The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៊ីន ​យ៉ាន ​ពី​ក្មេង​រស់នៅ​តែលតោល ​ដើរ​ស៊ីឈ្នួល​ធ្វើការ​ឱ្យគេ ​វិវឌ្ឍខ្លួន​ទៅជាបុគ្គល​មាន​ការអប់រំ​ខ្ពស់​​​ ដោយ​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ

ប៊ីន ​យ៉ាន ​ពី​ក្មេង​រស់នៅ​តែលតោល ​ដើរ​ស៊ីឈ្នួល​ធ្វើការ​ឱ្យគេ ​វិវឌ្ឍខ្លួន​ទៅជាបុគ្គល​មាន​ការអប់រំ​ខ្ពស់​​​ ដោយ​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ

Content image - Phnom Penh Post
លោក ប៊ីន យ៉ាន ជនជាតិដើមភាគតិចគួយ ដែលវិវឌ្ឍខ្លួនពីក្មេងតែលតោល ទៅជាបុគ្គលស្ថិតក្នុងការអប់រំខ្ពស់កម្រិតអនុបណ្ឌិត។ រូបថត ប៊ីន យ៉ាន

ប៊ីន ​យ៉ាន ​ពី​ក្មេង​រស់នៅ​តែលតោល ​ដើរ​ស៊ីឈ្នួល​ធ្វើការ​ឱ្យគេ ​វិវឌ្ឍខ្លួន​ទៅជាបុគ្គល​មាន​ការអប់រំ​ខ្ពស់​​​ ដោយ​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ

ភ្នំពេញៈ ចាប់​តាំងពី​វ័យ ​២ ឆ្នាំ ​ក្មេង​ប្រុស​ ប៊ីន ​យ៉ាន ​និង​បងប្អូន​របស់​គេ​ ៤ នាក់​ទៀត ​ដែលជា​ជនជាតិ​ដើម​ភាគតិច​កួយ​ មិនមាន​សំណាង​ដូច​ក្មេង​ដទៃ​ឡើយ​ ដោយ​ត្រូវ​បាន​ឪពុក​បោះបង់ ​ហើយ​ម្តាយ​ក៏ត្រូវ​ស្លាប់​ចោល​ទៀត។ ពួកគេ​រស់នៅ​តែលតោល​គ្មាន​ទីពឹង​ដើរ​ស៊ីឈ្នួល​គេ​ចិញ្ចឹម​ជីវិត​រៀងៗ​ខ្លួន។ ​ពេល​ឈាន​មក​ដល់​វ័យ​ ៧ ឆ្នាំ ​ប៊ិន​ យ៉ាន ​ត្រូវ​បង្ខំ​ចិត្ត​សុំ​អ្នក​ភូមិ​រស់​នៅ​ និង​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​ឱ្យគេ​ ស៊ីឈ្នួល​ឃ្វាល​គោ​ឱ្យគេ​ ដែល​ពេលខ្លះ​មិន​បាន​ហូប​បាយ​ឆ្អែត​ផង។

ថ្វី​ដ្បិត​តែ​រឿងរ៉ាវ​ទាំងនោះ​ជា​ស្រមោល​អតីតកាល​ទៅ​ហើយ​ក្តី​ ក៏​បច្ចុប្បន្ន​ ប៊ីន​ យ៉ាន​ បាន​វិវឌ្ឍ​ខ្លួន​ទៅជា​មនុស្ស​ម្នាក់​មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ ​រហូត​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ​និង​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ទោះ​យ៉ាង​ណា​ ប៊ីន ​យ៉ាន ​នៅតែ​មាន​អារម្មណ៍​ដក់​ជាប់​ជានិច្ច​នូវ​ភាព​កម្សត់​វេទនា ​និង​ក្តី​ឈឺចាប់​ពី​អតីតកាល​របស់​ខ្លួន​។

អង្គុយ​នៅ​ពីមុខ​គំនរ​សៀវភៅ​ដែលមាន​ទាំង​ភាសា​ខ្មែរ ​និង​ភាសា​អង់គ្លេស​ ហ៊ុមព័ទ្ធ​ទៅ​ដោយ​ពន្លឺ​ភ្លើង​ពណ៌​ស ​និង​នៅ​ក្នុង​ដៃ​ក្តាប់​ប៊ិក​ ១ ដើម​ ដែល​យូរៗ​ងើប​មុខ​ម្តង​ បុរស​សម្បុរ​ស្រអែម​មាឌ​ស្តើង​រូបនេះ​ បាន​រៀបរាប់​ពី​អតីត​កាល​របស់​ខ្លួន​ថា ​រូបគេ​ឈ្មោះ ​ប៊ីន ​យ៉ាន ​អាយុ​ ៣០ ឆ្នាំ ​និង​មាន​ដើម​កំណើត​ជា​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​អន្លង់​ស្វាយ ​ឃុំ​អូរ​រ៉ែ​ ស្រុកថាឡាបរិ​វ៉ាត់ ​ខេត្ត​ស្ទឹងត្រែង។ រូបគេ​រស់នៅ​ក្នុង​ត្រកូល​គ្រួសារ​កសិករ​ក្រីក្រ​មួយ​ ដែល​ម្តាយ​បាន​ស្លាប់ចោល​ តាំងពី​ឆ្នាំ ១៩៩៣​ នៅ​ពេល​គេ​មាន​អាយុ​ ២ ខួប​មក​ម្ល៉េះ​ មិនតែ​ប៉ុណ្ណោះ​ត្រូវ​ឪពុក​បោះបង់​ចោល​ទៀត​ផង។

លោក​ប៊ីន ​យ៉ាន ​បន្តថា​ ពេលនោះ ​រូបគេ​ក៏ដូចជា​បងប្អូន​ប្រុស​ស្រី​របស់​គេ​ ៤ នាក់ ​រស់​យ៉ាង​វេទនា​បំផុត​ ព្រោះ​គ្មាន​អ្នកមើល​បីបាច់​ថែរក្សា​ ដោយ​ចែកផ្លូវ​ដើរ​សុំ​គេ​នៅ ​ស៊ីឈ្នួល​ឱ្យ​គេ ​ដោយ​ម្នាក់ៗ​សុំ​តែ​បាយ​ ១​ ចម្អែត​ក្រពះ​ប៉ុណ្ណោះ។ លុះ​បាន​អាយុ ​៧ ឆ្នាំ ​ប៊ីន ​យ៉ាន​ ស៊ីឈ្នួល​ឃ្វាលគោ​ឱ្យគេ​ ហើយ​ក៏​មិនទាន់​បាន​ចូល​សាលារៀន​ដែរ។ ចៃដន្យ​នៅ​ថ្ងៃមួយ ​រូប​គេ​បាន​ឃើញ​ក្មេងៗ​ក្នុង​ភូមិ​កំពុង​ជុំគ្នា​រៀន​នៅ​សាលាឆទាន​ ហើយក៏​មានចិត្ត​អន្ទះសា​ចង់​រៀន​នឹង​គេ ​ប៉ុន្តែ​គ្មាន​ឱកាស​ចូល​រៀន​។ ​ទើប​ក្រោយ​មក​ក៏ត្រូវ​បានយាយ​បង្កើត​របស់​គេ​ ឱ្យ​ចូលរៀន​ថ្នាក់​ទី១ ​ដែល​សូម្បីតែ​សម្លៀកបំពាក់​រៀន​ ក៏​រហែក​ដែរ។

ប៊ីន ​យ៉ាន ​រំឭក​ថា​៖ «ផ្ទះ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​សាលារៀន ​ដូច្នេះ​ខ្ញុំ​ត្រូវ​ដើរ​ទៅ​សាលារៀន​ប្រហែល ​៥ គីឡូម៉ែត្រ​ ខ្ញុំ​ដើរកាត់​ព្រៃ​កាត់​អី។​ ដល់​ខែ​ទឹក​ឡើង​យើង​ត្រូវ​ហែល​ទឹក​ឆ្លង​អូរ​ជិត ១០ អូរ​ឯណោះ​ទម្រាំ​ដល់​សាលារៀន ​ប៉ុន្តែ​ដោយសារ​ចិត្ត​ចង់រៀន​ត្រូវតែ​តស៊ូ។​ ពេល​ចេញពី​សាលារៀន​មកវិញ ​ក៏ត្រូវ​ដើរ​ស៊ីឈ្នួល​ស្ទូង​ស្រូវ​ឱ្យគេ។ និយាយ​រួម​ទៅ ​ការងារ​អី​ក៏ដោយ ​ឱ្យ​តែ​ខ្ញុំ​ធ្វើបាន​ គឺ​ខ្ញុំ​ធ្វើ​ទាំង​អស់»។

បើ​តាម ​លោក​ ប៊ីន ​យ៉ាន​ កាលនោះ​លោក​ដើរ​ទៅ​សាលារៀន​ជាមួយ​មិត្ត​ភក្តិ​ ២-៣ នាក់​ដែរ​ ប៉ុន្តែ​មិត្ត​ភក្តិ​របស់​លោក​រៀន​បាន​តែ​ ២​-៣ ខែ​ប៉ុណ្ណោះ​ ក៏​នាំគ្នា​ឈប់​អស់​ ព្រោះ​ពិបាក​ពេក​ ណាមួយ​ត្រូវ​ឆ្លង​អូរ​ហែល​ទឹក​ និង​ដើរកាត់​ព្រៃ​ទៅ​សាលា។​ ចំពោះ​អ្នក​ជា​បុគ្គល​គំរូ​ដំបូង​ ដែល​ជំរុញ​ទឹកចិត្ត​លោក​ឱ្យមាន​ចិត្ត​ចង់​រៀនសូត្រ​នោះ ​គឺ​មាន​បង​ប្រុស​ម្នាក់​ ឈ្មោះ​វេន​ដែល​គាត់​រៀន​បាន​ត្រឹម​ថ្នាក់​ទី១០។ គាត់​បាន​ចូល​ធ្វើការ​ជាមួយ​អង្គការ ​ដែល​លោក​យល់ថា​ ជីវិត​អ្នកធ្វើ​ការប្រើ​ចំណេះ​ហាក់​ប្រសើរ​ជាង​អ្នកធ្វើ​ស្រែ​ចម្ការ។

ដោយ​សារ​លោក​មើលឃើញ​គំរូ​បែបនេះ ​ទើប​ជំរុញ​ទឹកចិត្ត​របស់​លោក​ឱ្យ​កាន់តែ​ចង់​សិក្សា​រៀនសូត្រ​ខ្លាំង​ឡើង។ ស្រប​ពេល​នោះ​ដែរ ​មាន​ថ្ងៃមួយ​ លោក​បានឃើញ​ក្រុមនិស្សិត​នាំ​ជនបរទេស​ទៅ​ទស្សនកិច្ច​ក្នុង​សហគមន៍​របស់​លោក​ ហើយ​ពួកគេ​និយាយ​ភាសា​អង់គ្លេស​ជាមួយគ្នា​ ក៏​ជំរុញ​ទឹកចិត្ត​លោក​ឱ្យចង់​ចេះ​ភាសា​អង់គ្លេស​ដែរ​។ ក្រោយ​មក ​លោក​ចេះតែ​ហាត់​និយាយ​តាម​គេ ​រហូត​អ្នកភូមិ​ខ្លះ​ថា​ លោក​ជាម​នុស្ស​ឆ្កួត​ទៀត​ផង។

លោក​ ប៊ិន យ៉ាន ​បញ្ជាក់ថា​ នៅពេល​លោក​រៀន​ដល់​អនុវិទ្យាល័យ ​ក៏​ត្រូវ​ផ្លាស់​សាលា​ ដែល​មាន​ចម្ងាយ​ផ្លូវ​ជាង​ ១០ គីឡូ​ម៉ែត្រ​ កាន់តែ​ឆ្ងាយ​ជាង​នៅ​សាលា​បឋមសិក្សា​ទៅ​ទៀត។ អំឡុង​ពេលនោះ​ លោក​គ្មាន​លុយ​១​រៀល​ចាយ​នឹង​គេ​ផង។ នៅ​ថ្ងៃខ្លះ ​ដោយសារតែ​ចម្ងាយ​ផ្លូវ​ពី​សាលារៀន​មក​ផ្ទះ​ឆ្ងាយ​ លោក​មាន​ការហេវ​ហត់​ ក៏​ឈប់​កាច់​ផ្លែ​ចេក​គេ​ហូប​ ក៏ត្រូវ​ម្ចាស់​គេ​ចាប់​វាយ​ទាត់​ធាក់​ក៏​មាន​ដែរ។ លុះ​មកដល់​ផ្ទះ​ ឃើញ​មើម​ក្តួច​ ដែល​បងស្រី​របស់​លោក​ទើប​ជីក​បាន​ពី​ព្រៃ ​ស្មានតែ​ស្ងោរ​ឆ្អិន​លោក​ក៏​ហូប​ធ្វើឱ្យ​ពុល​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ក៏មាន។

ដោយ​សារតែ​ជីវភាព​ក្រ​ពេក​ ពេល​លោក​រៀន​ដល់​ថ្នាក់​ទី៧ ​ក៏​ផ្អាក​រៀន​ ១ គ្រា ​ទៅ​ធ្វើជា​កម្មករ​លីសែង​អីវ៉ាន់​ឱ្យគេ​ចុះ​ពី​ទន្លេ​ឡើង​ទៅ​ផ្សារ​ស្ទឹងត្រែង ​ក្រោយមក​ក៏​សុំ​លោក​នាយក​សាលា​ចូលរៀន​ថ្នាក់​ទី៧ ​វិញ។ លោក​ ប៊ីន ​យ៉ាន ​បន្ថែមថា ​ពេល​ដែល​លោក​ទៅសុំ​នាយក​សាលា​ចូលរៀន​ថ្នាក់​ទី៧ ​វិញ​នោះ ​តាមពិត​ខាង​សាលា​មិន​ចង់ឱ្យ​ចូលរៀន​ទេ​ ប៉ុន្តែ​ដោយសារ​លោក​ជា​សិស្ស​​ពូកែក៏​ត្រូវ​បាន​លោក​នាយក​សាលា​ឱ្យ​ផ្លោះ​ចូលរៀន​ថ្នាក់​ទី៩​ តែ​ម្តង។ នៅ​ពេលនោះ​ លោក​បាន​សុំ​ព្រះសង្ឃ​ស្នាក់​នៅ​​វត្ត​ដើម្បី​រៀនសូត្រ​ ព្រោះ​ទីតាំង​វត្ត​នៅ​ជិត​សាលារៀន​ ហើយ​ត្រូវ​ងើប​ពី​ព្រលឹម​បោស​ទីធ្លា​វត្ត​ និង​ដាំ​ទឹកតែ​ប្រគេន​ព្រះសង្ឃ​។

ក្នុង​អំឡុង​ពេល​ស្នាក់នៅ​វត្ត​ លោក​ខិតខំ​ទន្ទេញ​ធម៌​ សូត្ររៀន​ច្បាប់​លោកតា​ក្រម​ង៉ុយ ​អាន​សៀវភៅ​រហូត​ចេះ​ចាំ​ស្ទាត់​ធ្វើឱ្យ​ព្រះសង្ឃ​ក្នុង​វត្ត​ស្រឡាញ់​ពេញ​ចិត្ត។ ពេល​នោះ​លោក​ក៏​គ្មាន​លុយ​សម្រាប់​ជិះទូក​ដទៅ​សាលារៀន​ដែរ ​ប៉ុន្តែ​ដើម្បី​បាន​ជិះ​ទូកដ​ លោក​ត្រូវសុំ​ម្ចាស់​ទូក​ស្តារ​ទឹក​ក្នុង​ទូកទាំង​ទៅ ​ទាំង​មក ​ហើយ​ត្រូវ​ដើរទៅ​សាលារៀន​ប្រហែល​ជា​ ២ គីឡូម៉ែត្រ​ទៀត។

លោក​បន្តថា ​ក្រោយមក ​លោក​ដឹងថា ​មាន​សាលា ​១ ​ឈ្មោះ​វិទ្យាល័យ​ហ៊ុន សែន​ ស្ទឹងត្រែង ​ដែលជា​សាលា ​១​ ល្អ​ជាង​សាលា​ដែល​លោក​កំពុង​រៀន​ ក៏​ផ្ទេរ​ទៅ​រៀន​នៅ​វិទ្យាល័យ​ហ៊ុន សែន​ ស្ទឹងត្រែង​នោះ ​ហើយ​លោក​ក៏​ផ្លាស់ប្តូរ​ការស្នាក់នៅ​ក្នុង​វត្ត​ដែរ ​ដោយ​មកសុំ​ព្រះចៅអធិការ​វត្ត​កណ្តាល​ ស្នាក់នៅ​ រៀន​សូត្រ​ម្តង។ ពេលនោះ​លោក​ ប៊ីន ​យ៉ាន​ បាន​សុំ​ព្រះសង្ឃ​រៀន​ភាសា​អង់គ្លេស ​ហើយ​ក៏បាន​ក្លាយ​ជា​គ្រូ​ដើរ​បង្រៀន​ភាសា​អង់គ្លេស ​រហូត​បាន​បញ្ចប់​ថ្នាក់​ទី១២ ​ក្នុង​ឆ្នាំ ២០១២។ ក្រោយ​បញ្ចប់​ថ្នាក់​ទី១២ ​លោក​មានបំណង​មក​រៀន​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​បាន​ចូលរៀន​សាកលវិទ្យាល័យ ​ព្រោះ​លោក​ឃើញ​មិត្ត​ភក្តិ​មក​រៀន​នៅ​រាជធានី​ភ្នំពេញ​អស់ ​ហើយ​ម្យ៉ាងទៀត​លោក​ក៏ធ្លាប់​ឃើញ​អគារ​ខ្ពស់ៗ​ក្នុង​រូបភាព​ផង។

លោក ​ប៊ី​ន យ៉ាន​ និយាយថា៖ «អ៊ីចឹង ​ខ្ញុំ​សម្រេចចិត្ត​ត្រូវតែទៅ​ភ្នំពេញ​ឱ្យបាន ​ទោះ​ជួប​បញ្ហា​អ្វី​ក៏ដោយ ​ខ្ញុំ​រៀបចំ​អីវ៉ាន់​ ដែល​ភាគ​ច្រើន​​មានតែ​សៀវភៅ​ទេ។ ពេលនោះ​ខ្ញុំ​មាន​លុយ ៦ ម៉ឺន​រៀល​ទេ​ ម្ចាស់​ឡាន​តាក់ស៊ី​យក​ពី​ខ្ញុំ ៤ ម៉ឺន​រៀល ​ហើយ​អីវ៉ាន់​គេ​យក ​៣ ម៉ឺន​រៀល។ ​ខ្ញុំ​អង្វរ​គេ​យ៉ាងម៉េច​ ក៏​គេ​មិន​ព្រម​ ហើយ​ទាញ​អីវ៉ាន់​ខ្ញុំ​ទម្លាក់​មក​ដី ​គាត់​ថា ឡាន [គាត់]​ មិនមែន​ចាក់ទឹកទេ ​ដែល​ពេលនោះ​ខ្ញុំ​ក៏​ត្រឡប់​ទៅ​វត្ត​វិញ»។

លោក​បន្តថា ​ពេល​ត្រឡប់​មក​វត្ត​វិញ​ ក៏​គិត​រក​មធ្យោបាយ ​ធ្វើយ៉ាង​ណា ​ដើម្បី​បាន​លុយ​មក​ភ្នំពេញ ​លោក​ក៏​នឹកឃើញ​វិធី​ ១​ គឺ​បង្កើត​កន្លែង​ហាត់ប្រាណ​ ដើម្បី​បង្ហាត់​គេ​ឱ្យ​ចេះ​រាំ​ ប៉ុន្តែ​ត្រូវតែ​បើក​ក្លិប​ហាត់​រាំ​ខ្លួន​ឯង​សិន។ ពេល​នោះ​លោក​បាន​ខ្ចី​ធុង​បាស់​មិត្តភក្តិ​ មក​ចាក់​រាំ​នៅ​មាត់​ទន្លេ​ទីរួម​ខេត្តស្ទឹងត្រែង ​ដល់​តែ​ដាក់រាំ​លេងៗ​ទៅ ​ស្រាប់​តែមាន​មនុស្ស​ប្រុស​ស្រី​មក​ហាត់​ប្រាណ​មែន​រហូត​សន្សំ​បាន​លុយ​ប្រហែល​ ២០ ម៉ឺន​រៀល​ក៏​ឡើង​ឡាន​តាក់ស៊ី​មក​ទីក្រុង​ភ្នំពេញ។

បើ​តាម​ការរៀបរាប់​របស់​លោក ​ពេល​មក​ដល់​ទីក្រុង​ភ្នំពេញ​ដំបូង​ លោក​ហាក់​ប្លែក​ភ្នែក​យ៉ាងខ្លាំង​ ព្រោះ​ឃើញ​មាន​ផ្ទះថ្ម​ខ្ពស់ៗ ​រីឯ​អ្នក​រស់នៅ​ទីក្រុង​ក៏​ស្លៀក​ពាក់​ស្អាត​បាត ​ដែល​ខុសពី​អ្នក​រស់នៅ​តំបន់​ជនបទ​។ ដោយ​ឆ្លងកាត់​រមណីយដ្ឋាន​វត្តភ្នំ​ ឃើញ​ទិដ្ឋភាព​ប្លែក​ភ្នែក​ផង​នោះ ​លោក ​ប៊ីន​ យ៉ាន​ បាន​ចត​កង់ ​និង​បង្វេច​សៀវភៅ​ចោល​ រួចដើរ​មើល​ទេសភាព ​១​ ជុំ​វត្តភ្នំ។

ត្រង់​ចំណុច​នេះ​លោក​បាន​បន្លឺ​សំឡេង​យ៉ាង​ភ្ញាក់ផ្អើល​ថា​៖ «ខ្ញុំ​ធ្លាប់តែ​នៅ​ស្រុក​ខ្ញុំគេ​ដាក់​កង់ ​ឬ​របស់​ទ្រព្យអី​ ចោរ​មិន​លួច​ដែរ​ ហើយ​ខ្ញុំ​នឹកថា ​កង់​កញ្ចាស់​របស់​ខ្ញុំ​ចោរ​មិន​លួច​ទេ​ តែ​ដឹងអី​ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ​ចោរ​លួច​កង់​ខ្ញុំ​បាត់។ តែ​សំណាង​ដែរ​ចោរ​ចេះ​ទុក​បង្វេច​សៀវភៅ​ឱ្យ​ខ្ញុំ»។

សម្រាប់​លោក​ ប៊ីន ​យ៉ាន​ ពេលនោះ​ទុក្ខ​ជាន់​លើ​ទុក្ខ​តែម្តង​ ព្រោះ​លុយ​នៅជាប់​ខ្លួន​សល់​តែ​លុយ​ប្រហែល​ ១០ ម៉ឺន​រៀល​ផង​ហើយ​ត្រូវ​ចោរលួច​កង់​បាត់​ថែមទៀត ​ម្យ៉ាង​មិនដឹងថា​ នឹង​ទៅ​ដេក​ពួន​នៅ​កន្លែង​ណា​ផង​ទេ។ ដើរ​លី​បង្វេច​សៀវភៅ​បណ្តើរ​គិត​បណ្តើរ ​លោក​ក៏បាន​នឹក​ឃើញ​ពី​ការធ្លាប់​អាន​សៀវភៅ​ ដឹងថា ​បុគ្គល​ល្បីៗ​នៅ​ស្រុក​ខ្មែរ​មួយចំនួន​​ គឺ​មាន​ប្រភព​ចេញពី​វត្ត​ឧណ្ណាលោម។ ដោយ​គិត​ឃើញ​ដូច្នោះ​ លោក​ក៏​សម្រេចចិត្ត​ទៅ​សុំ​ព្រះសង្ឃ​ស្នាក់នៅ ​ក្នុង​វត្ត​ឧណ្ណា​លោម​ តែ​ត្រូវ​ព្រះសង្ឃ​បដិសេធ​ ហើយ​លោក​សម្រេចចិត្ត​ស្នាក់​នៅតាម​សំ​យាប​ផ្ទះ​គេ​បណ្តោះ​អាសន្ន​ ១​ យប់​នៅ​ថ្ងៃ​នោះ។

ទោះ​យ៉ាងណា ​នៅជាប់​នឹង​ខ្លួន​លោក ​ក៏​នៅមាន​ទូរស័ព្ទ​ប្រភេទ​ចាស់ ​១ គ្រឿង ​ដែល​គេ​និយម​ហៅ​លេង​ថា​ «អិន​ចុច​ពិល»​ ហើយ​លោក​បាន​ស្រាវជ្រាវ​រកឃើញ​លេខ​ទូរស័ព្ទ​មិត្តភក្តិ​ ក៏ទាក់ទង​សុំ​បន្ទប់​ស្នាក់នៅ​បណ្តោះអាសន្ន​២-៣ យប់។​ បន្ទាប់​មក​លោក​ក៏​ទៅ​ស៊ីឈ្នួល​លី​អីវ៉ាន់​ឱ្យគេ​នៅ​ផ្សារ​អូរឫស្សី​ (២០១២) ​និង​សន្សំ​បាន​លុយ​ខ្លះ​ជួល​បន្ទប់​គេ​ស្នាក់នៅ​ ដែល​ក្នុង​ ១ ខែ​ថ្លៃ​ ១៥ ដុល្លារ។

លោក​បន្តថា ​ដោយ​ការងារ​លីសែង​នេះ​ពិបាក​ពេក ​លោក​ក៏​សម្រេចចិត្ត​ទៅសុំ​ថៅកែ​ភោជនីយដ្ឋាន​ ១​ ឈ្មោះ​ប៉ោយប៉ែត​នៅ​ម្តុំ​រោងកុន​គិរីរម្យ​លាង​ចាន​ឱ្យគេ ​ដើម្បី​យកប្រាក់​បង់ថ្លៃ​ជួល​បន្ទប់ ​និង​ចំណាយ​បង់ថ្លៃ​សិក្សា។ លុះ​ចូល​ដល់​ដើម​ឆ្នាំ ២០១៣​ លោក​ទទួលបាន​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ ដែល​អាហារូបករណ៍​នេះ ​លោក​បាន​សុំ​តាំងពី​ទើប​បញ្ចប់​ថ្នាក់​ទី១២ ​នៅ​ខេត្តស្ទឹងត្រែង​មកម្ល៉េះ។

និយាយ​ពី​ការចូល​រៀន​នៅ​សាកលវិទ្យាល័យ​វិញ​ នៅពេល​នោះ​សាលា​បាន​ចាប់ផ្តើម​ឱ្យ​សិស្ស​ចូលរៀន ​ប៉ុន្តែ​ដោយសារ​លោក​គ្មាន​លុយ​ទិញ​សៀវភៅ​សិក្សា​ ក៏​បង្ខំចិត្ត​ផ្អាក​ការសិក្សា​មួយ​រយៈ។ ពេល​នោះ ​លោក​ក៏​សម្រេចចិត្ត​ដើរ​ស៊ីឈ្នួល​គេ​បន្តទៀត​ ទម្រាំ​សន្សំ​លុយ​ទិញ​កង់​បាន​១គ្រឿង ​និង​ទិញ​សៀវភៅ​បាន​ចូល​រៀន​នឹង​គេ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១២។

បើ​តាម​លោក ​ប៊ីន ​យ៉ាន ​ដំបូង​ឡើយ​សាលា​តម្រូវឱ្យ​សិស្ស​ទាំងអស់​រៀន​ភាសា​អង់គ្លេស ​១ ឆ្នាំ ​ដែល​ក្នុង​អំឡុង​ពេលនោះ​លោក​បាន​ហាត់​និយាយ​ភាសា​អង់គ្លេស​ម្នាក់ឯង​ សូម្បីតែ​ពេល​ជិះ​កង់​ក៏​លោក​និយាយ​តែម្នាក់​ឯង​ដែរ ​រហូតដល់​ថ្នាក់​អ្នកធ្វើ​ដំណើរ​នៅតាម​ផ្លូវ​ គេ​លាន់មាត់​ថា​ លោក​ជាម​នុស្ស​វិកលចរិត​ទៀតផង។ ដោយសារតែ​លោក​ខំ​សិក្សា​ពេញ ​១ ឆ្នាំ​ បាន​ធ្វើឱ្យ​ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស​ មាន​ការរីកចម្រើន ​ធ្វើឱ្យ​លោក​ចេះ​និយាយ​ ចេះ​សរសេរ​បាន​ច្រើន។ ដោយ​ការងារ​ចេះតែ​ផ្លាស់ប្តូរ​ពី​ ១ កន្លែង​ទៅ ១ ​កន្លែង​ លោក​ក៏បាន​ទៅ​រត់​តុ​ការ​ ហើយ​ចៃដន្យ​នៅ​ថ្ងៃមួយ ​លោក​បាន​ឃើញ​គេ​ឡើង​និយាយ​ក្នុង​ពិធី​មង្គលការ​ លោក​ក៏​ចង់​ក្លាយ​ខ្លួន​ជា​ពិធីករ​ដែរ។ ក្រោយមក​ លោក​ក៏​ហាត់​និយាយ​ដោយ​ខ្លួនឯង​ មិន​ថា ​នៅ​កន្លែង​ណា​ឡើយ​សូម្បីតែ​នៅក្នុង​បន្ទប់​ជួល ​ក៏​ហាត់​និយាយ​តែម្នាក់​ឯង​ដែរ។

លោក​បញ្ជាក់ថា ​ទោះជា​ត្រូវ​បរាជ័យ​ម្តង​ជា ​២ ដង​ យ៉ាងណា​ក៏ដោយ ​ក៏​លោក​នៅតែ​ចិញ្ចឹម​ចិត្ត​ និង​ហាត់រៀន​និយាយ​ម្នាក់​ឯង​ដែរ ​ប៉ុន្តែ​ចៃដន្យ​នៅហាង​អាហារ​ ១ ​គេ​ខ្វះ​ពិធីករ​ លោក​បាន​សុំ​ម្ចាស់​ហាង​ ឡើង​ធ្វើ​ពិធីករ​ជំនួស​គេ​បាន។​

បន្ទាប់​មក​លោក​ថៅកែ​ហាង​បាន​ឱ្យ​លោក​ធ្វើជា​ពិធីករ​ជាប់​រហូត​ ទាល់តែ​លោក​បានក្លាយ​ជា​ពិធីករ​ នៅ​តាម​ក្រុន​ហ៊ុន​ធំៗ ​ហើយ​ក្នុង​អាជីព​ជា​ពិធីករ​នេះ​ដែរ ​លោក​ក៏​ធ្លាប់បាន​ឡើង​និយាយ​នៅ​សាលា​រាជធានី​ភ្នំពេញ​ទៀត​ផង។ ជា​បន្ត​បន្ទាប់​ លោក​ត្រូវ​បាន​ម្ចាស់​វិទ្យុ​ទន្លេ​ ហៅ​ឱ្យចូល​ធ្វើ​ពិធីករ​ ដែល​គ្រានោះ​ លោក​ទទួលបាន​ប្រាក់ខែ​ក្នុង ​១ ខែ​ ១០ ​ម៉ឺន​រៀល។

ដោយ​សារតែ​ប្រាក់​ចំណូល​ចេះតែ​កើនឡើង​បន្តិច​ម្តងៗ​ដែល​អាច​ផ្គត់ផ្គង់​ខ្លួនឯង​បាន ​និង​សល់​ពី​ការសិក្សា​នៅ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ទៀត​នោះ ​លោក​ក៏​ចូលរៀន​បង់ថ្លៃ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ១ ​កន្លែង​ទៀត។

លោក​បន្ថែមថា ​ដោយសារ​មាន​មហិច្ឆតា​ចង់បាន​ចំណេះដឹង​ខ្ពង់ខ្ពស់​បន្ថែមទៀត​នោះ ​ទើប​នៅពេល​លោក​ទំនេរ​ពី​ការសិក្សា​ថ្ងៃ​ណា​ គឺ​លោក​ទៅធ្វើ​ពិធីករ​នៅតាម​ក្រុមហ៊ុន​ធំៗ ​ក្នុង​ ១ ថ្ងៃ ​លោក​អាច​រកបាន​ពី ១០០-១៥០ ដុល្លារ​ ដែល​លោក​គិត​ថា​ អាច​រស់​ដោយ​ខ្លួនឯង ​និង​អាច​បង់ថ្លៃ​រៀនសូត្រ​បាន​ទៀតផង។ ដោយសារ​ការព្យាយាម​តស៊ូ​ មកដល់​បច្ចុប្បន្ន ​លោក​បាន​ក្លាយជា​អ្នកនិពន្ធ​សៀវភៅ​ជា​ភាសា​ខ្មែរ ​និង​អង់គ្លេស ​ដែលមាន​ចំណងជើង​ថា​ «និស្សិត​បេះដូង​មាស» ​និង ​«បុប្ផា​រាជធានី»​ «Win Fate Create Miracle», «Right Choice Right Time»។ ​សៀវភៅ​ទាំង​ ៤ ក្បាល​នេះ​ កំពុង​ដាក់លក់​នៅ​តាម​បណ្ណាគារ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ។ ក្រៅពី​ការងារ​និពន្ធ​សៀវភៅ​ លោក​ ប៊ីន ​យ៉ាន ​ក៏មាន​ក្រុមហ៊ុន​ដឹកជញ្ជូន ​១ ទៀត​ យីហោ​(កូន​មាន់)។

លោក​រៀបរាប់ថា ​បច្ចុប្បន្ន​លោក​ក៏​ចិញ្ចឹម​យុវជន ​និង​យុវតី​ក្រីក្រ ​ពិសេស​យុវជន​ ជនជាតិ​ដើម​ភាគតិច​ មកពី​តាម​បណ្តា​ខេត្ត​ជាង​ ១០ នាក់​ ដែល​មាន​អាយុ​ ចន្លោះ​ពី​ ១៥ ឆ្នាំ​ ដល់​ អាយុ​ជាង ​២០ ឆ្នាំ​ ដែល​ពួកគេ​ខ្លះ​ចេះ​ខ្លាំង​ជាង​លោក​ទៅ​ទៀត។​ លោក​ត្រូវ​ចំណាយ​ ទាំង​ការសិក្សា​នៅ​ថ្នាក់​សាកលវិទ្យាល័យ​ ទាំង​បន្ទប់​ស្នាក់នៅ​ ទាំង​ការហូបចុក​ទៀត​ផង។ ក្រៅ​ពី​នេះ​លោក​សំណូមពរ​យុវវ័យ​នៅតាម​ខេត្ត​ តំបន់​ដាច់​ស្រ​យាល ​ឬ​ទីក្រុង​ ត្រូវតែ​តស៊ូ​រៀនសូត្រ​ កុំ​ឈប់ ​កុំ​ពឹង​លើ​បងប្អូន​ ម្តាយ​ឪពុក​ពេក​ ត្រូវតែ​រៀន​រស់​ដោយ​ខ្លួន​ឯង។ ទៅ​ថ្ងៃមុខ​ លោក​មាន​បំណង​អាច​បង្កើតជា​សមាគម ​ឬ​អង្គការ ​និង​បង្កើតជា​កន្លែង​ស្នាក់​នៅ​របស់​និស្សិត​ ដើម្បី​ជួយ​សិស្ស​ និស្សិត​ក្រីក្រ៕

អត្ថបទគួរចាប់អារម្មណ៍