​កែច្នៃ​ពី​ផលិត​ផល​ធម្មជាតិ​ម្ចាស់​ហាង​លក់​កាដូ​មង្គល​ការ​ខ្មែរក៏​មិន​ប្រើ​ប្រាស់​សម្ភារ​ប្លាស្ទិក​ទាំង​សម្រាប់​ការ​វេច​ខ្ចប់​ និង​វត្ថុ​កាដូ​នោះ​ទេ។​

កញ្ញា​ ស៊ីវ​ហាក់ ​បាន​និយាយ​ថា​៖ «យើង​ព្យាយាម​ប្រើ​ប្រាស់​ផលិត​ផល​មិនមែន​ប្លាស្ទិក​ដែល​អាច​ចូលរួម​ចំណែក​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​។ កាដូ​ស្មុគ​នេះ ​ភ្ញៀវ​​អាច​យក​ទៅ​ទុក​​ប្រើ​​សម្រាប់​ដាក់​អ្វី​ផ្សេងៗ​ទៀត​ដែល​ខុស​ពី​ថង់​ប្លាស្ទិក ​ឬ​ក្រដាស​ត្រូវ​បាន​បោះ​ចោល​ពេល​ភ្ញៀវ​ហែក​យក​វត្ថុ​ខាង​ក្នុង»​។

កញ្ញា​បញ្ជាក់​ថា​៖ «គោល​បំណង​ចម្បង​របស់​យើង​ផ្ដោត​លើ​បញ្ហា​បរិស្ថាន​គួប​ផ្សំ​នឹង​ការ​ស្រឡាញ់​ចូល​ចិត្ដ​ និង​លើក​ស្ទួយ​ផលិត​ផល​ខ្មែរ​ ដែល​ជួយ​លើ​ការ​ផ្សព្វ​ផ្សាយ​ផង​ និង​ផ្ដល់​ការ​ងារ​ដល់​សហ​គមន៍​ផង​ដែរ​»។

ចំពោះ​ការ​លើក​ស្ទួយ​បរិស្ថាន​ និង​ជួយ​សង្គម​នេះមាន​ការ​គាំទ្រ​ពី​បង​ប្អូន​ខ្មែរ​ ដែល​ការ​បើក​រដូវ​មង្គល​ការ​នេះ​មាន​អតិថិជន​ចាប់​ផ្ដើម​កក់​កាដូ​ទុក​មុន​ជា​ហូរហែ​ដោយ​ភ្ញៀវ​ខ្លះ​បាន​លក់​មុន​រយៈ​ពេល​កន្លះ​ឆ្នាំ​ទៅ​ ១​ ឆ្នាំ​ឯណោះ​។

លោក ​នេត្រ ​ភក្ដ្រា​ រដ្ឋលេ​ខាធិ​ការ និង​ជាអ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​តែង​តែ​ថ្លែង​លើក​ទឹកចិត្ដ​ដល់​ក្រុម​ហ៊ុន និង​សិប្បកម្ម​ដែល​កែច្នៃ​ផលិត​ផល​មិន​មែន​ប្លាស្ទិក​ ឬ​វត្ថុ​ធាតុ​ដើម​ធម្ម​ជាតិ​ដែល​ហៅ​ថា ​ជីវ​ប្លាស្ទិក​ជា​សម្ភារ​ប្រើ​ប្រាស់​។លោក​បាន​ឱ្យ​ដឹងថា ការ​ប្រើ​ប្រាស់​​របស់​របរ​ទាំង​នេះ​ គឺធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់​មាន​សុខភាព​​ល្អ និងមាន​ផា​សុក​ភាព​​។

អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​រូបនេះ​ បាន​និយាយ​ថា៖ «​​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​ផល​លំបាក​ចំពោះ​បរិស្ថាន​ចំពោះ​ការ​ប្រើ​ប្រាស់​​ផលិត​ផល​ប្លាស្ទិក ​និងបាន​ផ្លាស់​ប្ដូរ​​ឥរិយា​បថ​ចំពោះ​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក»។

ក្រោយ​ពេល​រាជរដ្ឋា​ភិ​បាលបើក​ប្រទេស ​និង​បើក​ឱ្យ​មាន​ពិធី​មង្គល​ការ​ឡើង​វិញ​បណ្ដើរ​ៗដំបូងៗ ​នៅតាម​រោង​ការ​នីមួយៗ​ត្រូវ​បាន​គេសង្កេត​ឃើញ​ថា​ កូន​កំលោះ​កូន​ក្រមុំ ​រមែង​ហុច​ដប​អាកុល​ជូន​ភ្ញៀវ​សម្រាប់​បាញ់​សម្លាប់​មេរោគ​​ប៉ុន្ដែ​ក្រោយ​កូវីដ​ ១៩ ​កាន់​តែ​ធូរ​ស្រាល​ខ្លាំង​ បច្ចុប្បន្ន​នេះ​ប្រជា​ពលរដ្ឋ​និយម​ប្រើ​ប្រាស់​ក្រមា​ជា​កាដូ​ជូន​ភ្ញៀវ​ឡើង​វិញ​។

ម្ចាស់​ហាង​ហាង​លក់​កាដូ​មង្គលការ​ខ្មែរបាន​លើក​ឡើង​ថា​៖​ ​«រឿង​អ្វី​ពួកគាត់​មិន​ចូល​ចិត្ដ​កាដូ​ខ្មែរ​យើង​ បើ​រៀបចំ​ស្អាត​ឡើង​ភ្លឹងៗ​ ដូចជាការ​យក​ក្រដាស​កង​មក​ខ្ចប់​ក្រមា​ជាដើម​»។

កញ្ញា​បន្ដថា​៖ «ការ​វេចខ្ចប់​ក៏​ជា​កត្ដា​សំខាន់​ផង​ដែរដោយ​កន្លង​មកយើង​បត់​ក្រមា​ឱ្យ​ស្អាតរួច​ចង​កៅស៊ូវា​ធ្វើ​ឱ្យ​សាច់​ក្រមា​ទក់​ ពេល​ភ្ញៀវ​លា​វា​ឡើង​។ដូច្នេះ​យើង​ត្រូវ​គិត​អំពី​បញ្ហា​នេះ​ ដោយ​ប្ដូរជា​ស៊ក​ជាមួយ​ក្រដាស​កង​វិញ»​។

ចំពោះ​តម្លៃ​បន្ដោង​សោ​ក្រមា​ ១ ​ត្រឹម​តែ ០,៣៨​ ដុល្លារ​ ដោយ​ ១០០​ បន្ដោង​មាន​តម្លៃ​ ៣៨​ ដុល្លារ​ប៉ុណ្ណោះ បើ​​ភ្ញៀវ​​អត់ត្រូវ​ការ​ការ​​វេច​ខ្ចប់​។ ក្រមា​មាន​តម្លៃ​ចាប់​ពី ​០,៥០​ ដុល្លារ​ឡើង​ទៅ​ ហើយ​ស្មុគ​អាស្រ័យ​លើ​ចំនួន​នៃការ​កុម្ម៉ង់​ដែល​មាន​តម្លៃ​ចាប់​ពី ១,៨០ ​ដុល្លារ​ឡើង​​៕